Thursday, August 04, 2022

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសកាតា


នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យ ឯកឧត្តម Sheikh Mohammed bin Abdulrahman al-Thani ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសកាតា។ 



សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតា និងគណៈប្រតិភូដែលអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនេះ។ សម្ដេចតេជោបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ទំនាក់ទំនងទ្វេភាគីរបស់យើងមានភាពល្អប្រសើរទៅមុខហើយទស្សនកិច្ចរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនាពេលនេះ នឹងរួមចំណែកក្នុងការពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ  ជាពិសេសពង្រីកទំនាក់ទំនងរវាងប្រទេសកាតា និងប្រទេសអាស៊ានផងដែរ។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស នៃរដ្ឋកាតា បានថ្លែងអំណរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះការទទួលស្វាគមន៍ឯកឧត្តម ក៏ដូចជាការទទួលជួបសម្ដែងការគួរសមនាពេលនេះ។ ឯកឧត្តមក៏បានអបអរសាទរនូវភាពជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។  ឯកឧត្តមក៏បានអរគុណចំពោះការចុះហត្ថលេខានៃកិច្ចសហប្រតិបត្តិការអាស៊ាននេះ ។ ឯកឧត្តមបានគូសបញ្ជាក់ថា នេះគឺជាឱកាសដ៏ល្អដែលឯកឧត្តមបានមកប្រទេសកម្ពុជានាពេលនេះ ឯកឧត្តមពិតជាចង់ឃើញនូវដំណើរការវិវត្តនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។ ឯកឧត្តមបានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ ទំនាក់ទំនងយើងទាំងពីរចាប់ផ្ដើមមានភាពល្អប្រសើរហើយយើងនៅមានសក្តានុពលជាច្រើនទៀតដែលយើងអាចសហការគ្នា ជាពិសេសទៅលើវិស័យសេដ្ឋកិច្ច ។ ឯកឧត្តមបានមានប្រសាសន៍ថា បច្ចុប្បន្នយើងមានកិច្ចសហប្រតិបត្តិការគ្នាខ្លះហើយលើវិស័យអប់រំ ហើយយើងនឹងរកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាច្រើនទៀតនៅពេលខាងមុខ។ 

ឯកឧត្តមបានមានប្រសាសន៍ជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមបានជួបពិភាក្សាជាមួយ នឹងឯកឧត្តមឧបនាយករដ្ឋមន្ត្រីការបរទេសកម្ពុជា​ ឯកឧត្តម ប្រាក់ សុខុន រួចហើយ ហើយក្នុងជំនួបនោះ អ្វីដែលឯកឧត្តមចាប់អារម្មណ៍គឺ ប្រទេសកាតាអាចមានកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាទៅលើវិស័យទេសចរណ៍ និងការពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ។  ឯកឧត្តមបានប្ដេជ្ញាចិត្តថា នឹងជំរុញឲ្យមានគណៈប្រតិភូធុរកិច្ចមកប្រទេសកម្ពុជានាពេលខាងមុខ ដើម្បីជួបពិភាក្សាជាមួយធុរកិច្ចកម្ពុជា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យធុរកិច្ចនេះតែម្ដង។ 

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងអបអរសាទរ ដែលប្រទេសកាតាបានយកចិត្តទុកដាក់ចំពោះអាស៊ាន ក៏ដូចជាចំពោះប្រទេសកម្ពុជា និងពិតជារីករាយដែលឯកឧត្តមបានជួបជាមួយឯកឧត្តម ប្រាក់ សុខុន ក្នុងការជំរុញនូវកិច្ចសហប្រតិបត្តិការនេះផងដែរ។  ។ សម្ដេចតេជោមានក្តីសង្ឃឹមថា ប្រទេសកាតានឹងទទួលបានភាពជោគជ័យក្នុងការរៀប Word Cup  នៅចុងឆ្នាំ២០២២នេះ ពីព្រោះប្រទេសកត្តាជាអ្នករៀបចំព្រឹត្តិការណ៍ world cup នេះតែម្ដង ។ សម្ដេចតេជោបានមានប្រសាសន៍បន្ថែមថា ប្រទេសយើងទាំងពីរ គឺនៅមានសក្កានុពលជាច្រើន ដែលយើងអាចពង្រឹងនូវកិច្ចសហប្រតិបត្តិការគ្នាបាននាពេលខាងមុខ។ ពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍ សម្តេចតេជោបានមានប្រសាសន៍ថា ប្រទេសកាតាពិតជាមានភាពរឹងមាំ ជាពិសេសប្រទេសកាតា គឺមានសមត្ថភាពក្នុងការពង្រឹងជើងហោះហើរ ហើយប្រទេសកាតា គឺមានភូមិសាស្រ្តនៅមជ្ឈិមបូព៌ា ដែលអាចធ្វើការហោះហើរមកកម្ពុជាដោយផ្ទាល់បាន។ 

