Tuesday, November 15, 2022

វិភាគអន្តរជាតិ៖ បន្ទាប់ពីទីក្រុង Kherson, តើរុស្ស៉ី និងអ៊ុយក្រែន អាចចរចាសន្តិភាព ឬ?

(កៀវ)៖ នៅពេលដែលរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ (Sergey Shoigu) បានប្រកាសដកកងទ័ពរុស្ស៉ីចេញពីទីក្រុងខឺសុន (Kherson) ប្រមុខកងទ័ពអាមេរិក លោក ម៉ាក មីលលី (Mark Milley) បាននិយាយថាការបោះបង់ចោលទីក្រុងមួយនេះអាចនឹងបង្កើតឱកាសសម្រាប់កិច្ចចរចាសន្តិភាពរវាង រុស្ស៉ី និងអ៊ុយក្រែន។ សង្រ្គាមឈ្លានពានរបស់រុស្ស៉ីដែលអូសបន្លាយជាង៨ខែមកនេះ បានបង្កឱ្យមានអ្នកស្លាប់ និងរងរបួស ព្រមទាំងការបំផ្លិចបំផ្លាញ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយបើតាមលោក មីលលី ទាហានរុស្ស៉ីប្រហែល ១០០,០០០នាក់បានស្លាប់ និងរបួស រីឯភាគីអ៊ុយក្រែនក៏មានអ្នកស្លាប់ និងរបួសក្នុងចំនួន ប្រហាក់ប្រហែលគ្នានេះដែរ ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។

ជាការសង្កត់ធ្ងន់លើទស្សនៈយល់ឃើញរបស់លោកចំពោះសន្តិភាព លោក មីលលី បានរំឮកឡើងវិញថា «បរាជ័យក្នុងកិច្ចចរចា នៅដំណាក់កាលដំបូងក្នុង សង្រ្គាមលោកលើកទី១ គឺជាកំហុសមួយដែលនាំឱ្យមនុស្សរាប់លាននាក់ស្លាប់ និងរងរបួស ក៏ដូចជាបង្កការបំផ្លិចបំផ្លាញដល់ប្រទេសជាច្រើន ក្នុងនោះរួមមានទាំង ចក្រភពរុស្ស៉ី។ ការកត់សម្គាល់របស់លោក មីលលី ត្រូវបានគេមើលឃើញថាជាការផ្លាស់ប្ដូរមួយនៃវោហាសាស្ត្រមន្ត្រីអាមេរិក និងកំពុងបង្កឱ្យមានការចោទសួរពី លទ្ធភាពជំរុញឱ្យមានកិច្ចចរចាសន្តិភាពសាជាថ្មីរវាងរុស្ស៉ី និងអ៊ុយក្រែន។

កាន់តែច្បាស់ជាងនេះទៅទៀត នៅកំលុងការដកងទ័ពរុស្ស៉ីចេញពីទីក្រុងខឺសុន សហរដ្ឋអាមេរិក និងរុស្ស៉ីក៏បានបើកកិច្ចសន្ទនាឡើងវិញស្ដីពីអ៊ុយក្រែននៅកម្រិត មន្ត្រីសន្តិសុខជាន់ខ្ពស់ផងដែរ។ ក៏ប៉ុន្តែ បញ្ហាសំខាន់ គឺនៅស្ថិតត្រង់ថាតើប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន មានឆន្ទៈចង់ចរចាគ្នាហើយឬនៅ? ហើយថាតើស្ថិតនៅក្នុងលក្ខខណ្ឌអ្វីដែលអាចនាំទៅរកការបញ្ចប់សង្រ្គាមអ៊ុយក្រែន?

