Sunday, May 14, 2023

វិភាគអន្តរជាតិ៖ ហេតុអ្វី តៃវ៉ាន់មិនចង់ឱ្យអាមេរិក បោះបង់ចោលអ៊ុយក្រែន?​

(វ៉ាស៊ីនតោន)៖ ក្រុមអ្នកសាធារណរដ្ឋមួយចំនួន នៅក្នុងសហរដ្ឋអាមេរិក បាន និងកំពុងអំពាវនាវឱ្យរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន កាត់បន្ថយការផ្ដល់ជំនួយយោធា សម្រាប់អ៊ុយក្រែន ដើម្បីបង្វិលធនធានទាំងនោះទៅលើការការពារកោះតៃវ៉ាន់ និងការប្រជែងជាមួយចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ប៉ុន្តែ មេដឹកនាំតៃវ៉ាន់បែរជាជំរុញឱ្យ ទីក្រុងវ៉ាស៊ីនតោន កុំបោះបង់ចោលអ៊ុយក្រែន ដោយនិយាយថាសន្តិសុខរបស់តៃវ៉ាន់ ក៏អាស្រ័យលើការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែនផងដែរ។



ការលើកឡើងពីទស្សនៈដែលថាសហរដ្ឋអាមេរិក គួរតែធ្វើការជ្រើសរើសរវាងការគាំទ្រយ៉ាងពេញទំហឹងដល់អ៊ុយក្រែន និងការការពារកោះតៃវ៉ាន់ បានលេចឡើងរាប់ចាប់ពី សារព័ត៌មាន Fox News រហូតដល់អ្នកវិទ្យាសាស្ត្រនយោបាយអាមេរិក ដូចជាលោក John Mearsheimer ដែលយល់ថាសហរដ្ឋអាមេរិកមិនអាចធ្វើសង្រ្គាម២ទិស ទាំងជាមួយ ចិនផង និងរុស្ស៉ីផងបាននោះទេ ហើយជាប្រយោជន៍ ទីក្រុងវ៉ាស៊ីនតោនគួរតែប្រញាប់បញ្ចប់សង្រ្គាមនៅអ៊ុយក្រែន សំដៅប្រមូលធនធានទាំងឡាយដើម្បីប្រជែងជាមួយចិន ដែលជាគូប្រជែងភូមិសាស្ត្រនយោបាយដ៏ធំបំផុតរបស់អាមេរិកក្នុងស.វទី២១នេះ។

ដូចគ្នាទៅនឹងលោក John Mearsheimer សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក Josh Hawley បានកត់សម្គាល់ថាការផ្ដល់ជំនួយយោធាយ៉ាងច្រើន សន្ធឹកសន្ធាប់ដល់អ៊ុយក្រែន កំពុងបង្វែរការផ្ដោតរបស់សហរដ្ឋអាមេរិកចេញពីភារកិច្ច បំពាក់អាវុធឱ្យតៃវ៉ាន់ ដើម្បីកំញើញចិន។ តែទោះជាបែបនេះក្ដី ថ្នាក់ដឹកនាំតៃវ៉ាន់ មិនគិត ដូច្នេះឡើយ។ អ្នកតំណាងតៃវ៉ាន់ប្រចាំសហរដ្ឋអាមេរិក លោកស្រី Bi-khim Hsiao បានប្រាប់អ្នកចូលរួមក្នុងវេទិកា Sedona Forum រៀបចំឡើងដោយវិទ្យាស្ថាន McCain Institute កាលពីពេលថ្មីៗនេះថា «ការរស់រានរបស់អ៊ុយក្រែន គឺជាការរស់រានរបស់តៃវ៉ាន់ ហើយអនាគតរបស់ពួកយើងគឺផ្សារភ្ជាប់គ្នា»។

