Thursday, January 12, 2023

ក្រសួងការបរទេសតំណាងដោយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្តឹងតុលាការឱ្យចេញដីការក្សាការពារដី និងផ្ទះលោក គង់ គាំ នៅផ្លូវសុធារស

 (ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ បានដាក់ពាក្យប្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យចេញដីការរក្សាការពារដី និងផ្ទះមួយកន្លែង ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលលោក គង់ គាំ កំពុងកាន់កាប់។

ក្រសួងការបរទេស បានសម្រេចប្រគល់សិទ្ធិ ជូនលោក គី តិច រៀបចំបណ្តឹង និងតាមការពារសំណុំរឿង ទាមទារទ្រព្យរដ្ឋ ជូនក្រសួងការបរទេស គ្រប់គ្រងតាមច្បាប់វិញ។

ក្នុងពាក្យបណ្តឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្នើសុំឱ្យតុលាការចេញដីកាសម្រេចរក្សាការពារចាត់ចែងជាបណ្តោះអាសន្ន ហាមឃាត់មិនឱ្យ លោក គង់ គាំ ធ្វើការលក់ ដូរ ជួល បញ្ចាំ ផ្ទេរ ធ្វើអំណោយ អច្ច័យទាន ប្រទានកម្ម ដាក់ប្រាតិភោគ ឬដាក់ធានាកាតព្វកិច្ច លើអចលនវត្ថុ (ដី និងអគារ) លេខក្បាលដី១១៣ មាន ទំហំ ៥២៩០ (ប្រាំពាន់ពីររយកៅសិប) ម៉ែត្រការ៉េ ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លេខ ១២០១០១០៥-០១១៣ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ចេញដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ។

ក្នុងលិខិតដាក់ជូនប្រធានសាលាដំបូងរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ថា៖ ដី និងអគារ ដែលមានក្បាលដីលេខ ៨ ផ្ទះលេខ ៧១ ផ្លូវលេនីន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ មានព្រំប្រទល់ខាងជើងជាប់សាលារៀនបណ្តុះវិជ្ជា ខាងកើតជាប់ផ្លូវលេនីន ខាងត្បូងជាប់ស្ថានទូត សូវៀត ខាងលិចជាប់ឡូត៍លេខ១១ បច្ចុប្បន្នក្បាលដីលេខ ១១៣ ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លេខ ១២០១០១០៥-០១១៣ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ចេញដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី រាជធានីភ្នំពេញ គឺជាកម្មសិទ្ធិរបស់រដ្ឋ ដែលកាន់កាប់គ្រប់គ្រងដោយក្រសួងការបរទេស។

ក្នុងពាក្យបណ្តឹងបានរៀបរាប់ថា៖ ក្នុងអំឡុងទសវត្សរ៍ទី៨០ កូនបំណុលឈ្មោះ គង់ គាំ បានចូលទៅរស់នៅលើដី និងផ្ទះដែលមានទីតាំង ដូចបានបញ្ជាក់ក្នុងកម្មវត្ថុខាងលើ។ តាមរយៈការស្រាវជ្រាវ ឃើញមានឯកសារបញ្ជាក់ជាភស្តុតាងថា ក្នុងអំឡុង ឆ្នាំ១៩៨៩ ខណៈដែលខ្លួនកំពុងមានអំណាចជារដ្ឋមន្ត្រី នៅក្រសួងត្រួតពិនិត្យ កូនបំណុលបានឱ្យលោក នុច ថន អនុរដ្ឋមន្ត្រីនៃក្រសួងត្រួតពិនិត្យ ជាមន្ត្រីក្រោមបង្គាប់របស់ខ្លួន ចុះហត្ថលេខាបញ្ចូនឯកសារស្នើសុំកម្មសិទ្ធិលើដីរបស់រដ្ឋ ដែលកូនបំណុលកំពុងស្នាក់នៅ។

