Thursday, January 12, 2023

វិភាគអន្តរជាតិ៖ ហេតុអ្វីលោក ពូទីន ដកតំណែង «ឧត្ដមសេនីយ៍អវសានពិភពលោក»?


(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធ ទី១១ ខែមករានេះបានតែងតាំងមេទ័ពកំពូល​រុស្ស៉ីម្នាក់ គឺលោកឧត្ដមសេនីយ៍ Valery Gerasimov ជាមេបញ្ជាការថ្មីដឹកនាំការធ្វើសង្រ្គាមនៅអ៊ុយក្រែន។ លោក Gerasimov ដែលបានឡើងកាន់តំណែងជានាយអគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធរុស្ស៉ី ចាប់តាំងពី ឆ្នាំ២០១២មក នឹងត្រូវជំនួសតំណែងលោកឧត្តមសេនីយ៍ Sergey Surovikin ដែលត្រូវបានលោក ពូទីន តែងតាំងជាមេបញ្ជាការកងទ័ពរុស្ស៉ីនៅអ៊ុយក្រែន កាលពី ខែតុលា ឆ្នាំ២០២២ ហើយលោក Surovikin ត្រូវបានទម្លាក់តំណែងមកជា «មេបញ្ជាការរង» វិញ។

ការតែងតាំងលោក Gerasimov កើតមានឡើងនៅចំពេលរុស្ស៉ី កំពុងព្យាយាមធ្វើឱ្យសង្រ្គាមរបស់ខ្លួនត្រឡប់មករកស្ថិរភាពឡើងវិញ បន្ទាប់ពីបរាជ័យជាច្រើនលើកនៅ ឯសមរភូមិនាពេលកន្លងមកនេះ និងខណៈទាហានស៊ីឈ្នួលរុស្ស៉ីអះអាងពីការកាន់កាប់ទាំងស្រុងលើទីក្រុងរ៉ែអំបិល Soledar ស្ថិតនៅក្នុងតំបន់ដូណេត ភាគខាងកើត នៃប្រទេសអ៊ុយក្រែន។ បើជាការពិតមែន នោះវានឹងក្លាយជាជ័យជម្នះដ៏សំខាន់មួយរបស់រុស្ស៉ី ចាប់តាំងពីខែសីហា ឆ្នាំ២០២២មក។

ប៉ុន្តែ គួរឱ្យកត់សម្គាល់ លោក Sergey Surovikin ដែលប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីដាក់រហស្សនាមថា «ឧត្ដមសេនីយ៍អវសានពិភពលោក» មិនបានរងការរិះគន់ដោយ ផ្ទាល់ពីលោក ពូទីន ដូចជាមេញ្ជាការមុនៗដែលត្រូវបានដកតំណែងនោះឡើយ។ លោក Surovikin ទទួលបានការកោតសរសើរខ្លាំងនៅក្នុងចំណោមអ្នកសរសេរ ប្លុកយោធារុស្ស៉ី និងថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group លោក Yevgeny Prigozhin ជាពិសេសនៅក្រោយការដឹកនាំដកកងទ័ពដោយជោគជ័យចេញពី តំបន់ខឺសុន។ លោក Surovikin គឺជាមនុស្សម្នាក់ដែលសិ្នទ្ធ នឹងលោក Prigozhin ដូច្នេះហើយទើបការតែងតាំងលោក Gerasimov បាន និងកំពុងបង្កជាការចោទសួរថាតើអ្វីទៅជាចេតនារបស់លោក ពូទីន សម្រាប់សង្រ្គាមដំណាក់កាល បន្ទាប់របស់លោក ហើយហេតុអ្វីបានជាលោក Surovikin ត្រូវបានទម្លាក់តំណែង?

* អ្វីទៅនៅពីក្រោយការតែងតាំងលោក Gerasimov?

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Telegram ក្រសួងការពារជាតិរុស្ស៉ីបាននិយាយថាការតែងតាំងលោក Gerasimov ជាមេបញ្ជាការថ្មីដឹកនាំការធ្វើសង្រ្គាមនៅអ៊ុយក្រែន គឺដើម្បីឱ្យលោកជួយរៀបចំអន្តរទំនាក់ទំនងជិតស្និទ្ធរវាងគ្រប់អង្គភាពទាំងអស់នៃកងកម្លាំងប្រដាប់អាវុធរុស្ស៉ី និងដើម្បីកែលម្អប្រសិទ្ធភាពនៃទាហានរុស្ស៉ីជួរមុខ។ ប៉ុន្តែ ក្រុមអ្នកវិភាគដូចជាលោកស្រី Dara Massicot ជាមន្ត្រីស្រាវជ្រាវជាន់ខ្ពស់មកពីវិទ្យាស្ថាន Rand Corporation បាននិយាយថាការតែងតាំងលោក Gerasimov ឱ្យកាន់តំណែងជំនួសលោក Surovikin «គឺជាការតែងតាំងមនុស្សអសមត្ថភាពឱ្យជំនួសតំណែង មនុស្សមានសមត្ថភាព ដោយលោកស្រីចង់សំដៅទៅលើការដណ្ដើមអំណាចផ្ទៃក្នុង និងការច្រណែន។

