Tuesday, December 20, 2022

 វិភាគអន្តរជាតិ៖ ជប៉ុន បោះបង់ចោល «សន្តិនិយម»?


(តូក្យូ)៖ ជប៉ុនកាលពីសប្ដាហ៍មុន បានអនុម័ត «យុទ្ធសាស្ត្រសន្តិសុខជាតិថ្មីមួយ» ដែលក្នុងនោះមានបញ្ចូលទាំងការប្ដេជ្ញាកាន់កាប់សមត្ថភាពវាយបកប្រឆាំងនឹង ការវាយប្រហារពីសត្រូវ ក៏ដូចជាបង្កើនកញ្ចប់ថវិកាយោធាទ្វេដងដើម្បីអភិវឌ្ឍសមត្ថភាពវាយលុក និងកែលម្អភាពធន់របស់ខ្លួនសំដៅការពារខ្លួនឯង នៅចំពោះមុខការ កើនឡើងឥទ្ធិពលចិន ការគំរាមកំហែងពីកូរ៉េខាងជើង និងរុស្ស៉ី។

យុទ្ធសាស្ត្រថ្មីនេះត្រូវបានក្រុមអ្នកជំនាញហៅថាជាការធ្វើបដិវត្តន៍យោធារបស់ជប៉ុន និងការចាប់ផ្ដើមដើរចេញកាន់តែឆ្ងាយពី «រដ្ឋធម្មនុញ្ញសន្តិនិយម» ដែលបានចងជើង ជប៉ុនឱ្យមានត្រឹមតែកងទ័ពស្វ័យការពារ គិតចាប់តាំងពីចាញ់សង្រ្គាមលោកលើកទី២មក។ ដូច្នេះថាតើអ្វីទៅជា «យុទ្ធសាស្ត្រសន្តិសុខជាតិថ្មី» របស់ជប៉ុន ហើយថាតើ វានឹងធ្វើឱ្យវិស័យយោធាជប៉ុនប្រែប្រួលយ៉ាងដូចម្ដេច?

ការផ្លាស់ប្ដូរដ៏ធំនៅក្នុង «យុទ្ធសាស្ត្រសន្តិសុខជាតិថ្មី» នោះគឺការអភិវឌ្ឍសមត្ថភាពវាយបក ឬ COUNTERSTRIKE ដែលជប៉ុនចាត់ទុកថាជារឿងសំខាន់មិនអាចខ្វះបាន។ ជប៉ុនមានគោលបំណងសម្រេចឱ្យបាននូវសមត្ថភាពនេះដើម្បីបង្អាក់ និងកម្ចាត់ការឈ្លានពានប្រឆាំងនឹងប្រទេសរបស់ខ្លួន ឱ្យបានឆាប់កាន់តែល្អ ឬក៏នៅត្រឹមរយៈពេល ១០ឆ្នាំ ហើយនេះជាបិទបញ្ចប់គោលនយោបាយឆ្នាំ១៩៥៦ ដែលតម្រូវឱ្យជប៉ុនកាត់បន្ថយសមត្ថភាពវាយប្រហារលើគោលដៅសត្រូវ និងអាចត្រឹមតែស្វ័យការពារ តែប៉ុណ្ណោះ។ ជប៉ុន បាននិយាយថាការវាយប្រហារដោយ «មីស៊ីលបានក្លាយជាការគំរាមកំហែងបន្ទាន់» ហើយបច្ចុប្បន្នប្រព័ន្ធខែលការពារមីស៊ីលរបស់ខ្លួនមិនមាន ប្រសិទ្ធភាពការពារខ្លួនគ្រប់គ្រាន់នោះទេ។ ក្នុងឆ្នាំ២០២២នេះ កូរ៉េខាងជើងបានធ្វើតេស្ដបាញ់មីស៊ីលជាង ៣០លើក ក្នុងនោះមានទាំងមីស៊ីលមួយគ្រាប់ដែលបានហោះរំលង ប្រទេសជប៉ុន និងការបាញ់មីស៊ីលបាលិស្ទីគធ្លាក់ចូលតំបន់ដែនទឹកក្បែរដែនកោះជប៉ុន ពីសំណាក់ចិនកំលុងការធ្វើសមយុទ្ធយោធាឡោមព័ទ្ធតៃវ៉ាន់ កាលពីខែសីហា កន្លងទៅ។

