Saturday, April 29, 2023

ព្រះអគ្គិជ័យកីឡា បន្តមកដល់ខេត្តកណ្ដាល ទទួលបានការស្វាគមន៍ពីថ្នាក់ដឹកនាំខេត្ត ជាមួយនឹងការសាទរពីពលរដ្ឋខ្មែរ និងខ្មែរអ៉ីស្លាម


(កណ្ដាល)៖ ព្រះអគ្គិជ័យកីឡា (ភ្លើងគប់) នៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានបន្តដំណើរមកដល់ខេត្តកណ្ដាលហើយ បន្ទាប់ពីទទួលបានជោគជ័យលើការដង្ហែតាមបណ្តាខេត្ត គិតចាប់តាំងពីព្រះអគ្គិជ័យកីឡាចាកចេញពីខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងរាជធានីភ្នំពេញ ខណៈបានបន្តដង្ហែតាមក្បួនដែលអមជាមួយក្រុមរថយន្ដ ក្រុមម៉ូតូធំ និងក្រុមជិះកង់ជាច្រើនគ្រឿងឆ្ពោះមកកាន់ខេត្តកំពង់ឆ្នាំងតាមផ្លូវជាតិលេខ៥ ជាមួយនឹងការឈរអបអរសាទរពីសំណាក់ពលរដ្ឋខ្មែរ និងខ្មែរអ៉ីស្លាមរាប់ម៉ឺននាក់យ៉ាងទ្រហឹងអឺងកង នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមេសានេះ។

ពិធីដង្ហែនេះដឹកនាំដោយលោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) ទទួលបានការស្វាគមន៍ពីលោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល លោ កឌឹម បូរ៉ា អភិបាលរងខេត្ត និងក្រុមថ្នាក់ដឹកនាំខេត្តជាច្រើននាក់ផ្សេងទៀត។

សូមជម្រាបថា ព្រះអគ្គិជ័យកីឡា ត្រូវបានដង្ហែចូលដល់ប្រទេសកម្ពុជាវិញនាព្រឹកថ្ងៃទី២៧ ខែមេសា ដែលជាទីតាំងប្រកួតកីឡា SEA Games និង ASEAN Para Games ក្រោយពិធីដង្ហែទៅបណ្តាប្រទេសស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលជាង ១ខែមកនេះ ពោលគឺចាប់ពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី២៧ ខែមេសា។

សូមរំលឹកផងថា ព្រះអគ្គិជ័យកីឡា បានចាប់ផ្ដើមធ្វើពិធីដង្ហែទៅកាន់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ និងទីម័រខាងកើត មានរយៈពេលជាង ១ខែ ពោលគឺចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីបេសកជនពិសេសតំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ សហការជាមួយស្ថានទូត និងស្ថានតំណាងនៃកម្ពុជា ប្រចាំប្រទេសនានា។

ក្រោយចាកចេញពីមាតុភូមិ ប្រតិភូពិសេសកម្ពុជាបានរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយជោគជ័យ និងទទួលបានការគាំទ្រ យ៉ាងផុសផុលជាបន្ដបន្ទាប់ក្នុងការដង្ហែទៅកាន់ប្រទេសវៀតណាម, ហ្វីលីពីន, ឥណ្ឌូនេស៊ី, ទីម័រខាងកើត, ម៉ាឡេស៊ី, សិង្ហបុរី, ថៃ, មីយ៉ាន់ម៉ា និងឡាវ ជាប្រទេសចុងក្រោយ៕ (Fresh News)


No comments:

Post a Comment