Saturday, August 27, 2022

វិភាគអន្តរជាតិ៖ តើសម្ព័ន្ធភាពយោធារវាងចិន និងរុស្ស៉ី រឹងមាំប៉ុនណា?


(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រី និងអ្នកជំនាញផ្នែកកិច្ចការយោធា នៅក្នុងសហរដ្ឋអាមេរិក បានលើកឡើងជារឿយៗថាការគាំទ្រដោយប្រយោលរបស់ចិន ចំពោះរុស្ស៉ីជុំវិញសង្រ្គាមនៅអ៊ុយក្រែន បានបង្កឱ្យមានការព្រួយបារម្ភសាជាថ្មីពីលទ្ធភាពនៃការបង្កើត «សម្ព័ន្ធភាពយោធាជាផ្លូវការ» រវាងចិន និងរុស្ស៉ី ក្នុងបរិបទដែលប្រទេសទាំង២ កំពុងឈរលើគោលជំហររួម នោះគឺប្រឆាំងជាមួយសហរដ្ឋអាមេរិក និងលោកខាងលិច។

ទាំងរុស្ស៉ី និងចិនសុទ្ធតែបានបដិសេធថាខ្លួនមិនមានចេតនាបង្កើតសម្ព័ន្ធភាពយោធាផ្លូវការណាមួយនោះទេ បើទោះជាទំនាក់ទំនងទ្វេភាគីកាន់តែមាន ភាពស្អិតល្មួតនឹងគ្នាយ៉ាងណាក៏ដោយ។ ប៉ុន្តែ ប្រឈមមុខនឹងការប្រជែងជាមួយសហរដ្ឋអាមេរិក ដែលជា «គូសត្រូវរួម» ចិន និងរុស្ស៉ីប្រហែលជាចៀស មិនរួចឡើយពីការពង្រឹងសម្ព័ន្ធភាពយោធា ដូចដែលគេបាន និងកំពុងឃើញស្រាប់ក្នុងពេលបច្ចុប្បន្ន។ ដូច្នេះ ដើម្បីអាចដឹងពីភាពស៊ីជម្រៅនៃទំនាក់ទំនង នេះ គេគួរតែស្វែងយល់ពីប្រវត្តិនៃទំនាក់ទំនងយោធារវាងប្រទេសទាំង២ ជាមុនសិន។

បើត្រឡប់ទៅកាន់អតីតកាល កិច្ចសហប្រតិបត្តិការលើវិស័យយោធា និងបច្ចេកវិទ្យា គឺជាស្នូលដ៏សំខាន់នៃទំនាក់ទំនងទ្វេភាគីរវាងចិន និងរុស្ស៉ី រហូតមក ទល់នឹងសព្វថ្ងៃ។ ជាលក្ខណៈនយោបាយ ជំនួយយោធា និងការលក់អាវុធ បានបង្កើតមូលដ្ឋានទំនាក់ទំនងការទូត ហើយជាលក្ខណៈយោធា វាបានចូល រួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពកងទ័ពរំដោះប្រជាជនចិន (PLA) និងឧស្សាហកម្មផលិតអាវុធរបស់ចិន។ ជំនួយយោធា និងការលក់អាវុធបានដើរ តួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងទំនាក់ទំនងរវាងចិន និងអតីតសហភាពសូវៀត។ នៅក្រោយសង្រ្គាមកូរ៉េ (១៩៥០ ដល់ឆ្នាំ១៩៥៣) ចិនបានទទួលរង ការខាតយ៉ាងដំណំទាំងកងទ័ព និងសព្វាវុធ ដោយសារតែធ្វើអន្តរាគមន៍យោធាជួយកូរ៉េខាងជើង កុំឱ្យធ្លាក់ចូលក្នុងកណ្ដាប់ដៃសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

