Monday, October 30, 2023

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការលះបង់របស់អ្នកដោះមីនពិតជាគួរឱ្យគោរព គ្រាប់មីន១គ្រាប់ដែលបានដោះស្មើជួយសង្រ្គោះជីវិតមនុស្សម្នាក់


សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការលះបង់របស់ប្រតិបត្តិករដោះមីនពិតជាគួរឱ្យគោរព ដោយសារតែគ្រាប់មីន ១គ្រាប់ ដែលបានដោះចេញពីដីស្មើជួយសង្រ្គោះជីវិតមនុស្សម្នាក់កុំឱ្យគ្រោះថ្នាក់ដោយសារមីន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធិផលនានានៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន ដែលពិធីនេះប្រារព្ធឡើងនៅសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះប្រតិបត្តិករកំចាត់មីនទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តដែលបានធ្វើដីដែលមានគ្រោះថ្នាក់ក្លាយជាទីលានមានសុវត្ថិភាព អាចធ្វើកសិកម្ម និងអភិវឌ្ឍន៍បាន។

សូមបញ្ជាក់ថា គោលដៅ កម្ពុជាគ្មានមីនឆ្នាំ២០២៥ បាន និងកំពុងមានវឌ្ឍនភាពយ៉ាងល្អប្រសើរ ឆ្ពោះទៅរកគោលដៅដែលបានរំពឹងទុក ហើយខេត្តកំពង់ស្ពឺ គឺជាខេត្តទី១៣ ដែលអស់មីនទាំងស្រុង បន្ទាប់ពីរាជធានី-ខេត្តទាំង១២ផ្សេងទៀត រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពត។





No comments:

Post a Comment