Sunday, May 01, 2022

វិភាគអន្តរជាតិ៖ ទំនាក់ទំនងអាមេរិក-អាស៊ាន នៅក្រោមស្រមោលសង្រ្គាមអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ កាលពីថ្ងៃទី២៩ ខែមីនាកន្លងទៅ, នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) បានធ្វើដំណើរទៅសួរសុខទុក្ខ លោកប្រធានាធិបតីអាមេរិក ចូ បៃដិនដល់សេតវិមាន ចំពេលសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែនកំពុងអង្រួនពិភពលោក។ កិច្ចសន្ទនារវាងមេដឹកនាំនៃ ប្រទេសទាំង២ គឺផ្ដោតជាសំខាន់លើការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន និងសន្តិសុខនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។


នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ លោក ចូ បៃដិនបានអះអាងថាភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងសិង្ហបុរី ក្នុងពេលបច្ចុប្បន្នមានភាពស្និទ្ធស្នាល និងរឹងមាំជាងពេលណាៗទាំងអស់ ខណៈលោក លី សៀនឡុង បានកត់សម្គាល់ដែរថាសិង្ហបុរីគាំទ្រឱ្យទីក្រុងវ៉ាស៊ីនតោនបង្កើនការប្ដេជ្ញាចិត្តចំពោះ តំបន់អាស៊ីអាគ្នេយ៍ ជាពិសេសចំពោះសិង្ហបុរី បើទោះជាមានសង្រ្គាមនៅអ៊ុយក្រែនក៏ដោយ។ ប៉ុន្តែថាតើនេះមានន័យថាលោក លី កំពុងចោទសួរ ដោយប្រយោលពី «ភាពគួរឱ្យទុកចិត្តបានរបស់លោក បៃដិន» នៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអាស៊ាន ឬ?


កាលពីពាក់កណ្ដាលឆ្នាំ២០២១ រដ្ឋបាលលោក ចូ បៃដិន បានបញ្ជូនមន្ត្រីជាន់ខ្ពស់របស់ខ្លួនជាច្រើនរូបឱ្យបំពេញទស្សនកិច្ចមកកាន់តំបន់អាស៊ីអាគ្នេយ៍ រហូតដល់សម្រេចបាននូវការរៀបចំកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន នៅឯសេតវិមានដែលគ្រោងនឹងធ្វើឡើងពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ។


នៅក្រោមការដឹកនាំរបស់លោក បៃដិន សហរដ្ឋអាមេរិកបានព្យាយាមយ៉ាងខ្លាំងក្នុងការស្ដារទំនាក់ទំនង និងទំនុកចិត្តឡើងវិញជាមួយអាស៊ាន ក្រោយ រកាំរកូសនឹងគ្នាស្ទើរតែពេញមួយអាណត្តិដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ កាលពីឆ្នាំ២០២១ សហរដ្ឋអាមេរិកបានរៀបចំ ជំនួបកម្រិតខ្ពស់ចំនួន១០លើកជាមួយអាស៊ានដោយផ្ដោតលើប្រទេសជាសមាជិកសំខាន់ៗសម្រាប់យុទ្ធសាស្ត្ររបស់ខ្លួន ដូចជាសិង្ហបុរី, ឥណ្ឌូណេស៊ី, ហ្វីលីពីន, វៀតណាម, ម៉ាឡេស៊ី និងថៃ ព្រមទាំងការបង្កើតគំនិតផ្ដួចផ្ដើមថ្មីៗជាច្រើននៅក្នុងតំបន់។ ហេតុផលនៅពីក្រោយជំនួបទាំងនេះ នោះគឺការបារម្ភពីការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់ និងបញ្ហាតំបន់សមុទ្រចិនខាងត្បូង។


