Wednesday, January 11, 2023

វិភាគអន្តរជាតិ៖ តើចិន បោះបង់ចោលយុទ្ធសាស្ត្រ «ការទូតចចកចម្បាំង» ឬ?


(តូក្យូ)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចៅ លីជៀន (Zhao Lijian) ដែលត្រូវបានគេចាត់ទុកថាជា «អ្នកការទូតចចកចម្បាំង» ដ៏លេចធ្លោរមួយរូបរបស់ចិនត្រូវផ្ទេរឱ្យទៅកាន់ មុខតំណែងថ្មី​នៅក្នុងនាយកដ្ឋានដែលគ្រប់គ្រងកិច្ចការព្រំដែនដីគោក និងព្រំដែនសមុទ្រ។

បើតាមគេហទំព័រក្រសួងការបរទេសចិន លោក ចៅ មានអាយុ៥០ឆ្នាំ បច្ចុប្បន្នគឺជាអនុប្រធាននាយកដ្ឋានកិច្ចការព្រំដែនគោក និងព្រំដែនសមុទ្រនៃក្រសួងការបរទេសចិន។ លោក ចៅ បានកា្លយជាអ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីឆ្នាំ២០២០ ហើយលោកត្រូវបានគេស្គាល់ថាជាអ្នកនាំពាក្យ និងជាអ្នកការទូតម្នាក់ដែលតែងតែបង្ហោះសារមានលក្ខណៈជាតិនិយម និងផាំងទៅផាំងមកនៅលើបណ្ដាញទំនាក់ទំនងសង្គម។ តួយ៉ាង នៅក្នុងការបង្ហោះសារមួយលើ Twitter កាលពីខែមីនា ឆ្នាំ២០២០ លោក ចៅ បានសរសេរថា យោធាអាមេរិកប្រហែលជា អ្នកដែលនាំវីរុសកូរ៉ូណាកូវីដ១៩ មកកាន់ទីក្រុងវូហាន ប្រទេសចិន បន្ទាប់ពីក្រុមមន្ត្រីអាមេរិកមួយចំនួនអះអាងថាវីរុសកូរ៉ូណានេះមានប្រភពចេញពីមន្ទីរពិសោធន៍ចិន។ ជាគោលការណ៍ ចិនអះអាងថាមិនមានឡើយយុទ្ធសាស្ត្រការទូតចចកចម្បាំង ដោយវាគ្រាន់តែជាការឆ្លើយតបប្រកបដោយហេតុផល ទៅនឹងការវាយប្រហារចោទប្រកាន់របស់លោកខាងលិច ចំពោះចិនប៉ុណ្ណោះ។

ក្រសួងការបរទេសចិន មិនបានបញ្ជាក់លម្អិតពីហេតុផលនៅពីក្រោយការផ្ទេរតំណែងនេះឡើយ ប៉ុន្តែ វាហាក់ដូចជាសញ្ញាមួយបង្ហាញថាចិនកំពុងពិចារណាឡើងវិញពីយុទ្ធសាស្ត្រ «ការទូតចចកចម្បាំង» របស់ខ្លួន ដែលកំពុងបង្កើតជាចម្ងល់ថាតើចិនកំពុងបោះបង់ចោលយុទ្ធសាស្ត្រនេះដែរ ឬក៏យ៉ាងណា? ចិនបានចាប់ផ្ដើមអនុវត្តយុទ្ធសាស្ត្រ «ការទូតចចកចម្បាំង» យ៉ាងពេញទី នៅក្រោយពេលដែលទីក្រុងប៉េកាំងរងការចោទប្រកាន់ពីលោកខាងលិច ជុំវិញការផ្ទុះឡើងនៃជំងឺកូវីដ១៩ កាលពីចុងឆ្នាំ២០១៩។ ពាក្យ «ចចកចម្បាំង» ដែលគេយកមកដាក់ឈ្មោះ យុទ្ធសាស្ត្រការទូតរបស់ចិន គឺត្រូវបានស្រង់ចេញពីខ្សែភាពយន្ដបែបជាតិនិយមដ៏ល្បីល្បាញរបស់ចិនមានចំណងជើងថា «ចចកចម្បាំង»។ ខ្សែភាពយន្ដនេះមានលក្ខណៈប្រហាក់ប្រហែលគ្នា ទៅនឹងភាពយន្ដហូលីវូតរុំាបូរបស់សហរដ្ឋអាមេរិក ដែលបង្ហាញពីសកម្មភាពកុម្ម៉ង់ដូចិនបំពេញភារកិច្ចការពារប្រជាជនចិន និងផលប្រយោជន៍ជាតិចិនពីការវាយប្រហារពីសត្រូវ ទាំងនៅក្នុង ប្រទេស និងក្រៅប្រទេស។ ខ្សែភាពយន្ដ «ចចកចម្បាំងនេះ» មានគោលដៅចម្បងបណ្ដុះគំនិតស្នេហាជាតិ និងជាតិនិយមតាមគោលគំនិតលោក ស៊ី ជិនពីង ជាមួយការប្រកាន់ភ្ជាប់នូវពាក្យ ស្លោកចិនមួយឃ្លាថា «នរណាក៏ដោយឱ្យតែហ៊ានបំពានចិន ទោះជាទៅដល់ជើងមេឃក៏ដោយ ក៏មិនអាចរួចខ្លួនបាននោះដែរ។

