Monday, December 19, 2022

ក្រសួងព្រះបរមរាជវាំង សាងសង់រូបសំណាកមេទ័ពសម័យអង្គរចំនួន ១២រូប ដាក់តាំងក្នុងសួនព្រះរាជដំណាក់ក្រុងសៀមរាប !

 នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកយកព័ត៌មានកាលពីល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២កន្លងមកនេះ លោកជំទាវ គង់ បញ្ញា រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង បានឲ្យដឹងថា ក្រសួងព្រះបរមរាជវាំង ក្រោមការផ្តួចផ្តើម និងចង្អុលបង្ហាញពីសំណាក់សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានរៀបចំជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ នៃសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប ខេត្តសៀមរាប ចាប់តាំងពីដើមឆ្នាំ២០២០ និងរួចជាស្ថាពរនៅក្នុងខែតុលា ឆ្នាំ២០២២។ ក្នុងពេលវេលាបន្តបន្ទាប់មកនេះ ក្រុមការងារបានសាងសង់រូបសំណាកមេទ័ពសម័យអង្គរចំនួន ១២រូប ដាក់តាំងក្នុងសួនព្រះរាជដំណាក់ផងដែរ។ មុននឹងបង្កើតរូបមេទ័ពទាំងនេះក្រសួងបានបង្កើតក្រុមការងារសហការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យាអក្សសាស្ត្រ និងសិលាចារិកជាមួយសកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្ប: ដោយបានស្រាវជ្រាវនូវឯកសារសារជាច្រើន និងចុះទៅពិនិត្យរូបចម្លាក់មេទ័ពនៅតាមជញ្ជាំងប្រាសាទនានា ដូចជាប្រសាទបន្ទាយឆ្មា បាពួន បាយ័ន អង្គរវត្ត។ល។ ដើម្បីស្វែងយល់ និងកត់ត្រាប្រមូលទិន្នន័យពីប្រវត្តិនៃមេទ័ពដែលមានស្នាដៃ ជាពិសេសឥទ្ឋិពលធំធេងសម្រាប់ជាតិក្នុងរជ្ជកាលរបស់ខ្លួន។ ក្នុងនោះមេទ័ពជាង ៣០រូប ដែលបានបំរើរាជការនៅក្នុងរជ្ជកាលនៃសម័យអង្គរត្រូវបានក្រុមការងារកំណត់ និងប្រមូលទិន្នន័យ។ តាមរយ:អង្គសិក្ខាសាលាពាក់ព័ន្ឋនឹងការស្រាវជ្រាវនេះ ធ្វើឡើងកាលពីអំឡុងខែឧសភា ឆ្នាំ២០២១នៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប:ផ្នែកសិប្បរកម្ម ក្រុមការងារបានពិភាក្សាជ្រើសរើសយកមេទ័ពបានចំនួន ១២រូប ដែលកើត និងបំរើការាជការនៅសម័យបាពួន ២រូប សម័យអង្គរ ៧រូប និងសម័យបាយ័ន ៣រូប ដែលមានប្រវត្តិអង់អាចក្លាហាន និងទិន្នន័យគ្រប់គ្រាន់ ដើម្បីចងក្រងជាឯកសារ និងបានធ្វើការសាងសង់រចនាឱ្យចេញជារូបរាងឡើងហើយយកមកដាក់តាំងក្នុងបរិវេណសួននេះ។ ផ្អែកទៅលើតឹកតាងសិលាចារិក និងរូបភាពនៅតាមជញ្ជាំងប្រាសាទ សិក្ខាសាលាបានកំណត់យករូបចំនួន១២ ដែលមានទិន្នន័យច្រើនជាងគេ នៅក្នុងសិលាចារិកនិងចម្លាក់តាមជញ្ជាំងប្រាសាទមកដាក់តាំងបង្ហាញហើយការកំណត់យកចំនួន១២រូបនេះគឺជាលេខដែលខ្មែរយើងតែងប្រើញឹកញាប់ និងតំណាងនៃនគរទាំង១២ របស់ប្រវត្តិសាស្ត្រខ្មែរ។ ជាមួយនោះទាំង រូបរាង សម្លៀកបំពាក់ អាវុធបរិក្ខា អាវក្រោះ ម៉ូដសក់នៃមេទ័ពទាំង១២ត្រូវបានស្មូនរចនាឡើងទៅតាមលំនាំសម័យកាលនៃមេទ័ពនោះ។ រូបសំណាកទាំង១២ ត្រូវបានសាងសង់ឡើងអំពីលោហ:ស្ពាន់ រចនាឡើងជាចម្លាក់មូល គឺមានលក្ខណ: និងទ្រង់ទ្រាយពេញលេញ មានកម្ពស់ ២ម៉ែត្រ ១តឹកដូចៗគ្នា ដោយមិនគិតពីជើងទម្រ និងមានទម្ងន់ពី២០០ ទៅ៣០០គ.ក្រ ទៅតាមរូបរាងសណ្ឋាន អាវុធបរិក្ខានៃរូបមួយៗ។ ទ្រង់ទ្រាយមុខមាត់នៃរូបសំណាកទាំងនេះ គឺជាងស្មូន ច្នៃឡើងតាមទម្រង់មុខ អត្តចរឹតខ្មែរបុរាណសុទ្ធសាធទៅតាមសម័យកាលដែលមេទ័ពនោះរស់នៅ និងបំរើការរាជការ តាមរយ:រូបភាព និងចម្លាក់នៅលើជញ្ជាំងប្រាសាទ។ ថ្វីត្បិតតែជាសមិទ្ធផលនៃស្នាដៃកូនខ្មែរសម័យថ្មី ប៉ុន្តែស្នាដៃដែលលេចឡើងនេះ ត្រូវបានរក្សា និងអនុលោមយោងទៅតាមឯកសារប្រវត្តិសាស្ត្រជានិច្ច ដោយមិនចាកឆ្ងាយពីប្រវត្តិសាស្ត្រយើងនោះឡើយ។ ការជួសជុល ពង្រីក កែកម្អរបង និងសួនផ្កាបន្ថែមនេះ គឺបង្វែទិសចរាចរណ៍ឆ្លងកាត់ទៅមករបស់ប្រជារាស្ត្រ ដើម្បីរក្សាសុវត្ថិភាព សម្រាប់ព្រះរាជដំណាក់ ព្រះវិហារព្រះអង្គចេកព្រះអង្គចម និងសុវត្ថិភាពព្រះមហាក្សត្រ ដោយសារតែព្រះរាជដំណាក់មានទីតាំងនៅកៀកជិតនឹងផ្លូវជាតិ ម្យ៉ាងទៀតចំណុចតំបន់នេះ ជាទីតាំប្រវត្តិសាស្ត្រ ដែលព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទាមទារបានឯករាជ្យជូនជាតិមាតុភូមិពីអាណានិគមបារាំងនៅក្នុងព្រះរាជដំណាក់តូចនេះផងដែរ។

