Tuesday, January 10, 2023

វិភាគអន្តរជាតិ៖ ការកើនឡើងឥទ្ធិពលចិន ព្យាបាល «ជំងឺអន្តរាគមន៍និយម» របស់សហរដ្ឋអាមេរិក?


(វ៉ាស៉ីនតោន)៖ កាលពីប៉ុន្មានទសវត្សរ៍មុន សហរដ្ឋអាមេរិកអាចប្រើអំណាចយោធារបស់ខ្លួនប្រកបដោយផាសុខភាព ដើម្បីធ្វើអន្តរាគមន៍នៅជុំវិញពិភពលោក ដោយសារតែ នៅពេលនោះ ជាពិសេសក្រោយសូវៀតដួលរលំ សហរដ្ឋអាមេរិកត្រូវបានគេចាត់ទុកជា «កំពូលមហាអំណាចគ្មានគូប្រៀប»។ ការធ្វើអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិក នៅក្នុងសង្រ្គាមលោកលើកទី១ និងលោកលើកទី២ បានចាក់ឫសអំណាចទីក្រុងវ៉ាស៊ីនតោនជាមេដឹកនាំពិភពលោក រហូតដល់អាចលូកដៃចូលគ្រប់កិច្ចការសកលលោកទាំងអស់។

ប៉ុន្មានឆ្នាំក្រោយសង្រ្គាមត្រជាក់បិទបញ្ចប់នៅឆ្នាំ១៩៩១ និងតួយ៉ាង នៅក្រោយការវាយប្រហារមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ភាគរយនៃជម្លោះប្រដាប់អាវុធដែល សហរដ្ឋអាមេរិកបានចូលរួម និងដែលបង្កឡើងដោយសត្រូវរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះគួរឱ្យកត់សម្គាល់។ នេះបានធ្វើឱ្យសហរដ្ឋអាមេរិកសព្វថ្ងៃរកឃើញខ្លួនឯងនៅក្នុង យុគសម័យមួយដែលសត្រូវរបស់ខ្លួនមិនហ៊ានរករឿងអាមេរិកឡើយ។ ប៉ុន្តែ សហរដ្ឋអាមេរិកនៅតែមិនអាចបញ្ឈប់ការញៀនធ្វើអន្តរាគមន៍យោធា ហើយភស្ដុតាងជាក់ស្ដែង គេក៏មិនចាំបាច់មើលទៅណាឆ្ងាយដែរ នោះគឺសង្រ្គាមដ៏បំផ្លិចបំផ្លាញនៅអាហ្វហ្កានីស្ថាន អ៉ីរ៉ាក់ និងលីប៊ីជាដើម។

ការចូលចិត្តប្រើកម្លាំងយោធានេះក៏បានបំផ្លាញ «រូបភាពជាអ្នកការពារច្បាប់» របស់សហរដ្ឋអាមេរិកនៅលើឆាកអន្តរជាតិផងដែរ។ បើតាមការស្ទង់មិតមួយធ្វើឡើងដោយវិទ្យាស្ថាន Pew Research Center ច្រើនជាងពាក់កណ្ដាលនៃប្រជាជនពិភពលោក ក្នុងពេលបច្ចុប្បន្នមើលឃើញសហរដ្ឋអាមេរិកជា «ការគំរាមកំហែង»។ តែទោះជាបែបនេះក្ដី បន្ទាប់ពី ការដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថានកាលពីខែសីហា ឆ្នាំ២០២១ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បាននិយាយថាការសម្រេចចិត្តរបស់លោកចំពោះអាហ្វហ្កានីស្ថាន មិនមែនធ្វើឡើងចំពោះតែអាហ្វហ្កានីស្ថានតែប៉ុណ្ណោះទេ តែវាគឺជាការបិទបញ្ចប់នៃយុគសម័យនៃការធ្វើអន្តរាគមន៍យោធាទ្រង់ទ្រាយធំ ដើម្បីជួយបង្កើតប្រទេសដទៃ។

ការលើកឡើងរបស់លោក បៃដិន បានធ្វើឱ្យក្រុមអ្នកវិភាគយល់ថាអ្នកបង្កើតគោលនយោបាយអាមេរិកនឹងងាកចេញពីការប្រើអំណាចយោធា មកផ្ដោតលើសេដ្ឋកិច្ច និងការទូតដើម្បី បង្កើន «អំណាចស្រទន់ និងភាពជាមេដឹកនាំគួរឱ្យទុកចិត្ត» របស់សហរដ្ឋអាមេរិក ហើយការធ្វើឱ្យអាមេរិកកែប្រែនេះគឺមានហេតុផលធំៗ២៖ ទីមួយគឺសព្វថ្ងៃជាសម័យពហុប៉ូល ពោលគឺ មានមហាអំណាច្រើន និងទី២ គឺដោយសារតែការលេចត្រដែតឡើងនៃឥទ្ធិពលចិនតែម្ដង។ ក្រុមអ្នកវិភាគដូចជា លោកស្រី MONICA DUFFY TOFT ​ជាសាស្ត្រាចារ្យនយោបាយ អន្តរជាតិម្នាក់ និងជានាយកមជ្ឈមណ្ឌល Center for Strategic Studies នៅមហាវិទ្យាល័យ Fletcher School of Law and Diplomacy បានកត់សម្គាល់ថាខណៈចិនកំពុងក្លាយជា មហាអំណាចដ៏មានសក្ដានុពល វានឹងធ្វើឱ្យសហរដ្ឋអាមេរិកនឹងកាន់តែប្រយ័ត្នប្រយែង ក្នុងការធ្វើអន្តរាគមន៍យោធានៅឯក្រៅប្រទេស ពីព្រោះថាវាអាចនឹងធ្វើឱ្យអាមេរិក ផ្ទុះជម្លោះ ឬសង្រ្គាមជាមួយកំពូលមហាអំណាចដទៃ។

