Sunday, July 17, 2022

វិភាគអន្តរជាតិ៖ កូរ៉េខាងជើង, ក្រ តែខ្លាំង

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ក្នុងតំបន់អាស៊ីរបស់ខ្លួន តួយ៉ាងដូចជាជប៉ុន និងកូរ៉េខាងត្បូងមើលឃើញកូរ៉េខាងជើងជាការគំរាមកំហែងមួយយ៉ាងធ្ងន់ធ្ងរដល់ សន្តិសុខរបស់ពួកគេ។ កូរ៉េខាងជើងឈរនៅលេខរៀងទី៤ នាមជាប្រទេសមានកងទ័ពច្រើនជាងគេនៅលើពិភពលោក ជាមួយកងទ័ពជិត ១.៣លាននាក់ ឬស្មើនឹង៥ភាគរយ នៃប្រជាជនសរុប ហើយគួបផ្សំជាមួយមីស៊ីល អាវុធនុយក្លេអ៊ែរ និងវោហារបំភិតបំភ័យដែលធ្វើអាចឱ្យជប៉ុន កូរ៉េខាងត្បូង រួមទាំងសហរដ្ឋអាមេរិកក៏ញញើតម្ដងម្កាលដែរ។


ខណៈកូរ៉េខាងជើងនៅតែបន្តស្ថិតក្នុងចំណោមបណ្ដាប្រទេសក្រីក្របំផុតនៅលើពិភពលោក របបដឹកនាំទីក្រុងព្យុងយ៉ាងរបស់លោក គីម ជុងអ៊ុន ត្រូវបានគេរាយការណ៍ថា បានចំណាយថវិកាជិត ១ ភាគ៤ នៃផលិតផលក្នុងស្រុកសរុប (GDP) លើវិស័យយោធា។ នេះបើតាមការវាយតម្លៃរបស់ក្រសួងការបរទេសអាមេរិក។ មិនតែប៉ុណ្ណោះ ទោះជា កំពុងជាប់ទណ្ឌកម្មអន្តរជាតិក៏ដោយ ក៏អ្នកជំនាញភាគច្រើនយល់ស្របដូចគ្នាថាកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងកាន់តែរីកចម្រើនទៅមុខ ចំពោះមុខការព្រមាន ថាទីក្រុងព្យុងយ៉ាងកំពុងត្រៀមលក្ខណៈធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក ក្នុងពេលដ៏ខ្លីខាងមុខ។ ដូច្នេះថាតើសមត្ថភាពយោធាកូរ៉េខាងជើងដើរដល់កម្រិតណាហើយ។


* សមត្ថភាពនុយក្លេអ៊ែរ

ជាការពិតណាស់ ការវាយតម្លៃពីទំហំ និងភាពខ្លាំងនៃឃ្លាំងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង មិនមានភាពច្បាស់លាស់ទេ។ ប៉ុន្តែ ក្រុមអ្នកវិភាគបាននិយាយថាទីក្រុងព្យុងយ៉ាង បានធ្វើតេស្ដអាវុធនុយក្លេអ៊ែរចំនួន ៦លើក និងបានអភិវឌ្ឍសមត្ថភាពមីស៊ីលផ្លោងអន្តរទ្វីបបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលបាញ់ដល់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន។


បើតាមការវាយតម្លៃពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក កាលពីឆ្នាំ២០១៧ កូរ៉េខាងជើងមានសារធាតុអ៊ុយរ៉ាញ៉ូម និងភ្លុយតូញ៉មគ្រប់គ្រាន់សម្រាប់ផលិតក្បាលគ្រាប់ នុយក្លេអ៊ែរ ៦០គ្រាប់ ហើយគ្រប់គ្រាន់សម្រាប់ផលិតក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ១២គ្រាប់បន្ថែមក្នុងមួយឆ្នាំៗ។ ក្នុងអាត្រាដដែលនេះ បានន័យថាក្នុងឆ្នាំ២០២២ កូរ៉េខាងជើង មានសមត្ថភាពផលិតក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាង ១០០គ្រាប់។ ជាក់ស្ដែង វិទ្យាស្ថាន RAND Corporation មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោនបានចេញផ្សាយ របាយការណ៍មួយកាលពីឆ្នាំ២០២១ ជាមួយការព្យាករថាកូរ៉េខាងជើងអាចនឹងមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែលជា ២០០គ្រាប់ស្ដុកនៅឃ្លាំងនៅឆ្នាំ២០២៧។ 

