Tuesday, October 25, 2022

អគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង ដឹកនាំប្រតិភូទស្សនកិច្ចនៅទីតាំង នៃកិច្ចចរចាសីហនុ-ហ៊ុនសែន ហ្វែអង់តាដឺន័រ

 (បារាំង)៖ លោក កេត សោផាន់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសបារាំង បានដឹកនាំមន្ត្រី និងសមាជិកគណបក្សប្រជាជនកម្ពុជាមួយចំនួន ទស្សនកិច្ចសណ្ឋាគារ Fère-en-Tardenois ប្រទេសបារាំង កន្លែងដែលព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែន បានជួបគ្នាលើកដំបូង ដើម្បីចរចាឈានទៅចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។

លោក កេត សោផាន់ បានឱ្យដឹងថា ទស្សនកិច្ចដែលបានធ្វើឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ គឺដើម្បីអបអរសាទរ ខួបលើកទី៣១ នៃការចុះកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស និងជាឆ្នាំទី ៣៥ឆ្នាំ នៃ កិច្ចការចរចារវាង់ សម្តេចព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅហ្វែអង់តាដឺន័រ។

នៅពេលទៅដល់ទីនោះ ម្ចាស់សណ្ឋាគារ​បាននាំ លោក កេត សោផាន់ និងមន្ត្រី ក៏ដូចជាប្រជាពលរដ្ឋ​ ទៅមើលបន្ទប់សណ្ឋាគារមួយ គឺកន្លែងដែលព្រះបរមរតនកោដ្ឋធ្លាប់គង់នៅ ១ឆ្នាំកន្លះ ហើយនៅឆ្នាំ២០២៣ ខាងមុខនេះ បន្ទប់នេះនឹងត្រូវបានកែសម្រួលរួចរាល់ និងដាក់ឈ្មោះថា សម្តេចនរោត្តម សីហនុ តែម្តង។

សូមជម្រាបថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ គឺជាខួបទី៣១ឆ្នាំ នៃការបង្កើតកិច្ចព្រមព្រៀងទីក្រុងប៉ារីស (២៣ តុលា ១៩៩១ - ២៣ តុលា ២០២២) ដែលជាកិច្ចព្រមព្រៀងមួយបិទបញ្ចប់ទំព័រដ៏ខ្មៅងងឹតលើដែនដីកម្ពុជាដ៏កម្សត់ នាំមកនូវទំព័រសករាជថ្មី គឺសុខសន្តិភាព និងការឈានទៅបញ្ចប់សង្រ្គាម បញ្ចប់ជម្លោះរវាងខ្មែរ និងខ្មែរ ដែលកើតមានជិត៣ទសវត្សរ៍នោះ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលចែកស្រូវពូជជាង ៥០០តោន ជូនប្រជាកសិករជាង៥ពាន់គ្រួសារ នៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាសហស្ថាបនិកនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានថ្លែងថា បើសិនបើគ្មានការចរចារវាងខ្មែរនិងខ្មែរ ជាពិសេសការចរចាសីហនុ-ហ៊ុន សែន ទេនោះ នឹងមិនអាចមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឡើយ។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ ត្រូវបានធ្វើឡើងរវាងភាគីខ្មែរ ៤ភាគីរួមមាន រួមមានក្រុមសម្តេចសីហនុនិយម មានសម្តេច សីហនុ ជាព្រះប្រធាន, ក្រុមអ្នកជាតិនិយមរបស់លោកតា សឺន សាន ក្រុមខ្មែរក្រហមរបស់ ប៉ុល ពត និងរដ្ឋកម្ពុជា របស់សម្តេចសម្តេច ជា ស៊ីម ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ដោយមានប្រទេសបារាំង និងឥណ្ឌូនេស៊ីជាសហប្រធាន និងមានការដឹងឮពីប្រមុខការទូត នៃប្រទេសមួយចំនួនទៀតមានដូចជា៖ អាមេរិក, អង់គ្លេស, សូវៀត, ចិន, វៀតណាម, ឡាវ, ថៃ, សិង្ហបុរី, ម៉ាឡេស៊ី, ហ្វីលីពីន, ប្រ៊ុយណេ, យូហ្គោស្លាវី, ឥណ្ឌា, ជប៉ុន, កាណាដា និងអូស្រ្តាលី។

កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ មានគោលដៅសំខាន់ៗបីយ៉ាងរួមមាន៖ ទី១. រៀបចំឲ្យមានសន្តិភាពឡើងវិញនៅប្រទេសកម្ពុជា តាមរយៈការអនុវត្តន៍បទឈប់បាញ់ និងការរំសាយអាវុធក្នុងជួរកងទ័ព នៃភាគីជម្លោះខ្មែរទាំង៤ ទី២. ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំបោះឆ្នោតសភាធម្មនុញ្ញ និង ទី៣. ការពារអធិបតេយ្យ ឯករាជ្យ បូរណភាព និង ភាពពុំអាចរំលោភបំពានបានឡើយនូវទឹកដីអព្យាក្រឹតភាព និង ឯកភាពជាតិរបស់ប្រទេសកម្ពុជា៕




No comments:

Post a Comment