Thursday, February 24, 2022

សម្រង់ប្រសាសន៍ដើមទាំងស្រុង សម្តេចតេជោ ហ៊ុន សែន,​ បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និង លើកទិសដៅការងារ ឆ្នាំ ២០២២ របស់ក្រសួងមហាផ្ទៃ

CNV: 23 ខែ​កុម្ភៈ, 2022

 ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់ក្រសួងមហាផ្ទៃ បន្ទាប់ពីការខកខាននៅឆ្នាំកន្លងទៅដោយសារការឆ្លងរីករាលដាលនៃជំងឺរាតត្បាតសកលកូវីដ -១៩។

ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសម្តែងនូវការកោតសរសើរ​ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ  កងកម្លាំងនគរបាលជាតិ មន្ត្រីរដ្ឋបាលស៊ីវិល មន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានចូលរួម​យ៉ាងសកម្ម ក្នុងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ការចូលរួមរបស់ក្រសួងស្ថាប័ន​​នៃរាជរដ្ឋាភិបាល កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ធ្វើឱ្យកម្ពុជាមានសមត្ថភាពអាចបើកប្រទេស​ពេញលេញឡើងវិញ ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅតាមគន្លងប្រក្រតីភាពថ្មីចាប់តាំងពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២១។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ កងកម្លាំង​នគរបាលជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ​បានខិតខំអនុវត្ត​តួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយ​ស្មារតីទទួលខុសត្រូវ​ខ្ពស់ ដូចខាងក្រោម៖

១. កងកម្លាំង​នគរបាលជាតិសហការ​ជាមួយកងកម្លាំងមានសមត្ថកិច្ចនានា និងគណៈបញ្ជាការឯកភាពរដ្ឋបាល គ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ រក្សាបានយ៉ាងរឹងមាំនូវសុខសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិសុខផ្ទៃក្នុងប្រទេស សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ទប់ស្កាត់បានទាន់ពេលវេលានូវរាល់សកម្មភាពរបស់ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិនានា ដែលប៉ុនប៉ងធ្វើសកម្មភាពខុសច្បាប់ផ្តួល​​រំលំរាជរដ្ឋាភិបាល ធ្វើឱ្យបទល្មើស ព្រហ្មទណ្ឌឆ្នាំ ២០២១ មានការថយចុះ ៦% ហើយបានបង្ក្រាបបទល្មើសនានាសម្រេច​បានរហូតដល់ ៩៣% ដែលជាអត្រាមួយដ៏ខ្ពស់។

២. កងកម្លាំងនគរបាលជាតិ សហការ​ជាមួយកងយោធពលខេម​ភូមិន្ទ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច​ពាក់ព័ន្ធ បានបន្តថែរក្សាការពារបានយ៉ាងរឹងមាំនូវបូរណភាព ទឹកដី សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាព​សង្គម នៅតាមតំបន់ព្រំដែន ជាមួយនឹងការគ្រប់គ្រងការចេញចូល​ឆ្លងកាត់ព្រំដែន ដើម្បីទប់ស្កាត់បង្ក្រាបបទល្មើសនានាឆ្លងកាត់ព្រំដែន យ៉ាងមានប្រសិទ្ធភាព។

៣. កងកម្លាំងមានសមត្ថកិច្ចបានខិតខំស្រាវជ្រាវ   បង្ក្រាបសកម្មភាពជួញដូរ ការចរាចរគ្រឿងញៀនខុសច្បាប់ទាំងតាម​ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងតាម​បញ្ញើ​ប្រៃសណីយ៍ ខិតខំស្រាវជ្រាវបង្រ្កាប​ការរក្សាទុក ការចែកចាយ និងការប្រើ​ប្រាស់គ្រឿងញៀនខុសច្បាប់បានជាច្រើន​ករណី បង្រ្កាបបានក្នុងទ្រង់ទ្រាយធំនូវទីតាំង​ផលិតកែច្នៃគ្រឿងញៀនសំយោគ និងសារធាតុគីមី បានបន្តខិតខំធ្វើកិច្ចសហការ​ជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិនានាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការ​ផលិត ការចរាចរ និងការចែកចាយ ទាំងក្នុងតំបន់ និងពិភពលោក។

៤. បានបង្កើនការយកចិត្តទុកដាក់ ទាំងផ្នែកសន្តិសុខ សុវត្ថិភាព ជីវភាព អនាម័យ និងសុខភាពជនជាប់ឃុំនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារទូទាំងប្រទេស ពង្រឹងអនុវត្តនូវវិធានការសុខាភិបាលក្នុងពន្ធនាគារ ការចាក់វ៉ាក់សាំងឱ្យបានគ្រប់ដុសតាមផែនការ ដើម្បីការពារការចម្លង នៅក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ​នានា។

៥. បានអនុវត្តការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្រេចបាននូវសមិទ្ធផលគន្លឹះ គឺកម្មវិធី​ជាតិរយៈពេល ១០ ឆ្នាំ ដំណាក់កាលទី ២ (២០២១-២០៣០) ដែលជាផែនទីបង្ហាញផ្លូវក្នុងការបន្តកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យក្លាយទៅ​ជាស្ថាប័ន​រដ្ឋបាល​ប្រកបដោយសក្តានុពល ទាំងសមត្ថភាពមុខងារ និងធនធាន ដើម្បីលើកកម្ពស់​គុណភាពនៃការផ្តល់សេវា​សាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបសេចក្តីត្រូវការ​របស់ប្រជាពលរដ្ឋនៅតាមគ្រប់មូលដ្ឋាន។

៦. សម្រេចបាននូវការរៀបចំក្របខណ្ឌគោលនយោបាយ ក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ការពង្រឹងស្ថាប័ន និងការអភិវឌ្ឍ​ធនធានមនុស្ស ការជួញដូរមនុស្ស ផលិត​ផល​ក្លែងក្លាយ​ ការចុះបញ្ជីគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ការទទួលពាក្យបណ្តឹង​ពីប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស។

