Monday, June 13, 2022

សម្តេច​តេជោ ហ៊ុន សែន ៖ ​​កម្ពុជា​មិនទាន់ឈ្នះ​សង្រ្គាមកូវីដទាំងមូល​នៅឡើយទេ

នៅ​​ក្នុងពិធីចែកសញ្ញាបត្រ ជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ​២​ពាន់នាក់ ​នៅព្រឹកថ្ងៃទី ១៣ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន ​នា​យករដ្ឋមន្ត្រី​នៃកម្ពុជា បាន​លើកឡើងថា មកដល់ពេលនេះ កម្ពុជាទើបតែឈ្នះសមរភូមិកូវីដប៉ុណ្ណោះ តែសង្រ្គាមកូវីដទាំងមូល កម្ពុជាមិនទាន់ឈ្នះនៅឡើយទេ។ មាន​ន័យថា សង្គ្រាមប្រឆាំងជំងឺកូវីដ-១៩ មិនទាន់ឈ្នះ តែសមរភូមិអាល់ហ្វា ​ដែលតា និងអូមីក្រុង កម្ពុជាទប់​ទល់​បានហើយ។

បើតាមសម្តេច​តេជោ ហ៊ុន សែន ​ស្ថានភាពនេះ បានផ្ដល់អំណោយផលឲ្យប្រទេសកម្ពុជា អាចបើកដំណើរការឡើងវិញ​គ្រប់ផ្នែកទាំងអស់ ដែលធ្លាប់បានធ្វើមុនកូវីដ​បានមកដល់ តែត្រូវ​ធ្វើឡើងតាមរបៀបថ្មី។​ សម្ដេចតេជោ បានបញ្ជាក់ថា ពេលវេលាកន្លងទៅពេលនេះ ក៏ដូចជាពីរបីឆ្នាំទៅមុខទៀត ប្រធានបទកូវីដ-១៩ នៅ​តែជាបញ្ហា​សាំញាំសម្រាប់កម្ពុជា។ ដូច្នេះ​វា​មិនទាន់បញ្ចប់ទេ ហើយវាក៏មិនទាន់ទៅណាឆ្ងាយពីកម្ពុជាដែរ ដូច្នេះត្រូវមានការប្រុងប្រយ័ត្នបន្តទៀត។


​សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា បើ​សម្ដេចមិនច្រលំទេ កាលពីឆ្នាំមុន គឺជាពេលពេលវេលា ដែលកម្ពុជាខិតខំដាក់ចេញនូវបទបញ្ជា ដើម្បីពន្លឿនការរៀបចំក្តារមឈូសតែម្ដង។ ពី​ព្រោះពេលនោះ អត្រាស្លាប់បានកើនឡើង។ កាលពីឆ្នាំមុន គ្រាន់តែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ កម្ពុជាមានអ្នកស្លាប់រហូតដល់ជាង ៣ពាន់នាក់។ ដូច្នេះសភាពការណ៍ពេលនោះ គឺជាសភាពការណ៍ដ៏អាក្រក់សម្រាប់កម្ពុជា ហើយអ្វីដែលរាជរដ្ឋាភិបាល បានធ្វើនៅពេលនោះ គឺសម្រាប់ពេលនេះឯង ដែលពេលនោះរាជរដ្ឋាភិបាល បានបង្ខំចិត្តបិទរាជធានីភ្នំពេញ ក្រុងតាខ្មៅ ខេត្តព្រះសីហនុ ហើយក៏បានដាក់ចេញនូវការបិទខ្ទប់តាមគោលដៅ ដោយមានការបែងចែកជាតំបន់ក្រហម លឿងទុំ ជា​ដើម។ សម្តេចតេជោ បានបញ្ជាក់ទៀតថា ការបែងចែក ឬការដាក់វិធានការ​ទាំងឡាយ ​គ្មានអ្វីក្រៅពីសេចក្តីសុខរបស់ប្រ​ជាជន នោះទេ៕




No comments:

Post a Comment