Wednesday, January 11, 2023

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយអតីតប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ


នៅវិមានសន្តិភាពនា រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Park Byeong-Seug អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង។

តាមការឲ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឲ្យដឹងនៅក្រោយជំនួបថា ឯកឧត្តមអតីតប្រធានរដ្ឋសភាកូរ៉េបានជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមបានសង្កេតឃើញថា ព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ។ ឯកឧត្តមពិតជារីករាយចំពោះវឌ្ឍនភាពរបស់ប្រទេសកម្ពុជា ហើយអ្វីដែលឯកឧត្តមកាន់តែរីករាយ និងមានមោទនភាពបំផុតនោះ គឺការគឺការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដោយកម្ពុជាទទួលបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់។ ក្នុងន័យនេះ ឯកឧត្តមសូមគោរពសម្ដែងនូវការអបអរសាទរចំពោះសម្ដេចតេជោក្នុងនាមជាប្រធានអាស៊ានកន្លងទៅនេះ។ 

ក្នុងជំនួបនេះផងដែរ ឯកឧត្តម Park Byeong-Seug ក៏បានជំរាបជូនសម្ដេចតេជោផងដែរថាកាលពីឆ្នាំកន្លងទៅ សម្ដេចតេជោបានដាក់ការងារឱ្យឯកឧត្តមធ្វើចំនួន៣ ទី១)គឺការផ្ដល់សច្ចាប័ណ្ណលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ ,ទី២)ការគាំទ្រផ្ដល់ហិរញ្ញប្បទាន សម្រាប់ការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងទី៣)ការបង្កើនកូតាសម្រាប់ពលករកម្ពុជាបានទៅធ្វើការនៅឯប្រទេសកូរ៉េ។ ហើយការងារទាំង៣នេះ ឯកឧត្តមបានធ្វើ និងប្រកបដោយផ្លែផ្កាសម្រាប់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ បានចូលជាធរមាន, ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ក៏ត្រូវបានចុះហត្ថលេខាក្នុងការសាងសង់ផងដែរ និងកូតាសម្រាប់ការអនុញ្ញាតឲ្យពលករកម្ពុជាបានទៅបម្រើការងារនៅប្រទេសកូរ៉េក៏បានកើនឡើងចំនួន ៤០% ហើយអ្វីដែលឯកឧត្តម និងប្រតិភូត្រូវធ្វើបន្តទៀតនោះ ទី១ ធ្វើយ៉ាងណាជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េ ឲ្យកាន់តែរីកធំធាត់ និងរឹងមាំបន្ថែមទៀត ,ទី២ស្វែងរកការគាំទ្រជួយដល់កម្ពុជា លើវិស័យដោះមីន និងទី៣ លើកទឹកចិត្តឲ្យអ្នកវិនិយោគកូរ៉េមកវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀតដោយផ្ទាល់ ឬតាមរយៈ១+ ព្រោះថាកម្ពុជាមានកត្តាអនុគ្រោះល្អ ដែលកត្តាទាំងអស់នោះមានដូចជា កម្លាំងយុវជនប្រកបដោយថាមពល និងគុណភាពខ្ពស់, កម្ពុជាប្រើប្រាស់លុយដុល្លារ,កម្ពុជា និងកូរ៉េ មានកិច្ចព្រមព្រៀងគាំពារវិនិយោគ និងពាណិជ្ជកម្មសេរី ជាមួយនឹងសក្តានុពលជាច្រើនទៀតដែលមាននៅក្នុងប្រទេសកម្ពុជា។ 

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តម Park Byeong-Seug ចំពោះការវាយតម្លៃលើវឌ្ឍនភាព និងភាពរីកចម្រើនរបស់ប្រទេសកម្ពុជា និងអរគុណឯកឧត្តមដែលបានអបអរសាទរចំពោះភាពជោគជ័យក្នុងនាមកម្ពុជាធ្វើជាប្រធានអាស៊ាននាពេលកន្លងទៅថ្មីៗនេះ។ 

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមអតីតប្រធានរដ្ឋសភាកូរ៉េផងដែរ ដែលបានបំពេញការងារទាំង៣ ដែលសម្ដេចបានស្នើសុំឲ្យជួយនាពេលកន្លងមកបានយ៉ាងជោគជ័យ ជាមួយនឹងការយកចិត្តទុកដាក់ជួយដល់កម្ពុជាថែមទៀតតាមរយៈការជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំឡើង, ការស្វែងរកជំនួយជួយដល់កម្ពុជាក្នុងការដោះមីន និងការជំរុញអ្នកវិនិយោគ កូរ៉េឲ្យមកកាន់កម្ពុជា កាន់តែច្រើនបន្ថែមទៀតនាពេលខាងមុខ តាមរយៈការវិនិយោគដោយផ្ទាល់ និងតាមរយៈការវិនិយោគ១+បូក ជាដើមនោះ។

ចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរឲ្យឯកឧត្តមអតីតប្រធានរដ្ឋសភាកូរ៉េ ទទួលបាននូវភាពជោគជ័យការងារជាបន្តបន្ទាប់ទៀតនាពេលខាងមុខ៕















No comments:

Post a Comment