Tuesday, January 10, 2023

វិភាគអន្តរជាតិ៖ តើជ័យជម្នះកំពុងឈរនៅខាងអ៊ុយក្រែន ឬ?


(វ៉ាស៊ីនតោន)៖ នៅពេលនិយាយពីសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ក្នុងពេលបច្ចុប្បន្ន រឿងដែលប្រាកដប្រជា គឺមានតែ២គត់ នោះគឺការវាយប្រយុទ្ធកាប់សម្លាប់គ្នា និងការបំផ្លិចបំផ្លាញ បន្តកើតឡើងជារៀងរាល់ថ្ងៃ ខណៈលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅតែមានជំនឿចិត្តថាលោកអាចនឹងទទួលបានជ័យជម្នះ។ លោក ពូទីន បានបន្តប្ដេជ្ញាចិត្តធ្វើអ្វីគ្រប់យ៉ាងដើម្បី នាំអ៊ុយក្រែនឱ្យត្រឡប់មកនៅក្រោមការគ្រប់គ្រងរបស់រុស្ស៉ីសាជាថ្មី ហើយបើមិនអាចទៅរួចទេ នោះលោកមានផែនការ B មួយទៀត គឺធ្វើយ៉ាងណាបំផ្លិចបំផ្លាញអ៊ុយក្រែន រហូតទាល់តែបាត់បង់លក្ខណៈជា «ប្រទេសឯករាជ្យ»។

សុន្ទរកថាជាច្រើនរបស់លោក ពូទីន ជុំវិញសង្រ្គាមនៅអ៊ុយក្រែន និងដែលបានបង្ហាញពីការស្ដាយស្រណោះ «ចក្រភពរុស្ស៉ីកាលពីអតីតកាល» ត្រូវបានក្រុមអ្នកវិភាគលោកខាងលិច មួយចំនួនមើលឃើញថាវត្ថុបំណងចម្បងរបស់ប្រធានាធិបតីរូបនេះ​ គឺបង្កើត «ចក្រភពរុស្ស៉ី» ឡើងវិញ ហើយចក្រភពនេះទៀតសោតមិនអាចគ្មានអ៊ុយក្រែនជាដាច់ខាត។ សម្រាប់ ក្រុមអ្នកវិភាគទាំងនោះ នៅក្នុងគោលគំនិតរបស់លោក ពូទីន លោកមានជំនឿចិត្តថាឱកាស និងពេលវេលាកំពុងស្ថិតនៅក្នុងដៃរបស់លោក ដោយមិនចាំបាច់បង្ខំ ឬប្រញាប់សម្រេចវា ឱ្យបានក្នុងពេលឆាប់ៗនោះទេ។

ពោលគឺ ក្នុងន័យនេះ លោក ពូទីនយល់ថាលោកអាចធ្វើឱ្យប្រជាជនអ៊ុយក្រែនចុះញ៉ម ហើយអាចបំបែកបាក់ ឬធ្វើឱ្យចុះខ្សោយនូវសាមគ្គីភាព និងការគាំទ្ររបស់សហរដ្ឋអាមេរិក ព្រមទាំងសហភាពអឺរ៉ុបចំពោះអ៊ុយក្រែន។ សេដ្ឋកិច្ចរុស្ស៉ីកំពុងរង្គោះរង្គើរ តែមិនទាន់ដួលរលំនោះទេ រីឯកងទ័ពនៅឯសមរភូមិទោះជាបរាជ័យជាច្រើនលើកនាពេលកន្លងមកក៏ដោយ ក៏នៅមិនទាន់ចាញ់ទាំងស្រុងនោះដែរ។ ក្នុងវចនានុក្រមរបស់លោក ពូទីន «បរាជ័យមិនមែនជាជម្រើសមួយឡើយ»។ លោកមិនអាចប្រគល់ ឬបោះបង់ចោលតំបន់ទាំង៤ ដែលលោក បានកាត់យកពីអ៊ុយក្រែនដោយខុសច្បាប់ទៅឱ្យទីក្រុងកៀវវិញនោះទេ។ បើមិនអាចទទួលបានជោគជ័យយោធាក្នុងពេលដ៏ខ្លី ឬក្នុងឆ្នាំនេះក៏ដោយ ក៏លោកអាចនឹងរក្សាគោលជំហរ គ្រប់គ្រងទឹកដីអ៊ុយក្រែនមួយចំនួនដែលកងទ័ពរុស្ស៉ីកំពុងកាន់កាប់ក្នុងតំបន់ភាគខាងកើត និងភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ដើម្បីរៀបចំយុទ្ធសាស្ត្រ និងបើកការវាយលុកជាថ្មី ណាមួយសំដៅគ្រប់គ្រងតំបន់នៅសេសសល់របស់អ៊ុយក្រែនក្នុងតំបន់សមុទ្រខ្មៅ គ្រប់គ្រងតំបន់ដុនបាស់ទាំងមូល ហើយទើបវាយលុកបន្តទៅទិសខាងលិច។

