Tuesday, November 15, 2022

ទស្សនៈ៖ មោទនភាព! ពីប្រទេសធ្លាប់តែរត់ពឹងគេបញ្ចប់វិបត្តិ ពេលនេះកម្ពុជាជាកន្លែងគេជជែកដោះស្រាយវិបត្តិវិញម្តង

 ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ និងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងសប្តាហ៍កន្លងទៅនេះ បានបង្ហាញឱ្យឃើញជោគជ័យយ៉ាង ត្រចះត្រចង់ នៃនយោបាយការបរទេសរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

បើទោះបីកម្ពុជាជាប្រទេសចុងក្រោយគេនៃសមាជិកអាស៊ាន (រាប់ត្រឹម១០ប្រទេស) កម្ពុជា ទើបមានសុខសន្តិភាព និងការឯកភាពជាតិយ៉ាងណាក្តី តែកម្ពុជា បានក្លាយទៅជាអ្នកដើរតួនាទី និងចូលរួមចំណែកយ៉ាងសំខាន់ជួយដោះស្រាយបញ្ហាទាំងក្នុងតំបន់ និងលើពិភពលោក ដែលកំពុងចាក់ស្រេះមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់អាស៊ាន។

ក្រៅតែពីការពិភាក្សាទៅលើរបៀបវារៈរកនូវកំណើនផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិបុលភាព និងវឌ្ឍនភាពក្នុងតំបន់អាស៊ាន ក៏ដូចជាជាមួយប្រទេសដៃគូពាក់ព័ន្ធហើយនោះ កិច្ចប្រជុំកំពូលអាស៊ាន និងដៃគូពាក់ព័ន្ធ ក៏ជាវេទិកាជួបជុំ ដើម្បីជជែកបញ្ហាប្រឈមធំៗ របស់ពិភពលោក មានដូចជាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា បញ្ហាឧបទ្វីបកូរ៉េ បញ្ហាសមុទ្រចិនខាងត្បូង។ ជាពិសេសបញ្ហាដែលក្តៅ និងធំជាងគេ គឺសង្គ្រាមនៅប្រទេសអ៊ុយក្រែន ដែលកំពុងបង្កជាវិបត្តិធ្ងន់ធ្ងរមិនត្រឹមរុស្ស៉ី និងអ៊ុយក្រែននោះទេ គឺពិភពលោកទាំងមូលតែម្តង។

ក្នុងឱកាសធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងដៃគូពាក់ព័ន្ធនេះ កម្ពុជា មិនត្រឹមតែជាកន្លែងសម្រាប់ពិភាក្សាលើបញ្ហាក្នុងក្របខណ្ឌអាស៊ាន និងដៃគូប៉ុណ្ណោះទេ។ ប៉ុន្តែកម្ពុជា ក៏បានក្លាយទៅជាកន្លែងសម្រាប់ឱ្យប្រទេសមានបញ្ហាក្រៅក្របខណ្ឌអាស៊ាន បើកការជជែកស្វែងរកដំណោះស្រាយលើវិបត្តិក្នុងប្រទេសរបស់គេផងដែរ។

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា គេបានសង្កេតឃើញមានមេដឹកនាំប្រទេសមហាអំណាចក្នុងតំបន់ និងពិភពលោកមួយចំនួន បានឆ្លៀតជួបគ្នាជជែកដោះស្រាយវិបត្តិរបស់ពួកគេផងដែរ។

ជំនួបមានច្រើនតែសូមគូសរំលេចតែបញ្ហាធំៗមួយចំនួន ដែលកំពុងលេចធ្លោប៉ុណ្ណោះ។ ក្នុងឱកាសអញ្ជើញមកដល់ប្រទេសកម្ពុជា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ក្រៅពីជួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុន និងប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីហើយនោះ លោកប្រធានាធិបតីអាមេរិក ក៏បានណាត់ជួបត្រីភាគី ជាមួយនាយករដ្ឋមន្ត្រីជប៉ុន និងកូរ៉េខាងត្បូងផងដែរ។

ជំនួបត្រីភាគីពីរាជធានីភ្នំពេញ ភាគីទាំង៣ បានជជែកគ្នាដោយផ្តោតជាសំខាន់ទៅលើបញ្ហាអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលបាននិងកំពុងគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខរបស់កូរ៉េខាងត្បូង និងជប៉ុន។

លោក ចូ បៃដិន បានហៅប្រទេសទាំង៣ថាជា «សម្ព័ន្ធមិត្តដ៏សំខាន់» ដែលចែករំលែកការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក អំពីការធ្វើតេស្ដមីស៉ីលពីសំណាក់កូរ៉េខាងជើង។

មេដឹកនាំទាំង៣ បានចេញសេចក្តីថ្លែងការណ៍រួមដោយការសារទរចំពោះ «កម្រិតនៃការសម្រប សម្រួលត្រីភាគីដែលមិនធ្លាប់មានពីមុនមក» ដែលសម្រេចបាន ហើយបានសន្យាថា នឹងពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ ជាពិសេសក្នុងវិស័យសន្តិសុខ។ លោក បៃដិន ក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការពារសម្ព័ន្ធមិត្តទាំងពីរផងដែរ។