កូរ៉េខាងជើងបានធ្វើតេស្ដអាវុធនុយក្លេអ៊ែរចំនួន ៦លើករួចមកហើយ ដោយលើកដំបូងគេធ្វើឡើងក្នុងខែតុលា ឆ្នាំ២០០៦ និងខែឧសភា ឆ្នាំ២០០៩ ក្រោមរបបដឹកនាំនៃអតីត មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៉ីល (Kim Jong-il) ឪពុករបស់លោក គីម ជុងអ៊ុន។


នៅក្រោមរបបដឹកនាំរបស់លោក គីម ជុងអ៊ុន កម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងកាន់តែរីកចម្រើនទៅមុខ ដោយលោក គីម បានបញ្ជាឱ្យធ្វើតេស្ដអាវុធនុយក្លេអ៊ែរដល់ទៅ ៤លើក គឺនៅខែកុម្ភៈ ឆ្នាំ២០១៣, ខែមករា និងខែកញ្ញា ឆ្នាំ២០១៦ និងលើកចុងក្រោយបំផុតក្នុងខែកញ្ញា ឆ្នាំ២០១៧ ព្រមទាំងធ្វើតេស្ដមីស៊ីលច្រើនជាង ១៦០គ្រាប់ច្រើនជាង ជំនាន់ឪពុក និងជីតារបស់លោក (លោក គីម អ៉ីលស៊ុង) ទៅទៀត។ នៅក្នុងធ្វើតេស្ដបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ កាលពីឆ្នាំ២០០៦ មានកម្លាំងផ្ទុះស្មើនឹង២គីឡូតោន រីឯក្នុង ឆ្នាំ២០០៩ មានកម្លាំងផ្ទុះ៨គីឡូតោន ហើយនៅឆ្នាំ២០១៣ និងខែមករា ឆ្នាំ២០១៦ មានកម្លាំផ្ទុះជិត ១៧គីឡូតោន ខណៈការធ្វើតេស្ដនៅខែកញ្ញា ឆ្នាំ២០១៦ មានកម្លាំងផ្ទុះ ៣៥គីឡូតោន និងការធ្វើតេស្ដកាលពីឆ្នាំ២០១៧ មានកម្លាំងផ្ទុះដល់ទៅជាង ២០០គីឡូតោន ហើយកម្លាំងផ្ទុះនេះបញ្ជាក់ថាការអះអាងរបស់កូរ៉េខាងជើងថាខ្លួនអភិវឌ្ឍបាន «គ្រាប់បែកអ៉ីដ្រូសែន» គឺជាការពិត។


* តើកូរ៉េខាងជើង បានតេស្ដមីស៊ីលប្រភេទណាខ្លះ?

កូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលផ្លោងច្រើនជាង ១០០គ្រាប់ ដែលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរ ក្នុងនោះរួមមានមីស៊ីលផ្លោងរយៈចម្ងាយខ្លី មធ្យម មីស៊ីលផ្លោង អន្តរទ្វីប ICBM និងមីស៊ីលបាញ់ចេញពីនាវាមុជទឹក។ ទីក្រុងព្យុងយ៉ាងបានធ្វើតេស្ដដោយជោគជ័យនូវមីស៊ីលផ្លោងអន្តរទ្វីបអាចពាំក្បាលគ្រាប់នុយក្លេអ៊ែរនៅខែកក្កដា និងខែវិច្ឆិកា ឆ្នាំ២០១៧។ បើតាមកូរ៉េខាងជើង មីស៊ីល ICBM ដែលខ្លួនបានធ្វើតេស្ដកាលពីខែវិច្ឆិកា ឆ្នាំដដែលនោះ គឺជាប្រភេទមីស៊ីល ICBM វ៉ាសុង១៥ (Hwasong-15) ដែលអាចហោះបានក្នុងរយៈកម្ពស់ ៤,៤៧៥គីឡូម៉ែត្រ និងបានចម្ងាយ ១,០០០គីឡូម៉ែត្រ មុននឹងធ្លាក់ចំគោលដៅដែលបានកំណត់នៅឯតំបន់ឆ្នេរសមុទ្រភាគខាងកើត។