ដោយឡែក នៅក្នុងវិស័យការទូត យុទ្ធសាស្ត្រ «ការទូតចចកចម្បាំង» ត្រូវបានគេនិយាយសំដៅទៅលើការទូតប្រឈមមុខដាក់គ្នា ការនិយាយផាំងទៅផាំងមក ដែលនេះគឺផ្ទុយពីយុទ្ធសាស្ត្រ ការទូតដែលចិនធ្លាប់បានប្រកាន់យកពីមុន។ យុទ្ធសាស្ត្រការទូតចិនកាលពីដើមឡើយ គឺមន្ត្រីការទូតចិនត្រូវផ្ដោតទៅលើការនិយាយស្ដីទន់ភ្លន់ រក្សាភាពស្ងៀមស្ងាត់ ហើយសេចក្ដីថ្លែងការណ៍គឺ ធ្វើយ៉ាងវែងអន្លាយ។ ប៉ុន្តែនៅក្រោមយុទ្ធសាស្ត្រការទូតចចកចម្បាំង មន្ត្រីទូតចិនទាំងអស់បានប្រើសម្ដីផាំងទៅផាំងមក រីឯសេចក្ដីថ្លែងការណ៍ដែលធ្លាប់តែធ្វើយ៉ាងវែងអន្លាយ ត្រូវប្ដូរមកជា សេចក្ដីថ្លែងការណ៍ខ្លីៗ និងចំៗ។ ជាឧទាហរណ៍ នៅពេលដែលក្រុមមន្ត្រីអាមេរិកចោទប្រកាន់ថាវីរុសកូរ៉ូណាកូវីដ១៩ លេចធ្លាយចេញពីមន្ទីរពិសោធន៍មួយក្នុងទីក្រុងវូហាន លោក ចៅ លីជៀន បានចោទត្រង់ៗថាយោធាអាមេរិកប្រហែលជាអ្នកដែលនាំវីរុសកូរ៉ូណាកូវីដ១៩ មកកាន់ទីក្រុងវូហាន។

លោក ចៅ លីជៀន គឺជាមនុស្សម្នាក់មានគំនិតជាតិនិយម ដែលស័ក្តិសមទៅនឹងយុទ្ធសាស្ត្រការទូតចចកចម្បាំង។ ដូច្នេះហើយការផ្ទេរតួនាទីរបស់លោកពីអ្នកនាំពាក្យក្រសួងការបរទេសចិន ឱ្យទៅកាន់មុខតំណែងថ្មី​នៅក្នុងនាយកដ្ឋានដែលគ្រប់គ្រងកិច្ចការព្រំដែនដីគោក និងព្រំដែនសមុទ្រ ចង់ ឬមិនចង់ វាបានបង្ហាញពីការផ្លាស់ប្ដូរក្នុងនយោបាយការទូតរបស់ចិននៅក្នុង ឆ្នាំ២០២៣នេះ។ ការផ្ទេរតំណែងរបស់លោក ចៅ កើតឡើងក្រោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាជាតិប្រជាជនចិនបានប្រកាសពីការតែងតាំងលោក Qin Gang ជាអគ្គរដ្ឋទូតចិនប្រចាំ សហរដ្ឋអាមេរិក ជារដ្ឋមន្ត្រីការបរទេសថ្មីជំនួសលោក វ៉ាង យី និងបន្ទាប់ពីលោក ស៊ី ជិនពីង បានជួបជាមួយលោក ចូ បៃដិន នៅឯកោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០២២។

