Tuesday, June 07, 2022

អ្នកវិភាគចៅចាក់ស្មុក៖ សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ត្រូវបានថែរក្សាបានយ៉ាងល្អប្រសើរ នៅគ្រប់ដំណាក់កាលនៃការបោះឆ្នោត ទោះបីជាក្រុមប្រឆាំងជ្រុលនិយមព្យាយាមបង្កការអុកឡុកនិងបំផ្លាញការបោះឆ្នោត



(ភ្នំពេញ)៖ ទោះបីជាទាំងមុន និងអំឡុងពេលបោះឆ្នោត ក្រុមប្រឆាំងជ្រុលនិយមដែលជ្រកក្រោមស្លាកគណបក្សភ្លើងទៀនដែលគេដឹងថាមានទណ្ឌិត សម រង្ស៊ី ជាអ្នកបញ្ជាពីក្រោយខ្នងបានរៀបចំ ផែនការអុកឡុក និងបំផ្លាញការបោះឆ្នោត បង្កើតចលាចលនិងភាពវឹកវរក្នុងសង្គម ប៉ុន្តែត្រូវបានទប់ស្កាត់ទាន់ពេលវេលាក្រោយផែនការសម្ងាត់របស់ពួកគេត្រូវបានលេចធ្លាយជាបន្តបន្ទាប់។ ផែនការលេចធ្លាយទាំងនោះរួមមានដូចជាមនុស្ស ជំនិតរបស់ សម រង្ស៊ី ឈ្មោះ ប៊ុត ជារី និងអៀ ចាន់ណា បានចូលមកក្នុងប្រទេសកម្ពុជានិងបានធ្វើសកម្មភាពយ៉ាងសកម្ម ជាមួយមន្ត្រីនៃគណបក្សភ្លើងទៀន ផែនការកៀរគរមនុស្សឱ្យបានជាង ៣ម៉ឺននាក់មកពីបណ្តាខេត្តនានាដើម្បីចូលរួមហែរក្បួនឃោសនាបិទយុទ្ធនាការបោះឆ្នោត ហើយការលេចធ្លាយព័ត៌មានគឺទណ្ឌិត សម រង្ស៊ី បានដាក់បញ្ជាឱ្យរៀបចំកម្លាំងម៉ូតូនិងកម្លាំងកម្មករចូលរួម ហើយផែនទី៣ គឺដើរអុកឡុកនៅតាមមណ្ឌលបោះឆ្នោត និងតាមការិយាល័យនីមួយៗ បន្ទាប់មកនៅពេលរាប់សន្លឹកឆ្នោត ពួកគេមានផែនការហ៊ុមព័ន្ធការិយា ល័យរាប់សន្លឹកឆ្នោតក្រោមពាក្យថាការពារសន្លឹកឆ្នោតរបស់ពួកគេ។


មេរៀនបទពិសោធនេះ ពួកគេធ្លាប់បានអនុវត្តរួចមកហើយនៅឆ្នាំ២០១៣ ដែលបង្កទៅជាអំពើហិង្សាដុតរថយន្តរបស់សមត្ថកិច្ចដែលដឹកនាំដោយទណ្ឌិត ហូ វ៉ាន់ និងក្រុមប្រឆាំងញុះញង់ឱ្យមានបាតុកម្មកើតឡើង ពីការតវ៉ាប្រឆាំងលទ្ធផលបោះឆ្នោតទៅជាការអនុវត្តផែនការបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលក្រោយមកអង្គការចាត់តាំងនយោបាយ និងប្រតិបត្តិករសំខាន់ត្រូវបានរំលាយ និងត្រូវបានចោទប្រកាន់ចំពោះមុខច្បាប់។ ជាមួយគ្នានេះ មួយថ្ងៃមុនការបោះឆ្នោត ៥ មិថុនានេះ ទណ្ឌិត ហូ វ៉ាន់ ក៏បានដាក់បញ្ជាដល់សកម្មជនគណបក្សភ្លើងទៀននៅក្នុងស្រុកអនុវត្តផែនការដូចឆ្នាំ២០១៣ដែរ។ ពួកគេចង់ឱ្យប្រវត្តិសាស្ត្រច្រំដែលនេះកើតឡើងសាជាថ្មី ប៉ុន្តែមិនបានសម្រេចឡើយ។