សម្ដេចតេជោបានមានប្រសាសន៍ថា មុនវិបត្តិជំងឺកូវីដ-១៩ កម្ពុជាមានទេសចរបរទេសប្រមាណជាង៦ លាន៦សែននាក់ តែពេលនេះ ធ្លាក់មកដល់ត្រឹមជិត១លាននាក់ប៉ុណ្ណោះ។ សម្ដេចតេជោបញ្ជាក់ថាគោលដៅកម្ពុជាគឺចង់ទទួលបានភ្ញៀវទេសចរប្រមាណជា១៥លាននាក់ ឯណ្ណោះ។ សម្ដេចតេជោបានមានប្រសាសន៍ថា ពេលនេះកម្ពុជាមានការលើកលែងនូវលក្ខខណ្ឌជាច្រើន ដើម្បីឲ្យភ្ញៀវទេសចរមកកាន់កម្ពុជា ។សម្តេចតេជោបានមានប្រសាសន៍ថា ប្រទេសកាតាអាចគាំទ្រ ជាពិសេសធ្វើឲ្យមានជំនួបរវាងអ្នកធុរកិច្ច និងធុរកិច្ចនៃប្រទេសទាំងពីរ ដូចជាអោយអ្នកធុរកិច្ចនៃប្រទេសទាំងពីរអាចចូលរួមក្នុងការតាំងពិព័រណ៍ ពាណិជ្ជកម្មក្នុងខែ១២ ចុងឆ្នាំនេះផងដែរ ធ្វើយ៉ាងណាជំរុញផ្នែកធុរកិច្ច និងធុរកិច្ចឲ្យមានទំនាក់ទំនងគ្នា។ 

សម្តេចតេជោក៏បានលើកទឹកចិត្តឲ្យប្រទេសកាតាជំរុញដល់វិស័យឯកជន ដើម្បីមកធ្វើការរួមគ្នាជាមួយវិស័យឯកជននៅប្រទេសកម្ពុជា ។ សម្ដេចចង់ឃើញអ្នកវិនិយោគប្រទេសកាតាមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយនាំចេញទៅកាន់ទីផ្សារបរទេស ពិសេសពាក់ព័ន្ធទៅនឹងវិស័យស្បៀង ដូចជាស្រូវ អង្ករតែម្ដង សម្ដេចតេជោជំរុញឲ្យប្រទេសកាតាអាចមកវិនិយោគលើវិស័យនេះ ហើយធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសកាតាបានថ្លែងអរគុណចំពោះសម្ដេចតេជោ ចំពោះអនុសាសន៍ដ៏មានអត្ថន័យក្នុងការពង្រឹងទំនាក់ទំនងក៏ដូចជាការពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំង២ នេះ។ ឯកឧត្តមសន្យាថា ឯកឧត្តមនឹងបញ្ជូនអ្នកធុរកិច្ចពីប្រទេសកាតាមកកាន់ប្រទេសកម្ពុជា ដើម្បីធ្វើការជាមួយធុរកិច្ចកម្ពុជាក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការក៏ដូចជា វិនិយោគទៅលើវិស័យអ្វីដែលប្រទេសទាំងពីរអាចសហការគ្នាបាន។ ឯកឧត្តមក៏បានសន្យាថាឯកឧត្តមនឹងជំរុញឲ្យមានការហោះហើរឡើងវិញ តភ្ជាប់រវាងកម្ពុជា និងប្រទេសកាតាផងដែរដើម្បីធ្វើយ៉ាងណាជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ភាពល្អប្រសើរផងដែរនៅពេលខាងមុខ៕











No comments:

Post a Comment