Wednesday, May 04, 2022

វិភាគអន្តរជាតិ៖ សង្រ្គាមអ៊ុយក្រែន ដាស់យក្សជប៉ុនឱ្យភ្ញាក់ពីដេក?


(តូក្យូ)៖ សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែនដែលបាន និងកំពុងអង្រួនពិភពលោក បានក្លាយជាសារព្រមានផ្នែកសន្តិសុខមួយសម្រាប់បណ្ដាប្រទេសជាច្រើន ដោយការបំផ្លិចបំផ្លាញ រួមទាំងសោកនាដកម្មនានា បានជំរុញឱ្យមេដឹកនាំនៃប្រទេសនៅជុំវិញពិភពលោកចាប់ផ្ដើមគិតគូរឡើងវិញពីនយោបាយសន្តិសុខ និងយុទ្ធសាស្ត្រនៃប្រទេសជាតិរបស់ខ្លួន។


ហ្វាំងឡង់ និងស៊ុយអែតដែលធ្លាប់ជាប្រទេសប្រកាន់យកនយោបាយអព្យាក្រឹតរាប់ទសវត្សរ៍មកនេះ ដើម្បីអាចរួមរស់ដោយសន្តិភាពជាមួយរុស្ស៉ី បានប្រកាសពីចេតនាចង់ចូលជាសមាជិក NATO ហើយសូម្បីតែ ជប៉ុនក៏មិនអាចនៅស្ងៀមយកសុខតែឯង ចំពោះអ្វីដែលកំពុងកើតឡើងនៅអ៊ុយក្រែន បាននោះដែរ។ បើគេចាំមិនភ្លេចទេ, នៅពេលរុស្ស៉ីក្រសោបយកតំបន់គ្រីមៀពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤, រដ្ឋាភិបាលជប៉ុនក្រោមការដឹកនាំរបស់ អតីតនាយករដ្ឋមន្ត្រី លោក ស៊ីនហ្សូ អាបេ (Shinzo Abe) មានការស្ទាក់ស្ទើរយ៉ាងខ្លាំងក្នុងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើទីក្រុងមូស្គូដែលនេះផ្ទុយទាំងស្រុង ពីការទទូចចង់បានពីសំណាក់មហាអំណាចលោកខាងលិចជាសម្ព័ន្ធមិត្ត។


តែនៅពេលនេះ, ជប៉ុនបានចូលរួមជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប ក្នុងការបង្កើនការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៉ី និងចាប់ផ្ដើមទទួលយកជនភៀសខ្លួន មកពីអ៊ុយក្រែន ហើយទោះបីជាក្នុងចំនួនតិចតួចក៏ដោយ ប៉ុន្តែវាបានបង្ហាញថាសង្រ្គាមអ៊ុយក្រែនបានធ្វើឱ្យជប៉ុន នៅក្រោមរដ្ឋបាលនាយករដ្ឋមន្ត្រី លោក ហ្វូមីអុ គីស៉ីដា បានផ្លាស់ប្ដូរ៣៦០ដឺក្រេ មិនធ្លាប់មានពីមុនមក។ យ៉ាងណាក៏ដោយ ជប៉ុនត្រូវបានគេមើលឃើញថានៅតែមិនទាន់អាចត្រៀមលក្ខណៈ គ្រប់គ្រាន់ដើម្បីប្រឈមមុខនឹងវិបត្តិសន្តិសុខផ្ទាល់ខ្លួនណាមួយនៅឡើយនោះទេ។ បើតាមក្រុមអ្នកបង្កើតគោលនយោបាយជប៉ុន តូក្យូចាំបាច់រៀនសូត្រ ពីមេរៀនសំខាន់ៗមួយចំនួនដូចជាថាតើសង្រ្គាមអាចនឹងផ្ទុះឡើងដោយរបៀបណា? ព្រមទាំងចាប់ផ្ដើមដាក់ចេញផែនការការពារសន្តិសុខជាតិ ពីការគំរាមកំហែងនៅពេលអនាគត។