ប្រទេសអ៊ុយក្រែន ដែលកំពុងទទួលរងសង្គ្រាមឈ្លានពានពីរុស្ស៉ី ក៏បានស្វះស្វែងរកកិច្ចអន្តរាគមន៍ជាពិសេសពីបណ្តាមេដឹកនាំប្រទេសនានា ដែលមានវត្តមាននៅកម្ពុជាផងដែរ។ លោក គូឡេបា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ក្រៅតែពីការចុះហត្ថលេខាចូលជាសមាជិកសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ហើយនោះ បានបង្អង់ដំណើរស្នាក់នៅកម្ពុជាជាច្រើនថ្ងៃ ដើម្បីបានជួយជជែកជាមួយរដ្ឋមន្ត្រីការបរទេស នៃបណ្តាប្រទេសនានា ហើយចុងក្រោយ គឺលោកបានជួបជាមួយលោក ប្លីងកិន រដ្ឋមន្ត្រីការបរទេសអាមេរិក។ បន្ទាប់ជួបរដ្ឋមន្ត្រីការបរទេសអាមេរិកហើយ លោករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ក៏ប្រញាប់ប្រញាលហោះចេញពីកម្ពុជាតែម្តង។

នៅគ្រប់ជំនួបនៅកម្ពុជានេះ លោក គូឡេបា បានស្វះស្វែងរកកិច្ចគាំទ្រនានាជួយឱ្យប្រទេសលោក បានរួចផុតពីការឈ្លានពានរបស់រុស្ស៉ី ដែលមានរយៈពេលជិតមួយឆ្នាំហើយនោះ។

ក្រៅតែពីជំនួបពិភាក្សាដោយចំហចំពោះវិបត្តិទាំងពីរខាងលើហើយនោះ គេក៏បានសង្កេតឃើញមានការឆ្លៀតជជែកគ្នារវាងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន និងលោក អេ​ន​ថូ​នី អាល់​បា​នី​ស នាយករដ្ឋមន្ត្រីអូស្ត្រាលី នៅក្នុងពិធីលៀងសាយភោជន ដែលរៀបចំជូនដោយសម្តេចតេជោ ហ៊ុន សែន នាយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ផងដែរ។ ចិន និងអូស្ត្រាលី នៅក្នុងឆ្នាំ២០២២នេះ បានក្លាយទៅជាដៃគូជម្លោះលើការធ្វើពាណិជ្ជកម្ម ហើយបង្កើតភាពមិនចុះសម្រុងលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនឹងគ្នាយ៉ាងខ្លាំងផងដែរ។

ក្នុងជំនួបក្រៅផ្លូវការនៅកន្លែងលាងសាយភោជន គេបានសង្កេតឃើញលោកនាយករដ្ឋមន្ត្រីចិន និងអូស្ត្រាលី បានជជែកគ្នាមួយសន្ទុះធំ ហើយបានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើកិច្ចពិភាក្សាក្រៅផ្លូវការនោះផងដែរ។ បើទោះបីជាជំនួបក្រៅផ្លូវការ តែអាចជាផ្តល់តម្រុយល្អមួយ ដើម្បីប្រទេសទាំងពីរបន្តរកឱកាសជជែកគ្នាលើវិបត្តិរបស់ខ្លួនជាបន្ត។

តាមរយៈជំនួបដែលបានរំលេចខាងលើនេះ ជាការបង្ហាញឱ្យឃើញពីការដើរតួនាទី និងការរួមចំណែកដ៏សំខាន់របស់កម្ពុជា ក្នុងការដោះស្រាយបញ្ហារបស់ពិភពលោក ដែលជាដំណើរវិវឌ្ឍន៍ផ្ទុយស្រឡះពីអតីតកាល។

កំណត់ត្រាប្រវត្តិសាស្ត្ររបស់កម្ពុជាក្រោយការបែកបាក់អាណាចក្រអង្គរដ៏ល្បាញល្បី ខ្មែរតែងតែមានជម្លោះក្នុងជាតិសាសន៍ខ្លួន ហើយរាល់ពេលមានជម្លោះ តែងតែរត់ទៅពឹងពាក់ប្រទេសជិតខាង ឬប្រទេសដទៃ ដើម្បីដណ្តើមទឹកដី ឬបញ្ចប់ជម្លោះ។ ជាមួយគ្នានេះ ជម្លោះរបស់ខ្មែរកាលពីប្រមាណ៥ទសវត្សរ៍មុននេះ ដើម្បីឈានទៅបញ្ចប់ត្រូវប្រើប្រាស់ពេលវេលាយ៉ាងយូរ ហើយយើងក៏បានរត់ទៅពឹងពាក់ប្រទេស និងជាតិសាសន៍ដទៃជួយបញ្ចប់ជម្លោះនេះផងដែរ។