ពេលនេះ កម្ពុជាក៏ដូចជាបណ្តា​ប្រទេសនៅក្នុងតំបន់ និងពិភពលោកកំពុងបន្តប្រយុទ្ធជាមួយជំងឺរាតត្បាតសកលកូវីដ-១៩ និងជំងឺកូវីដបំប្លែងថ្មី ហើយក៏កំពុងដោះស្រាយបញ្ហាប្រឈមនានាជាមួយនឹងវិបត្តិនយោបាយ និងបញ្ហាសន្តិសុខ​សកល ដែលកាន់តែស្មុគស្មាញ តាមរយៈការប្រកួតប្រជែង​ដណ្តើម​ភូមិសាស្ត្រនយោបាយ យោធា សេដ្ឋកិច្ច និងបច្ចេកវិទ្យា។ ជាមួយគ្នានេះ ក្រុមប្រឆាំងជ្រុលនិយម​ និងមជ្ឈដ្ឋានអគតិ ទាំងក្នុង​ និងក្រៅប្រទេសមួយចំនួននៅតែបន្តរិះរក​គ្រប់ឧបាយកលទុច្ចរិតដើម្បីធ្វើឱ្យវឹកវរក្នុងសង្គម។

ដើម្បីកម្ពុជារក្សាបាននូវសុខសន្តិភាព ទាំងបច្ចុប្បន្ន និងអនាគត ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមផ្តល់នូវគោលការណ៍ណែនាំដូចខាងក្រោម៖

ទី១៖ បន្ត​រួមគ្នាថែរក្សា​ការពារសុខ​សន្តិភាព ស្ថិរភាព នយោបាយ ឯករាជ្យ បូរណភាពទឹកដី អធិបតេយ្យជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ បន្តជំរុញលើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្ស ការការពារ  និងលើកស្ទួយសិទ្ធិសេរីភាពរបស់ ប្រជាពលរដ្ឋជាមួយនឹងការពង្រឹងនីតិរដ្ឋ  ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។

ទី២៖ បង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជាប់ជាប្រចាំ ត្រូវបន្តធ្វើការកែទម្រង់កងកម្លាំងនគរបាលជាតិ ផ្អែកតាមយុទ្ធសាស្ត្រ និងផែនការសកម្មភាពនានាដែលបានកំណត់ ពង្រឹងកងកម្លាំងនគរបាលជាតិ កសាងសមត្ថភាពកម្លាំងនគរបាលជាតិប្រកបដោយជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់ ត្រូវប្រគល់តួនាទីភារកិច្ចមន្រ្តីក្រោមឱវាទ​ស្របតាមមុខជំនាញ បទពិសោធន៍ និងស្នាដៃបំពេញការងារ។ ត្រូវ​​ទប់ស្កាត់​រាល់សកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លងកាត់ព្រំដែនគ្រប់រូបភាព បទល្មើសបច្ចេកវិទ្យា ការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ និងបទល្មើសផ្សេងៗទៀត ជាពិសេសត្រូវបន្តស្រាវជ្រាវរាល់សកម្មភាពខុសច្បាប់ ដែលប៉ុនប៉ង​ផ្តួល រំលំរាជរដ្ឋាភិបាលស្របច្បាប់ ​។

ទី៣៖ ដើម្បីបន្តពង្រឹងយុទ្ធនាការ​ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ប្រកបដោយតម្លាភាព ខ្ញុំសូមណែនាំដល់ក្រសួង​មានសមត្ថកិច្ចពាក់ព័ន្ធ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធត្រូវសហការត្រួតពិនិត្យការនាំចូល ការគ្រប់គ្រង ការចែកចាយ និងប្រើប្រាស់សារធាតុគីមីផ្សំនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសឱ្យបានជាប់ជាប្រចាំ ដើម្បីធានាការប្រើប្រាស់ត្រឹមត្រូវស្រប​តាមគោលការណ៍អនុញ្ញាត។ ត្រូវ​ពិនិត្យ ​វាយតម្លៃ និងរៀបចំឡើងវិញនូវគោលការណ៍ព្យាបាល និងការស្តារ​នីតិ​សម្បទាអ្នកញៀនគ្រឿងញៀនដែលមានការកើនឡើង​ជាលំដាប់។

ទី៤៖ កងកម្លាំងមានសមត្ថកិច្ចត្រូវបង្កើនវិធានការ​អប់រំច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋ បង្កើនការរៀបចំស្លាកសញ្ញាចរាចរណ៍ និងសណ្តាប់ធា្នប់តាមដងផ្លូវ តាមទីក្រុង ទីប្រជុំជននានា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ហើយធានាសុវត្ថិភាពក្នុងការធ្វើដំណីរ។

ទី៥៖ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូម​ផ្តល់ការណែនាំដល់រដ្ឋមន្ត្រីនៃក្រសួងស្ថាប័ននានា ត្រូវពង្រឹងការចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងយន្តការនានា ដែលរាជរដ្ឋាភិបាលបានបង្កើតឡើង ដើម្បីរួមគ្នាអនុវត្តប្រកបដោយ​ប្រសិទ្ធភាពនូវផែនការសកម្មភាពនៃយុទ្ធសាស្ត្រជាតិស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម​ និងផែនការ​សកម្មភាពនានា ដែលក្រុមការងារត្រួតពិនិត្យ​ រួមគ្នានៃប្រទេសអាស៊ី-ប៉ាស៊ីហ្វិក បានដាក់ចេញសំដៅ​ការពារ កិត្តិយស កិត្យានុភាពជាតិ និងការចូលរួមរបស់កម្ពុជាក្នុងការរក្សាសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។

ទី៦៖ ត្រូវបន្តបង្កើនការគ្រប់គ្រងការចេញចូលប្រទេស ទប់ស្កាត់​ជនបរទេសចេញចូលស្នាក់នៅខុសច្បាប់​អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ និងបន្តពង្រឹងយន្តការ​គ្រប់គ្រងវត្តមានជនបរទេសខុសច្បាប់ក្នុងប្រទេស ដែលបានប្រព្រឹត្តបទល្មើស​នានា ដើម្បីចាត់វិធានការ​តាម​ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៃព្រះរាជាណាចក្រកម្ពុជា។