ក្រុមអ្នកបង្កើតគោលនយោបាយ និងអ្នកជំនាញនៅក្នុងប្រទេសជប៉ុន យល់ថាសង្រ្គាមដែលកំពុងកើតឡើងនៅអ៊ុយក្រែនបានផ្ដល់មេរៀនសំខាន់ចំនួន៣ សម្រាប់ជប៉ុនរៀនសូត្រ៖*ទីមួយ៖ នោះគឺ អ្នកអាចពឹងផ្អែកបានតែទៅលើ «សម្ព័ន្ធភាពសន្តិសុខផ្លូវការ» តែប៉ុណ្ណោះ មិនថាអ្នកមានមិត្តច្រើនប៉ុនណា នោះទេ។ តួយ៉ាងដូចជាក្នុងសង្រ្គាមអ៊ុយក្រែន, សហរដ្ឋអាមេរិក, សហភាពអឺរ៉ុប ឬ NATO មិនបានបញ្ជូនកងទ័ពឱ្យទៅជួយអ៊ុយក្រែនប្រយុទ្ធតតាំង ដោយផ្ទាល់ជាមួយកងទ័ពរុស្ស៉ីនោះទេ ទោះបីជាពួកគេបញ្ជូនអាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ឱ្យទីក្រុងកៀវក៏ដោយ។ នេះគឺដោយសារតែអ៊ុយក្រែន មិនមែនជាសមាជិក NATO។


ជប៉ុន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានពង្រីកទំនាក់ទំនងសន្តិសុខរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក, អូស្ត្រាលី, ឥណ្ឌា, អង់គ្លេស និងបារាំង ហើយមិនតែប៉ុណ្ណោះ តូក្យូក៏បានដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងសម្ព័ន្ធភាពចតុភាគី ឬហៅកាត់ថាក្វាដ (Quad) ដែលជាសម្ព័ន្ធភាពសន្តិសុខជាមួយ អាមេរិក អូស្ត្រាលី និងឥណ្ឌាផងដែរ។ សកម្មភាពយុទ្ធសាស្ត្រទាំងនេះពិតជាមានសារៈសំខាន់ ប៉ុន្តែវាមិនអាចជំនួសសម្ព័ន្ធភាពផ្លូវការ នៅក្រោមសន្ធិសញ្ញា រវាងអាមេរិក និងជប៉ុនបាននោះឡើយ។


ទី២៖ ដូចសុភាសិតមួយគេនិយាយថា «ចង់ឱ្យព្រះជួយ, ទាល់តែយើងចេះជួយខ្លួនឯងជាមុនសិន»។ អ៊ុយក្រែនទទួលបានការគំាទ្រ និងជំនួយយោធា ភ្លូកទឹកភ្លូកដីពីបណ្ដាប្រទេសជាច្រើន នោះគឺដោយសារតែប្រជាជនអ៊ុយក្រែនមានភាពក្លាហាន និងការប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងជាមួយសត្រូវឈ្លានពាន។ ឬអាចនិយាយបានថាបណ្ដាប្រទេសទាំងនោះនឹងមិនជួយអ៊ុយក្រែនទេ ប្រសិនបើយោធារបស់ពួកគេទម្លាក់អាវុធចុះចាញ់ ឬដួលរលំភ្លាមៗ។ ដូច្នេះរបៀប ដែលទាហានអ៊ុយក្រែនប្រយុទ្ធតស៊ូជាមួយសត្រូវឈ្លានពាន, វាជាមេរៀនមួយដាក់រំឮកជប៉ុនថា «ត្រូវតែចេះជួយខ្លួនឯងជាមុនសិន បើចង់ឱ្យអ្នកដទៃ គេជួយយើង»។


កាលពីពាក់កណ្ដាលឆ្នាំ២០១០, អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានចេញសារណែនាំមួយទៅកាន់មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិ ហើយទោះជាពាក្យសម្ដីរបស់លោកនៅពេលនោះ មិនបានបញ្ជាក់ចំៗ តែវាមានន័យដូច្នេះថា «នៅពេលដែលទីប្រជុំស៉ិនកាគូ (Senkaku) ត្រូវបាន ឈ្លានពាន រឿងចុងក្រោយគេដែលពួកអ្នកត្រូវធ្វើ នោះគឺស្វែងរកជំនួយជាបន្ទាន់ពីសហរដ្ឋអាមេរិក។ សម្ព័ន្ធភាពមួយអាចដំណើរការទៅមុខ លុះត្រាតែ ជប៉ុនត្រូវប្រឹងប្រែងជួយខ្លួនឯងជាមុនសិន»។ ម្លោះហើយនិយាយជារួម បើជប៉ុនមិនមានឆន្ទៈ និងមិនអាចការពារខ្លួនឯងបានទេ នោះសហរដ្ឋអាមេរិកក៏ ប្រហែលជានឹងមិនប្រថុយគ្រោះថ្នាក់ ដើម្បីការពារជប៉ុននោះដែរ។


