Wednesday, May 04, 2022

អ្នកគាំទ្របក្សនយោបាយផ្សេងៗ ជាង១០០នាក់ ក្នុងនោះបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ និងសកម្មជនបក្សភ្លើងទៀន៣២នាក់ បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជននៅស្រុកសេសាន


(ស្ទឹងត្រែង)៖ គណបក្សប្រជាជនកម្ពុជា ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ បានប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ចំនួន១០៤នាក់ ក្នុងនោះមានបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងសកម្មជនគណបក្សភ្លើងទៀន ចំនួន៣២នាក់ នៅឃុំទាំង៦ នៃស្រុកសេសាន ខេត្តស្ទឹងត្រែង។


ពិធីប្រកាសបញ្ចូលសមាជិកថ្មីនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក សុវណ្ណ ពិសេដ្ឋ សមាជិកគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកសេសាន និងលោក សន នូ សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានគណៈចលនាមហាជនស្រុក ព្រមទាំងមានការចូលរួមពីសំណាក់សមាជិក សមាជិកាគណបក្សឃុំទាំង៧ ជាច្រើនរូបផងដែរ។


បើតាមយោងតាមរបាយការណ៍របស់គណបក្សស្រុកសេសាន បានបញ្ជាក់ថា អតីតបេក្ខជនឈរឈ្មោះ និងសកម្មជនគណបក្សនយោបាយផ្សេងៗទាំង១០៤នាក់នេះ មកពីគណបក្សភ្លើងទៀន ចំនួន៣២នាក់ ក្នុងនោះមកឃុំកំភុន ចំនួន២នាក់, ឃុំក្បាលរមាស ០៨នាក់, ឃុំស្ដៅ ០៩នាក់, ឃុំតាឡាត ១១នាក់, ឃុំស្រែគរ ០២នាក់, គណបក្ស សញ្ជាតិកម្ពុជា ម្នាក់, គណបក្សហ៊្វុនស៊ីនប៉ិច ចំនួន៧៣នាក់, គណបក្ស កសិករ ០៤នាក់។


នាឱកាសនោះដែរ លោក សុវណ្ណ ពិសេដ្ឋ បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តស្ទឹងត្រែង ជូនចំពោះសមាជិក សមាជិកាគណបក្សទាំងអស់ និងបានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់គណៈកម្មាធិការគណបក្សខេត្ត ស្រុក និងឃុំកន្លងមកទាំងការងារនយោបាយ សតិអារម្មណ៍ ចាត់តាំង ព្រមទាំងការចិញ្ចឹមចលនានៅតាមមូលដ្ឋាន។


លោកក៏បានស្វាគមន៍ និងថ្លែងអំណរគុណ ព្រមទាំងកោតសរសើរដោយស្មោះចំពោះបងប្អូនទាំងអស់ ដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងខ្សែជីវិតមករួមរស់ និងចូលរួមជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សរបស់ប្រជាជន និងដើម្បីប្រជាជន ហើយជានិច្ចកាលបានរួមសុខរួមទុក្ខជាមួយប្រជាជន។


លោក សុវណ្ណ ពិសេដ្ឋ បានបន្ថែមថា ប្រទេសជាតិក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន គឺមានការរីកចម្រើន និងអភិវឌ្ឍលើគ្រប់វិស័យ ជាក់ស្តែងនៅមូលដ្ឋានរបស់ស្រុកសេសាន មានផ្លូវបេតុង មានប្រព័ន្ធទឹកស្អាត ភ្លើង សាលារៀន មន្ទីរពេទ្យ និងរោងចក្រ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការងារធ្វើ និងមានជីវភាពល្អប្រសើរឡើង។


បើតាមលោក សន នូ បានជំរុញដល់សមាជិកគណបក្សទាំងអស់ ក្នុងពេលខាងមុខនឹងមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដូចនេះសូមសមាជិក សមាជិកាគណបក្សត្រូវចេះជួយគាំទ្រគ្នា សហការរួបរួមគ្នា ជួយគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងណាឱ្យទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា៕


No comments:

Post a Comment