នៅក្នុងសហរដ្ឋអាមេរិក, សំណួរជាច្រើនពាក់ព័ន្ធនឹងកិច្ចចរចាត្រូវបានចោទសួរឡើង បន្ទាប់ពីសមាជិកសភាតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យមួយចំនួន បានអំពាវនាវឱ្យមានកិច្ចចរចារវាងរុស្ស៉ី និងអ៊ុយក្រែន និងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងជុំវិញការផ្ដល់ជំនួយអាវុធឱ្យអ៊ុយក្រែន។ ពីព្រោះថាឃ្លាំងស្ដុកអាវុធ លោកខាងលិច រួមទាំងសហរដ្ឋអាមេរិក មានដែនកំណត់ ពោលគឺពួកគេក៏ត្រូវទុកសម្រាប់ការពារសន្តិសុខជាតិខ្លួនឯង ខណៈរុស្ស៉ីក៏បានប្រើប្រាស់អាវុធទំនើបៗ អស់ជាច្រើនសន្ធឹកដែរ។ ម្យ៉ាងវិញទៀត ជ័យជម្នះណាមួយរបស់គណបក្សសាធារណរដ្ឋដែល «តម្កល់ផលប្រយោជន៍អាមេរិកមុនគេ» នៅក្នុងការបោះឆ្នោត ពាក់កណ្ដាលអាណត្តិ ទោះបីជាជ័យជម្នះតិចតួចជាងការរំពឹងក៏ដោយ ក៏វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងគាំទ្រអ៊ុយក្រែនដោយរដ្ឋបាលលោក ចូ បៃដិន។

លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) ទីប្រឹក្សាសន្តិសុខជាតិរបស់លោក បៃដិន បានបំពេញទស្សនកិច្ចដោយមិនបានប្រកាសជាមុនទៅកាន់ទីក្រុងកៀវ កាលពី ថ្ងៃទី៤ ខែវិច្ឆិកាកន្លងទៅ ដើម្បីពាំនាំពាក្យសន្យាបន្តការគាំទ្រឥតងាករេចំពោះអ៊ុយក្រែន ប្រាប់លោក ហ្សេលេនស្គី។ ប៉ុន្តែ ព្រមពេលជាមួយគ្នា លោកក៏បានជំរុញ ដែរឱ្យអ៊ុយក្រែនគិតឡើងវិញពីលក្ខខណ្ឌសម្រាប់សន្តិភាពនៅពេលអនាគត ហើយដំណើរទស្សនកិច្ចនេះទៀតសោតកើតមានឡើង ក្រោយលោក ស៊ូលីវ៉ាន់ បានជួបពិភាក្សាជាមួយសមភាគីរុស្ស៉ីរបស់លោកដើម្បី ព្រមានប្រឆាំងនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន។ ក្រោយមកទៀត នៅថ្ងៃទី៩ ខែវិច្ឆិកា លោក បៃដិនផ្ទាល់បាននិយាយថារុស្ស៉ី និងអ៊ុយក្រែនសុទ្ធតែមានរបួសដូចគ្នា នៅក្រោយការប្រយុទ្ធដណ្ដើមទីក្រុងខឺសុន ហើយប្រហែលជាអាចនឹងត្រៀមខ្លួន សម្រាប់សម្រុះសម្រួល។ តែទោះជាបែបនេះក្ដី ប្រធានាធិបតីអាមេរិករូបនេះនៅតែទទូច ដដែលថាលោកនឹងមិនប្រាប់អ៊ុយក្រែនថាតើត្រូវធ្វើបែបណានោះទេ? ពោលគឺទុកឱ្យអ៊ុយក្រែនជាសម្រេចចិត្តខ្លួនឯង។

ជាកិច្ចពិភាក្សាលក្ខណៈឯកជន ក្រុមមន្ត្រីលោកខាងលិច និងអ៊ុយក្រែន ត្រូវបានគេរាយការណ៍ថាកំពុងចាប់ផ្ដើមសញ្ជឹងគិតថាតើលទ្ធផលសង្រ្គាមបែបណាដែល មើលទៅ អាចទទួលយកបាន។ លទ្ធផលទាំងនេះមានថាតើអ៊ុយក្រែន នឹងក្លាយជាប្រទេសហ្វាំងឡង់ថ្មីមួយដែលត្រូវបានបង្ខំឱ្យកាត់ទឹកដីឱ្យពួកឈ្លានពាន និងបន្តស្ថិតនៅជាប្រទេសអព្យាក្រឹតរាប់សិបឆ្នាំតទៅមុខ? ឬក៏មានវាសនាដូចជាអាល្លឺម៉ង់ខាងលិច ដែលទឹកដីរបស់ខ្លួនត្រូវបានពុះចែកជាពីរដោយសារសង្រ្គាម? ហើយចុងក្រោយគេ គឺក្លាយជាប្រទេសមួយថ្មី ដូចជាអ៉ីស្រាអែល ដែលមានសមត្ថភាពការពារខ្លួនឯង ដោយមិនចាំបាច់ចូលបក្សសម្ព័ន្ធណាមួយ តែតម្រូវឱ្យមាន ការគាំទ្រផ្នែកយោធាយ៉ាងមហិមាពីសហរដ្ឋអាមេរិក។