ទី៣៖ «ភាពជាអ្នកដឹកនាំ» គឺជាអាវុធមួយដ៏សំខាន់នៃអំណាចយោធាដែលអាចកំណត់ពីលទ្ធផលនៅក្នុងសង្រ្គាម។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឌីមៀ ហ្សេលេនស្គី បានប្ដូរផ្ដាច់បន្តស្ថិតនៅក្នុងទីក្រុងកៀវ ទោះជាអាយុជីវិតរបស់លោក និងក្រុមគ្រួសាររងការគំរាមកំហែងក៏ដោយ ហើយថែមទាំងដាស់គំនិត ស្នេហាជាតិ ដែលបានប្រមូលផ្ដុំកម្លាំងប្រជាជនអ៊ុយក្រែនឱ្យឈរប្រកៀកស្មាគ្នាប្រឆាំងនឹងរុស្ស៉ី។


ប៉ុន្តែ ក្រៅតែពីមេរៀនទាំង៣នេះ, មានបញ្ហាមួយដែលជាកង្វល់ដ៏ធំសម្រាប់ជប៉ុន នោះគឺ «អំណាចនុយក្លេអ៊ែរកំញើញសត្រូវ» ហើយវាក៏បានស្ដែងឱ្យ ពិភពលោកបានឃើញរួចហើយដែរក្នុងសង្រ្គាមអ៊ុយក្រែន។ ពោលគឺ អាវុធនុយក្លេអ៊ែររបស់រុស្ស៉ី អាចកំញើញមិនឱ្យសហរដ្ឋអាមេរិក ឬ NATO លូកដៃ ដោយផ្ទាល់ជួយអ៊ុយក្រែន តែអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក មិនអាចកំញើញរុស្ស៉ីកុំឱ្យឈ្លានពានអ៊ុយក្រែនបាននោះទេ។ នេះហើយជាក្ដីកង្វល់ដ៏ធំ របស់ជប៉ុន ដែលខ្លាចថាវាអាចនឹងកើតឡើងដូចគ្នា ប្រសិនបើសង្រ្គាមនៅតៃវ៉ាន់ផ្ទុះឡើងនៅថ្ងៃណាមួយ។ ដ្បិត អាមេរិកមិនហ៊ានជួយអ៊ុយក្រែន ព្រោះខ្លាច សង្រ្គាមនុយក្លេអ៊ែរជាមួយរុស្ស៉ីផ្ទុះឡើង។ ដូច្នេះថាតើគេអាចធានាបានទេថា វ៉ាស៊ីនតោននឹងធ្វើអន្តរាគមន៍យោធាជួយតៃវ៉ាន់ ដោយមិនខ្លាច សង្រ្គាមនុយក្លេអ៊ែរ ឬសង្រ្គាមលោកលើកទី៣ ផ្ទុះឡើងជាមួយចិន?


អ្នកជំនាញដូចជាលោក ម៉ៃឃើល ស៊ូប្រាយ (Michael Shoebridge) ដែលជានាយកកម្មវិធីការពារជាតិ, យុទ្ធសាស្ត្រ និងសន្តិសុខជាតិនៃវិទ្យាស្ថាន គោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលី យល់ថាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តត្រូវតែស្ដារអំណាចនុយក្លេអ៊ែរកំញើញសត្រូវឡើងវិញ។ លោក ម៉ៃឃើល បានគូសបញ្ជាក់ដូច្នេះថា «សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកត្រូវតែធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីធ្វើឱ្យអំណាចនុយក្លេអ៊ែរកំញើញសត្រូវ របស់ពួកគេ មានប្រសិទ្ធភាពគួរឱ្យទុកចិត្តបាន»។ លោកបន្ថែមថា បញ្ហាសម្រាប់អឺរ៉ុបសព្វថ្ងៃ គឺអាវុធនុយក្លេអ៊ែររុស្ស៉ីអាចកំញើញសហរដ្ឋអាមេរិក ប៉ុន្តែអាវុធនុយក្លេអ៊ែរ របស់អាមេរិក និង NATO មិនអាចកំញើញលោក ពូទីន ពីការសកម្មភាពឈ្លានពានបាននោះទេ ហើយដូចគ្នាដែរស្ថានភាពនេះនឹងចោទឡើងនូវសំណួរ ពាក់ព័ន្ធនឹងការយល់ឃើញរបស់ចិន ចំពោះអំណាចនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។


