Saturday, August 27, 2022

វិភាគអន្តរជាតិ៖ «ពិភពលោក» ដែលបុរសខ្លាំង ពូទីន ចង់បាន


(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាន និងកំពុងប្ដេជ្ញាចិត្តបង្កើតអនាគតថ្មីមួយសម្រាប់រុស្ស៉ី ដែលត្រឡប់ទៅរកភាពខ្លាំងរបស់ខ្លួនឡើងវិញដូចកាលពី អតីតកាល។ បើតាមអ្នកជំនាញខាងកិច្ចការការបរទេស ដូចជាលោកស្រី ហ្វីយ៉ូណា ហៀល (FIONA HILL) មកពីវិទ្យាស្ថាន Brookings មានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក លោក ពូទីន សម្រេចចិត្តឈ្លានពានចូលអ៊ុយក្រែន មិនមែនគ្រាន់តែដោយសារលោកមានអារម្មណ៍ថារុស្ស៉ីត្រូវបានគំរាមកំហែងដោយបក្សសម្ព័ន្ធយោធាណាតូ ឬក៏ការបង្កហេតុ ដោយលោកខាងលិច តែប៉ុណ្ណោះទេ។


លោក ពូទីន បានបញ្ជាឱ្យកងទ័ពរបស់លោកវាយសម្រុកចូលអ៊ុយក្រែន នៅក្រោមស្លាក «ប្រតិបត្តិការយោធាពិសេស» កាលពីខែកុម្ភៈកន្លងទៅ គឺដោយសារតែលោកមានជំនឿ យ៉ាងមុតមាំថារុស្ស៉ីមានសិទ្ធិពិសេស ក្នុងការគ្រប់គ្រងលើអ៊ុយក្រែនទាំងអត្តសញ្ញណ និងការធ្វើសមាហរណកម្មប្រជាជនអ៊ុយក្រែនបញ្ចូលទៅក្នុងចក្រភពរុស្ស៉ី។ នេះគឺការពិត មួយដែលពិបាកនឹងប្រកែក ពីព្រោះថាគំនិតបែបនេះត្រូវបានលោក ពូទីនផ្ទាល់ជាអ្នកលាតត្រដាងដោយខ្លួនឯង តាំងតែពីមុនសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងមកម្ល៉េះ នៅក្នុង បទវិចារណកថាជាសំណេរជាង ៥០០០ពាក្យ ចេញផ្សាយកាលពីខែកក្កដា ឆ្នាំ២០២១ ក្រោមចំណងជើងថា «On the Historical Unity of Russians and Ukrainians» ឬអាចប្រែជាភាសាខ្មែរថា «ស្ដីពីការរួបរួមគ្នាជាប្រវត្តិសាស្ត្រនៃប្រជាជនរុស្ស៉ី និងអ៊ុយក្រែន»។


នៅក្នុងបទវិចារណកថានេះ លោក ពូទីន បានទទូចថាប្រជាជនបេឡារុស រុស្ស៉ី និងអ៊ុយក្រែន សុទ្ធសឹងជាកូនចៅជំនាន់ក្រោយនៃជនជាតិរុស (Rus) ជាមនុស្សសម័យបុរាណ ដែលបានតាំងទីលំនៅ នៅចន្លោះសមុទ្រខ្មៅ និងសមុទ្របាល់ទិក។ លោក ពូទីន បានអះអាងថាជាតិសាសន៍ទាំង៣នេះមានទឹកដីរួម ភាសារួម និងមានជំនឿរួមលើសាសនាគ្រឹស្ដ និកាយអូតូដុក ហើយផ្អែកលើគំនិតបែបនេះឯង ទើបធ្វើឱ្យគេយល់ថាលោក ពូទីន មិនដែលបានចាត់ទុកអ៊ុយក្រែនជារដ្ឋអធិបតេយ្យមួយនោះទេ។ លោក ពូទីន បានសរសេរ ទៀតថា «រុស្ស៉ីត្រូវបានគេប្លន់យកទឹកដីស្នូល នៅពេលដែលគណបក្សបុលសេវិក (Bolsheviks) បង្កើតសហភាពសូវៀតក្នុងឆ្នាំ១៩២២ និងបង្កើតជាសាធារណរដ្ឋសង្គមនិយម សូវៀតអ៊ុយក្រែន។


បើតាមលោក ពូទីន នៅក្រោយសូវៀតដួលរលំនៅឆ្នាំ១៩៩១ បណ្ដាប្រទេសលោកខាងលិចនាំមុខដោយសហរដ្ឋអាមេរិកបានប្រើប្រាស់អ៊ុយក្រែន ជាឧបករណ៍ដើម្បីគំរាមកំហែង ដល់រុស្ស៉ី និងបានគាំទ្រការកើនឡើងនៃគំនិតជាតិនិយមជ្រុល «ណេអូណាហ្ស៉ី» (neo-Nazis) នៅក្នុងប្រទេសអ៊ុយក្រែន។ សម្រាប់លោក ពូទីន ការបញ្ជូនកងទ័ពចូលអ៊ុយក្រែន គឺសំដៅធានាឱ្យបានថារុស្ស៉ីនឹងមិនបាត់បង់អ៊ុយក្រែន ហើយអ៊ុយក្រែនអាចធ្វើជារដ្ឋអធិបតេយ្យបាននៅក្រោមភាពជាដៃគូជាមួយរុស្ស៉ី ដូចដែលបុរសខ្លាំងរុស្ស៉ីរូបនេះលើកឡើង «យើងគឺជាប្រជាជនតែមួយ»។


