Saturday, April 29, 2023

កម្រងរូបភាព៖ ព្រះអគ្គិជ័យកីឡា ត្រូវបានដង្ហែចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តជុំវិញបឹងទន្លេសាប


(ភ្នំពេញ)៖ បន្ទាប់ពីព្រះអគ្គិជ័យកីឡា (ភ្លើងគប់) នៃព្រឹត្តិការណ៍ស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានមកដល់រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ហើយត្រូវបានតម្កល់រក្សាទុកនៅវត្តលង្កា ព្រះកុសុមារាមនោះ, នៅព្រឹកព្រលឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣នេះ ព្រះអគ្គិជ័យកីឡា ត្រូវបានរៀបចំពិធីដង្ហែចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់បណ្តាខេត្តជុំវិញបឹងទន្លេសាប មុននឹងវិលចូលមករាជធានីភ្នំពេញវិញ ដើម្បីបើកការប្រកួតផ្លូវការ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតតេជោ។

ក្នុងពិធីដង្ហែព្រះអគ្គិជ័យកីឡានេះ គេឃើញមានវត្តមានពីថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំរបស់ក្រសួងស្ថាប័ននានា អមតាមផ្លូវដោយបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។​

សូមរំលឹកផងថា ព្រះអគ្គិជ័យកីឡា បានចាប់ផ្ដើមធ្វើពិធីដង្ហែទៅកាន់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ និងទីម័រខាងកើត មានរយៈពេលជាង ១ខែ ពោលគឺចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីបេសកជនពិសេស តំណាងគណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ សហការជាមួយស្ថានទូត និងស្ថានតំណាងនៃកម្ពុជា ប្រចាំប្រទេសនានា។

ព្រះអគ្គីជ័យកីឡា (ភ្លើងគប់) នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ បានធ្វើដំណើរចូលដល់ប្រទេសកម្ពុជាវិញ កាលព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣៕ រូបភាព៖ Fresh News

No comments:

Post a Comment