Tuesday, April 12, 2022

វិភាគអន្តរជាតិ៖ ចិនរៀនបានអ្វីខ្លះពីសង្រ្គាមរបស់រុស្ស៉ី នៅអ៊ុយក្រែន?


(វ៉ាស៊ីនតោន)៖ សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី៤៧ហើយ ដោយមិនទាន់មានសញ្ញាណាមួយបង្ហាញថានឹងបញ្ចប់ នៅពេលណានោះទេ ចំពោះមុខការព្រមានថាកងទ័ពរុស្ស៉ីកំពុងដកថយប្រមូលកម្លាំង និងរៀបចំយុទ្ធសាស្ត្រឡើងវិញ ដើម្បីវាយកាន់កាប់តំបន់ ភាគខាងកើតរបស់អ៊ុយក្រែនទាំងស្រុង។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច រួមទាំងប្រទេសភាគច្រើនដែលជាសមាជិក អង្គការសហប្រជាជាតិសុទ្ធតែបានថ្កោលទោសថាការប្រើកម្លាំងយោធារបស់រុស្ស៉ីលើអ៊ុយក្រែនគឺជា «ទង្វើឈ្លានពាន»។


ក៏ប៉ុន្តែ ចិនមិនបានថ្កោលទោស ហើយក៏មិនបានបង្ហាញការគាំទ្រដល់សង្រ្គាមរបស់លោក ពូទីននោះដែរ ខណៈអ្នកជំនាញខ្លះយល់ថាចិនកំពុង រៀនសូត្រពីសង្រ្គាមនៅអ៊ុយក្រែន។ ម្លោះហើយថាតើចិនកំពុងស្រង់មេរៀនអ្វីខ្លះពីបទពិសោធន៍នៃសង្រ្គាមរបស់រុស្ស៊ី? ហើយតើវាមានជាប់ពាក់ព័ន្ធ អ្វីដែរនឹងអនាគតរវាងចិន និងកោះតៃវ៉ាន់?


* ចិននឹងមិនផ្លាស់ប្ដូរគោលនយោបាយចំពោះរុស្ស៉ីទេ

ទោះបីជាមានការអំពាវនាវពីសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចឱ្យចិនផ្លាស់ប្ដូរគោលនយោបាយសព្វថ្ងៃរបស់ខ្លួនចំពោះរុស្ស៉ី ក៏ដោយ តែការផ្លាស់ប្ដូរគោលនយោបាធំណាមួយរបស់ចិន ទំនងជានឹងមិនអាចធ្វើទៅរួចទេ។ ពីព្រោះចិនដឹងច្បាស់ថាការបោះបង់ចោលរុស្ស៉ី មិនអាចធ្វើឱ្យសហរដ្ឋអាមេរិក បង់បោះចោលគំនិតដែលចាត់ទុកចិនជាសត្រូវភូមិសាស្ត្រនយោបាយដ៏ធំបំផុតរបស់ខ្លួន នៅក្នុងស.វទី២១ នេះនោះទេ។ ផ្ទុយទៅវិញ បើចិនផាត់រុស្ស៉ីចោល នោះចិនខ្លួនឯងដែលជាអ្នកត្រូវប្រឈមមុខតែម្នាក់ឯងជាមួយអាមេរិក និងលោកខាងលិច ទៅថ្ងៃអនាគត ឬអាចនិយាយឱ្យងាយស្ដាប់ បើមានរុស្ស៉ីនៅក្បែរ ចិនអាចធ្វើឱ្យអាមេរិកឈឺក្បាលមិនតិចនោះទេ ពោលគឺអាមេរិកត្រូវបែងចែក ធនធានដែលខ្លួនមានដើម្បីតាមមើលរុស្ស៉ីនៅអឺរ៉ុប ហើយឃ្លាំមើលចិននៅអាស៊ី។