ជាការពិតណាស់ ជ័យជម្នះយោធារបស់អ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ីដើម្បីឯករាជ្យ សេរីភាព បូរណភាពទឹកដី និងអនាគតកូនចៅជំនាន់ក្រោយរបស់ខ្លួន ជារឿងគួរឱ្យកោតសរសើរ និងសាទរ។ ក៏ប៉ុន្តែ ព្រមពេលជាមួយគ្នា សេដ្ឋកិច្ចរបស់អ៊ុយក្រែនទាំងមូលស្ទើរតែធ្លាក់ដល់បាតបាត់ទៅហើយ រីឯប្រជាជនរាប់លាននាក់ បានភៀសខ្លួន ចេញពីប្រទេស ហើយហេដ្ឋារចនាសម្ព័ន្ធស៊ីវិលត្រូវបានរុស្ស៉ីបំផ្លាញយ៉ាងចាស់ដៃ ខណៈតំបន់សម្បូរដោយធនធានរ៉ែ ឧស្សហកម្មសំខាន់ៗ រួមទាំងដីកសិកម្មជាច្រើន កំពុងស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់កងទ័ពរុស្ស៉ីនៅឡើយ។

សព្វថ្ងៃ ដង្ហើមសេដ្ឋកិច្ច និងសមត្ថភាពយោធាប្រយុទ្ធរបស់អ៊ុយក្រែន គឺពឹងផ្អែកទាំងស្រុងទៅលើបណ្ដាប្រទេសលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិកតែម្ដង។ ក្នុងករណីនេះ ប្រសិនបើអ៊ុយក្រែនមិនអាចទទួលបានជោគជ័យធំដុំបន្ថែមទៀតទេ នោះសម្ពាធពីបណ្ដាប្រទេសលោកខាងលិចខ្លះដែលចង់ឱ្យអ៊ុយក្រែនត្រឡប់ទៅរកតុចរចាលើបទឈប់បាញ់ជាមួយ រុស្ស៉ី អាចនឹងកើនឡើង។ នៅក្រោមកាលៈទេសៈបច្ចុប្បន្ន កិច្ចចរចា ឬបទឈប់បាញ់ណាមួយ គឺមានតែទុកឱកាសឱ្យរុស្ស៉ីប្រមូលកម្លាំងឡើងវិញតែប៉ុណ្ណោះ ហើយនេះជារឿងមិនអាច ទទួលយកបានចំពោះអ៊ុយក្រែន និងអ្នកដែលគាំទ្រដល់អ៊ុយក្រែន។

សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងបារាំងកាលពីពេលថ្មីៗនេះ សុទ្ធតែបានប្រកាសបញ្ជូន «រថក្រោះធុនតូចឱ្យអ៊ុយក្រែន» ហើយការបញ្ជូនអាវុធទាំងនេះជាសញ្ញាមួយដ៏ល្អបង្ហាញពីការប្ដេជ្ញា ចិត្តរបស់ពួកគេក្នុងការគាំទ្រអ៊ុយក្រែន។ ប៉ុន្តែ សម្រាប់អ្នកដែលគាំទ្រដល់អ៊ុយក្រែន ការផ្ដល់អាវុធទាំងនេះវាជារឿងល្អ តែមិនទាន់គ្រប់គ្រាន់នោះទេ។ ជារឿយៗ ពួកគេបានអំពាវនាវឱ្យ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបង្កើនការផ្ដល់ជំនួយយោធាបន្ថែម តាមការស្នើសុំរបស់ទីក្រុងកៀវ ខណៈអ្វីដែលលោក ហ្សេលេនស្គី ចង់បានដូចជារថក្រោះធុនធ្ងន់ យន្ដហោះចម្បាំងស៊េរីទំនើប មីស៊ីលរយៈចម្ងាយឆ្ងាយ និងការបង្កើតតំបន់គ្មានការហោះហើរ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមិនទាន់អាចឱ្យបាននៅឡើយទេ ដោយសំអាងលើ ហេតុផលធំ នោះគឺខ្លាចផ្ទុះសង្រ្គាមលោកថ្មី ឬសង្រ្គាមនុយក្លេអ៊ែរដោយផ្ទាល់ជាមួយរុស្ស៉ី។

គួរបញ្ជាក់ថា រថក្រោះធុនតូចរបស់លោកខាងលិច ត្រូវបានគេរំពឹងថាអាចនឹងជួយឱ្យអ៊ុយក្រែនក្នុងការបង្កើនសមត្ថភាពវាយលុកដណ្ដើមទឹកដីមកវិញ និងបំបែកខ្សែការពារកងទ័ពរុស្ស៉ី​ នៅក្នុងតំបន់ភាគខាងកើត។ ប៉ុន្តែ នៅក្នុងទ្រឹស្ដីយោធា ការវាយប្រហារលុកតាមផ្លូវគោក គឺមិនមានប្រសិទ្ធភាពឡើយបើគ្មានការគាំទ្រតាមផ្លូវអាកាស ដោយមកទល់នឹងពេលនេះ សមត្ថភាពកងទ័ពអាកាសអ៊ុយក្រែននៅមានកម្រិតនៅឡើយ។ មួយវិញទៀត អ្វីដែលគេក៏កំពុងព្រួយបារម្ភ នោះគឺបើអាវុធថ្មីទាំងនេះពិតជាអាចជួយអ៊ុយក្រែនវាយដណ្ដើមបានទឹកដីដែល រុស្ស៉ីកំពុងកាន់កាប់មកវិញពិតមែន នោះគឺថាតើលោក ពូទីន អាចនឹងប្រើអាវុធនុយក្លេអ៊ែរដែរឬទេ? ការជជែកដេញដោលពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងសង្រ្គាមអ៊ុយក្រែន បានស្ងប់ស្ងាត់មួយរយៈ តួយ៉ាងក្រោយលោក ពូទីនផ្ទាល់កាលពីខែតុលា ឆ្នាំ២០២២ បានអះអាងថារុស្ស៉ីមិនចាំបាច់ប្រើអាវុធនុយក្លេអ៊ែរឡើយ ស្របពេលសហរដ្ឋអាមេរិកនិយាយថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរមិនអាចធានាបាននូវជ័យជម្នះទេ ហើយផ្ទុយទៅវិញមុខមាត់ និងកិតិ្តយសរបស់លោក ពូទីន អាចនឹងកាន់តែអាប់ឱននៅលើឆាកអន្តរជាតិ។

តែទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញភាគច្រើនយល់ស្របដូចគ្នាថាដរាបណាសង្រ្គាមនៅតែអូសបន្លាយ ហានិភ័យនុយក្លេអ៊ែរនៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល ជាពិសេសបើលោក ពូទីន ធ្លាក់ចូលក្នុងស្ថានភាពត្រូវជ្រើសរើសរវាង «បរាជ័យទាំងស្រុងនៅអ៊ុយក្រែន និងការប្រើអាវុធនុយក្លេអ៊ែរ»៕

No comments:

Post a Comment