Monday, October 10, 2022

សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ១ខ្នង នៃសាលាបឋមសិក្សាប្រឡាយថ្ងូរ និងសមិទ្ធផលផ្សេងៗ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង



នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា ១ខ្នង ៥បន្ទប់ នៃសាលាបឋមសិក្សាប្រឡាយថ្ងូរ និងសមិទ្ធផលផ្សេងៗ ស្ថិតនៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។



អញ្ជើញមានប្រសាសន៍ នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋឃុំតាប៉ុនទាំងមូល ដែលបានខិតខំប្រឹងប្រែងរួមសាមគ្គីគ្នា ដើម្បីបុព្វហេតុសុខសន្តិភាព ដើម្បីបុព្វហេតុ នៃការកសាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ដូចជា ការខិតខំរួមគ្នាដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ រួមគ្នាអភិវឌ្ឍន៍សមិទ្ធផលនានានៅក្នុងឃុំតាប៉ុន ដែលសម្ពោធនាឱកាសនេះ។


សម្ដេចក្រឡាហោម បានបន្តថា តួយ៉ាងដូចក្នុងរបាយការណ៍ លោកអភិបាលស្រុក បានបញ្ជាក់រួចមកហើយដែលថា ក្នុងដំណាក់កាលកូវីដ-១៩ កន្លងទៅនេះ ប្រជាពលរដ្ឋដោយមានការចាត់ចែងសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន បានសុខចិត្តចូលរួមគាំទ្រការចំណាយកម្លាំងពលកម្ម ដើម្បីធ្វើផ្លូវ ហើយអាជ្ញាធរវិញក៏បានផ្ដល់ជូនប្រជាជននូវថវិកាសមស្របអាចទទួលយកបាន ដែលមានន័យថា ក្នុងពេលតែមួយ ប្រជាពលរដ្ឋបានទាំងផ្លូវសម្រាប់ប្រើផលប្រយោជន៍រួម និងក៏ទទួលបានចំណូលសម្រាប់ការចូលរួមធ្វើពលកម្មផ្ទាល់។


សម្ដេចក្រឡាហោម បានចាត់ទុកការរួមចំណែកនេះថា ជាគំរូមួយក្នុងចំណោមវិធីជាច្រើនទៀត ក្នុងដំណើរការកសាងសមិទ្ធផលបម្រើផលប្រយោជន៍សាធារណៈផ្សេងៗ។ សម្ដេច បន្តថា ជាការពិតហើយ ភាគច្រើនការកសាងសមិទ្ធផលនានាត្រូវប្រើគ្រឿងចក្រ ប៉ុន្តែពេលខ្លះក៏មានតម្រូវការចូលរួមជាកម្លាំងពលកម្មពីប្រជាពលរដ្ឋផងដែរ និងអ្វីដែលសំខាន់នោះ គឺឱ្យតែមានការគោរពសិទ្ធិ និងគោរពផលប្រយោជន៍របស់ប្រជាពលរដ្ឋ មុខជាមិនមានអ្វីជាការខុសឆ្គង ឬប៉ះពាល់នោះឡើយ។


សម្ដេចក្រឡាហោម ក៏បានយកឱកាសនេះ ថ្លែងអំណរគុណសប្បុរសជនដែលបានចូលរួមបរិច្ចាគថវិកាគាំទ្រដំណើរការកសាងសាលារៀនដែលក្លាយជាទ្រព្យសម្បត្តិសាធារណៈ បម្រើផលប្រយោជន៍សាធារណៈ ហើយសាលាក៏ដូចជាសមិទ្ធផលផ្សេងទៀតនេះ គឺមិនមែនជាសាលាសម្ដេចផ្ទាល់ ឬសប្បុរសជនណាមួយនោះទេ ពោលគឺចាប់ពីពេលនេះទៅ សមិទ្ធផលនេះជារបស់ប្រជាជន របស់អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ដូច្នេះត្រូវមានការចូលរួមថែទាំ និងម្ចាស់ការក្នុងការគ្រប់គ្រងពីប្រជាពលរដ្ឋ។


សម្ដេចក្រឡាហោម ក៏បានប្រកាសពីការត្រៀមលក្ខណៈរបស់សម្ដេច និងក្រុមការងារដើម្បីគាំទ្របន្ថែមទៀតសម្រាប់ការអភិវឌ្ឍមូលដ្ឋានឃុំតាប៉ុននេះ ក៏ដូចជាមូលដ្ឋានផ្សេងទៀតដែរ ដើម្បីបំពេញសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋឱ្យបានសមល្មមទៅតាមលទ្ធភាព។ សម្ដេច បន្តថា រាជរដ្ឋាភិបាល បានដាក់ការប្ដេជ្ញាចិត្ត ហើយបាននឹងកំពុងខិតខំបន្ថែមទៀតក្នុងការអភិវឌ្ឍធនធានមនុស្ស ការស្ថាបនាផ្លូវថ្នល់ ជំរុញការតភ្ជាប់ និងបង្កើតប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ព្រមទាំងអគ្គិសនីជូនប្រជាពលរដ្ឋ។


សម្ដេចក្រឡាហោម ក៏បានឆ្លៀតផ្ដល់ទស្សនទានជូនអង្គពិធីអំពីដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដោយ សម្ដេច បានទាញចំណាប់អារម្មណ៍អង្គពិធីភ្ជាប់កំណែទម្រង់នេះទៅនឹងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយបន្ថែមថា ការផ្ទេរមុខងារ និងធនធានពីថ្នាក់ជាតិ មកថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយនៃការផ្ដល់លទ្ធភាពឱ្យថ្នាក់ក្រោមជាតិ រួមទាំងក្រុមប្រឹក្សាឃុំ សង្កាត់ មានឱកាស និងលទ្ធភាពបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ និងប្រកបដោយទំនួលខុសត្រូវ៕


ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

No comments:

Post a Comment