Sunday, July 17, 2022

គណបក្សប្រជាជន សង្ឃឹមថា គ្រប់បក្សនយោបាយ អង្គការសង្គមស៊ីវិល មជ្ឈដ្ឋានផ្សេងៗនឹងចូលរួមបង្កើតបរិយាកាសនយោបាយល្អប្រសើរ ឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧


(ភ្នំពេញ)៖ អង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា បានបង្ហាញក្តីសង្ឃឹមជឿជាក់ថា គ្រប់គណបក្សនយោបាយ អង្គការនៃសង្គម មជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គម នឹងចូលរួមបង្កើតបរិយាកាសនយោបាយល្អប្រសើរឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅឆ្នាំ២០២៣ ខាងមុខនេះ។



សេចក្តីជូនដំណឹង ស្ដីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា នៅល្ងាចនេះ បានឱ្យដឹងថា៖ «អង្គសន្និបាតមានការសង្ឃឹមជឿជាក់ថា គ្រប់គណបក្សនយោបាយ អង្គការនៃសង្គម មជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គម នឹងបន្តធ្វើសហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និទ្ធ តាមគោលកាណ៍នៃលទ្ធិប្រជាធិបតេយ្យ សំដៅចូលរួមចំណែកដ៏សកម្មដល់ការបង្កើតបរិយាកាសនយោបាយល្អប្រសើរឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅឆ្នាំ២០២៣ ខាងមុខ»។

កាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។

ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជា ក៏បានជំរុញឱ្យភាគីទាំងអស់ ត្រូវទប់ស្កាត់រាល់សកម្មភាពប្រទូសរ៉ាយទាំងឡាយ ទោះចេញពីប្រភពណាក្តី ដែលចង់បំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ញុះញង់បង្កការបែកបាក់ក្នុងសង្គមជាតិ និងរារាំងដំណើរការអភិវឌ្ឍន៍របស់កម្ពុជា ដែលកំពុងតែឈានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋ។

អង្គសន្និបាតអំពាវនាវដល់ក្រុមការងារគណបក្សចុះមូលដ្ឋាន គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក មន្ត្រី សមាជិក សមាជិកានៃគណបក្សទាំងមូល សូមបន្តលើកកម្ពស់ប្រពៃណីស្នេហាជាតិ និងសាមគ្គីភាព ឯកភាពផ្ទៃ ក្នុង បន្តជំរុញសកម្មភាពដោយឥតថមថយប្រកបដោយប្រសិទ្ធភាពទាំងការអនុវត្តកម្មវិធីនយោបាយ ទាំងការកសាងពង្រឹងគណបក្ស ទាំងការផ្សារភ្ជាប់ជាមួយមូលដ្ឋាន ខិតខំបម្រើប្រជាជនអស់ពីចិត្តពីថ្លើម តាម តួនាទី និងភារកិច្ចរបស់ខ្លួន ដែលឆ្លើយតបទាំងស្រុងទៅនឹងសំណូមពរ និងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន។

បន្ថែមពីនេះ គណបក្សប្រជាជនកម្ពុជា ក៏បានអំពាវនាវដល់ជនរួមជាតិទាំងមូលទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស សូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីថែរក្សាសន្តិភាព ការពាររាល់សមិទ្ធផលនៃសង្គមជាតិ និងបន្តកសាងមាតុភូមិជាទីស្នេហានៃយើងឱ្យកាន់ត រីកចម្រើនស្រស់បំព្រងឡើងផងដែរ។

គណបក្សកាន់អំណាច បានអំពាវនាវឱ្យជនរួមជាតិបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការនានា ដែល រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានដាក់ចេញ ជាពិសេសវិធានការ «៣ការពារ ៣កុំ» និងការទៅចាក់ វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នាកុំបីខាន ដើម្បីការពារមិនឲ្យជំងឺកូវីដ-១៩ អាចឆ្លងរាលដាលជាថ្មីទៀតបាន៕







No comments:

Post a Comment