ក្នុងខែតុលា ឆ្នាំ១៩៥១ ទីក្រុងមូស្គូ បានយល់ព្រមផ្ដល់ជំនួយបរិក្ខារយោធាយ៉ាងធំសម្បើម រួមទាំងជំនួយពីជំនាញការសូវៀតទៅដល់ចិន។ ជំនួយរបស់ សូវៀត នៅពេលនោះ រួមមានយន្ដហោះចម្បាំង MiG-15 ៧០០គ្រឿង និងយន្ដហោះទម្លាក់គ្រាប់បែកធុន Tu-2 ១៥០គ្រឿង ដែលនេះបានជួយបង្កើន ទំហំកងទ័ពអាកាសចិនដល់ទៅ៣ដង។ គិតជាសរុប ទិន្នន័យប្រវតិ្តសាស្ត្ររបស់ចិន បានឱ្យដឹងថាសូវៀតបានផ្ដល់ជំនួយយោធាប្រមាណ ១.៥ ដល់ ២ពាន់លានដុល្លារ អំឡុងសម័យសង្រ្គាមកូរ៉េ។ មិនតែប៉ុណ្ណោះ សូវៀតក៏បានផ្ដល់ជំនួយដល់ចិន ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរផងដែរទាំងគោលដៅ ស៊ីវិល និងយោធា។ ជំនួយរបស់សូវៀត រួមបញ្ចូលទាំងការបណ្ដុះបណ្ដាលអ្នកវិទ្យាសាស្ត្រចិន ក្នុងការរចនាក្បាលគ្រាប់នុយក្លេអ៊ែរ បច្ចេកវិទ្យាមីស៊ីល និងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងភ្លុយតូញ៉ូមជាដើម។ ប៉ុន្តែ ព្រមពេលជាមួយគ្នា សូវៀតមិនបានផ្ដល់អាវុធនុយក្លេអ៊ែរដោយផ្ទាល់ឱ្យចិននោះទេ។

តាមរយៈជំនួយដ៏សម្បើមបែបនេះ វាបានក្លាយជាកម្លាំងជំរុញមួយឱ្យចិនមានលទ្ធភាពអភិវឌ្ឍសមត្ថភាពផលិតអាវុធដោយខ្លួនឯង ដោយនៅឆ្នាំ១៩៥៦ ចិនអាចបានផលិតនូវយន្ដហោះចម្បាំង J-4 ដែលជាយន្ដហោះចម្បាំងប្រយុទ្ធផលិតនៅក្នុងស្រុកដំបូងបំផុត យកគំរូពីយន្ដហោះចម្បាំងសូវៀត MiG-17 និងផលិតបានយន្ដហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរដំបូងដោយជោគជ័យ នៅឆ្នាំ១៩៦៤។ តែក្រោយមក ទំនាក់ទំនងយោធារវាងចិន និងរុស្ស៉ី បែរជា ប្រេះឆាដោយសារតែបញ្ហានយោបាយ និងមនោគមន៍វិជ្ជា ដែលបានបង្ខំឱ្យប្រទេសទាំង២ បញ្ឈប់ទំនាក់ទំនងយោធាគ្រប់ទម្រង់ រាប់ចាប់ពីជំនួយយោធា និងការលក់អាវុធ ហើយទាល់តែរហូតដល់ឆ្នាំ១៩៨៩ ទើបទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងមូស្គូ ត្រូវបានស្ដារឡើងវិញ។ នៅលើកនេះដែរ ការលក់អាវុធ បានដើរតួនាទីយ៉ាងសំខាន់សាជាថ្មី ក្នុងការជួយពង្រឹងទំនាក់ទំនងនយោបាយ និងការទូតរវាងភាគីទាំង២ ហើយចាប់តាំងពីនោះមកដែរ ចិនបានក្លាយជាម៉ូយទិញអាវុធដ៏ធំពីរុស្ស៉ី ជាពិសេសគឺយន្ដហោះចម្បាំងតែម្ដង។

បើតាមទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកខុល (SIPRI) នៅចន្លោះពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០០៥ ចិនបានបញ្ជាទិញយន្ដហោះចម្បាំង Su-27 និង Su-30 ចំនួន ២៧០គ្រឿង ក្នុងទំហំទឹកប្រាក់ពី១០ ទៅ១១ពាន់លានដុល្លារ។ បន្ថែមពីលើនេះ នៅប៉ុន្មានឆ្នាំក្រោយវិបត្តិច្រកសមុទ្រតៃវ៉ាន់ ១៩៩៥ ដល់ឆ្នាំ១៩៩៦ ជាពេលដែលកងទ័ពជើងទឹកអាមេរិក វ៉ាដាច់ចិនឆ្ងាយ ទីក្រុងប៉េកាំងបានបញ្ជាទិញនាវាចម្បាំង ៨គ្រឿង រួមទាំងប្រព័ន្ធមីស៊ីល ការពារដែនអាកាស S-300 និងបរិក្ខារជាច្រើនទៀតពីមូស្គូ។ គិតចន្លោះពី១៩៩០ ដល់ឆ្នាំ២០០៥ ៨៣ភាគរយនៃអាវុធដែលចិននាំចូល គឺមានប្រភព មកពីរុស្ស៉ី។

