Monday, October 10, 2022

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ ឯកអគ្គរដ្ឋទូតនៃសហព័ន្ធអាល្លឺម៉ង់ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម Stefan Anton Messerer ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ។


ឯកឧត្តម Stefan បានគោរពសម្ដែងនូវការរីករាយដែល ឯកឧត្តមត្រូវបានមកបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជាតាមបំណងរបស់ឯកឧត្តម។ ឯកឧត្តម Stefan ក៏បានសំដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោដែលបានដឹកនាំកម្ពុជា ឲ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយអាល្លឺម៉ង់ មានសេចក្ដីរីករាយណាស់ ដែលបានចូលរួមដំណើរ និងបានចូលរួមជួយដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅទទួលបានជោគជ័យរបស់កម្ពុជា ។


ជាមួយគ្នានោះដែរ ឯកឧត្តម Stefan ក៏បានគោរពជម្រាបជូនសម្ដេចតេជោថា ក្នុងបេសកកម្មការទូតនេះ ឯកឧត្តម និងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេស នឹងប្រឹងប្រែងជំរុញឲ្យមានការវិនិយោគកាន់តែខ្លាំងឡើងមកកាន់កម្ពុជា។


ក្នុងឱកាសនេះដែរ ឯកឧត្តម Stefan ក៏បានគោរពវាយតម្លៃខ្ពស់ ចំពោះការសម្រេចចិត្តរបស់កម្ពុជា ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី មកលើប្រទេសអ៊ុយក្រែន។ ឯកឧត្តម Stefan ក៏បានសំដែងនូវការវាយតម្លៃខ្ពស់ផងដែរ ចំពោះការចូលរួមដោយផ្ទាល់របស់សម្ដេចតេជោ ចំពោះការជួយស្វែងរកដំណោះស្រាយនៅប្រទេសមីយ៉ាន់ម៉ា ។


ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍និងសំដែងនូវការអបអរសាទរចំពោះឯកឧត្តម Stefan ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានជួយដល់កម្ពុជា ហើយសម្ដេច បានមានប្រសាសន៍ថា រាល់ការជោគជ័យរបស់កម្ពុជា ការអភិវឌ្ឍរបស់កម្ពុជា មិនអាចកាត់ផ្ដាច់ជំនួយរបស់ប្រទេសអាល្លឺម៉ង់ទេ ជាពិសេស ថ្មីៗនេះ ជំនួយរបស់អាល្លឺម៉ង់ បានជួយកម្ពុជាយើង ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។


ចំពោះសង្គ្រាមនៅអ៊ុយក្រែនសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន គឺជារឿងមួយ តែករណីដាក់ទណ្ឌកម្មហួសហេតុពេក ធ្វើឱ្យមានការប៉ះពាល់មិនត្រឹមតែរុស្ស៊ី អឺរ៉ុបទេ គឺថែមទាំងប៉ះពាល់ដល់ពិភពលោកទាំងមូលផង ក្នុងនោះ ក៏រួមទាំងកម្ពុជាផងដែរ។ ចំពោះករណីនេះ គប្បីណាមានការពិនិត្យមើលឡើងវិញ ។


ចំពោះករណីប្រទេសមីយ៉ាន់ម៉ាវិញ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាល់ការប្រឹងប្រែងទាំងអស់ គឺដើម្បីសេចក្ដីសុខសន្តិភាពសម្រាប់ប្រជាជនមីយ៉ាន់ម៉ាផង សម្រាប់តំបន់ផងនិងពិភពលោកផង។ ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោផ្ទាល់ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នោះ គឺទី១-ដើម្បីជំរុញឱ្យមានការឈប់បាញ់គ្នា, ទី២-ចង់ឱ្យមានការជួយផ្ដល់ជំនួយមនុស្សធម៌ទៅដល់ប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងតែត្រូវការ និងទី៣-ជំរុញឱ្យមានកិច្ចពិភាក្សាគ្នាផ្នែកនយោបាយ តែពុំទទួលបានជោគជ័យ។ ទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោ បានមានប្រសាសន៍ថា យើងត្រូវតែមានការអត់ធ្មត់នឹងប្រឹងប្រែងបន្តទៀត ៕






No comments:

Post a Comment