នៅក្នុងជំនួបនេះ លោក បៃដិន បានប្រាប់លោក ស៊ី ជិនពីងថា សហរដ្ឋអាមេរិក និងចិនគួរតែធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាសកលលោកដែលប្រទេសទាំង២ អាចនឹងធ្វើ កិច្ចសហប្រតិបត្តិការនឹងគ្នាបាន។ រីឯ លោក ស៊ី ក៏បានប្រាប់លោក បៃដិនវិញដែរថាតៃវ៉ាន់គឺជាបន្ទាត់ក្រហមដែលសហរដ្ឋអាមេរិកមិនត្រូវដើររំលងនោះទេ ស្របពេលប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បាននិយាយថាជំនួបរវាងលោក ចូ បៃដិន និងលោក ស៊ី ជិនពីង គឺជាការចាប់ផ្ដើមមួយដ៏ល្អសម្រាប់សហរដ្ឋអាមេរិក និងចិនបើកកិច្ចសហប្រតិបត្តិការនឹងគ្នាឡើងវិញ។ មែនទែនទៅ ក្រុមអ្នកជំនាញភាគច្រើនយល់ថាជំនួបរវាងមេដឹកនាំទាំង២ គ្រាន់តែធ្វើឱ្យទំនាក់ទំនងចិន និងសហរដ្ឋអាមេរិកធូរស្រាលបណ្ដោះអាសន្នតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ ស្ថានភាពធូរស្រាលមួយដែលត្រូវ បានគេប្រដូចទៅនឹងស្ថានភាពធូរស្រាលសម័យសង្រ្គាមត្រជាក់ ឬគេហៅថាជាភាសាបារាំងថា «ឡាដេតង់» (La Détente) មានសារៈសំខាន់សម្រាប់ចិន ហើយលោក Kurt Campbell ជាអ្នកសម្របសម្រួលកិច្ចការតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៃសេតវិមានលោក ចូ បៃដិន ក៏បានទទួលស្គាល់ដែរថាចិនចង់មានស្ថិរភាពទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកក្នុងរយៈពេលខ្លី នៅក្នុងបរិបទ ដែលចិនកំពុងមានបញ្ហានៅក្នុងស្រុកដូចជាសេដ្ឋកិច្ច កូវីដ១៩ និងការកើនឡើងនៃការរិះគន់លើការទូតចចកចម្បាំងចិន ពីសំណាក់បណ្ដាប្រទេសក្នុងតំបន់អាស៊ី។

ក្នុងពេលដែលបើកប្រទេសឡើងវិញ និងលុបចោលគោលនយោបាយ «ហ្សេរ៉ូកូវីដ» ច្បាស់ណាស់ ចិនចង់ធ្វើឱ្យទំនាក់ទំនងការទូតជាមួយបណ្ដាប្រទេសលោកខាងលិចត្រឡប់ទៅរកភាពប្រក្រតី ឡើងវិញ និងបិទបញ្ចប់ភាពតានតឹងការទូតសម័យកូវីដពីឆ្នាំ២០២១​ ដល់ឆ្នាំ២០២២។ ខណៈសង្រ្គាមអ៊ុយក្រែនបន្តអូសបន្លាយ វិបត្តិសេដ្ឋកិច្ចនៅតែបន្ត បណ្ដាប្រទេសមួយចំនួន ក្នុងនោះមានទាំងសម្ព័ន្ធមិត្តអាមេរិកដូចជា អាល្លឺម៉ង់ និងអូស្រ្តាលី បានចាប់ផ្ដើមសម្លឹងឃើញការស្ដារឡើងវិញនូវប្រយោជន៍នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយចិន តាមរយៈការបំពេញ ទស្សនកិច្ចរបស់អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ និងរដ្ឋមន្ត្រីការបរទេសអូស្រ្តាលីក្នុងទីក្រុងប៉េកាំងកាលពីចុងឆ្នាំ២០២២។

ក្នុងន័យនេះ ចិនអាចនឹងបន្ធូរបន្ថយយុទ្ធសាស្ត្រការទូតចចកចម្បាំងរបស់ខ្លួន ឱ្យទន់ភ្លន់ជាងមុន ដើម្បីស្វែងរកមិត្តត្រឡប់មកវិញ ដែលនេះអាចនឹងជួយឱ្យចិនរឹតត្បិតលើសហរដ្ឋអាមេរិកតាម នយោបាយការទូត ហើយក៏អាចឱ្យចិនធ្វើការឆ្លើយតបដ៏ប្រុងប្រយ័ត្នទៅនឹងព្រឹត្តិការណ៍សំខាន់ៗក្នុងនោះរួមមានការបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីខិន មកកាន់ទីក្រុងប៉េកាំង នៅត្រីមាសដំបូងក្នុងឆ្នាំ២០២៣នេះ និងការបោះឆ្នោតអនុម័តច្បាប់ Taiwan Policy Act ដោយសភាអាមេរិក និងការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ នៅខែមករា ឆ្នាំ២០២៤ខាងមុខ។ នយោបាយការទូតចចកចម្បាំង ជាការពិតណាស់ វាបានបង្កឱ្យមានភាពតានតឹងរវាងចិន និងលោកខាងលិច ហើយកាន់តែច្បាស់ទៅទៀតនោះ គឺសហរដ្ឋអាមេរិកកំពុង ទាញយកផលពីនយោបាយការទូតនេះ ដោយកៀងគរប្រទេសលោកខាងលិចឱ្យចូលរួមប្រឆាំងនឹងចិន៕

No comments:

Post a Comment