Thursday, August 04, 2022

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខ នយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប


នៅវិមានសន្តិភាព នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ចូសិប បូររែល ហ្វុនតេលលេស (Josep Borrll Fontelles) តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខ នយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប ដឹកនាំគណៈប្រតិភូជួបសម្តែងការគួរសម និងពិភាក្សាការងារ។



ឯកឧត្តម ចូសិប បូររែល បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម បានទៅធ្វើទស្សនកិច្ចនៅខេត្តសៀមរាប និងបានដើរ ១៦ម៉ោង ទស្សនាប្រាង្គប្រាសាទដ៏អស្ចារ្យ ដែលរំលេចនូវភាពកំពូលមិនត្រឹមតែផ្នែកសិល្បៈទេ ប៉ុន្តែថែមទាំងផ្នែកស្ថាប័ត្យកម្មផង ។ ឯកឧត្តមបន្ថែមថា ប្រាង្គប្រាសាទនៅកម្ពុជា គឺជាទ្រព្យសម្បត្តិដ៏មហាសាលរបស់មនុស្សជាតិ ។

ឯកឧត្តម ចូសិប បូររែល បានសម្ដែងនូវការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះភាពដឹកនាំជាប្រធានអាស៊ានរបស់កម្ពុជា និងបានពិភាក្សាជាមួយសម្ដេចតេជោ អំពីបញ្ហាកិច្ចសហប្រតិបត្តិការការអភិវឌ្ឍរបស់សហភាពអឺរ៉ុបនៅកម្ពុជា ករណីអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA) កិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-សហភាពអឺរ៉ុប និងបញ្ហារស្ស៊ី អ៊ុយក្រែន រួមទាំងករណីមីយ៉ាន់ម៉ាផងដែរ ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្កៅជូនចំពោះវត្តមានរបស់ឯកឧត្តម ចូសិប បូររែល និងគណៈប្រតិភូសហគមន៍អឺរ៉ុបនៅកម្ពុជា។ សម្តេចតេជោ បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ដែលបានគាំទ្រដល់កម្ពុជា ក្នុងឱកាសជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុប លើកទី១៣ ដែលបានបញ្ចប់ដោយជោគជ័យកាលពីខែវិច្ឆិកាឆ្នាំ២០២១ ហើយក៏បានថ្លែងអំណរគុណសហភាពអឺរ៉ុប ចំពោះការគាំទ្រដល់កម្ពុជា ជាប្រធានអាស៊ាន ឆ្នាំ២០២២ និងតួនាទីជាប្រេសិតពិសេសនៃប្រធានអាស៊ានឆ្នាំ២០២២ ស្តីពីមីយ៉ាន់ម៉ា។ 

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា សហភាពអឺរ៉ុប លើកទី១១ កាលពីខែមីនា ឆ្នាំ២០២២ ដែលបានរួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ។ សម្ដេច ក៏បានថ្លែងអំណរគុណផងដែរដល់សហភាពអឺរ៉ុប ចំពោះការផ្ដល់ជំនួយកិច្ចសហប្រតិបត្តិការដល់កម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ មក ដែលបានចូលរួមយ៉ាងសំខាន់ដល់ការអភិវឌ្ឍកម្ពុជា និងសូមវាយតម្លៃខ្ពស់ចំពោះសហភាពអឺរ៉ុប ដែលបានផ្ដល់ជំនួយជាវ៉ាក់សាំង តាមរយៈយន្តការ កូវ៉ាក់ និងហិរញ្ញប្បទានកន្លងមក ដែលបានចូលរួមចំណែកដល់ភាពជោគជ័យរបស់កម្ពុជា ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងស្ដារសេដ្ឋកិច្ចសង្គមកម្ពុជាឡើងវិញ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា កម្ពុជា គាំទ្រចំពោះគំនិតផ្ដួចផ្ដើមឱ្យមានការរៀបចំប្រជុំកំពូលរំឭកខួប ៤៥ឆ្នាំនៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប នៅក្នុងខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ហើយសម្ដេចជឿជាក់ថា  លទ្ធផលនៃកិច្ចប្រជុំកំពូលនេះ និងរំលេចពីសារៈសំខាន់ ហើយពង្រីកបន្ថែមនូវភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប ដែលកម្ពុជា គាំទ្រគោលការណ៍ចំពោះឯកសារទស្សនៈទានរបស់សហភាពអឺរ៉ុប ស្តីពីសេចក្ដីថ្លែងការណ៍រួមរបស់ដឹកនាំអាស៊ាន-សហភាពអឺរ៉ុប ស្តីពីឥណ្ឌូប៉ាស៊ីហ្វិក ដែលត្រូវអនុម័តនៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ានសហភាពអឺរ៉ុប ។ ដោយឡែកករណី E B A សម្តេចនាយករដ្ឋមន្ត្រី បានរំលឹកអំពីអ្វីដែលបានលើកឡើងកន្លងមកនោះ គឺកម្ពុជា មិនយកអធិបតេយ្យភាពខ្លួនទៅដូរយកជំនួយ ឬភាពអនុគ្រោះអ្វីនោះទេ។ ចំពោះករណីរុស្ស៊ី និងអ៊ុយក្រែន សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យមានការពិនិត្យឡើងវិញអំពីការដាក់ទណ្ឌកម្មរុស្ស៊ី ព្រោះថា ការដាក់ទណ្ឌកម្មនេះ មិនប៉ះពាល់តែរុស៊ីទេ ប៉ុន្តែវាធ្វើឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទាំងសេដ្ឋកិច្ច សង្គមទាំងនៅអឺរ៉ុប និងទូទាំងពិភពលោកផង៕









No comments:

Post a Comment