បើតាម «យុទ្ធសាស្ត្រសន្តិសុខជាតិថ្មី» របស់ជប៉ុន ការប្រើសមត្ថភាពវាយបក នឹងស្របទៅតាមរដ្ឋធម្មនុញ្ញ ប្រសិនក្នុងករណីធ្វើការឆ្លើយតបទៅនឹងការគំរាមកំហែងបន្ទាន់ ឬ ភ្លាមៗ។ ប៉ុន្តែ ក្រុមអ្នកប្រឆាំងបានអះអាងថាសមត្ថភាពវាយបកនេះកំពុងដើរចេញឆ្ងាយពីគោលការណ៍ស្វ័យការពារខ្លួននៅក្រោមរដ្ឋធម្មនុញ្ញសន្តិនិយម។

* បង្កើនកញ្ចប់ថវិកាយោធាទ្វេដង

ជប៉ុន មានគោលដៅបង្កើនកញ្ចប់ថវិកាយោធាទ្វេដងឱ្យដល់ ២ភាគរយនៃផលិតផលនៅក្នុងស្រុកសរុប ឬ GDP ពោលគឺកញ្ចប់ថវិកាយោធាជប៉ុននឹងត្រូវបង្កើនដល់ ៤៣ទ្រីលានយ៉េន ឬស្មើនឹង ៣២០ពាន់លានដុល្លារ សម្រាប់រយៈពេល ៥ឆ្នាំ ឬដល់ឆ្នាំ២០២៧។ កញ្ចប់ថវិកាយោធាថ្មីនេះនឹងបំពេញតាមលក្ខខណ្ឌស្ដង់ដារតម្រូវរបស់បក្ស សម្ព័ន្ធយោធា NATO ហើយជំរុញឱ្យជប៉ុនចំណាយលើកញ្ចប់ថវិកាយោធាប្រចាំឆ្នាំ ១០ទ្រីលានយ៉េន ឬ ៧៣ពាន់លានដុល្លារ ដែលនេះនឹងធ្វើឱ្យជប៉ុនក្លាយជាប្រទេសមាន កញ្ចប់ថវិកាយោធាធំលំដាប់ទី៣ តាមក្រោយសហរដ្ឋអាមេរិក និងចិន។

បន្ថែមពីលើនេះ លោក គីស៊ីដា ហ្វូមីអុ នាយករដ្ឋមន្ត្រីជប៉ុន ក៏បានបញ្ជាក់ដែរថារដ្ឋាភិបាលរបស់លោកនឹងត្រូវការថវិកាប្រចាំឆ្នាំបន្ថែម ៤ទ្រីលានយ៉េន ឬ ៣០ពាន់លានដុល្លារ ហើយអាចនឹងស្នើឱ្យដំឡើងពន្ធដើម្បីបំពេញមួយភាគ៤ នៃថវិកានេះ។ តែសំណើដំឡើងពន្ធនេះកំពុងទទួលរងការរិះគន់ រីឯផែនការពង្រឹងយោធារយៈពេល៥ឆ្នាំរបស់លោក គីស៊ីដា ត្រូវបានបញ្ចេញដោយមិនទាន់មានផែនការថវិកាគ្រប់គ្រាន់ ខណៈរដ្ឋាភិបាលលោករបស់លោកនៅតែបន្តពិភាក្សាថាតើត្រូវបំពេញការខ្វះយ៉ាងដូចម្ដេច?