មន្ត្រីអាមេរិកម្នាក់ នៅក្រោមអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ គឺលោក Elbridge Colby បានថ្លែងនៅឯកម្មវិធីតស៊ូមតិមួយរៀបចំឡើងដោយវិទ្យាស្ថាន Hudson Institute ថា អ៊ុយក្រែនមិនមែនជាកត្តាជំរុញឱ្យចិនធ្វើការសម្រេចចិត្តថាតើប្រើ ឬមិនប្រើកម្លាំងយោធាលើតៃវ៉ាន់នោះទេ។ តែផ្ទុយទៅវិញអ្វីដែលសំខាន់ ក្នុងការទប់ស្កាត់សង្រ្គាមនៅតៃវ៉ាន់ នោះគឺការរក្សាតុល្យភាពយោធាក្នុងតំបន់អាស៊ី។ ប៉ុន្តែ ជាថ្មីម្ដងទៀតថ្នាក់ដឹកនាំតៃវ៉ាន់នៅតែមានទស្សនៈផ្ទុយពីការយល់ឃើញបែបនេះ។ លោកស្រី Hsiao បាននិយាយថាតៃវ៉ាន់ មិនចង់ក្លាយខ្លនទៅជា «លេស» មួយ នាំទៅរកការកាត់បន្ថយជំនួយយោធាសម្រាប់អ៊ុយក្រែន នោះឡើយ។ ពីព្រោះថាបើលោកខាងលិចបោះបង់ចោលអ៊ុយក្រែន ក្នុងពេលនេះ នោះវានឹងក្លាយជាការបញ្ជូនសារទៅកាន់ប្រជាជនតៃវ៉ាន់ថា ពួកគេកំពុងឯកោ ដែលនេះមានតែផ្ដល់ចំណេញដល់ចិនតែប៉ុណ្ណោះ។ «ការគាំទ្រអ៊ុយក្រែនពិតជាមានសារៈសំខាន់ ចំពោះពួកយើង ហើយហេតុផលចម្បង គឺវាជួយកំញើញទប់ស្កាត់ និងធ្វើឱ្យអ្នកឈ្លានពានដឹងច្បាស់ពីការលះបង់តម្លៃយ៉ាងស័ក្តិសមចំពោះទង្វើរបស់ខ្លួន»។ នេះជាការលើកឡើង របស់លោកស្រី Hsiao ដោយបន្ថែមថា «ការគាំទ្រជាអន្តរជាតិសម្រាប់អ៊ុយក្រែន ក៏មានសារៈសំខាន់ផងដែរក្នុងការបញ្ជាក់ពីភាពគួរឱ្យពឹងផ្អែក និងទុកចិត្តបានរបស់អាមេរិក និងសម្ព័ន្ធមិត្ត»។

ជាការពិតណាស់ វាពិតជាមានបញ្ហាត្រួតគ្នាមួយចំនួនរវាងអាវុធដែលសហរដ្ឋអាមេរិក ត្រូវបញ្ជូនឱ្យអ៊ុយក្រែន និងតៃវ៉ាន់ ដូចជាមីស៊ីលប្រឆាំងយន្ដហោះចម្បាំងពាក់លើស្មា Stinger ជាដើម។ ក៏ប៉ុន្តែ ក្រុមអ្នកវិភាគជាច្រើន វាយតម្លៃថាសង្រ្គាម ឬជម្លោះណាមួយនៅកោះតៃវ៉ាន់ មិនមែនដូចគ្នាទៅសង្រ្គាមដីគោកដូចនៅអ៊ុយក្រែនទេ។ ពោលគឺសង្រ្គាមនៅតៃវ៉ាន់ នឹងពឹងផ្អែកខ្លាំងលើកងទ័ពជើងទឹក និងជើងអាកាសអាមេរិក ព្រមទាំងសង្រ្គាមព័ត៌មានវិទ្យា។ សង្រ្គាមអ៊ុយក្រែនត្រូវបានគេមើលឃើញថានឹងក្លាយជាការកំញើញមួយដ៏ធំដល់ចិន បើលោកខាងលិច ជាពិសេសហរដ្ឋអាមេរិកជួយឱ្យអ៊ុយក្រែនទទួលបានជ័យជម្នះ។

បានន័យថាបើលោក ពូទីន ជាឈ្នះ នោះសម្ព័ន្ធភាពរវាងចិន និងរុស្ស៉ីនឹងកាន់តែរឹងមំា ហើយមានឥទ្ធិពលកាន់តែខ្លាំងក្នុងការកែប្រែសណ្ដាប់ធ្នាប់ពិភពលោក ដែលអាចនឹងវាយបំបាក់ ទំនុកចិត្តចំពោះទីក្រុងវ៉ាស៊ីនតោន របស់សម្ព័ន្ធមិត្តអាមេរិកក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក តួយ៉ាងដូចជាជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង ហ្វីលីពីន និងអូស្ត្រាលីជាដើមដែលសុទ្ធសឹងតែកំពុងបារម្ភពីចិន។ តែបើអ៊ុយក្រែនអាចទទួលបានជ័យជម្នះ ឥទ្ធិពលអាមេរិក និង NATO នឹងកាន់តែរីកធំ ដែលនេះអាចនឹងកា្លយជាការកំញើញចិនឱ្យគិតជាមុន ២ ទៅ៣ ដងដែរ មុននឹងសម្រេចចិត្ត វាយប្រហារលើតៃវ៉ាន់។

ដូច្នេះប្រសិនបើសហរដ្ឋអាមេរិក ហ៊ានបោះចោលអ៊ុយក្រែន ឬបណ្ដោយឱ្យរុស្ស៉ីទទួលបានជ័យជម្នះ នោះវាមានន័យថាសហរដ្ឋអាមេរិកបំផ្លាញទំនុកចិត្តរបស់សម្ព័ន្ធមិត្ត ហើយវានឹង ក្លាយជាការជំរុញលើកទឹកចិត្តដល់ចិនឱ្យកាន់តែមើលឃើញថាឱកាសកាន់កាប់កោះតៃវ៉ាន់ កាន់តែខិតជិតមកដល់៕ ដោយ៖ Fresh News


No comments:

Post a Comment