Tuesday, October 25, 2022

រដ្ឋសភា ចេញសេចក្តីថ្លែងការណ៍ ថ្កោលទោស ជនក្បត់ជាតិ សម រង្ស៉ី​ ដែលប្រមាថយ៉ាងធ្ងន់ធ្ងរលើ អង្គព្រះមហាក្សត្រ

 (ភ្នំពេញ)៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការក្រេវក្រោធយ៉ាងខ្លាំង បន្ទាប់ពីបានទទួលព័ត៌មានពីខ្លីបវីដេអូ ដែលជនក្បត់ជាតិ សម រង្ស៉ីបានផ្សព្វផ្សាយ ក្នុងនោះទណ្ឌិតក្បត់ជាតិនេះ បានប្រមាថយ៉ាងងងើលចំពោះអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈបំផុតរបស់ប្រជារាស្រ្តខ្មែរ ដោយជនក្បត់ជាតិនេះ បាននិយាយថា «ស្តេចសព្វថ្ងៃនេះ អត់មានមនសិការជាតិ តែបន្តិចក៏អត់ដែរ” និងបានចោទទៀតថា “...ស្តេចសព្វថ្ងៃក្បត់ជាតិ...»។ល។

តាមរយៈសេចក្តីថ្លែងការណ៍នេះ រដ្ឋសភាបានលើកឡើងថា វីដេអូខ្លីបនេះ បានបញ្ជាក់ច្បាស់ថា ជនក្បត់ជាតិ សម រង្ស៉ី បានល្មើសយ៉ាងធ្ងន់ធ្ងរចំពោះ មាត្រា៧ នៃ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា «អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ» ហើយក៏ល្មើសនឹង មាត្រា៤៣៧(ស្ទួន) នៃក្រមព្រហ្មទណ្ឌ ដែលកំណត់ច្បាស់ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ ផងដែរ។

រដ្ឋសភាកម្ពុជា បានថ្កោលទោសយ៉ាងដាច់អហង្ការ និងយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះការប្រមាថ និងការចោទប្រកាន់ដ៏គួរឱ្យស្អប់ខ្ពើមបំផុត ម្តងហើយម្តងទៀតរបស់ជនក្បត់ជាតិ សម រង្ស៉ី និងបក្ខពួក ដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។

រដ្ឋសភាកម្ពុជា ទាមទារដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ មានអយ្យការ អមតុលាការគ្រប់ជាន់ថ្នាក់ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ និងប្តឹងទៅតុលាការដើម្បីចាប់ជនក្បត់ជាតិ សម រង្ស៉ី មកផ្តន្ទាទោសតាមច្បាប់ជាធរមាន។

រដ្ឋសភាកម្ពុជា ប្តេជ្ញាបន្តដង្ហែតាមអង្គព្រះមហាក្សត្រដោយឥតងាករេ និងប្តេជ្ញាបន្តការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររាជបល្ល័ង្ក ពិសេសការពារអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មិនឱ្យនរណារំលោភបំពានបានជាដាច់ខាត៕


No comments:

Post a Comment