ក៏ប៉ុន្តែ ខណៈភាពតានតឹងបានកើតឡើងនៅជុំវិញពិភពលោក តួយ៉ាងដូចជាសង្រ្គាមនៅអ៊ុយក្រែន វាបានតម្រូវឱ្យសហរដ្ឋអាមេរិកត្រូវតែចែករំលែក ការប្ដេជ្ញាចិត្តជាសកលរបស់ខ្លួន ហើយការធ្វើបែបនេះ បាន និងកំពុងបង្កឱ្យមានការសង្ស័យ និងសំណួរកាន់តែច្រើនឡើងជុំវិញការប្ដេជ្ញាចិត្តរបស់ អាមេរិកចំពោះអាស៊ាន។ បានន័យថាសកម្មភាពរុស្ស៉ីនៅអ៊ុយក្រែននឹងក្លាយជាការធ្វើតេស្ដមួយលើសហរដ្ឋអាមេរិក ហើយព្រមពេលជាមួយគ្នា ចិន ក៏អាចនឹងប្រើឱកាសល្អនេះដើម្បីធ្វើតេស្ដលើការប្ដេជ្ញាចិត្តរបស់អាមេរិកលើតំបន់អាស៊ីខាងកើត និងតំបន់អាស៊ីអាគ្នេយ៍។


ដូច្នេះតើវិបត្តិទំនាក់ទំនងរវាងអាមេរិក រុស្ស៉ី និង NATO ជះឥទ្ធិពលយ៉ាងដូចម្ដេចលើយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលមានគោលដៅខ្ទប់ការកើនឡើង ឥទ្ធិពលចិន? សំណួរនេះប្រហែលជាបានបង្ហាញដោយប្រយោលរួចទៅហើយ នៅក្នុងសេចក្ដីថ្លែងការណ៍របស់លោក លី សៀនឡុង។ សង្រ្គាមនៅ អ៊ុយក្រែនបានធ្វើឱ្យគេនឹកឃើញដល់សម័យសង្រ្គាមត្រជាក់ជាពេលដែលអាមេរិកដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក និងកងទ័ពដល់ទៅជាង ២៥០,០០០នាក់ ឱ្យឈរជើងនៅលើទឹកដីអាល្លឺម៉ង់ ក្នុងគោលបំណងកំញើញសហភាពសូវៀត។ ដូចគ្នាទៅនឹងហ្វីលីពីនដែលពឹងផ្អែកលើអាមេរិក ដើម្បីការពារផលប្រយោជន៍របស់ខ្លួននៅក្នុងតំបន់សមុទ្រចិនខាងត្បូង, អឺរ៉ុបពឹងផ្អែកយ៉ាងខ្លាំងលើអាមេរិកជាជាងពឹងផ្អែកលើ NATO ទាំងមូល។ ម្លោះហើយសម្រាប់ពួកគេ វត្តមាន និងការបេ្ដជ្ញាចិត្តរបស់អាមេរិកពិតជាមានសារៈសំខាន់បំផុត។


សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន បានកែប្រែការតម្រង់ទិសរបស់សហរដ្ឋអាមេរិក មិនមែនត្រឹមតែចំណាប់អារម្មណ៍ប៉ុណ្ណោះទេ តែក៏ផ្ដោតលើធនធាន យោធាផងដែរ ហើយរឿងមួយនេះវាបានកើតឡើងរួចទៅហើយ។ កាលពីប៉ុន្មានខែកន្លងទៅនេះ សហរដ្ឋអាមេរិកបានសម្រេចចិត្តដាក់ពង្រាយកងទ័ព ឡើងវិញទៅកាន់តំបន់អឺរ៉ុប ព្រមទាំងបង្កើនការផ្ដល់ជំនួយយោធាដល់បណ្ដាប្រទេសជាសមាជិក NATO ក្នុងតំបន់អឺរ៉ុបខាងកើត ជាពិសេស។ តែខណៈ សហរដ្ឋអាមេរិកកំពុងផ្ដោតលើ NATO និងអ៊ុយក្រែន, អាស៊ានឯណេះវិញក៏កំពុងសង្ស័យផងដែរថាតើអាមេរិកអាចនឹងមានការប្ដេជ្ញាចិត្តរយៈពេលវែង ក្នុងការផ្ដល់ធនធានចាំបាច់នានា ដើម្បីគាំទ្រតំបន់អាស៊ីអាគ្នេយ៍ និងឆ្លុះបញ្ចំងពីការចាត់ទុកអាស៊ានជាអាទិភាពនៅក្នុងយុទ្ធសាស្ត្រសន្តិសុខជាសកល របស់ខ្លួន ដែរ ឬក៏យ៉ាងណា?