ក្រោយពីផែនការធំៗដែលបានរៀបចំដើម្បីអុកឡុកការបោះ ឆ្នោតត្រូវបានបែកធ្លាយ និងមានវិធានការបន្តបន្ទាប់ ប៉ុន្តែក្រុមប្រឆាំងជ្រុលនិយមដែលមានចិត្តពិសពុលបំផ្លាញសុខសន្តិភាព និងស្ថិរភាពនៅកម្ពុជាជ្រកក្រោមផ្លាកគណបក្សភ្លើងទៀនបាន ពុះកញ្ជ្រោលនៅមុនពេលនិងអំឡុងពេលបោះឆ្នោត ហើយពួកគេបានប្រើប្រាស់យុទ្ធសាស្ត្ររួមគឺ «ធ្វើជាជនរងគ្រោះគ្រប់កាលៈទេសៈ» ទោះបីជាពួកគេបំពានច្បាប់ស្តីពីការបោះ ឆ្នោត និងជាជនល្មើសច្បាប់ក៏ដោយ និង«ខិតខំធ្វើនយោបាយតូបនីយកម្មលើបញ្ហាទាំងឡាយ» ដើម្បីបង្ហាញថាអាជ្ញាធរមាន សមត្ថកិច្ចគាបសង្កត់ពួកគេ និងគំរាមកំហែងពួកគេ ព្រមទាំងប្រើប្រាស់យុទ្ធសាស្ត្រ«វាយប្រហារលើតម្លាភាព អព្យាក្រឹត្យភាព និងគណនេយ្យភាព របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត» ដើម្បីយកជាលេសបិទបាំងភាពអាម៉ាស់របស់ពួកគេចាញ់ការបោះឆ្នោត និងគ្មានការគាំទ្រគ្រប់គ្រាន់ពីប្រជាពលរដ្ឋម្ចាស់ឆ្នោត។


បន្ថែមពីលើនេះ ក្រុមប្រឆាំងជ្រុលនិយម បានថែមទាំងគំរាមលើកត្តាសន្តិសុខរបស់ជាតិថែមទៀតផង តាមរយៈការដាក់ចុះផែនការទុច្ចរិតនានា ដោយមិនបានគិតពី ផលវិបាកនៃទង្វើរបស់ពួកគេមកលើប្រទេសជាតិឡើយ។ ដោយសារតែពួកគេមានផែនការច្បាស់លាស់បានជានៅតាម មណ្ឌលបោះឆ្នោតមួយចំនួនទូទាំងប្រទេស ក្រុមសកម្មជនគណបក្សភ្លើងទៀនរួមមានទាំងបេក្ខជនរបស់គណបក្សភ្លើងទៀនដើរពេញមណ្ឌលបោះឆ្នោតផងដែរ និងពេលរាប់សន្លឹកឆ្នោត ក្រុមសកម្មជនគណបក្សភ្លើងទៀននៅមូលដ្ឋាន ក៏បានព្យាយាមកៀរគរកម្លាំងទៅកាន់ការិយាល័យរាប់សន្លឹក ឆ្នោតដូចដែលតាមផែនការបែកធ្លាយ។ ពួកគេគំរាមកំហែងគាបសង្កត់មកលើស្ថាប័ន គ.ជ.ប តែក្រុមជ្រុលនិយមបំភ្លៃរឿងរ៉ាវទាំងនេះតាមយុទ្ធសាស្ត្រ «ស្វាស៊ីបាយលាបមាត់ពពែ» បែរជាទម្លាក់កំហុសមកលើ គ.ជ.ប និងគណបក្សប្រជាជនកម្ពុជាទៅវិញ។ ប៉ុន្តែឧបាយកលទុច្ចរិតទាំងនេះត្រូវបានទប់ស្កាត់ទាន់ពេលវេលាដោយកម្លាំងសមត្ថកិច្ចជំនាញ។