បើតាមលោកស្រី MONICA DUFFY TOFT ការកើនឡើងនៃអំណាចយោធា សេដ្ឋកិច្ច និងឥទ្ធិពលរបស់ចិននៅជុំវិញពិភពលោក អាចនឹងធ្វើឱ្យសហរដ្ឋអាមេរិកកាន់តែប្រយ័ត្នប្រយែង ជាងមុន នៅពេលនិយាយដល់ការធ្វើអន្តរាគមន៍យោធានៅក្រៅប្រទេស ហើយនឹងត្រឡប់មករកនយោបាយការទូត និងសេដ្ឋកិច្ចជាជម្រើសទីមួយវិញ រីឯការប្រើកម្លាំងយោធាជាជម្រើស ចុងក្រោយបង្អស់។ ការយល់ឃើញបែបនេះគឺសំអាងលើហេតុផលចំនួន៣សំខាន់ៗ៖

ទី១៖ នោះគឺនៅក្នុងពេលអាមេរិក កំពុងមានបញ្ហាភាពស្របច្បាប់នៅលើឆាកអន្តរជាតិ ចិនឯណេះ វិញក៏មិនខុសគ្នាប៉ុន្មានដែរ។ បានន័យថាសហរដ្ឋអាមេរិកបានទាញ និងកំពុងប្រើបទពិសោធន៍របស់ចិនដើម្បីប្រជែងជាមួយចិន។ ការបង្កើនការសម្លុតគំរាមលើកោះតៃវ៉ាន់ ការបង្កើន ការធ្វើសកម្មភាពយោធាក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ព្រមទាំងការគ្រប់គ្រងទីក្រុងហុងកុងទាំងស្រុង បានធ្វើឱ្យប្រទេសក្នុងតំបន់ ជាពិសេសប្រទេសដែលកំពុងមានជម្លោះទឹកដីជាមួយចិន មានការប្រុងប្រយ័ត្នរឹតតែខ្លាំងចំពោះចិនដែលនេះបានធ្វើឱ្យខូចខាតដល់ភាពស្របច្បាប់ របស់ចិននៅលើឆាកអន្តរជាតិ។ ជាមធ្យោបាយល្អ នោះគឺសហរដ្ឋអាមេរិកអាចទាញប្រយោជន៍ពី ការកើនឡើងឱនភាពនៃភាពស្របច្បាប់របស់ចិន តាមរយៈការបង្កើតសម្ព័ន្ធភាពដ៏រឹងមាំនៅក្នុងតំបន់។

ទី២៖ ខណៈកំពុងអះអាងថាចិនមានមហិច្ឆតាកែប្រែសណ្ដាប់ធ្នាប់ពិភពលោកសព្វថ្ងៃ សហរដ្ឋអាមេរិកអាចនឹងរឹតត្បិតលើខ្លួនពីការធ្វើអន្តរាគមន៍យោធានិយម ដើម្បីឱ្យប្រទេសដទៃ មើលឃើញថាការអះអាងរបស់ខ្លួនជារឿងត្រឹមត្រួវ។ ដើម្បីអាចធ្វើដូចនេះបាន សហរដ្ឋអាមេរិកត្រូវបង្កើនការប្រុងប្រយ័ត្នលើគោលនយោបាយការបរទេសដែលអាចនឹងកាត់បន្ថយការ ចូលរួមរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងជម្លោះយោធាថ្មីៗនៅជុំវិញពិភពលោក ហើយធ្វើបែបនេះក៏អាចការពារសន្តិសុខខ្លួន​ឯង និងសហគមន៍អន្តរជាតិផងដែរ បើទោះជាសហរដ្ឋអាមេរិក មិនបោះបង់ជម្រើសយោធា ក្នុងការរក្សាអនុត្តរភាពរបស់ខ្លួនក៏ដោយ។

ទី៣៖ សហរដ្ឋអាមេរិក លែងមានអំណាចយោធាផ្ដាច់មុខ ដែលអាចបង្ខំឱ្យប្រទេសដទៃទទួលយក ឬទទួលស្គាល់អំណាចរបស់ខ្លួនបានទៀតនោះឡើយ ហើយអាមេរិកបានដឹងច្បាស់លើ ហេតុផលមួយនេះដោយខ្លួនឯង ដោយសារតែសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ សង្រ្គាមនៅអ៊ុយក្រែនបានផ្ដល់មេរៀនថាអំណាចយោធាដែលសត្រូវមិនអាចវាស់ស្ទង់បាន វាគឺ អាចការកំញើញសត្រូវល្អប្រសើរជាងអំណាចយោធាដែលប្រើទៅហើយ តែបែរជាបង្កការខាតបង់ធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស និងសេដ្ឋកិច្ច ហើយធ្វើឱ្យសត្រូវដឹងពីចំណុចខ្សោយ និងកម្លាំងពិតប្រាកដរបស់ខ្លួនឯងទៅវិញ។ ដូច្នេះហើយ ទីក្រុងវ៉ាស៊ីនតោនអាចនឹងពិចារណាឡើងវិញពីការប្រើប្រាស់កម្លាំងយោធានៅក្រៅប្រទេស និងអាចត្រឡប់មកផ្តោតលើ នយោបាយការទូត នៅប៉ុន្មានឆ្នាំទៅមុខ៕

No comments:

Post a Comment