សម្រាប់អាស៊ានសំណួរមួយនេះ វាមានជាបញ្ហាសំខាន់ពីព្រោះវាមានជាប់ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រសន្តិសុខជាតិជាអាទិភាព នៃរដ្ឋបាលអាមេរិកនីមួយៗ ដែលបានផ្លាស់ប្ដូរជាបន្តបន្ទាប់ រាប់ចាប់ពីការផ្ដោតលើតំបន់អឺរ៉ុប មជ្ឈិមបូព៌ា ហើយសព្វថ្ងៃរដ្ឋបាលលោក បៃដិន បានងាកមកផ្តោតលើការខ្ទប់ឥទ្ធិពល ចិននៅក្នុងតំបន់អាស៊ី ដែលនេះធ្វើឱ្យប្រទេសអាស៊ានខ្លះយល់ថាដើម្បីខ្ទប់ឥទ្ធិពលចិន ទើបអាមេរិកត្រូវការពួកគេ។ ផ្ទុយពីសហរដ្ឋអាមេរិក ចិនបាន ចាក់ឫសនៃទំនាក់ទំនងជាមួយអាស៊ានរួចស្រេចទៅហើយ ដោយបើទោះជាប្រទេសអាស៊ានភាគច្រើនមានការព្រួយបារម្ភចំពោះចិនក៏ពិតមែន តែពួកគេនៅតែចាត់ទុកចិន គឺជាអ្នកជិតខាងដ៏សំខាន់ ទោះជាពេញចិត្ត ឬមិនពេញចិត្តក៏ដោយ។


ដូច្នេះទាក់ទងនឹងអាស៊ាន រឿងដែលសំខាន់មិនមែនស្ថិតនៅត្រង់ការប្ដេជ្ញាចិត្តផ្ដល់ជំនួយ ឬធនធានយោធាដែលនឹងកំណត់ការសម្រេចចិត្តរបស់ រដ្ឋជាសមាជិកណាមួយតែប៉ុណ្ណោះទេ។ ប៉ុន្តែវាគឺអាស្រ័យទៅលើការយល់ឃើញរបស់ពួកគេថាតើអាចពឹងផ្អែកលើការសន្យា និងការប្ដេជ្ញាចិត្តរបស់ សហរដ្ឋអាមេរិកបានរយៈពេលប៉ុន្មាន ហើយជោគជ័យរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នឹងត្រូវពឹងផ្អែកលើគោលនយោបាយ យុទ្ធសាស្ត្រមួយទទួលស្គាល់ពីតម្រូវការចាំបាច់នៃការចូលរួមប្រកបដោយនិរន្តរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលនឹងត្រូវបានទទួលស្គាល់ដោយ រដ្ឋជាសមាជិកអាស៊ានផ្សេងគ្នាៗ សម្រាប់ទាំងផលប្រយោជន៍រយៈពេលខ្លី និងរយៈពេលវែង។


គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង បានធ្វើការសន្និដ្ឋានចុងក្រោយនៅក្នុងសេចក្ដីថ្លែងការណ៍រួមជាមួយលោក ចូ បៃដិន ដោយ រំលឹកដូច្នេះថា «សហរដ្ឋអាមេរិកមានប្រយោជន៍យុទ្ធសាស្ត្រនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយប្រទេសជាមិត្តជាច្រើននៅក្នុងតំបន់ចង់ឱ្យអាមេរិក ចូលរួមយ៉ាងសកម្ម និងជាប់លាប់នៅក្នុងតំបន់»។ ការអត្ថាធិប្បាយបែបនេះរបស់លោក លី បានឆ្លុះបញ្ចំងពីអារម្មណ៍ជាទូទៅនៃបណ្ដាប្រទេសអាស៊ាន ភាគច្រើនចំពោះការចូលរួមឡើងវិញពីសំណាក់រដ្ឋបាលលោក ចូ បៃដិន ហើយការរំលឹកនេះក៏ហាក់ដូចជាការព្រមានមួយពីលទ្ធភាពជំរុញឱ្យប្រទេស ដែលកំពុងបន្តពិចារណាឡើងវិញពីជំហររបស់ពួកគេ នៅចន្លោះការប្រជែងរវាងសហរដ្ឋអាមេរិក និងចិន ងាកចេញឆ្ងាយពីសហរដ្ឋអាមេរិក៕


ប្រភព៖ Diplomat (ថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២)

ដោយៈ Fresh News






No comments:

Post a Comment