Sunday, May 14, 2023

ក្រុមជម្រើសជាតិកីឡាចំបាប់កម្ពុជា ដាក់គោលដៅដណ្តើមមាស ចំនួន៣ នៃព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣


ក្រុមជម្រើសជាតិ កីឡាចំបាប់ កម្ពុជា បានចាប់ ដំណើរ ការ ប្រកួត ប្រជែង ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ពីថ្ងៃ អាទិត្យនេះ ទៅ រហូត ដល់ ថ្ងៃទី ១៦ ខែឧសភា ហើយ ក្នុង នាមជាម្ចាស់ផ្ទះ សហព័ន្ធ កីឡាចំបាប់ កម្ពុជា បានដាក់ គោលដៅ និងក្តីសង្ឃឹម ដណ្តើមមេដាយ មាស ឱ្យ បាន ចំនួន ៣។

ការដាក់ គោលដៅ និងក្តី រំពឹង យ៉ាង មុតមាំ ក្នុងការ ដណ្តើម យកមេដាយមាស ឱ្យ បាន ៣ អមដោយមេដាយ ប្រាក់ ៣ និងសំរឹទ្ធ ៣ នេះ គឺ ត្រូវ បាន ធ្វើ ឡើង ដោយ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា  បាន មើលឃើញ ថា ក្រុមចំបាប់ កម្ពុជា មានការ ត្រៀម ខ្លួនបាន ល្អ ទាំង ការ ប្រកួត និង ការ ចេញ ទៅ ហ្វឹក ហាត់ នៅ ប្រទេស ចិន និងអ៊ីរ៉ង់។

លោក ខេស៊ី បាណេត បញ្ជាក់ ថា៖ «យើង មានសង្ឃឹមយ៉ាងមុតមាំថា កីឡាករ កីឡាការិនី របស់ យើង នឹងដណ្តើមបានមេដាយមាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ៣ ពីការ ប្រកួត ស៊ីហ្គេម នេះ ព្រោះ ការខិតខំប្រឹងប្រែងកន្លងមក របស់កីឡាករ កីឡាការិនី តាមរយៈការចូលរួម ប្រកួតជើងឯកទាំងក្នុងប្រទេស និងថ្នាក់តំបន់ គឺជាជំហានត្រៀមខ្លួនយ៉ាងសំខាន់ ដើម្បីត្រៀមបេសកកម្មចំពោះមុខ ក្នុងការដណ្តើមមេដាយជូនប្រទេសជាតិខ្មែរ ក្នុងព្រឹត្តិការណ៍ ជាប្រវត្តិសាស្រ្ត នេះ»។

គួររំឭក ថា សម្រាប់ ការ ប្រកួតស៊ីហ្គេម លើកទី៣១ ឆ្នាំ ២០២១ នៅ ប្រទេស វៀតណាម កាលពី ខែឧសភា ឆ្នាំ ២០២២ ក្រុម កីឡាចំបាប់កម្ពុជា ដណ្តើមបានមេដាយ សរុបចំនួន ៦ ក្នុងនោះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ៤។ កីឡាករ ស៊ូ បាលី ជាអ្នក ឈ្នះ មេដាយមាស ក្នុងការ ប្រកួត ចំបាប់សេរី ទម្ងន់ ១២៥ គីឡូក្រាម និង កីឡាករ ម៉ូ សារី ជាអ្នក ឈ្នះ បានមេដាយ ប្រាក់ លើ ទម្ងន់ ៩៧ គីឡូក្រាម ហើយ កីឡាករ ខ្មែរ-អ៊ីរ៉ង់ ទាំង ២នាក់នេះ ក៏ជា ក្តីសង្ឃឹម ក្នុង ការ ដណ្តើម បានមេដាយមាស ជូនកម្ពុជា ក្នុងស៊ីហ្គេម លើកនេះ។

សម្រាប់ ការ ប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ នេះ កីឡាករ ស៊ូ បាលី និង ម៉ូសារី នឹង ត្រូវ ប្រកួត ទាំង លើចំបាប់ សេរី និងចំបាប់ ក្រិច កូរ៉ូម៉ាំង ខណៈ ការ ប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ដើម្បី ត្រៀមស៊ីហ្គេម នេះ កាលពីខែធ្នូ ស៊ូ បាលី បាន ឈ្នះមេដាយមាស ទាំង ២ លើ វិញ្ញាសា ចំបាប់ ក្រិចកូរ៉ូម៉ាំង ទម្ងន់ ១៣០ គីឡូក្រាម និង ចំបាប់ សេរី ទម្ងន់ ១២៥ គីឡូក្រាម រី ម៉ូ សារី បាន ឈ្នះ មេដាយមាស លើ វិញ្ញាសា ចំបាប់ សេរី ទម្ងន់ ៩៧ គីឡូក្រាម និងបាន មេដាយសំរឹទ្ធផ្នែក ចំបាប់ក្រិចកូរ៉ូម៉ាំង។

ទន្ទឹម នឹង នេះ សម្រាប់ការ ធ្វើ ជាម្ចាស់ ផ្ទះស៊ីហ្គេម ជា លើកដំបូង នេះ សហព័ន្ធ កីឡាចំបាប់ កម្ពុជា បានដាក់ ឱ្យ មានការ ប្រកួត រហូត ដល់ ៣០ ប្រភេទ ទម្ងន់ ហើយ នៅថ្ងៃ អាទិត្យនេះ ជា ការ ប្រកួតចំបាប់ ក្រិចកូរ៉ូម៉ាំងបុរស ចំនួន ១០ ប្រភេទទម្ងន់ មាន ទម្ងន់៥៥គីឡូក្រាម ៦០, ៦៣, ៦៧, ៧២, ៧៧, ៨២, ៨៧, ៩៧ និងទម្ងន់ ១៣០គីឡូក្រាម ដោយ ប្រកួតជម្រុះ រហូត រក ឃើញ អ្នក ឈ្នះមេដាយមាស នាល្ងាច ថ្ងៃនេះ តែម្តង។ ចំណែក នៅ ថ្ងៃទី ១៥ ជាការ ប្រកួតចំបាប់ សេរី ផ្នែកនារី ទាំង ១០ ប្រភេទទម្ងន់ ហើយ ថ្ងៃទី ១៦ ខែឧសភា ជាការ ប្រកួត ចំបាប់សេរី បុរសទាំង ១០ ប្រភេទទម្ងន់៕





No comments:

Post a Comment