ទី៧៖ ផ្អែកលើការវាយតម្លៃសមិទ្ធផលអនុវត្ត “គោលនយោបាយ​ភូមិ ឃុំមានសុវត្ថិភាព” ដែលបានអនុវត្តក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមក រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវគោលនយោបាយភូមិ ឃុំ សង្កាត់មាន សុវត្ថិភាពថ្មី ដោយពង្រីកវិសាលភាពផ្តល់​សេវាសាធារណៈ ជាពិសេសការផ្តល់សេវារដ្ឋបាលប្រកបដោយតម្លាភាព និងការជឿទុកចិត្ត ការរៀបចំប្រព័ន្ធសម្របសម្រួលដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ការលើកកម្ពស់ការថែរក្សាការពារ​បរិស្ថាន អនាម័យ សោភ័ណភាពនៅតាមមូលដ្ឋាន ព្រមទាំងការរៀបចំ និងពង្រឹងប្រព័ន្ធគ្រប់គ្រងឆ្លើយតបគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតនានា រួមទាំងជំងឺកូវីដ-១៩។ ដូច្នេះ ក្រសួងស្ថាប័ន​ពាក់ព័ន្ធត្រូវរួសរាន់រៀបចំដាក់ចេញនូវគោលការណ៍ និងវិធានការនានាដើម្បីអនុវត្ត រួមទាំងការដាក់ចេញនូវចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព សំដៅលើកកម្ពស់ការ​ចូលរួម​ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីភាពសុខុដុម-រមនា និងគុណភាពជីវិតប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ទី៨៖ ឆ្នាំ ២០២២ នេះ ជាឆ្នាំដំបូងដែលត្រូវអនុវត្ត ផែនការ ៥ ឆ្នាំ នៃកម្មវិធីជាតិ​កែទម្រង់វិមជ្ឈការ និងវិសហ-មជ្ឈការ ដំណាក់កាលទី ២  ដូច្នេះដើម្បីបន្តជំរុញដំណើរការកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យសម្រេចបានតាមគោលដៅ ក្រសួងស្ថាប័ននានា រដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិត្រូវបន្ត​ចូលរួមរៀបចំផែនការសកម្ម​ភាព និងថវិកាប្រចាំឆ្នាំ ដើម្បីអនុវត្តការកែទម្រង់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ក្នុងនោះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិត្រូវសហការ​សម្របសម្រួលជាមួយក្រសួងស្ថាប័ន និងអ្នកពាក់ព័ន្ធនានា ធ្វើការសិក្សាវាយតម្លៃឡើងវិញអំពីដំណើរការនៃការ​ផ្ទេរមុខងារ និងធនធាន ដែលបានអនុវត្តកន្លងមក ហើយត្រូវបន្តវាយតម្លៃអំពីសមត្ថភាព និងស្មារតីទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តមុខងារ និងធនធានដែលបានផ្ទេរ សំដៅបន្តលើកកម្ពស់ភាពជាម្ចាស់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន និងការពង្រឹងសមត្ថភាព​រដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយប្រសិទ្ធភាព។


[ផ្ដើមអត្ថាធិប្បាយ ១]

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!

ទាក់ទិនជាមួយនឹងកម្មវិធីជាតិកែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ខ្ញុំសុំយកឱកាសនេះ ដើម្បីនិយាយទៅកាន់ថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ ក៏ដូចជាអភិបាលខេត្តរាជធានី អំពីការតែងតាំងមន្ត្រី។ កន្លងទៅ យើងបានខិតខំរៀបចំឲ្យមានមន្ត្រីជនជាតិភាគតិចនៅតំបន់ឥសាន និងនៅខេត្តកោះកុង។ ពីមុននោះ យើងបានបញ្ជូនមន្ត្រីជាច្រើនដែលជាជនជាតិខ្មែរ ឡើងទៅកាន់កិច្ចការសំខាន់ៗ នៅឯភូមិភាគឥសាន។ ប៉ុន្តែក្រោយមក យើងក៏បានរៀបចំបណ្តុះបណ្តាលឲ្យមន្ត្រីនៅទីនោះទទួលខុសត្រូវការងារនៅទីនោះ ហើយយើងធ្វើកិច្ចការងារនេះប្រកប​ដោយជោគជ័យ។ ខេត្តកោះកុងក៏ដូចគ្នា។

បញ្ហាមួយដែលខ្ញុំស្នើឲ្យយកចិត្តទុកដាក់ នោះគឺទាក់ទងជាមួយនឹងស្ថានភាពបោះចំរុះនៅផ្នែកខាងក្នុង ដែលមានបងប្អូនជនជាតិឥស្លាមរស់នៅយ៉ាងច្រើននៅតាមបណ្តាខេត្ត និងស្រុកមួយចំនួន។ ខ្ញុំស្នើឲ្យបណ្តាខេត្តដែលមានបងប្អូនឥស្លាមរស់នៅ យកចិត្តទុកដាក់រៀបចំដើម្បីឲ្យមានហោចណាស់អភិបាលរងម្នាក់នៅក្នុងខេត្តដែលមានប្រជាជនច្រើន ហើយបើអាចធ្វើទៅបាន មានសមត្ថភាពធ្វើអភិបាលស្រុកឬខណ្ឌ ដែលមានបងប្អូនឥស្លាមច្រើន។

នេះមិនមែនជាកូតាទេ តែជាបញ្ហាទាក់ទិនជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសម្រួលដល់ការធ្វើការងារ។ ពិតមែនហើយ  (សំរាប់)បញ្ហានេះ គឺកន្លែងមានកំណត់។ យើងឃើញថាឥឡូវនេះ នៅពេលដែលយើងចាប់ផ្តើមផ្ទេរការងារពីថ្នាក់ជាតិទៅឲ្យថ្នាក់ក្រោមជាតិ កិច្ចការថ្នាក់ក្រោមជាតិកាន់តែច្រើន។ ដូច្នេះហើយបានជាគណៈអចិន្ត្រៃយ៍ បានសម្រេចប្រគល់ភារកិច្ចជូនសម្តេចក្រឡាហោម ដើម្បីធ្វើវិសោធនកម្មច្បាប់ ទាក់ទងជាមួយនឹងការបង្កើននូវចំនួនកៅអី សម្រាប់គណៈអភិបាលខេត្តរាជធានី គណៈអភិបាលស្រុក ខណ្ឌ ក្រុង ផងដែរ។

ដូច្នេះ ខ្ញុំស្នើឲ្យយកចិត្តទុកដាក់ពិនិត្យ ស្រុកណាដែលមានឥស្លាមរស់នៅ គប្បីមានអភិបាលរងម្នាក់ នៅក្នុងស្រុកនោះ ឬខណ្ឌនោះ ធ្វើយ៉ាងដូច្នេះ គឺយើងងាយសម្រួលនៅក្នុងទំនាក់ទំនងបែបសហគមន៍ ហើយដែលវាជាផ្នែកមួយនៃសុខដុមរមនីយក្នុងចំណោមជាតិសាសន៍របស់យើង។ ខ្ញុំនិយាយឡើងវិញ នេះមិនមែនជាកូតា ដែលត្រូវតែដាក់ឥស្លាមទេ ក៏ប៉ុន្តែនេះជាគោលនយោបាយ ដែលយើងត្រូវយកចិត្តទុកដាក់។ សុំអំពាវនាវចំ​ពោះនិស្សិត ក៏ដូចជាមន្ត្រីដែលជាជនជាតិឥស្លាម យកចិត្តទុកដាក់ពង្រឹងសមត្ថភាព ព្រោះមិនអាចថាកន្លែងហ្នឹងត្រូវតែដាក់ឥស្លាម ហើយចេះតែរើសយកមកដាក់ ឲ្យតែមានគ្រប់ជើងគឺមិនមែនយ៉ាងដូច្នេះទេ។