តែទោះជាបែបនេះក្ដី ខណៈចិនមានសមត្ថភាពកាន់ខ្លាំងក្នុងការផលិតអាវុធបានដោយខ្លួនឯង ការបញ្ជាទិញអាវុធពីរុស្ស៉ីបានធ្លាក់ចុះជាបន្តបន្ទាប់។ ពោល គឺការនាំចូលអាវុធរបស់ចិនពីបរទេស បានធ្លាក់ចុះ ៣០ភាគរយ នៅចន្លោះពីឆ្នាំ២០០៧ ដល់ឆ្នាំ២០២១ បើធៀបទៅនឹងចន្លោះពីឆ្នាំ១៩៩២ ដល់ ឆ្នាំ២០០៦។ គិតត្រឹមឆ្នាំ២០០៧ អាវុធដែលចិនទិញពីរុស្ស៉ីមានដល់ទៅ ៧១ភាគរយ ប៉ុន្តែ ១៥ឆ្នាំក្រោយ ការទិញអាវុធនេះបានធ្លាក់ចុះអស់ ៨៤ភាគរយ ឯណោះ។

ការធ្លាក់ចុះនេះទៀតសោត មានកត្តា ៣សំខាន់៖ ទីមួយ គឺចិនបានប្រែក្លាយខ្លួនពីម៉ូយទិញអាវុធពីរុស្ស៉ី ក្លាយជាអ្នកលក់អាវុធ ប្រជែងជាមួយរុស្ស៉ី និងទី២ គឺដោយសារតែបញ្ហាបច្ចេកវិទ្យា ដ្បិតខណៈចិនមានសមត្ថភាពផលិតអាវុធដោយខ្លួនឯង រុស្ស៉ីក៏មិនអាចចែករំលែកបច្ចេកវិទ្យាអាវុធជំនាន់ក្រោយរបស់ ខ្លួនជាមួយចិនបានទៀតនោះដែរ។ ជាការពិតណាស់ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ យន្ដហោះចម្បាំងចិនជាង ៥៤ភាគរយ នៅតែប្រើប្រាស់ម៉ាស៊ីនយន្ដហោះចម្បាំងរុស្ស៉ី ក្នុងនោះដូចជាប្រភេទយន្ដហោះចម្បាំង Chengdu J-20 ដែលប្រើម៉ាស៊ីនរុស្ស៉ី Saturn AL-31 និង យន្ដហោះចម្បាំង Shenyang J-35 និង FC-31 ប្រើប្រាស់ម៉ាស៊ីនរុស្ស៉ី RD-93។ ក៏ប៉ុន្តែ ក្នុងពេលបច្ចុប្បន្ន ចិន បាន និងកំពុងសម្រុកអភិវឌ្ឍម៉ាស៊ីនផ្ទាល់ ខ្លួនជំនួសម៉ាស៊ីនយន្ដហោះចម្បាំងរុស្ស៉ី។ ជាក់ស្ដែង ម៉ាស៊ីន WS-10C របស់ចិនត្រូវបានគេរាយការណ៍ថាត្រូវបានបំពាក់លើយន្ដហោះ Chengdu J-20 កំណែថ្មី។

ចំណែកឯ កត្តាទី៣ គឺមានជាប់ពាក់ព័ន្ធនឹងឥណ្ឌា។ កាលពីឆ្នាំ២០២០ រុស្ស៉ីបានសម្រេចចិត្តពន្យារពេលប្រគល់ប្រព័ន្ធមីស៊ីល S-400 ឱ្យចិន ដោយសំអាង លើការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ជាហេតុផល។ ក៏ប៉ុន្តែ អ្នកជំនាញខាងកិច្ចការការបរទេស យល់ថាការសម្រេចចិត្តបែបនេះរបស់រុស្ស៉ី គឺដើម្បីបញ្ចៀស កុំឱ្យឥណ្ឌា ដែលជាម៉ូយទិញអាវុធដ៏ធំរបស់ខ្លួន មានការអាក់អន់ស្រពន់ចិត្ត និងខឹងសម្បារ ខណៈចិនក៏លែងក្លាយជាម៉ូយធំរបស់ខ្លួនទៅហើយ តែគឺជា គូប្រជែងក្នុងទីផ្សារលក់អាវុធវិញម្ដង។