ក្រុមអ្នកជំនាញ បានវាយតម្លៃថាមីស៊ីល Hwasong-15 អាចបាញ់បានក្នុងរយៈចម្ងាយអតិបរមា ១៣,០០០គីឡូម៉ែត្រ ដែលរយៈចម្ងាយនេះសមល្មមបាញ់ដល់សហរដ្ឋអាមេរិក។ ដោយឡែក កំលុងព្យុហយាត្រាយោធា កាលពីខែតុលា ឆ្នាំ២០២០ កូរ៉េខាងជើងបានសម្ញែងមីស៊ីល ICBM ស៊េរីថ្មីមួយធំជាងមីស៊ីល Hwasong-15 ទៅទៀត។ មីស៊ីលនេះ មិនទាន់មានឈ្មោះទេ តែក្រុមអ្នកវិភាគជឿជាក់ថាអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបានច្រើនគ្រាប់ ហើយប្រព័ន្ធមីស៊ីលអាចនឹងពិបាកក្នុងការស្ទាក់ចាប់បំផ្លាញ ហើយលើសពី នេះទៅទៀត កូរ៉េខាងជើងក៏មានផងដែរនូវមីស៊ីល ភូកគុកសុង ៥ (Pukkuksong-5) ដែលជាប្រភេទមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក និងអាចបាញ់បានក្នុងចម្ងាយ ៣,០០០គីឡូម៉ែត្រ ដោយក្នុងចម្ងាយនេះអាចវាយប្រហារលើកោះហ្កាំរបស់អាមេរិក។


* តើមានប្រទេសណាខ្លះផ្ដល់ជំនួយដល់កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង?

ចិន និងរុស្ស៉ី ត្រូវបានគេជឿជាក់ថាជាអ្នកផ្ដល់ជំនួយធំបំផុតដល់កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង។ រុស្ស៉ីបានផ្ដល់ជំនួយដល់ការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ចាប់ពី ចុងទសវត្សរ៍ឆ្នាំ១៩៥០ ដល់ទសវត្សរ៍ឆ្នាំ១៩៨០ ដោយទីក្រុងមូស្គូ បានជួយសាងសង់រ៉េអាក់ទ័រស្រាវជ្រាវនុយក្លេអ៊ែរ ព្រមទាំងជួយដល់ការរចនាមីស៊ីល និងឥន្ធនៈនុយក្លេអ៊ែរ មួយចំនួន។ ក្នុងឆ្នាំទសវត្សរ៍ឆ្នាំ១៩៧០ ចិន និងកូរ៉េខាងជើងបានធ្វើកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ក្នុងនោះរួមមានទាំងការអភិវឌ្ឍ និងការផលិតមីស៊ីលផ្លោង ហើយក្រុមអ្នកវិទ្យាសាស្ត្រកូរ៉េខាងជើងធ្លាប់បានការផ្លាស់ប្ដូរកម្មវិធីសិក្សាជាមួយសមភាគីចិន និងសូវៀត ខណៈកូរ៉េខាងជើងក៏ត្រូវបានគេរាយការណ៍ដែរថាទទួលបាន បច្ចេកវិទ្យាពីប៉ាគីស្ថាន និងអ៉ីរ៉ង់ផងដែរ។


គួរបញ្ជាក់ថា បើតាមរបាយការណ៍ឆ្នាំ២០២១ ចេញផ្សាយដោយវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (International Institute for Strategic Studies) មានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេស ក្រៅអាវុធនុយក្លេអ៊ែរ និងមីស៊ីល កូរ៉េខាងជើងមានយន្ដហោះចម្បាំងជិត ៥៥០គ្រឿង ឧទ្ធម្ភាគចក្រ ២៩០គ្រឿង វានាចម្បាំងប្រយុទ្ធ ៤០០គ្រឿង, នាវាមុជទឹក ៧០គ្រឿង រថក្រោះ ៤,០០០គ្រឿង រថពាសដែក ២,៥០០គ្រឿង និងប្រព័ន្ធបាញ់រ៉ុក្កែត ៥,៥០០គ្រឿង។ ចាប់តាំងពីលោក គីម ជុងអ៊ុនឡើងកាន់តំណែង មក កូរ៉េខាងជើងកាន់តែបន្តអភិវឌ្ឍសមត្ថភាពយោធា ហើយបើទោះជាកំពុងជាប់ទណ្ឌកម្មសេដ្ឋកិច្ច និងមានការចូលរួមក្នុងដំណោះស្រាយការទូតនាពេលកន្លងមកក៏ដោយ ក៏របបដឹកនាំលោក គីម ជុងអ៊ុន មិនបោះបង់មហិច្ឆតាយោធាឡើយ ដ្បិតវាជាអាយុជីវិតនៃរបបដឹកនាំរបបគ្រួសារត្រកូលគីម៕ ដោយៈ Fresh News

No comments:

Post a Comment