ត្រូវចាប់ផ្តើមពីយើងរៀបចំក្របខណ្ឌគោលនយោបាយរបស់យើង សម្រាប់ថ្នាក់ខេត្តហោចណាស់ត្រូវមាន អភិបាលខេត្តម្នាក់ និងអភិបាលរងខេត្តម្នាក់ ជាស្រ្ដី

… ត្រូវចាប់ផ្តើមពីយើងរៀបចំក្របខណ្ឌគោលនយោបាយ ដូចជាយើងបានដាក់ចេញថា សម្រាប់ថ្នាក់ខេត្តហោចណាស់ត្រូវមានស្ត្រីម្នាក់ជាអភិបាលរងខេត្ត។ បើសិនជាអភិបាលខេត្តជាស្រ្តី អញ្ចឹងក្នុងគណៈអភិបាលខេត្តមានដល់ទៅ ២ បានសេចក្តីថា អភិបាលខេត្តមួយ និងអភិបាលរងមួយ។ ហ្នឹងយើងដាក់ចេញជាគោលការណ៍ទូទៅ ហើយនៅតាមស្ថាប័នយើងក៏បានដាក់ចេញនូវគោលនយោបាយដែរ គឺហោចណាស់ឲ្យមានរដ្ឋលេខាធិការម្នាក់យ៉ាងតិច និងអនុរដ្ឋលេខាធិការម្នាក់យ៉ាងតិច។ ឥឡូវនេះ យើងក៏រៀបចំក្របខណ្ឌគោលនយោបាយបែបនេះ។ អញ្ចឹងសុំឲ្យបណ្តាខេត្តដែលមានបងប្អូនឥស្លាម ពិនិត្យរៀបចំ តើស្រុកប៉ុន្មាននៅក្នុងខេត្តរបស់ខ្លួនដែលគប្បីត្រូវរៀបចំ ហើយលើកសំណើនេះមកកាន់ក្រសួងមហាផ្ទៃ ដើម្បីពិនិត្យលក្ខណៈសម្បត្តិតែងតាំងមន្ត្រីទាំងនោះនៅពេលក្រោយ។

យើងនឹងរៀបចំកែ ឬហៅថាវិសោធនកម្មច្បាប់ ដើម្បីនឹងបង្កើនចំនួនអាសនៈសម្រាប់ការទទួលមុខងារកាន់តែច្រើន។ ឥឡូវខ្ញុំនិយាយតាមត្រង់ ខ្ញុំអាណិតបងប្អូននៅខាងក្រោម។ ការងារច្រើនពេក។ ការងារយើងជារដ្ឋមន្ត្រីនៅភ្នំពេញវាងាយទេ ងាយត្រង់ថា គឺយើងនៅក្នុងការិយាល័យ។ ពិតមែនហើយត្រូវចុះទៅតាមខេត្តនានា ក៏ប៉ុន្តែមន្ត្រីនៅឯមូលដ្ឋានគ្នាលំបាកណាស់។ ជួនកាលយើងហៅមកប្រជុំនៅភ្នំពេញ គឺវិលវល់នៅភ្នំពេញហ្នឹង ប៉ុន្តែនៅឯមូលដ្ឋានគឺកិច្ចការច្រើនណាស់ ដែលត្រូវបន្តធ្វើ។ ជាពិសេសនៅពេលដែលយើងផ្ទេរមុខងារកាន់តែច្រើន ទំងន់ការងារធ្លាក់ទៅខាងក្រោមកាន់តែច្រើន។

ដូច្នេះហើយបានជាយើងមានការចាំបាច់យ៉ាងដូច្នេះ ដែលខ្ញុំសុំអំពាវនាវឲ្យមានការជួយរៀបចំ ដើម្បីយើងងាយស្រួលដោះស្រាយ។ ឧទាហរណ៍ថា បញ្ហាកើតឡើងនៅក្នុងតំបន់ឥស្លាមរស់នៅ អ្នកដែលធ្វើការសម្របសម្រួល​នៅទីនោះ គឺឥស្លាមនោះឯង ដែលចាំបាច់ត្រូវចេញមុខមុនគេ ទៅធ្វើការដោះស្រាយអំពីបញ្ហានេះ។ វាជាផ្នែកមួយនៃគោលនយោបាយដែលយើងបានរៀបចំ ដូចជានៅខេត្តកោះកុង ខេត្តស្ទឹងត្រែង ខេត្តរតនៈគីរី និងខេត្តមណ្ឌលគីរី ដូចគ្នាដែរ។ មិនមានច្រើនទេ បើខ្ញុំសង្កេតឃើញ ខេត្តដែលមានបងប្អូនឥស្លាមច្រើនគឺរួមមានខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តពោធិសាត់ ខេត្តកំពត តែប៉ុន្មានខេត្តទេ ហើយនឹងអាចភ្នំពេញ ដែលមានប៉ុន្មានខណ្ឌ ដូចជាតែមួយខណ្ឌទេ។

… យើងក៏ត្រូវឲ្យមន្ត្រីដែលយើងត្រូវយកមករៀបចំនេះ បំពេញនូវលក្ខខណ្ឌចាំបាច់ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលបាននូវការតែងតាំងជាអភិបាលរង ឬក៏ជាអភិបាល។ នេះគ្រាន់តែជាការបញ្ជាក់បន្ថែមអំពីកំណែទម្រង់សម្រាប់ដំណើរការទៅខាងមុខនូវថ្នាក់មូលដ្ឋាន ដែលត្រូវយកចិត្តទុកដាក់ទៅលើការរៀបចំនេះជាបន្តទៀត។


[ចប់អត្ថាធិប្បាយ ១]

ទី៩៖ ត្រូវបន្ត​ខិតខំរួមគ្នាអនុវត្តវិធានការ​នានារបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយបន្តជំរុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាវិធានការគន្លឹះ ភ្ជាប់ជាមួយការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ​ “៣កុំ ៣ ការពារ” ឱ្យបានជាប់ជាប្រចាំ ព្រមទាំងប្រកាន់យករបៀបរស់នៅ​ និងបំពេញការងារជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។


[ផ្ដើមអត្ថាធិប្បាយ ២]

រួមគ្នា្វធ្វើយុទ្ធនាការគាំទ្រអង្គភាពគយនិងពន្ធដារ ដើម្បីប្រមូលចំណូល


សម្ដេចឯកឧត្តម លោកជំទាវ!