ប៉ុន្តែចាប់តាំងពីការបង្រួបបង្រួម និងការរកបាននូវសុខសន្តិភាពពេញលេញនាចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាល បានធ្វើសមាហរណកម្មនយោបាយការបរទេសទៅក្នុងតំបន់ ហើយនាំឱ្យកម្ពុជាក្លាយជាប្រទេសដៃគូដ៏សំខាន់មួយ រួមចំណែកដោះស្រាយបញ្ហារបស់បណ្តាប្រទេសដទៃទៀត។

ជាក់ស្តែងនៅក្នុងពេលនេះ កម្ពុជាមិនមែនជាប្រទេសដែលរត់ទៅពឹងឱ្យគេជួយដោះស្រាយបញ្ហា របស់ខ្លួនដូចអតីតកាលទៀតនោះឡើយ ផ្ទុយទៅវិញកម្ពុជាបានរួមចំណែកផ្តល់នូវសម្បទានគំនិត បញ្ញាស្មារតី និងធនធានដទៃទៀត ដើម្បីដោះស្រាយបញ្ហារបស់ប្រទេសដទៃទៅវិញ។ នេះដំណើរការវិវឌ្ឍន៍ប្តូរផ្លាស់ដ៏ធំធេងវាងអតីតកាល និងបច្ចុប្បន្នកាលរបស់កម្ពុជា។

លទ្ធផលនាំមកនូវមោទនភាពសម្រាប់ប្រជាជាតិកម្ពុជាទាំងមូលនេះ មិនអាចកើតមានឡើយ បើគ្មានការដឹកនាំត្រឹមត្រូវទេនោះ។ ត្រឹមត្រូវទី១ នៃការដឹកនាំរបស់រាជរដ្ឋាភិបាលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ គឺរក្សាឱ្យបាននូវសុខសន្តិភាព ស្ថេរភាពសង្គម នាំមកនូវកំណើនសេដ្ឋកិច្ចកាន់តែរីកចម្រើន បង្កបរិយាកាសល្អសម្រាប់កម្ពុជា មានលទ្ធភាពសម្រាប់ការជជែកប្រកបដោយទម្ងន់ ជាមួយបណ្តាប្រទេសជាមិត្ត។ បើកម្ពុជាគ្មានស្ថេរភាព មិនមានកំណើនសេដ្ឋកិច្ច និងការលូតលាស់ សម្តីកម្ពុជាអាចនឹងពិបាករកអ្នកស្តាប់ មិនខុសអីពីសម្តីអ្នកក្រស្រាលដូចសំឡី សម្តីអ្នកមានធ្ងន់ដូចដុំមាសនោះឡើយ។

ភាពត្រឹមត្រូវទី២នោះ គឺការដាក់ចេញនូវបន្ទាត់នយោបាយការបរទេសរបស់សម្តេចតេជោ ដោយបានយកកម្ពុជាចូលជាសមាជិកអាស៊ានកាលពីប្រមាណជា ២៣ឆ្នាំមុន ព្រមទាំងការចូលជាសមាជិករាល់បណ្តាញអង្គការអន្តរជាតិ។

បន្ថែមពីលើនោះការធ្វើនយោបាយ ប្រកបដោយភាពបន់បែន ឈរជាកណ្តាល ដោយមិនធ្ងន់ខាងប្លុកកុម្មុយនិស្ត ឬសេរី ជាហេតុនាំឱ្យកម្ពុជា ទទួលបានការរាប់អានពីគ្រប់ប្រទេសនៅលើពិភពលោក ទោះពួកគេមាននយោបាយបែបសេរី ឬកុម្មុយនិស្តក៏ដោយ។ កាន់តែពិសេសថែមទៀតនោះ ការសម្រេចចិត្តខាងការទូតរបស់សម្តេចតេជោ ហ៊ុន សែន ប្រឆាំងការឈ្លានពានរបស់រុស្ស៉ី លើអ៊ុយក្រែន គឺជាការសម្រេចចិត្តដែលទាញបាននូវសមានចិត្ត និងការគាំទ្រជាខ្លាំងពីប្រទេសប្លុកសេរី។ ការសម្រេចចិត្តលើរឿងនេះ ទាំងអ្នកនយោបាយក្នុងស្រុក និងអន្តរជាតិ សុទ្ធតែបានបង្ហាញការភ្ញាក់ផ្អើលចំពោះនយោបាយការបរទេសរបស់សម្តេចតេជោ ហ៊ុន សែន។

ភាពត្រឹមត្រូវនៃកត្តាខាងក្នុង និងខាងក្រៅនេះហើយ ដែលនាំឱ្យកម្ពុជាមានកិត្តិស័ព្ទ និងកិត្តិនាមខ្ទរខ្ទារសម្រាប់ជាតិកម្ពុជាទាំងមូល។ ប្រជាពលរដ្ឋខ្មែរទាំងមូលបាននិងកំពុងសម្តែងនូវការដឹងគុណ និងសាទរយ៉ាងខ្លាំងក្លាចំពោះនយោបាយដឹកនាំទាំងខាងក្នុង និងខាងក្រៅ របស់សម្តេចតេជោ ហ៊ុន សែន នាំមកនូវមោទនភាពជាប្រវត្តិសាស្ត្រសម្រាប់ជាតិកម្ពុជាទាំងមូល៕






No comments:

Post a Comment