ជាមួយគ្នានេះដែរ វិទ្យាស្ថានសម្រាប់ការសិក្សាពីសង្រ្គាម (ISW) មានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិកយល់ថាការតែងតាំងលោក Gerasimov គឺបម្រើឱ្យគោលដៅចំនួន ២ម្យ៉ាងរបស់វិមានក្រឹមឡាំង នោះគឺការព្យាយាមកែលម្អទីបញ្ជាការ និងការគ្រប់គ្រងរបស់រុស្ស៉ី សម្រាប់ប្រតិបត្តិការវាយលុកសាជាថ្មីក្នុងឆ្នាំ២០២៣នេះ និងម្យ៉ាងទៀត ជាចេតនានយោបាយដើម្បីពង្រឹងអនុភាពក្រសួងការពារជាតិរុស្ស៉ី និងចង់បញ្ជូនសារដោយចំពោះទៅកាន់ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group ដែលតែងតែចេញ មុខរិះគន់វិមានក្រឹមឡាំង និងកំពុងដើរតួនាទីកាន់តែសំខាន់កាត់មុខក្រសួងការពារជាតិរុស្ស៉ី នៅក្នុងសង្រ្គាមអ៊ុយក្រែន។

ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group លោក Yevgeny Prigozhin ដែលកំពុងដឹកនាំការប្រយុទ្ធនៅក្នុងទីក្រុង Soledar និងទីក្រុងបាកមូត នៃតំបន់ដូណេត ត្រូវបានគេមើលឃើញថាកាន់តែចេញមុខរិះគន់ជាសាធារណៈខាំ្លងឡើងៗលើកិច្ចការដឹកនាំសង្រ្គាមនៅអ៊ុយក្រែនរបស់ក្រសួងការពារជាតិរុស្ស៉ី ចាប់តាំងពីចុងឆ្នាំ២០២២មក។ លោក Prigozhin ជាមនុស្សបានកោតសរសើរយ៉ាងខ្លាំងដល់លោក Surovikin ដែលត្រូវបានរាយការណ៍ដោយ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែនថាជាគូប្រជែងម្នាក់របស់រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក Sergei Shoigu។ ក្នុងន័យនេះការសម្រេចតែងតាំងលោក Gerasimov ជាចេតនានយោបាយដើម្បីពង្រឹងអនុភាពក្រសួងការពារជាតិរុស្ស៉ី និងជាផ្នែកមួយនៃកាត់បន្ថយឥទ្ធិពលក្រុមអ្នកប្រឆាំងនឹងក្រសួងការពារជាតិ តួយ៉ាងដូចជាលោក Prigozhin ហើយវាក៏ជាសញ្ញាមួយដែលបង្ហាញថាលោក ពូទីន កំពុងដើរចេញពីការផ្គាប់ចិត្តក្រុមអ្នកសរសេរប្លុកយោធារុស្ស៉ី ដើម្បីគ្រប់គ្រងវោហាសាស្ត្ររបស់លោក ឡើងវិញ ក្រោយក្រុមអ្នកសរសេរប្លុកយោធាទាំងនោះ ចេញមុខរិះគន់បរាជ័យរបស់ទាហានរុស្ស៉ីនៅក្នុងសង្រ្គាមអ៊ុយក្រែននៅពេលកន្លងមក។

បើគេចាំមិនភ្លេចទេ អតីតមេបញ្ជាការកងជីវពលរុស្ស៉ី ក្នុងតំបន់ដុនបាស់ និងជាអ្នកសរសេរប្លុកយោធាដ៏មានប្រជាប្រិយម្នាក់ លោក Igor Girkin ធ្លាប់បាននិយាយ ដោយប្រយោលថាលោកនឹងគាំទ្រការដកតំណែងលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ហើយដែលនេះគឺជាការរិះគន់ដោយផ្ទាល់បំផុតមួយរបស់លោក Girkin ចំពោះលោក ពូទីន កាលពីថ្ងៃទី១០ ខែមករានេះ។

គួរបញ្ជាក់ថា នៅក្នុងសប្ដាហ៍នេះ លោក Yevgeny Prigozhin បានអះអាងថាទាហានរបស់ខ្លួនបានវាយកាន់កាប់ ទីក្រុង Soledar ទាំងស្រុង។ ប៉ុន្តែខាងក្រសួងការពារជាតិរុស្ស៉ី និងមេបញ្ជាការអ៊ុយក្រែន បែរជាលើកឡើងផ្ទុយពីការអះអាងពីលោក Prigozhin ទៅវិញដោយបញ្ជាក់ថា ការវាយប្រយុទ្ធគ្នានៅតែបន្តធ្វើឡើង ហើយទីក្រុងនេះក៏មិនទាន់ដួលរលំទាំងស្រុងនោះដែរ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានជំរុញឱ្យ អ្នកសារព័ត៌មានទាំងអស់រង់ចាំការប្រកាសជាផ្លូវការពីជោគវាសនានៃទីក្រុង Soledar ហើយទោះបីជាមិនបានលើកឡើងចំឈ្មោះថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលរូបនេះក៏ដោយ ក៏សេចក្ដីថ្លែងការណ៍របស់លោក ប៉េសកូវ ហាក់ដូចជាចង់រិះគន់ទៅលើលោក Prigozhin ដែលចេញមុខប្រកាសពីជ័យជម្នះកាត់មុខ ក្រសួងការពារជាតិ និងវិមានក្រឹមឡាំង៕

No comments:

Post a Comment