ខ្ញុំគិតថានៅមានរឿងមួយ ដែលសម្ដេច ឯកឧត្តម លោកជំទាវ អាចចាត់ទុកថា ចំណុចទី ១០ ក៏បាន ឬក៏ជាចំណុចចង្អុលទិស ដោយឡែកមួយក៏បាន ទាក់ទិនជាមួយបញ្ហាស្នើឲ្យកម្លាំងទាំងអស់ ទាំងកម្លាំងប្រដាប់អាវុធ ក៏ដូចជាស៊ីវិលរបស់យើង គាំទ្រចំពោះដំណើរការប្រមូលចំណូលជូនរដ្ឋ និងខិតខំសន្សំសំចៃការចំណាយ ដែលខ្ញុំនឹងបញ្ជាក់ជូន។

នេះទាក់ទងនឹងចំណុច ២។ ចំណុចទី ១ ខ្ញុំសូមបញ្ជាក់ថា ត្រូវតែរួមគ្នាធ្វើយុទ្ធនាការដើម្បីគាំទ្រដល់អ្នកប្រមូលចំណូល គឺមាន អង្គភាពគយ និងពន្ធដារ។ បើចំណូលមិនមែនសារពើពន្ធ វាអាចពាក់ព័ន្ធនឹងសមត្ថកិច្ចនៃផ្នែកដទៃ ប៉ុន្ដែការប្រមូលចំណូល បើសិនយើងប្រមូលចំណូលមិនបាន ហើយបណ្ដែតបណ្ដោយឲ្យមានវប្បធម៌អត់(បង់)ពន្ធបន្ដរស់រានតទៅទៀត វាជាគ្រោះមហន្ដរាយដល់ប្រទេសយើង។ ខ្ញុំលើកជាឧទា​ហរណ៍ដើម្បីយកមកជម្រាបអំពីភាពដាច់ខាត។ ពេលហ្នឹងប្រសិនបើខ្ញុំមិនដាច់ខាតទេ តើយើងគួរធ្វើយ៉ាងម៉េចទៀត។ ខ្ញុំសូមលើក កន្លងទៅពេលដែលខ្ញុំចាប់ចេញបទបញ្ជាដាច់ខាតថា ចាប់ពីក្នុងខែ៦ ខែ៧ ឆ្នាំខាងមុខនេះ មិនត្រូវមានឡានអត់ពន្ធ ឬចង្កូតស្ដាំនៅលើផ្លូវទៀត។ យើងប្រមូលចំណូលបានចេញពីឡានអត់ពន្ធ ៥ ៩៩៣ គ្រឿង ស្មើនឹង ៥១ ៦០០ ០០០ ដុល្លារ ស្ថិតិត្រឹមកាលពីម្សិល។ តាមការប៉ាន់ស្មានយើងនៅមានឡានពាក់កណ្ដាលទៀត ដែលមិនទាន់បង់ពន្ធ។ អញ្ចឹងការប៉ាន់ស្មានរបស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ មិនខុសទេ។ គឺមានជាង ១ ម៉ឺនគ្រឿង ដែលមានតម្លៃជាង ១០០ លានដុល្លារ។ ឥលូវ យើងចាប់ពីចេញវិធានការតឹងរឹង។ រហូតមកដល់ពេលនេះ យើងប្រមូលបានអ្នកលួចពន្ធគឺចំនួន ៥១ លានដុល្លារ។ នេះគ្រាន់តែទាក់ទងនឹងរថយន្ដ។ អញ្ចឹងនៅមានអ្វីផ្សេងទៀត។

ដូច្នេះ ខ្ញុំសូមឲ្យមន្ដ្រី ឬអ្នកមានប្រាក់ទិញរថយន្ដ ឬម៉ូតូប្រើប្រាស់ ត្រូវមានចំណែកបង់ពន្ធជូនរដ្ឋ។ យើងមិនអាចធ្វេសប្រហែសលើបញ្ហានេះទេ។ បើរដ្ឋគ្មានចំណូលតើបានអ្វីសម្រាប់ការចំណាយ … កន្លងទៅអត់មានអ្នកក្រណាមានលុយទិញឡានទេ។ ហ្នឹងនិយាយគ្នាត្រង់ៗ អញ្ចឹងតែម្ដង។ អ្នកក្រយ៉ាងច្រើនគាត់បានលុយទៅទិញម៉ូតូកញ្ចាស់មួយហ្នឹង។ ប៉ុន្ដែអ្នកជិះឡានធំៗ ថ្លៃៗ នោះ មានលុយទៅទិញហើយ មកបន្លំលេខទៀត ជួនកាលជ្រកក្រោមស្លាកលេខកងទ័ព នគរបាល រដ្ឋសភា ព្រឹទ្ធសភា រដ្ឋាភិបាល។ ដូច្នោះ តើអ្នកណាជាអ្នកមាន? គេហៅថាសុទ្ធតែពួកអ្នកមាន ពួកអ្នកធំ តែម្ដង។

អញ្ចឹងបាន(ថា) ប្រសិនបើយើងធ្វើគម្រូមិនល្អហើយតើឲ្យគេបង់ពន្ធយ៉ាងម៉េច។ អញ្ចឹងសូមបន្ដសហការ … ត្រូវតែរុញអ្នកមិនបង់ពន្ធឲ្យទៅបង់ពន្ធ។ នេះជាចំ​ណុចដែលខ្ញុំសូមអំពាវនាវនិងចេញបញ្ជា ដើម្បីឲ្យគ្រប់ថ្នាក់គ្រប់ស្ថាប័នធ្វើនូវកិច្ចការងារនេះ … តើយើងរាល់ថ្ងៃបានលុយពីណាមកបើកប្រាក់ខែ? យើងមិនស៊ីប្រាក់ខែបានពី(ការប្រមូល)ពន្ធ ហើយមិនមែនប្រាក់ខែតែនៅកន្លែងហ្នឹងទេ គឺប្រាក់ខែ(មន្ដ្រីរាជការ)ទូទាំងប្រទេស។ ត្រូវការចំណាយដទៃទៀត។ អញ្ចឹងសូមឲ្យទាំងអស់គ្នាធ្វើកិច្ចការទាក់ទងនឹងការជួយគាំទ្រដល់ផ្នែកគយនិងពន្ធដារ។ ប្រសិនបើខ្វះការជួយគាំទ្រពីអាជ្ញាធរមូលដ្ឋាននិងកម្លាំង(ប្រដាប់អាវុធ) យើងមិនអាចសម្រេចគោលដៅប្រមូលថវិកាជូនជាតិនោះទេ។