គួរបញ្ជាក់ថា ចាប់តាំងពីសម័យសង្រ្គាមត្រជាក់មក, វាមិនមែនជាលើកទីមួយទេ ដែលជប៉ុនត្រូវអង្រួនដោយសកម្មភាពយោធារបស់ពួកមហាអំណាច ដោយ សង្រ្គាមឈូងសមុទ្រពែក្សឆ្នាំ១៩៩១, សង្រ្គាមរបស់អាមេរិកនៅអាហ្វហ្កានីស្ថានឆ្នាំ២០០១ និងនៅអ៉ីរ៉ាក់ក្នុងឆ្នាំ២០០៣ សុទ្ធតែបានជះឥទ្ធិពលដល់ជប៉ុន និងនយោបាយរបស់យក្សសេដ្ឋកិច្ចលំដាប់ទី៣ នៅលើពិភពលោកមួយនេះ។ នៅក្នុងសង្រ្គាមឈូងសមុទ្រពែក្ស សហរដ្ឋអាមេរិកបានបង្កើតក្រុមចម្រុះ អន្តរជាតិមួយ ដើម្បីប្រយុទ្ធជាមួយអឺរ៉ាក់ដែលឈ្លានពានគុយវ៉ែត ហើយនៅពេលនោះ វ៉ាស៊ីនតោនបានជំរុញឱ្យទីក្រុងតូក្យូចូលរួមក្នុងក្រុមចម្រុះនេះដែរ។ 

ប៉ុន្តែសំណើមិនធ្លាប់មាននេះបានបង្កភាពច្របូកច្របល់ និងចម្រូងចម្រាសយ៉ាងខ្លាំងក្នុងសង្គមជប៉ុន។ នៅចុងបញ្ចប់ ជប៉ុនយល់ព្រមចេញសែកមួយមានទឹក ប្រាក់ ១៣ពាន់លានដុល្លារ ដើម្បីគាំទ្រខាងហិរញ្ញវត្ថុដល់សង្រ្គាមនាំមុខដោយអាមេរិក តែជប៉ុននៅតែមិនអាចគេចផុតពីការរិះគន់ដែលថាធ្វើសកម្មភាព តិចតួច និងយឺតយ៉ាវ។


ក្រោយមក, ដោយសារតែបទពិសោធន៍នេះ, ជប៉ុនបានបញ្ជូនកងកម្លាំងស្វ័យការពារ (SDF) ទៅគាំទ្រសង្រ្គាមដឹកនាំដោយសហរដ្ឋអាមេរិក នៅអាហ្វហ្កានីស្ថាន និងអ៉ីរ៉ាក់។ ប៉ុន្តែ SDF អាចធ្វើសកម្មភាពបានត្រឹមតែជួយដល់បេសកកម្មផ្គត់ផ្គង់ប្រេងឥន្ធនៈនៅឯមហាសមុទ្រឥណ្ឌា អំឡុងសង្រ្គាម ក្នុងប្រទេសអាហ្វហ្កានីស្ថាន និងបេសកម្មមនុស្សធម៌ក្នុងប្រទេសអ៉ីរ៉ាក់ តែប៉ុណ្ណោះ។ សកម្មភាពទាំងនេះមិនបានធ្វើឱ្យជប៉ុនកែប្រែគោលនយោបាយដែល ផ្ដេកផ្ដួលលើការការពារពីសហរដ្ឋអាមេរិកនោះទេ។


រហូតដល់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈឥទ្ធិពលចិននៅក្នុងតំបន់រីកកាន់ធំ ទើបជប៉ុនសុខចិត្តដើរចេញបន្តិចម្ដងៗពី «នយោបាយតម្កល់ ផលប្រយោជន៍ជប៉ុនមុនគេ»។ នៅខែមីនា ឆ្នាំ២០១៦, ច្បាប់មួយបានចូលធរមានដែលអនុញ្ញាតឱ្យកងកម្លាំងស្វ័យការពារជប៉ុន អាចធ្វើសកម្មភាពបាន ទូលំទូលាយជាងមុន ដោយអាចគាំទ្រដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងវិបត្តិណាមួយដែលគំរាមកំហែងដល់អាយុជីវិតប្រទេសជាតិ បើទោះជាជប៉ុន មិនស្ថិតនៅក្រោមការវាយប្រហារដោយផ្ទាល់ក៏ដោយ។ ប៉ុន្តែសព្វថ្ងៃ ការពិតនៅតែដដែល នោះគឺថាប្រព័ន្ធការពារជាតិជប៉ុននៅតែងាយរងគ្រោះ ប្រឈមមុខនឹងទិដ្ឋភាពដ៏គ្រោះថ្នាក់នៃសន្តិសុខនៅជុំវិញជប៉ុន។ ដូច្នេះខណៈកំពុងផ្ដល់ជំនួយដល់អ៊ុយក្រែន ជប៉ុនក៏ចាំបាច់ស្រង់យកមេរៀនសំខាន់ៗពី សង្រ្គាមអ៊ុយក្រែន ហើយប្រើវាជាឱកាសពង្រឹងសន្តិសុខផ្ទាល់ខ្លួន៕


ប្រភព៖ Nikkei (ថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២)

ដោយៈ Fresh News



No comments:

Post a Comment