យ៉ាងណាក៏ដោយ លក្ខខណ្ឌជាក់លាក់ណាមួយនៃកិច្ចចរចា វាគឺអាស្រ័យទៅលើលទ្ធផលជាក់ស្ដែងនៅលើសមរភូមិ ហើយវាអាចនឹងមានការវាយប្រយុទ្ធគ្នា កាន់តែច្រើន មុននឹងភាគីទាំងសងខាងត្រៀមខ្លួនចូលតុចរចា។ នៅឯតុចរចា អ្វីដែលគេរំពឹងនោះគឺថាលោក ពូទីន ទំនងជាគ្មានអ្វីច្រើនត្រូវបាត់បង់នោះទេ តែអ៊ុយក្រែនវិញមាន នោះគឺទឹកដី។ ទាំងរុស្ស៉ី និងអ៊ុយក្រែនមានទាហានស្លាប់ និងរងរបួសប្រហែល ១០០,០០០នាក់ ហើយភាគីទាំង២ ម្នាក់ៗសុទ្ធតែបន្តរំពឹងថា អាចនឹងទទួលបានជ័យជម្នះរៀងៗខ្លួន។ ពិតមែនទៅ ការដកថយចេញពីទីក្រុងខឺសុន គឺជាបរាជ័យដ៏អាម៉ាស់ដ៏ធំមួយសម្រាប់លោក ពូទីន ប៉ុន្តែការដកថយនេះ ទៀតសោត ក៏ត្រូវបានអ្នកជំនាញយោធាខ្លះមើលឃើញដែរថានឹងផ្ដល់ឱ្យកងទ័ពរុស្ស៉ីនូវភាពងាយស្រួលក្នុងការការពារ «ខ្សែការពារ» នៅតាមបណ្ដោយ ទន្លេឌីនីប្រូ។

លោក ពូទីន មិនទាន់បង្ហាញសញ្ញាដកថយនោះទេ និងបានកែនកងទ័ពបម្រុងរាប់ម៉ឺននាក់ ដោយក្នុងនោះមានចំនួនត្រូវបានបញ្ជូនទៅកាន់សមរភូមិជាបន្ទាន់ និងកងទ័ពបម្រុងនៅសេសសល់ អាចនឹងត្រូវបានប្រើសម្រាប់ដំណាក់កាលយោធាថ្មីនៅឆ្នាំក្រោយ។ សម្រាប់លោក ពូទីន អ្វីដែលសំខាន់នៅពេលនេះ នោះគឺ កងទ័ពរុស្ស៉ីត្រូវតែប្រយុទ្ធរហូតដល់រដូវរងាចូលមកដល់។ រុស្ស៉ី បានបើកការវាយប្រហារបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ក្នុងចេតនាបង្កកអ៊ុយក្រែន ឱ្យសុំចុះចាញ់ ឬយ៉ាងហោចអាចបង្អាក់ការរីកចម្រើនទៅមុខនៃប្រតិបត្តិការវាយលុករបស់កងទ័ពអ៊ុយក្រែន ក៏ដូចជាបង្កវិបត្តិនៅក្នុងតំបន់អឺរ៉ុប ដើម្បីឱ្យអឺរ៉ុបរវល់ ដោះស្រាយបញ្ហានៅក្នុងស្រុក ជាជាងផ្តោតលើការជួយអ៊ុយក្រែន។