គោលនយោបាយមិនយកពន្ធលើដីស្រែកសិកម្មតាំងពី ឆ្នាំ ១៩៧៩

នៅកម្ពុជាមានការបន្ធូរបន្ថយច្រើនណាស់សម្រាប់ប្រជាជនរបស់ខ្លួន ក្នុងនោះពន្ធដីកសិកម្ម។ យើងមិនដែលយកពន្ធដីកសិកម្ម យកមកធ្វើជាថវិកាជាតិរបស់យើងទេ។ គណបក្សប្រជាជនបានដឹកនាំកិច្ចការនេះតាំងពីឆ្នាំ ១៩៧៩ ហើយប្រសិនបើគណបក្សប្រជាជនបន្ដដឹកនាំតទៅទៀត ពន្ធដីស្រែចម្ការ ពន្ធដីធ្វើកសិកម្មរបស់ប្រជាពលរដ្ឋនៅតែមិនយក។ ប្រសិនបើអ្នកដឹកនាំជាន់ក្រោយយកពន្ធលើដីស្រែ បើវិញ្ញាណខ្ញុំនៅដឹងខ្ញុំនឹងដាក់បណ្ដាសារ ព្រោះជានយោបាយរបស់ខ្ញុំតាំងដើមទីមក។ ខ្ញុំមិនយកពន្ធលើដីស្រែ ពន្ធដីកសិកម្មពីកសិករទេ។ អញ្ចឹងក្រោមការដឹកនាំរបស់ខ្ញុំ តាំងពីឆ្នាំ ១៩៨៥ មក ខ្ញុំមិនយក(ពន្ធដីស្រែកសិកម្ម)។ តាំងពីឆ្នាំ ១៩៧៩ ក្នុងក្របខណ្ឌមេដឹកនាំរហូតមកដល់ពេលនេះ ៤៣ ឆ្នាំហើយ ក៏ខ្ញុំនៅតែមិនយក។ ប្រសិនបើខ្ញុំអាចរស់នៅដល់ ១០០ ឆ្នាំ ខ្ញុំនៅតែមិនយក(ពន្ធដីស្រែកសិកម្ម) ប៉ុន្ដែប្រសិនបើខ្ញុំស្លាប់ទៅ ក្មេងដឹកនាំគណបក្សប្រជាជនជំនាន់ក្រោយ យកពន្ធដីស្រែពីកសិករ បើវិញ្ញាណខ្ញុំដឹងគឺខ្ញុំនឹងដាក់បណ្ដាសារតែម្ដង។

កសិករត្រូវការជំនួយឧបត្ថម្ភពីយើង មិនមែនត្រូវការយកពន្ធពីពួកគាត់ទេ។ យើងត្រូវការនិយោគប្រព័ន្ធប្រឡាយនិងការវិនិយោគ​ដទៃទៀត ដើម្បីឲ្យពួកគាត់អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ មិនមែនជាពេលវេលាដែលត្រូវយក។ បើយកពីពួកគាត់មិនអាចក្លាយជាអ្នកមានបានទេ រុញឲ្យពួកគាត់ទៅជាអ្នកមានទៅ។ វាបន្ធូរបន្ថយទៅដល់ការដែលយើងត្រូវធ្វើអន្ដរាគមន៍ដើម្បីជួយពួកគាត់។ ខ្ញុំក៏ធ្លាប់ជួបនឹងទឹកភ្នែកម្ដាយឪពុកខ្ញុំដែរ។ ណាគ្រោះទឹកជំនន់ លិចអស់ស្រូវលិចអស់ស្រែ ហើយពន្ធមិនត្រូវបានបន្ធូរបន្ថយទេ។ រឿងនេះ មិនមែនរឿងថ្មីទេ។ (ករណី​ហេតុការណ៍នៅ)ភូមិតិរច្ឆាននៅខេត្តកំពង់ឆ្នាំងតើមកពីអី? តាំងពីទសវត្សរ៍ ៤០ ឯណោះ។ បារាំងយកពន្ធ។ ដល់ប្រជាជនរកអី(បង់ពន្ធ)មិនបាន កាប់បារាំងទៅ។ ដាក់ទៅជាឈ្មោះភូមិតិរច្ឆានទៅ។ ហ្នឹងរឿងពន្ធ។

អញ្ចឹងទេ បានជាខ្ញុំប្ដូរផ្ដាច់ក្នុងមួយជីវិតនេះគឺថា ខ្ញុំមិនមានបាតដៃណាមួយទៅយកពន្ធពីដីស្រែកសិករទេ។ ផ្ទុយទៅវិញដឹកនាំកំណែទម្រង់ដីធ្លីដែល ប៉ុល ពត ដកហូត ទៅជាសម្បត្ដិរួមអស់ហើយ ទៅចែកកម្មសិទ្ធិឲ្យប្រ​ជាជនវិញ។ ចែកតាំងពីប្រជាជនមានត្រឹម ៦ ទៅ ៧ លាន នាក់ ឥលូវ ប្រជាជនឡើងដល់ ជិត ១៧ លាននាក់ ខ្វះដី ទៅដណ្ដើមដីគ្នាខ្ទេចពេញព្រៃ។ ឥលូវនេះ បើប្រជាជនរីកចំរើនអញ្ចឹងទុកឲ្យគាត់(អត់ដី) ឬយ៉ាងម៉េច … ខ្ញុំសូមស្នើឲ្យអ្នករកស៊ីទាំងឡាយ ធ្វើការបង់ពន្ធទៅតាមច្បាប់ដែលមានជាធរមាន ហើយស្នើឲ្យអាជ្ញាធរគាំទ្រចំពោះការយកពន្ធពីសំណាកផ្នែកគយនិងពន្ធដារឲ្យបានត្រឹមត្រូវ។ ហ្នឹងចំណុចទី ១។