នៅក្នុងទេសៈកាលៈដែលរុស្ស៉ីកំពុងជាប់ទណ្ឌកម្មរបស់លោកខាងលិច និងកំពុងធ្វើសង្រ្គាមនៅអ៊ុយក្រែន ច្បាស់ណាស់រុស្ស៉ីទំនងជានឹងមិនអាចបំពេញ តម្រូវការទីផ្សារអាវុធ ឬតាមការបញ្ជាទិញបានដោយងាយនោះទេ ពីព្រោះលោក ពូទីន ចាំបាច់ត្រូវបំពេញអាវុធឱ្យកងទ័ពរុស្ស៉ី ដែលទទួលរងការខូចខាត ឬត្រូវបានបំផ្លាញនៅក្នុងសង្រ្គាមអ៊ុយក្រែន។ ដូច្នេះ ចិនត្រូវបានគេមើលឃើញថា អាចនឹងជំនួសកន្លែងរបស់រុស្ស៉ីក្នុងការផ្គត់ផ្គង់អាវុធឱ្យបណ្ដាប្រទេស ដទៃ ជាពិសេសបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដែលកំពុងស្វះស្វែងអភិវឌ្ឍន៍សមត្ថភាពយោធារបស់ខ្លួន។

យ៉ាងណាក៏ដោយ តាមរយៈការរៀបរាប់ខាងលើ វាមិនមែនបានន័យថាទំនាក់ទំនងយោធារវាងចិន និងរុស្ស៉ី កំពុងរង្គោះរង្គើរនោះទេ ដោយប្រទេសទាំង២ បានសុទ្ធតែបានត្រៀមខ្លួនរួចទៅហើយ ក្នុងការបន្តពង្រឹងទំនាក់ទំនងយោធា ហើយក្នុងពេលបច្ចុប្បន្ន ទំនាក់ទំនងរវាងប្រទេសទាំង២ ត្រូវប្ដូរផ្ដោតលើការ ធ្វើពាណិជ្ជកម្ម និងការធ្វើសមយុទ្ធយោធាវិញម្ដង។ ជាក់ស្ដែងនៅក្រោយសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង រុស្ស៉ីបានវ៉ាដាច់អារ៉ាប៊ីសាអូឌីត ក្នុងនាមជាអ្នកផ្គត់ផ្គង់ ប្រេង និងឧស្ម័នធំបំផុតរបស់ចិន។ ដោយឡែក និយាយពីយោធាវិញ ចិន និងរុស្ស៉ីបានបង្កើនការធ្វើសមយុទ្ធយោធារួមគ្នាជាច្រើន ក្នុងឆ្នាំ២០២២នេះ ហើយប្រទេសទាំង២ ថែមទាំងបានពង្រីកទំហំសមយុទ្ធយោធានេះទៀតផង។ ជាធម្មតា កន្លងមករុស្ស៉ី និងចិនបានធ្វើសមយុទ្ធយោធារួមគ្នាតែនៅក្នុង តំបន់ភាគខាងលិចប្រទេសចិន និងអាស៊ីកណ្ដាលប៉ុណ្ណោះ។ ប៉ុន្តែ ក្នុងឆ្នាំនេះពួកគេបានពង្រីកការធ្វើសមយុទ្ធយោធារួមគ្នាដល់តំបន់ឆ្នេរប្រទេស អាហ្វ្រិកខាងត្បូង សមុទ្រមេឌីទែរ៉ាណេ និងតំបន់សមុទ្របាល់ទិក ព្រមទាំងការធ្វើសមយុទ្ធ និងប្រតិបត្តិការល្បាតទាំងតាមផ្លូវអាកាស និងផ្លូវទឹក នៅក្នុង តំបន់មហាសមុទ្រប៉ាស៊ីហ្វិក។

បើតាមក្រុមអ្នកជំនាញយោធា សមុយុទ្ធយោធាទាំងនេះ វាជាសារកំញើញមួយដែលរុស្ស៉ី និងចិនចង់ផ្ញើទៅកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក ដើម្បីបង្ហាញពីសម្ព័ន្ធភាពដ៏រឹងដ៏មាំរបស់ខ្លួន។ នៅម្ខាងទៀត សមយុទ្ធយោធាជាមួយរុស្ស៉ី វាបានផ្ដល់ផលប្រយោជន៍ដល់កងទ័ពចិនក្នុងការដកស្រង់ បទពិសោធន៍យោធា និងរៀនបន្សុំាខ្លួនទៅនឹងបរិយាកាសខាងក្រៅ ដែលនៅឆ្ងាយពីព្រំដែនចិន៕ ដោយៈ Fresh News



No comments:

Post a Comment