* មីស៊ីលរយៈចម្ងាយឆ្ងាយ

នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ ជប៉ុននឹងចំណាយលុយប្រហែល ៥ទ្រីលានយ៉េន ឬ ៣៧ពាន់លានដុល្លារ លើមីស៊ីលរយៈចម្ងាយឆ្ងាយដែលត្រូវបានគ្រោងនឹងចាប់ផ្ដើម ដាក់ពង្រាយនៅឆ្នាំ២០២៦។ នៅក្រោមគម្រោងនេះដែរ ជប៉ុននឹងទិញមីស៊ីល Tomahawks និងមីស៊ីល Joint Air-to-Surface Standoff Missiles​ ពីសហរដ្ឋអាមេរិក ខណៈក្រុមហ៊ុន Mitsubishi នឹងដឹកនាំការងារកែលម្អ ក៏ដូចជាផលិតក្នុងលក្ខណៈទ្រង់ទ្រាយធំនូវមីស៊ីលប្រឆាំងនាវាចម្បាំង Type-12។ បើតាមក្រុមមន្ត្រីការពារជាតិជប៉ុន ទីក្រុងតូក្យូ កំពុងស្ថិតនៅក្នុងដំណាក់កាលចរចាទិញ Tomahawk នៅឡើយ។ ជប៉ុនក៏នឹងអភិវឌ្ឍផងដែរនូវអាវុធស៊េរីថ្មីទំនើបៗដូចជាមីស៊ីលល្បឿនលឿងជាងសំឡេង យានគ្មានមនុស្សបើក និងមានមុខងារច្រើន សម្រាប់កិច្ចសហប្រតិបត្តិការផលិតយន្ដហោះចម្បាំង F-X ដែលជប៉ុននឹងអភិវឌ្ឍរួមគ្នាជាមួយចក្រភពអង់គ្លេស និងអ៉ីតាលី ហើយនឹងរួចរាល់នៅឆ្នាំ២០៣៥។

* សន្តិសុខព័ត៌មានវិទ្យា

បើតាមក្រុមអ្នកជំនាញ សមត្ថភាពសន្តិសុខព័ត៌មានវិទ្យា និងស៊ើបការណ៍សម្ងាត់របស់ជប៉ុន មិនទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់នោះទេ ដោយទីក្រុងតូក្យូ បានពឹងផ្អែកខ្លាំងលើ សហរដ្ឋអាមេរិកនៅក្នុងវិស័យទាំងនេះសម្រាប់ការបាញ់មីស៊ីលគ្រូសរយៈចម្ងាយឆ្ងាយលើគោលដៅកំណត់ណាមួយ។ ដើម្បីអភិវឌ្ឍវិស័យនេះ ជប៉ុននឹងចំណាយ ៨ទ្រីលានយ៉េន ឬ៥៨ពាន់លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំ ដែលនឹងគ្របដណ្ដប់លើសន្តិសុខព័ត៌មានវិទ្យា និងអវកាស។

* ចាត់ទុកចិនជាបញ្ហាប្រឈមដ៏ធំខាងយុទ្ធសាស្ត្រ

ការភ័យខ្លាចពីការប្រែប្រួលបរិយាកាសសន្តិសុខនៅក្នុងតំបន់ ត្រូវបានក្រុមអ្នកជំនាញពិពណ៌នាថាជាបញ្ហាធ្ងន់ធ្ងរ និងស្មុគស្មាញបំផុត នៅក្នុងយុគសម័យក្រោយសង្រ្គាមដែល បានជំរុញឱ្យជប៉ុន កែប្រែយុទ្ធសាស្ត្រសន្តិសុខជាតិរបស់ខ្លួន។ ចិន នាពេលសព្វថ្ងៃ កំពុងអភិវឌ្ឍកាន់តែរីកចម្រើន និងលឿនរហ័សទៅមុខក្នុងវិស័យយោធា ព្រមទាំងបង្កើន ការធ្វើសកម្មភាពយោធា និងកាន់តែប្រកួតប្រជែងរឹតតែខ្លាំងជាមួយសហរដ្ឋអាមេរិក ដែលនេះអាចនឹងក្លាយជាបញ្ហាប្រឈមយុទ្ធសាស្ត្រដ៏ធំ និងមិនធ្លាប់មានពីមុនមកដល់ សន្តិភាព និងសន្តិសុខជប៉ុន។ ក្នុងន័យនេះបើជម្លោះនៅក្នុងតំបន់តួយ៉ាងដូចជានៅតៃវ៉ាន់ ឬក៏ជម្លោះរវាងចិន និងសហរដ្ឋអាមេរិកផ្ទុះឡើង នោះជប៉ុនក៏មិនរួចខ្លួននោះដែរ។