ផ្អែកតាមបញ្ញត្តិនៃមាត្រា ១៨ នៃច្បាប់ភូមិបាល ឆ្នាំ២០០១ ចែងថា៖ «ត្រូវទុកជាមោឃៈ និងគ្មានអានុភាព ហើយមិនអាចត្រូវបានធ្វើនិយ័តកម្ម ទោះតាមរូបភាពណាក៏ដោយ៖ រាល់ការចូលកាន់កាប់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈ និងរាល់ការ បំប្លែងការកាន់កាប់ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋទៅជាសិទ្ធិកម្មសិទ្ធិទោះបីការកាន់កាប់និងការបំប្លែងនេះកើតមាននៅពេលណាក៏ដោយ ដែលមិនស្របតាមលិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីដែលបានកំណត់កន្លងមក» ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់បន្ថែមទៀតថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន អចលនវត្ថុដូចមានរៀបរាប់ជូននៅក្នុងកម្មវត្ថុខាងលើ កំពុងស្ថិតនៅក្នុងអំណាចនៃការគ្រប់គ្រង ចាត់ចែង ប្រើប្រាស់ អាស្រ័យផល ដោយសហកូនបំណុល។ កូនបំណុល បាននិងកំពុងដឹងថា នឹងមានបណ្ដឹងពីម្ចាស់បំណុលលើអចលនវត្ថុដែលកូនបំណុលកំពុងគ្រប់គ្រង កាន់កាប់ និងស្នាក់នៅ នាពេលបច្ចុប្បន្ន។ ជាក់ស្តែង ម្ចាស់បំណុលសង្កេតឃើញថា កូនបំណុលបាន និងកំពុងជួលអចលនវត្ថុមួយផ្នែកទៅឱ្យ តតិយជនប្រកបអាជីវកម្ម។ ម្ចាស់បំណុលមានការព្រួយបារម្ភថា កូនបំណុលអាចនឹងបន្តរយៈពេលជួល ឬជួល ផ្នែកណាមួយនៃអចលនវត្ថុនេះទៅឱ្យតតិយជនដទៃទៀត។

ផ្អែកតាមបញ្ញត្តិនៃ មាត្រា ៥៣០ នៃក្រមនីតិវិធីរដ្ឋប្បវេណីចែងថា៖ «ប្រសិនបើមានការបារម្ភថា ការអនុវត្តដោយបង្ខំនឹងមិនអាចធ្វើបាន ឬនឹងមានការលំបាកយ៉ាងខ្លាំងក្នុងការអនុវត្តដោយបង្ខំ ឬប្រសិនបើ មានការបារម្ភថា នឹងមានការខូចខាតធ្ងន់ធ្ងរ ឬគ្រោះថ្នាក់បន្ទាន់ដល់ឋានៈរបស់ភាគីណាមួយ ដោយសារមាន វិវាទអំពីទំនាក់ទំនងនៃសិទ្ធិ បុគ្គលដែលមានបំណងចង់ការពារសិទ្ធិរបស់ខ្លួន អាចទាមទារការចាត់ចែងរក្សា ការពារ... » ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏សូមដាក់ជូនតុលាការ នូវឯកសារសម្រាប់សេចក្ដីបញ្ជាក់ដំបូង ដូចខាងក្រោម៖

១៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លេខ ១២០១០១០៥-០១១៣ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ចេញដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី រាជធានីភ្នំពេញ។
២៖ លិខិតលេខ ៩៨ ចប ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ១៩៩០ របស់អនុរដ្ឋមន្ត្រីក្រសួងត្រួតពិនិត្យ។
៣៖ រូបភាពអាជីវកម្មរបស់តតិយជន នៅលើទីតាំងអចលនវត្ថុ ។
៤៖ សំណូមពរ៖ ដើម្បីធានាបាននូវការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ ម្ចាស់បំណុលស្នើសុំឱ្យតុលាការចេញដីកាសម្រេចរក្សាការពារ តាមការប្ដឹងសុំដូចមានបញ្ជាក់គ្រប់ចំណុច នៅក្នុងកម្មវត្ថុខាងលើ៕















No comments:

Post a Comment