យកចិត្តទុកដាក់គ្រប់គ្រងចំណាយ

ចំណុចទី ២ ខ្ញុំសូមនិយាយឲ្យអាជ្ញាធរក្រោមជាតិត្រូវយកចិត្តទុកដាក់ពេលនេះទៅលើការគ្រប់គ្រងចំណាយ។ យើងទាំងអស់គ្នាបានដឹងរួចហើយថា ពិភពលោកកំពុងឆ្លងកាត់នូវការលំបាកទាក់ទិននឹងកូវីដ-១៩។ មុនឆ្នាំ ២០២០ មកដល់ ក្នុងមួយឆ្នាំយើងរកបាន ៣ យើងចាយអស់ ២ យើងសន្សំបាន ១ … ប៉ុន្តែ តាំងពីកូវីដ-១៩ ចាប់ផ្តើមវាយប្រហារមក យើងរកប្រាក់មិនគ្រប់ចំណាយទេ។ ទោះបីក្នុងមួយខែយើងរកបានលើសពីជាង ៤០០ លានដុល្លារ ក៏ប៉ុន្តែវាមិនគ្រប់គ្រាន់សម្រាប់ការចំណាយរបស់យើងទេ។

ប្រាក់ដែលយើងសន្សំបានកាលពីពេលមុនកាន់តែខ្សោះទៅៗ … អញ្ចឹង ខ្ញុំសុំចេញបទបញ្ជា។ បើទោះបីថាមានគម្រោងរួចហើយ ក៏ប៉ុន្តែបើពន្យារបាន ពន្យារសិនទៅចាំឲ្យកូវីដ-១៩ វាថយក្រោយសិន។ បើគិតតែចាយដោយមិនបានមើលអំពីប្រភពចំណូលដែលវាថយ ទំហំចំណាយហ្នឹងវាធំ។ ធំខ្លះ ធំយើងចៀសវាមិនរួច។ កន្លែងខ្លះយើងចៀសរួច យើងចៀសទៅ ពន្យារសិនទៅ។ យើងចៀសវាមិនរួច ដូចជា(តម្រូវការ)លុយទិញវ៉ាក់សាំងយកចាក់ឲ្យប្រជាជន។ អាហ្នឹងចៀសមិនរួចទេ ពន្យារក៏មិនបានដែរ ត្រូវតែមាន(វ៉ាក់សាំង)យកមកចាក់ឲ្យ​ប្រជាជន។ ថ្ងៃហ្នឹងបើកយុទ្ធនាការចាក់(វ៉ាក់សាំងឲ្យកុមារ)អាយុ ៣ ឆ្នាំ។


បន្តព្យាបាល/ចិញ្ចឹមអ្នកជំងឺកូវីដ-១៩ នៅមណ្ឌលចត្តាឡីស័ក បន្តឧបត្ថម្ភប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ

អញ្ចឹង មិនដឹងពេលណាដែលយើងត្រូវឈប់ប្រើវ៉ាក់សាំង។ យើងត្រូវតែមានលុយ។ មិនអាចខ្ចីបុលគេ ទៅទិញបណ្តាក់ពីគេបានទេ។ សាច់លុយទៅទាំងដុលតែម្តង។ បញ្ចេញថវិកា។ ប្រជាពលរដ្ឋដែលយើងត្រូវចិញ្ចឹមគាត់ក្នុងមួយខែជិត ៤០ លានដុល្លារនេះ ត្រូវតែបន្តចិញ្ចឹមគាត់តទៅទៀត។ ការចំណាយទៅលើការព្យាបាលអ្នកជំងឺនៅមណ្ឌលថែទាំជំងឺកូវីដ-១៩ និងបណ្តាមណ្ឌលចត្តាឡីស័កត្រូវតែមានការចិញ្ចឹមឲ្យបានត្រឹមត្រូវ និងមានថ្នាំ។ ឥឡូវថ្នាំកាន់តែល្អ។ យើងបញ្ជាទិញមក។ ថ្ងៃហ្នឹងឲ្យបញ្ចេញ(ថវិកា) ដោយសារតែថ្នាំដែលយើងដាក់ទៅតាមមូលដ្ឋាន តាមឱសថស្ថាន និងកន្លែងលក់មួយចំនួនខ្វះ។

ម្សិលមិញ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន តាមសំណើរបស់ក្រសួងសុខាភិបាល ក៏បានស្នើសុំឲ្យស្តុកបម្រុងបញ្ចេញ ៧.០០០ ដូស សម្រាប់ថ្ងៃនេះ ព្រោះប៉ុន្មានថ្ងៃទៀតនឹងមកដល់ ដូចជាថ្ងៃទី ២៥ ឬថ្ងៃទី ២៧ នឹងមកដល់ថ្មី។ អញ្ចឹង យើងចេញ ៧.០០០ ដូស។ ហ្នឹងថ្នាំប្រភេទចាក់សម្រាប់អ្នកជំងឺកូវីដ-១៩។ (ថ្នាំ)ហ្នឹងមិនមែនចេះតែងាយស្រួលទិញទេណា។ ជួនកាលមានលុយហើយទិញមិនបានទៀត។ ប៉ុន្តែត្រូវតែមានលុយទិញឲ្យគេ។ ត្រូវតែមានលុយ។ ហ្នឹងគឺជារឿងដែលចៀសមិនផុត។


ពន្យារការចំណាយមិនចាំបាច់ រក្សាតុល្យភាពក្បាលចូលនិងក្បាលចេញ

… ២ ឆ្នាំហើយ យើងអត់បានតម្លើងបៀវត្ស ឲ្យមន្រ្តីរាជការរបស់យើងទេ។ ខ្ញុំសូមអរគុណចំពោះគ្រប់ស្ថាប័ន ដែលបានអនុវត្តតាមការស្នើសុំដ៏ទទូច និងបទបញ្ញត្តិដែលបានដាក់ចេញ គឺមិនជ្រើសរើសបុគ្គលិកថ្មីដែលជាបន្ថែមទំងន់បន្ទុកបុគ្គលិកនៃការចំណាយនោះទេ។ បន្តការខិតខំបន្តទៅទៀត។ រើសបុគ្គលិកក៏ត្រូវតែគិត តែចាប់ផ្តើមរើសព្រឹប … ត្រូវគិតចាប់ផ្តើមពីថ្ងៃដែលគេចូលធ្វើការរហូតដល់ថ្ងៃដែលគេស្លាប់។ ព្រោះអី? តែគេធ្វើការហើយ គេត្រូវទទួលបៀវត្ស ដល់ពេលគេចូលនិវត្ត ត្រូវមានប្រាក់ឲ្យគេចូលនិវត្ត រហូតដល់ថ្ងៃស្លាប់។ ហ្នឹង គេហៅថាបន្ទុកបុគ្គលិក ដែលធម្មតាគេឲ្យចាយតែ ៤ ភាគរយនៃ GDP ផលិតផលសរុបក្នុងស្រុក។ ក៏ប៉ុន្តែ យើងបានចំណាយដល់ទៅ ៤, ៥ ឬ ៦ ភាគរយ ទៅហើយ។

