Thursday, March 16, 2023

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលរតនវត្ថុរបស់ខ្មែរ ដែលទាមទារបានពីបរទេសមកវិញ


(ភ្នំពេញ)៖ ការបែកបាក់ និងសង្គ្រាមហែកហួរក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា មិនត្រឹមតែធ្វើឱ្យ​ជាតិ​​អន់ថយ ប្រជាជនជួបភាពតោកយ៉ាកប៉ុណ្ណោះទេ សូម្បីតែវត្ថុបុរាណជាច្រើនដែលជា​រតនៈ​សម្បត្តិ​របស់កម្ពុជាបន្សល់ទុកពីដូនតាខ្មែរ ក៏ត្រូវរសាត់អណ្តែត និងបាត់បង់អស់​ជា​ច្រើន​។


ក្រោយពេលកម្ពុជារកបានសុខសន្តិភាព ជាតិត្រូវបានបង្រួបបង្រួម រតនសម្បត្តិរបស់កម្ពុជា ដែលបាត់បង់ក៏ត្រូវបាននាំយកមកវិញជាបន្តបន្ទាប់ផងដែរ។ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទទួល​រតន​វត្ថុ​របស់ខ្មែរមួយចំនួនដែលទើបនឹងទាមទារបានពីបរទេសមកវិញ។

លោកស្រី ភឿង សក្កុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា រតនវត្ថុដែលកម្ពុជាទទួលបានពីបរទេសវិញទាំងធំ និងតូច គឺមានរាប់​រយ​គ្រឿង។ ក្នុងនោះមានធ្វើពីថ្ម សំរឹទ្ធ និងមាស។ រតនវត្ថុទាំងនេះ ភាគច្រើនទទួលបានមកពីសហរដ្ឋអាមេរិក និងអង់គ្លេស។

បើតាមលោកស្រី ភឿង សក្កុណា រតនវត្ថុដែលដាក់បង្ហាញក្នុងពិធីទទួលក្រោមអធិបតីភាព​សម្តេចតេជោ គឺបង្ហាញតែមួយចំនួនប៉ុណ្ណោះ ដោយឡែករតនៈវត្ថុមួយចំនួនដែលកំពុងស្ថិត​ក្នុង​ដំណាក់​កាល​ជួសជុលនោះ មិនត្រូវបានបង្ហាញនោះឡើយ។

លោកស្រីរដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងពិធីនោះ ក៏មានបង្ហាញរតនវត្ថុជាគ្រឿងអលង្ការមួយ​ចំនួនទៀត ដែលត្រូវបានរកឃើញដោយអាជ្ញាធរជាតិអប្សរានៅតាមដំបន់អង្គរផងដែរ។

លោកស្រី ភឿង សក្កុណា បានគូសបញ្ជាក់ថា វត្ថុបុរាណដែលទទួលបានមកវិញនេះ គឺជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន និងជាព្រលឹងដូនតាខ្មែរជាច្រើនជំនាន់ ដែលត្រូវបានគេលួចនាំចេញដោយខុសច្បាប់ទៅក្រៅប្រទេស នៅក្នុងអំឡុងនៃសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងអសន្តិសុខ ដែលបានកើតឡើងនៅកម្ពុជានាពេលកន្លងទៅ។

លោកស្រី បន្តថា សន្តិភាពដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱកាសមាសអនុញ្ញាតឱ្យកម្ពុជា អាចនាំយកនូវព្រលឹងដូនតា និងរតនសម្បត្តិដ៏មានតម្លៃនានា ដែលបាត់បង់ត្រឡប់មកមាតុភូមិកំណើតវិញជាបន្តបន្ទាប់ ដែលជាមង្គល និងម្លប់ចំពោះប្រជាជាតិ និងប្រជាជនកម្ពុជា។

លោកស្រីរដ្ឋមន្ត្រី បានឱ្យដឹងផងដែរថា ការបញ្ជូនត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ខ្មែរទាំងនេះ គឺជាកិច្ចសហការយ៉ាងសកម្មបំផុតពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នកជំនាញជាតិ និងអន្តរជាតិ និងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនានា ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី និងក្របខណ្ឌនៃអង្គការយូណេស្កូ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងបណ្តាប្រទេសដែលមានវត្តមានរតនវត្ថុរបស់ខ្មែរ។

បើតាមលោកស្រី ភឿង សក្កុណា ការទទួលបានរតនវត្ថុទាំងនេះត្រឡប់មកវិញ គឺមានការតស៊ូមតិ និងការទាមទារស្វិតស្វាញណាស់ ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែជំរុញ និងលើកទឹកចិត្តជាប់ជានិច្ចក្នុងការនាំយករតនវត្ថុរបស់កម្ពុជាដែលបាត់បង់ឱ្យត្រឡប់មកវិញ៕

No comments:

Post a Comment