ម្លោះហើយ តាមរយៈបទវិចារណកថាខាងលើ និងសេចក្ដីថ្លែងការណ៍ស្រដៀងៗគ្នាជាច្រើនទៀតរបស់វិមានក្រឹមឡាំង វាបានបង្ហាញយ៉ាងច្បាស់ថាលោក ពូទីន ចង់បាន ពិភពលោកមួយជាទីដែលចក្រភពរុស្ស៉ី ជាមេដឹកនាំ «សហភាពស្លាវិក» ថ្មីមួយដែលរួមមានប្រទេស ៣បញ្ចូលគ្នា នោះគឺរុស្ស៉ី អ៊ុយក្រែន និងបេឡារុស ហើយអាចនឹង បូកបញ្ចូលទាំងបណ្ដាប្រទេសក្នុងតំបន់អាស៊ីកណ្ដាលដែលធ្លាប់ជាអតីតរដ្ឋក្នុងសហភាពសូវៀត និងដែលទទួលស្គាល់អំណាចរបស់រុស្ស៉ី នៅក្រោយសង្រ្គាមត្រជាក់ ដូចជាកាហ្សាក់ស្ថានជាដើម។


មិនតែប៉ុណ្ណោះ លោកក៏ចង់បានផងដែរឱ្យលោកខាងលិច និងប្រទេសដទៃ ក្នុងពិភពលោកទទួលស្គាល់តួនាទីផ្ដាច់មុខរបស់រុស្ស៉ីនៅក្នុងតំបន់អឺរ៉ាស៊ី។ ប៉ុន្តែ ធ្វើបែបនេះ វាមិនមែនត្រឹមតែជាការបង្កើត «ដែនឥទ្ធិពល» នោះទេ ផ្ទុយទៅវិញ គឺជាការបង្កើត «ដែនគ្រប់គ្រង» តែម្ដង។ លោក ពូទីន ត្រូវបានគេមើលឃើញថាមានភាពប្រាកដប្រជាខ្លាំង ណាស់ ក្នុងការសម្រេចគោលដៅទាំងនេះតាមមធ្យោបាយយោធា និងមិនមែនយោធា។ លោកបានដឹកនាំរុស្ស៉ីធ្វើសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីឆ្នាំ២០១៤មកម្ល៉េះ ជាពេលមូស្គូបានក្រសោបយកតំបន់គ្រីមៀពីអ៊ុយក្រែន និងគាំទ្រក្រុមផ្ដាច់ខ្លួននៅក្នុងតំបន់ដុនបាស់ស្ថិតនៅភាគខាងកើតអ៊ុយក្រែនដែលបានក្លាយជាគោលដៅដ៏សំខាន់នៅក្នុង សង្រ្គាមសព្វថ្ងៃ។


លោក ពូទីន ក៏ធ្លាប់បានបញ្ជាក់ដែរថារុស្ស៉ីមានអំណាចសើរើនិយម ក្នុងសុន្ទករថាមួយកាលពីខែមីនា ឆ្នាំ២០១៤ ក្នុងពេលបញ្ចូលតំបន់គ្រីមៀចូល ក្នុងឧបសម្ព័ន្ធរបស់រុស្ស៉ី ជាមួយ ការព្រមានថារុស្ស៉ីត្រៀមខ្លួនជាស្រេច ដើម្បីចាត់វិធានការឆ្លើយតបទៅនឹងការជ្រៀកជ្រែកពីកម្លាំងអរិភាពខាងក្រៅណាមួយ ចូលក្នុងតំបន់ដែលជាដែនឥទ្ធិពលរុស្ស៉ី។ ដើម្បីអាច បោះជំហាននេះកាន់តែងាយស្រួល លោក ពូទីន បានចាប់ផ្ដើមសើរើនយោបាយ ជាពិសេសគឺសេដ្ឋកិច្ច និងការបរទេស ដោយលោកចាប់ផ្ដើមកាត់បន្ថយការពឹងផ្អែកលើការធ្វើ ពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប តាមរយៈការជំរុញឱ្យបង្កើនការផលិតនៅក្នុងស្រុក។ ដោយឡែក និយាយពីនយោបាយការបរទេស លោក ពូទីនបានចាប់ផ្ដើមងាក ទៅពង្រីកទំនាក់ទំនងជាមួយប្រទេសនៅអាស៊ី មជ្ឈិមបូព៌ា និងអាហ្រ្វិក ពោលគឺមិនមែនប្រទេសលោកខាងលិច ឬជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោកខាងលិច។


ធ្វើបែបនេះ ដើម្បីទប់ទល់នឹងទណ្ឌកម្មរបស់លោកខាងលិច ហើយគេក៏បានឃើញហើយដែរថានៅក្នុងសង្រ្គាមអ៊ុយក្រែន រុស្ស៉ីបានបង្វែរទីផ្សារប្រេង និងឧស្ម័នរបស់ខ្លួនទៅកាន់ ប្រទេសក្នុងតំបន់អាស៊ី តួយ៉ាងចិន និងឥណ្ឌា។ មកទល់នឹងពេលនេះ វិធានការឆ្លើយតបពីសំណាក់លោកខាងលិចប្រឆាំងនឹងសង្រ្គាមរបស់រុស្ស៉ី នៅអ៊ុយក្រែននៅតែមានភាព រឹងមាំ តែពួកគេក៏ត្រូវតែដឹងដែរថាពួកគេកំពុងដោះស្រាយ និងប្រឈមមុខជាមួយបុរសខ្លាំងម្នាក់ដែលចង់បង្កើតប្រវតិ្តសាស្ត្រថ្មី ស្របទៅតាមចក្ខុវិស័យអតីតកាលរបស់លោក ដែលស្រមៃចង់ឃើញ «ចក្រភពរុស្ស៉ីដ៏ខ្លាំងមួយ»៕ ដោយៈ Fresh News

No comments:

Post a Comment