* សង្រ្គាមអ៊ុយក្រែនផ្ដល់មេរៀន និងឱកាសឱ្យចិន

សង្រ្គាមនៅអ៊ុយក្រែន វាមិនមែនត្រឹមតែជាពន្លកនៃសង្រ្គាមត្រជាក់ថ្មីមួយរវាងរុស្ស៉ី និងប្លុកលោកខាងលិចប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការធ្វើតេស្ដមួយ ដ៏ធំលើភាពរឹងមាំនៃទំនាក់ទំនងរវាងចិន និងរុស្ស៉ីផងដែរ ហើយទំនាក់ទំនងនេះនឹងត្រូវបានតម្លៃដោយសេដ្ឋកិច្ច, ទំនាក់ទំនងការទូត និងផលប្រយោជន៍យុទ្ធសាស្ត្រទប់ទល់ជាមួយលោកខាងលិច។ ឬអាចនិយាយម្យ៉ាងទៀតបានថារុស្ស៉ីនឹងកាន់តែពឹងផ្អែកលើខ្លាំងលើចិនទាំង សេដ្ឋកិច្ច, បច្ចេកវិទ្យា, នយោបាយ និងការទូត គឺវាអាស្រ័យថាតើលោកខាងលិចធ្វើឱ្យមូស្គូឯកាដល់កម្រិតណា។


និយាយជារួម ការធ្វើឱ្យរុស្ស៉ីទន់ខ្សោយដោយសារសង្រ្គាម ឬទណ្ឌកម្ម ប៉ុន្តែមិនចលាចល និងមិនអស្ថិរភាព វាគឺស្របទៅនឹងផលប្រយោជន៍ រយៈពេលវែងរបស់ចិន។ ពីព្រោះថាចង់ ឬមិនចង់ វានឹងធ្វើឱ្យរុស្ស៉ីកាន់តែត្រូវការចិន ខ្លាំងជាងចិនត្រូវការរុស្ស៉ី។ ដោយឡែក ក្រៅតែពីឱកាស ចិនក៏អាចស្រង់យកមេរៀនសំខាន់ៗពីសង្រ្គាមនៅអ៊ុយក្រែនផងដែរ។ ក្រុមអ្នកជំនាញលោកខាងលិចបាននិយាយថាប្រសិទ្ធភាពនៃទណ្ឌកម្មប្រឆាំង រុស្ស៉ីពីសំណាក់បណ្ដាប្រទេសលោកខាងលិច អាចនឹងកំញើញចិនកុំឱ្យយកគំរូតាមរុស្ស៉ីប្រើកម្លាំងយោធាលើតៃវ៉ាន់។


ជាការពិតណាស់, មានមេរៀនដ៏មានតម្លៃ ៣យ៉ាងដែលចិនកំពុងរៀនពីសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ ម្យ៉ាង ចិនអាចនឹងធ្វើការសន្និដ្ឋានថា ការប្រើកម្លាំងយោធាលើកោះតៃវ៉ាន់ក្នុងពេលអនាគតដ៏ខ្លី ឬមធ្យម ហើយគួបផ្សំនឹងបរិបទបច្ចុប្បន្ន ដែលបក្សសម្ព័ន្ធប្រឆាំងចិនលេចរូបរាងឡើង ជាបន្តបន្ទាប់នៅក្រោមយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ដូចជា AUKUS ឬ Quad គឺមិនអាចធ្វើទៅបានឡើយ។ ផ្ទុយទៅវិញ អ្វីដែលចិនត្រូវធ្វើ គឺមានតែខំប្រឹងពង្រឹងសមត្ថភាពខ្លួនឯង រង់ចាំឱកាសល្អមកដល់។ ចំណែកឯ មេរៀនទី២ គឺចិននឹងបង្កើនគោលនយោបាយ