មួយវិញទៀត សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ដែលបង្កឱ្យមានការព្រួយបារម្ភថា «អ៊ុយក្រែនបន្ទាប់នៅក្នុងតំបន់អាស៊ីអាចជាតៃវ៉ាន់» ក៏បានជំរុញឱ្យជប៉ុនងាកមកពង្រឹង សមត្ថភាពកំញើញសត្រូវ ក្នុងរយៈពេល៥ឆ្នាំខាងមុខផងដែរ។ ខណៈកូរ៉េខាងជើង នៅតែរក្សាបាននូវភាពរីកចម្រើននៃសមត្ថភាពមីស៊ីល និងអាវុធនុយក្លេអ៊ែរ ការគំរាមកំហែងធំបំផុតសម្រាប់ជប៉ុន នៅតែជាចិនដដែល ដោយទីក្រុងតូក្យូ​ គ្រាន់តែប្រើប្រាស់ការគំរាមកំហែងរបស់កូរ៉េខាងជើង ដើម្បីបិទបាំងតែប៉ុណ្ណោះ។ នេះជាការគូសបញ្ជាក់របស់លោក Tomohisa Takei ជាឧត្ដមនាវីឯកនៃកងនាវាជប៉ុន។

* ដូច្នេះថាតើជប៉ុន នៅតែងប់នឹងស្វ័យការពារខ្លួនទៀតទេ?

ដោយសារតែអតីតកាលនៃសង្រ្គាមរបស់ខ្លួន ក្នុងនាមជាអ្នកឈ្លានពាន និងបង្កវិនាសកម្ម និងក្រោយបរាជ័យក្នុងសង្រ្គាមលោកលើកទី២ គោលនយោបាយក្រោយសម័យ សង្រ្គាមរបស់ជប៉ុន គឺផ្ដោតសំខាន់តែទៅលើសេដ្ឋកិច្ចជាអាទិភាពចម្បង រីឯបញ្ហាសន្តិសុខ គឺជប៉ុនពឹងផ្អែកលើកងទ័ពអាមេរិកដែលឈរជើងនៅលើទឹកដីរបស់ខ្លួន នៅក្រោម កិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី។

ទោះជាមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយយោធាអាមេរិកក៏ដោយ តែនៅក្រោម «យុទ្ធសាស្ត្រសន្តិសុខជាតិថ្មី» ជប៉ុនត្រូវបានគេជឿជាក់ថានឹងកាន់តែទទួលខុសត្រូវ ច្រើនជាងមុនលើប្រតិបត្តិការវាយលុក។ ជប៉ុនជារឿយៗតែងតែអះអាងថាខ្លួននឹងប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិនិយមនៃស្ដង់ដារខ្ពស់សម្រាប់សព្វាវុធ និងការផ្ទេរ បច្ចេកវិទ្យា។ ប៉ុន្តែ ការបន្ធូរបន្ថយការរឹតត្បិតមួយចំនួនដែលត្រូវបានគ្រោងទុក អាចនឹងបើកដៃឧស្សាហកម្មអាវុធជប៉ុនដែលកំពុងស្ថិតនៅក្រោមការរឹតត្បិតស្រាប់ អាចនាំចេញអាវុធ បរិក្ខារយោធាកាន់តែទូលំទូលាយជាងមុន សំដៅពង្រឹងក៏ដូចជាបង្កើនការប្រកួតប្រជែង និងគំនិតច្នៃប្រឌិតក្នុងឧស្សាកម្មអាវុធនៃប្រទេស៕ (Fresh News)


No comments:

Post a Comment