Monday, November 21, 2022

ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញដឹកនាំគណៈប្រតិភូ នៃកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា ចូលជួបគោរពសម្តែងការគួរសម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា

 ក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា (YPA) ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញដឹកនាំគណៈប្រតិភូ នៃកិច្ចប្រជុំ សមាជិកសភាវ័យក្មេងអាយប៉ា ចូលជួបគោរពសម្តែងការគួរសម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជា- ណាចក្រកម្ពុជា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។


ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហ៊ុន ម៉ានី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចប្រធាន ដែលបានចំណាយពេល- វេលាដ៏មមាញឹក ក្នុងឱកាស នៃមហាសន្និបាតអាយប៉ា លើកទី៤៣ ទទួលជួបគណៈប្រតិភូសមាជិកសភាវ័យក្មេងអាយប៉ា នាព្រឹកនេះ។ ទន្ទឹមនេះ ឯកឧត្តមបានបង្ហាញសេចក្តីសោមនស្សរីករាយ ដែលកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា នឹងធ្វើឡើងជាលើកទី១ និង ដោយផ្ទាល់ នារសៀលថ្ងៃនេះ ក្នុងអំឡុងពេល នៃមហាសន្និបាតអាយប៉ា លើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២២នេះ។

ក្នុងឱកាសដ៏ពិសេសនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងដល់គណៈប្រតិភូ YPA ថា៖ «យុវជន គឺជាធនធាន ប្រកបដោយថាមភាពខ្ពស់ ក្នុងដំណើរការកិច្ចការនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច ការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាព នយោបាយ ក្នុងតំបន់ និងសកល។  ភាពជាតំណាងរបស់យុវជន ត្រូវបានលើកកម្ពស់នៅគ្រប់ទិសទី»។

ក្នុងឱកាសជំនួបនេះដែរ តំណាងឱ្យគណៈប្រតិភូសមាជិកសភាវ័យក្មេងអាយប៉ាទាំងអស់ ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញសុទិដ្ឋិនិយមថា៖ «ជាមួយការចូលរួមបន្ថែមពីសមាជិកសភាវ័យក្មេងអាយប៉ា ដែលឆ្លុះបញ្ចាំងពីការតាំងចិត្តរបស់សភា នៃប្រទេសសមាជិកអាយប៉ា និង អាស៊ានជារួម យើងនឹងឈានទៅសម្រេចបានការកសាងសហគមន៍អាស៊ានមួយ ពោរពេញទៅដោយកាលានុវត្តភាព និងការចូលរួម ចំណែកយ៉ាងសកម្ម និងជាវិជ្ជមានពីប្រជា-ជនវ័យក្មេង ដើម្បីផលប្រយោជន៍រួម នៃប្រជាជន និងប្រទេសក្នុងតំបន់អាស៊ាន»។

សូមជម្រាបជូនថា កិច្ចប្រជុំសមាជិកសភាអាយប៉ាវ័យក្មេងលើកទី១ នឹងប្រព្រឹត្តលើប្រធានបទស្តីពី «ជំរុញការផ្សារភ្ជាប់ជាមួយប្រជាជន វ័យក្មេង ដើម្បីសហគមន៍អាស៊ានមួយប្រកបដោយចីរភាព ភាពធន់ និងវិបុលភាព» ដែលជាការគាំទ្រ និងចូលរួមចំណែកស្របទៅនឹង មូលបទរួមនៃមហាសន្និបាតអាយប៉ាលើកទី៤៣ ស្តីពី «ការបោះជំហានជាមួយគ្នា ដើម្បីតំបន់អាស៊ានមួយ ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់»។





No comments:

Post a Comment