កាត់បន្ថយការពឹងផ្អែកលើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច, បច្ចេកវិទ្យា និងធនធាន។ ប៉ុន្តែរឿងបែបនេះមិនអាចប្រើពេលមួយឆ្នាំពីរឆ្នាំចង់សម្រេចវា ឱ្យបាននោះទេ។ ចុងក្រោយគេ, ចិននឹងរៀនសូត្រពីកំហុសឆ្គងរបស់កងទ័ពរុស្ស៉ីនៅលើសមរភូមិសង្រ្គាមអ៊ុយក្រែន, ការទូត និងជាពិសេសគឺ ប្រព័ន្ធផ្សព្វផ្សាយតែម្ដង ដូចដែលចិនធ្លាប់បានរៀនសូត្រពីបរាជ័យនៃអតីតសហភាពសូវៀត ដែលមេរៀនមួយជួយឱ្យចិនពង្រីកឥទ្ធិពលរបស់ខ្លួន អំឡុងទសវត្សរ៍ឆ្នាំ១៩៩០ និងក្លាយជាមហាអំណាចមួយដូចសព្វថ្ងៃ។


* ចិនព្យាយាមធ្វើយ៉ាងណាកុំឱ្យមានវាសនាដូចរុស្ស៉ី

ថ្នាក់ដឹកនាំចិនបានមើលឃើញយ៉ាងច្បាស់ពីសាមគ្គីភាពរបស់លោកខាងលិចក្នុងការចាត់វិធានការឆ្លើយតប្រឆាំងនឹងរុស្ស៉ី ដែលនេះបាននិងកំពុង ធ្វើឱ្យចិនធ្វើសកម្មភាពយ៉ាងប្រុងប្រយ័ត្នជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក រឿងមួយដែលគេតែងតែលើកយកមកជជែក នៅស្រុកចិន នោះគឺចិនត្រូវតែពង្រឹងសេដ្ឋកិច្ច, បច្ចេកវិទ្យា និងអភិវឌ្ឍសមត្ថភាពយោធាឱ្យមានសមត្ថភាពការពារខ្លួនឯង។


តាមរយៈការពង្រឹងសមត្ថភាពផ្ទៃក្នុងនេះ, ចិនសង្ឃឹមថាអាចនឹងការពារខ្លួនពីផលវិបាក ឬការខូចខាតដូចដែលរុស្ស៉ីកំពុងជួបប្រទះ នោះគឺទណ្ឌកម្ម សេដ្ឋកិច្ច។ តួយ៉ាងភ្លាមៗ នៅក្រោយសង្រ្គាមផ្ទុះឡើង ចិនបានធ្វើសកម្មភាពយ៉ាងប្រុងប្រយ័ត្នពាក់ព័ន្ធនឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្ស៉ី ហើយ ធ្វើដូច្នេះដើម្បីធានាឱ្យបានថាក្រុមហ៊ុនចិននឹងមិនជាប់ទណ្ឌកម្មលោកខាងលិចដោយសារតែរុស្ស៉ីទេ។ មិនតែប៉ុណ្ណោះនៅពេលដែលក្រុមមន្ត្រី លោកខាងលិចមួយចំនួនទាញភ្ជាប់តៃវ៉ាន់ និងអ៊ុយក្រែន ចិនបានចេញមុខព្រមានដោយច្រានចោលថាតៃវ៉ាន់មិនមែនជាអ៊ុយក្រែននោះទេ ព្រោះ តៃវ៉ាន់សព្វថ្ងៃគឺជាផ្នែកមួយរបស់ចិនរួចស្រេចទៅហើយ។


ដូច្នេះជាទ្រីស្ដីចិននឹងបន្តគាំទ្រ និងជួយរុស្ស៉ីតាមដែលអាចធ្វើទៅបាន ហើយរិះគន់សហរដ្ឋអាមេរិក និងលោកខាងលិច។ តែជាការអនុវត្តចិននឹង នៅតែប្រឹងធ្វើយ៉ាងណា មិនឱ្យខ្លួនឯងធ្លាក់ជ្រោះដោយសារតែជួយរុស្ស៉ីនោះឡើយ៕


ប្រភព៖ Foreign Policy (ថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២)

ដោយៈ Fresh News





No comments:

Post a Comment