ចំណែកឯ អ៊ុយក្រែនវិញរំពឹងថាអាចនឹងបន្តរក្សាជ័យជម្នះរបស់ខ្លួន និងកំពុងពង្រឹងកងទ័ពសម្រាប់ការប្រយុទ្ធក្នុងរដូវរងា ក្រោមការបណ្ដុះបណ្ដាលពីចក្រភព អង់គ្លេស និងសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួនទៀត។ អាវុធលោកខាងលិចនៅតែបន្តបញ្ជូនឱ្យអ៊ុយក្រែន ហើយកាលពីថ្ងៃទី៤ ខែវិច្ឆិកា មន្ទីរបញ្ចកោណបាន ប្រកាសបញ្ជូនកញ្ចប់ជំនួយអាវុធបន្ថែមមានទំហំទឹកប្រាក់ជាង ៤០០លានដុល្លារ ក្នុងនោះរួមមានទាំងប្រព័ន្ធការពារដែនអាកាស NASAM និងយន្ដហោះដ្រូន ជាដើម។ ម្លោះហើយ គេប្រហែលជានឹងត្រូវរង់ចាំមើលសិនថាតើនឹងមានអ្វីកើតឡើងនៅក្នុងរដូវរងាដែលកាន់តែខិតជិតចូលមកដល់ ហើយការបាត់បង់ទីក្រុង Kherson អាចគ្រាន់តែជាចំហាយក្លិនកិច្ចចរចាសន្តិភាពមួយប៉ុណ្ណោះ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោក ពូទីន បានអះអាងថាលោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចរចាក្រោមលក្ខខណ្ឌដែលលោកខាងលិចទទួលស្គាល់ទឹកដី អ៊ុយក្រែនចំនួន៤ តំបន់ ដែលរុស្ស៉ីកាត់បញ្ចូលក្នុងឧបសម្ព័ន្ធរបស់ខ្លួនដោយខុសច្បាប់។ រីឯលោក ហ្សេលេនស្គី ក៏បានលើកឡើងដែរថាកិច្ចចរចាអាចនឹងចាប់ផ្ដើម ឡើងវិញ ប្រសិនបើរុស្ស៉ីប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់មកឱ្យអ៊ុយក្រែនវិញ សងថ្លៃខូចខាត និងទទួលខុសត្រូវចំពោះបទឧក្រិដ្ឋសង្រ្គាម។ មិនតែប៉ុណ្ណោះ លោក ហ្សេលេនស្គី បានបង្ហើបទៀតផងពីមហិច្ឆតាចង់ដណ្ដើមយកតំបនគ្រីមៀមកវិញ ដែលនេះធ្វើឱ្យមេដឹកនាំលោកខាងលិចមួយចំនួន រួមទាំងអាមេរិកមាន ការព្រួយបារម្ភ។

មេដឹកនាំលោកខាងលិចភាគច្រើន អាចនឹងគាំទ្រដល់អ៊ុយក្រែន ក្នុងការដណ្ដើមយកទឹកដីនៃផ្នែកខ្លះនៅក្នុងតំបន់ដុនបាស់ពីរុស្ស៉ីមកវិញ តែមានការខ្វែងគំនិតគ្នា លើតំបន់គ្រីមៀ ដ្បិតខ្លាចថាវាអាចនឹងនាំឱ្យពួកគេផ្ទុះសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៉ី ដែលអាចនឹងបង្កជាសង្រ្គាមលោក ឬសង្រ្គាមនុយក្លេអ៊ែរហើយដែលនេះជាអ្វី ដែលរដ្ឋបាលលោក បៃដិនកំពុង ព្យាយាមបញ្ចៀស ឬអាចនិយាយឱ្យងាយស្ដាប់អាមេរិក និងអឺរ៉ុបសុទ្ធតែដឹងច្បាស់ថាទោះជាលោក ពូទីនមិនអាចឈ្នះនៅ អ៊ុយក្រែន តែលោកអាចធ្វើឱ្យពិភពលោកទាំងមូលបរាជ័យទាំងអស់គ្នាបាន៕ Fresh News







No comments:

Post a Comment