សូមជម្រាបជូនថា ក្រសួងព្រះបរមរាជវាំង  បានចាត់ទុកព្រះរាជដំណាក់ និងព្រះអង្គចេកព្រះអង្គចម ក្នុងខេត្តសៀមរាបនេះ ជាទីដ៏ពិសិដ្ឋមួយដូចគ្នាទៅនឹងព្រះវិហារព្រះកែវមរកតក្នុងព្រះបរមរាជវាំងនៅរាជធានីភ្នំពេញ ដែលគួរទទួលបាននូវការការពារ មានបរិស្ថានស្អាត និងសណ្តាប់ធ្នាប់របៀបរៀបរយល្អ ដែលទាមទារឱ្យមានការរៀបចំបរិស្ថានជុំវិញទីនេះមានសោភ័ណភាពបៃតងស្រស់ មានសណ្តាប់ធ្នាប់របៀបរៀបរយល្អ និងការពាររពារនូវសុខសុវត្ថិភាពជាចម្បង យ៉ាងណាក្តីក៏មិនបានកាត់ផ្តាច់ទំនាក់ទំនងលំហូរនៃការមកគោរពបូជា បន់ស្រន់ដោយថ្មើរជើងនៅព្រះវិហារព្រះអង្គចេកព្រះអង្គចម លោកយាយទេព និងដើរទស្សនាក្នុងសួនព្រះរាជដំណាក់នេះនោះទេ ពោលសាធារណជនទូទៅ ភ្ញៀវជាតិ និងបរទេសអាចចូលមកទស្សនា និងគោរពបូជា បានជាធម្មតា។។ លោកជំទាវ បានបញ្ជាក់បន្ថែមថា៖ ការកសាងសូនឱ្យចេញជារូបរាងនៃមេទ័ពទាំងនេះគឺធ្វើឡើង ថ្វាយក្នុងរជ្ជកាលព្រះករុណា ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្នាដៃថ្មីនៃកូនខ្មែរ ក្នុងរជ្ជកាលនេះ ដើម្បីទុកជូនកូនខ្មែរជំនាន់ក្រោយៗបានដឹង ស្គាល់នូវមេទ័ពខ្មែរទាំងនេះ ដែលពួកគាត់បានធ្វើពលិកម្ម លះបង់កម្លាំងកាយចិត្ត អាយុជីវិត ដើម្បីការពារជាតិ ការពារទឹកដី

នៃមហានគរខ្មែររបស់យើង ដូចនេះពួកគាត់គួរបានទទួលការគោរព និងកត់ត្រាទុកបន្ថែមទៀត។ ក្រសួងចង់បង្ហាញដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថារូបសំណាកទាំងនេះជាស្នាដៃសិល្ប:ចម្លាក់សម័យថ្មី ផ្អែកលើឯកសារប្រវត្តិបុរាណ និងសិលាចារិករបស់ខ្មែរ បន្ថែមពីនេះ នៅពេលខាងមុខក្រសួងនឹងបោះពុម្ពជាផ្លូវការនូវសៀវភៅប្រវត្តិមេទ័ពទាំងអស់នេះសម្រាប់ឱ្យមហាជនទូទៅ នរៈវិទូឬអ្នកស្រាវជ្រាវ អាចស្រាវជ្រាវ សិក្សាស្វែងយល់ បានគ្រប់ៗគ្នា៕




No comments:

Post a Comment