ដោយសារតែទង្វើបំពារបំពានច្បាប់របស់គណបក្សភ្លើងទៀនក្នុងចេតនាមិនល្អនេះហើយបានជាពាក្យបណ្តឹងជាច្រើនត្រូវបានដាក់ទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រឆាំងនឹងសមាជិកគណបក្សភ្លើងទៀន។ ថាច់ សេដ្ឋា អនុប្រធាន គណបក្សភ្លើងទៀនបានលើកឡើងថាវាជារឿងចម្លែកដែល គណបក្សប្រជាជនកម្ពុជាដាក់ពាក្យបណ្តឹងប្រឆាំងនឹងបក្សភ្លើងទៀន។ វាមិនចំលែកឡើយព្រោះរាល់ទង្វើខុសច្បាប់របស់ក្រុមជ្រុលនិយមក្នុងចេតនាទុច្ចរិត ត្រូវតែប្រឈមមុខច្បាប់។ នេះក៏បង្ហាញឱ្យសាធារណមតិជាតិនិងអន្តរជាតិ ជាពិសេសពលរដ្ឋម្ចាស់ឆ្នោតបានឃើញថា គណបក្សប្រឆាំងដែលតែងតែស្រែកថាខ្លួនជាជនរងគ្រោះ មានការគំរាមកំហែង គាបសង្កត់ ប៉ុន្តែតាមពិត អ្នកដែលបានគំរាមកំហែង និងគាបសង្កត់ ពិតប្រាកដមកលើស្ថាប័នជាតិ និងគំរាមកំហែងដល់សន្តិសុខ ជាតិ សន្តិភាព និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាពិត ប្រាកដ គឺក្រុមប្រឆាំងជ្រុលនិយមឯណេះវិញទេដែលពោរ ពេញដោយវោហាសាស្ត្រសងសឹក ស្អប់ខ្ពើម និងញុះញង់


មួលបង្កាច់ និងរើសអើងប្រកាន់ពូជសាសន៍។ វោហាសាស្ត្រ ហិង្សានិយមរបស់ពួកគេគឺជាអាវុធដ៏គ្រោះថ្នាក់ដែលនាំឱ្យសង្គមជាតិបែកបាក់សាមគ្គីភាព ការលាបពណ៌ និងរើសអើងរបស់ពួកគេដែលធ្វើឱ្យពលរដ្ឋគ្មានការព្រួយបារម្ភ។ ការធ្វើនយោបាយទុច្ចរិតរបស់ក្រុមប្រឆាំងទាំងនេះហើយដែលបានធ្វើឱ្យពលរដ្ឋខ្មែរភាគច្រើនលើសលុបបានយល់ច្បាស់ថា សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ ហើយមានសន្តិភាពគឺមានការអភិវឌ្ឍលើគ្រប់វិស័យ មានសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ មានសេរីភាពពេញលេញ និងសង្គមជាតិបានសុខសាន្ត។


ហេតុដូច្នេះហើយបានជានៅរៀងរាល់ការបោះ ឆ្នោតម្តងៗ ម្ចាស់ឆ្នោតបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាភ្លូកទឹកភ្លូកដីដូចជាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាខែកក្កដា ឆ្នាំ២០១៨ និងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ នេះ។ ប្រជាពលរដ្ឋបានយល់ច្បាស់ថាមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបានដើរតួនាទីស្នូលក្នុងការការពារ ថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍបនល្អប្រសើរជាមួយធនធានមនុស្សមានសមត្ថភាព និងជាអ្នកបម្រើប្រជាពលរដ្ឋដ៏ស្មោះត្រង់ ទើបបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលតាមលទ្ធផលបឋមមានការពលរដ្ឋជា ៥,៣៥ លាននាក់បោះឆ្នោតគាំទ្រ ស្មើ ៧៤,៤០% នៃពលរដ្ឋដែលអញ្ជើញទៅបោះឆ្នោតសរុបជាង ៧លាននាក់។


ដំណើរការបោះឆ្នោតនាថ្ងៃទី៥ មិថុនា ប្រព្រឹត្តទៅដោយជោគជ័យ ក្រោមបរិយាកាសស្ងប់ស្ងាត់ សុខសន្តិភាព និងគ្មានអំពើ ហិង្សា គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចគ្រប់ប្រភេទនៃគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត និងការចូលរួមអនុវត្តច្បាប់របស់ប្រជាពលរដ្ឋដោយមិនជឿតាមការញុះញង់របស់ក្រុមជ្រុលនិយមដែលជ្រកក្រោមផ្លាកគណបក្សភ្លើងទៀន។


សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានល្អប្រសើរ នៅគ្រប់ដំណាក់កាលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់អាណត្តិទី៥។ សម្តេចក្រឡាហោម បានសម្តែងនូវការ

អរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ បំពេញ ភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ពីសំណាក់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងដោះស្រាយរាល់បាតុភាពអសកម្មនានា ដោយឈរលើគោលការណ៍ អព្យាក្រឹត ក្នុងវិជ្ជាជីវៈ ដែលបានបង្កលក្ខខណ្ឌអំណោយផល និងបរិយាកាសសន្តិសុខល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ និងបញ្ហាគណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត អាចអនុវត្តសិទ្ធិសេរីភាព ស្របតាមឆន្ទៈរបស់ខ្លួន។


ដំណើរការបោះឆ្នោតនាប្រព្រឹត្តទៅក្រោមបរិយាកាសស្ងប់ស្ងាត់ សុខសន្តិភាព និងគ្មានអំពើ ហិង្សា ក៏បានបង្ហាញទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិឱ្យឃើញនូវភាពកាន់តែចាស់ទុំ និងភាពម្ចាស់ការ ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។


សរុបមកវិញ ល្បិចកលទុច្ចរិតចោទប្រកាន់ មួលបង្កាច់ដែលក្រុមប្រឆាំងជ្រុលនិយមតែងតែប្រឌិតឡើងប្រឆាំងនឹងកម្លាំងសមត្ថកិច្ច និងជាពិសេសប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជា ត្រូវបានគេបកអាក្រាតអស់ហើយ។ ពួកគេបានគំរាមមកលើសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ហើយពួកគេក៏គំរាមមកលើ ស្ថាប័ន គ.ជ.ប. គំរាមលើអាជ្ញាធរ ប្រសិនបើពួកគេចាញ់ឆ្នោត នឹងធ្វើបាតុមម្មតវ៉ាជាដើម។ ពេលនេះ ពលរដ្ឋខ្មែរកាន់តែយល់ច្បាស់ថា តើនរណាជាអ្នកដែលគំរាមកំហែងពិតប្រាកដមកលើសន្តិភាព ស្ថិរភាព និងដំណើរការលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សនៅកម្ពុជា គឺ«ក្រុមប្រឆាំងជ្រុលនិយម» ដែលធ្វើនយោបាយយកកំហឹង ការសងសឹក និងការបោកប្រាស់ បំភ្លៃបំផ្លើសជាមូលដ្ឋាននៃការរៀបចំគោលនយោបាយ និងការធ្វើនយោបាយរបស់ពួកគេ។


ប្រឈមមុខនឹងការគំរាមកំហែងនេះ កម្លាំងប្រជាធិបតេយ្យ និងអ្នកស្នេហាជាតិ អ្នកការពារជាតិពិតប្រាកដបានរួមកម្លាំងក្រោមដំបូលគណបក្សប្រជាជនកម្ពុជា រះមសាមគ្គីជាធ្លុងមួយត្រៀមខ្លួនជានិច្ចក្នុងការទប់ស្កាត់ និងកម្ចាត់ចោលរាល់ផែនការបដិវត្តន៍ពណ៌ ផែនការទុច្ចរិតរបស់ក្រុមជ្រុលនិយមគ្រប់កាលៈទេសៈ។ នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាឆ្នាំ ២០២៣ ខាងមុខ ក្រុមប្រឆាំងជ្រុលនិយម មិនត្រូវប្រើវិធីសាស្ត្រ គំរាមកំហែងនិងគាបសង្កត់លើ គ.ជ.ប និងលើគណបក្សនយោបាយដទៃ ហើយស្រែកថាខ្លួនឯងជាជនរងគ្រោះ និងត្រូវបានគេគំរាម និងគាបសង្កត់ទេ។ យុទ្ធសាស្ត្រចាស់គំរិលនេះ គេបានដឹងអស់ហើយ!


ដោយ៖ ចៅចាក់ស្មុក

រាជធានីភ្នំពេញ, ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២









































No comments:

Post a Comment