យើងមិនខ្លាចទេ។ យើងមានថវិកា។ យើងបានផ្តល់។ គ្រាន់តែយើងមិនបានតម្លើងប្រាក់ខែតែប៉ុណ្ណោះ។ តែយើងនៅបានឧបត្ថម្ភចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌសម្រាប់មន្រ្តីរាជការ និងកម្លាំងប្រដាប់អាវុធរបស់យើង។ ហ្នឹងសុទ្ធតែជាចំណាយចាំបាច់។ ប៉ុន្តែ ចំណាយខ្លះវាអត់ទាន់ចាំបាច់សោះ។ ពន្យារសិនទៅ។ ខ្ញុំសុំស្នើឲ្យ​ពន្យារ ដើម្បីយើងកាត់បន្ថយការចំណាយ។ យើងត្រៀមបម្រុងទុកលុយនេះ ក្រែងលោចូលដល់កត្តាចៃដន្យ។ នេះចេះសំណាងល្អដែលយើងរក(លុយ)បាន។ ខែមុននេះ យើងរកបានប្រហែលជា ៤៧០ លានដុល្លារ មួយខែមករា កន្លងទៅនេះ ប៉ុន្តែ ៤៧០ លានហ្នឹងវាអត់គ្រប់ទេ សម្រាប់ការចំណាយរបស់យើង។

… ពីមុនយើងរកបាន ៣ យើងចាយអស់ ២ យើងសន្សំបាន ១។ (ដូចនេះហើយ)បានយើងសន្សំសាច់ប្រាក់យើងទុកបានយ៉ាងក្រាស់ក្រែល។ ជាភ័ព្វសំណាង ពេលដែលកើតកូវីដ-១៩ យើងមានទុនហ្នឹងប្រើប្រាស់។ អញ្ចឹង ខ្ញុំសុំឲ្យគ្រប់ផ្នែកពាក់ព័ន្ធ កុំអីចេះតែចាំបាច់ មានអាចាំបាច់ ដល់ប៉ុណ្ណេះទៀត ខ្ញុំវាហួសចិត្តដែរ។ ប៉ុន្តែចារដោយគួរសមទេ។ ម្សិលម្ង៉ៃមួយ … (មានសំណើថា)អង្គភាពត្រូវការចាំបាច់ដើម្បីចុះមូលដ្ឋាននៅឆ្នាំ ២០២២ និងឆ្នាំ ២០២៣ សុំស្នើទិញរថយន្ត ២ គ្រឿង … Ford មួយគ្រឿងឆ្នាំ ២០២២ និងអាស្អីនោះមួយគ្រឿងទៀតឆ្នាំ ២០២២។ បានខ្ញុំចារត្រឡប់ទៅវិញថា ថវិកាកំពុងជួបការលំបាក មិនអនុញ្ញាតឲ្យទិញទេ។ ខ្ញុំថាយកអា Ford ធុនហ្នឹង យកមកអ្នកណាជាអ្នកជិះ? ថាប្រធានអង្គភាពជាអ្នកជិះ។ ជិះទៅណា? ថាជិះហេតុផលចុះមូលដ្ឋាន។ វាគ្មានហេតុផលចុះមូលដ្ឋានអីទេ។ ខ្ញុំមិនស្គាល់ការងារអស់ហ្នឹងអី?

យើងផ្អាកសិន ពន្យារសិន។ ផែនការខ្លះពន្យារបាន គឺពន្យារ។ ខ្ញុំសុំឲ្យរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ គ្រប់គ្រងអាហ្នឹងឲ្យម៉ឺងម៉ាត់ឲ្យខ្ញុំ។ ខ្ញុំមិនអាចអស់ទុនបម្រុងរបស់ខ្លួន សម្រាប់ការប្រយុទ្ធនោះទេ។ ខ្ញុំស្នើឲ្យទាំងអស់គ្នានៅទីនេះ សូមកុំលើកសំណើ ហើយអ្នកខាងក្រោមហ្នឹងទៀតកុំរពឹសដៃលើកសំណើ។ តែលើកសំណើមក រដ្ឋមន្រ្តីទើសទាល់ក៏ស៊ីញ៉េ។ ស៊ីញ៉េមកដល់នាយករដ្ឋមន្រ្តី ត្រូវបោះទៅរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ឲ្យផ្តល់មតិលើថវិកា។ ប៉ុន្តែ កន្លែងខ្លះ ខ្ញុំឃើញថាវាចាំបាច់ វាត្រូវធ្វើ។ ហ្នឹង ខ្ញុំមិនចាំបាច់សួររដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុទេ។ ខ្ញុំសុំចារយកតែម្តង។ ខ្ញុំសុំស្នើឲ្យទាំងអស់គ្នា យកចិត្តទុកដាក់សន្សំសំចៃថវិកា ក្នុងការចំណាយ។ កន្លែងណាដែលត្រូវចាយ គប្បីចាយ  កន្លែងណាដែលមិនគប្បីចាយ គឺផ្អាកការចាយសិនទៅ ឬក៏កុំចាយ ឬក៏ពន្យារការចាយសិន ដើម្បីធានាឲ្យមានតុល្យភាពរវាងក្បាលចេញ ហើយនិងក្បាលចូល។ កុំឲ្យវាបាត់តុល្យភាពខ្លាំងពេក ដែលធ្វើឲ្យប្រាក់ដែលយើងសន្សំនេះជួបការលំបាក។

ហ្នឹងជាចំណុចដែលខ្ញុំចង់និយាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយពេលខ្លះ នាយករដ្ឋមន្រ្តីមានការទើសទាល់ដែរ។ នៅពេលដែលមានសំណើ រួចអ្នករៀបចំសំណើរហ្នឹងវាពូកែដឹងទៀត។ វាដឹងថាក្រុមហ៊ុននេះត្រូវធ្វើអញ្ចេះ ក្រុមហ៊ុននេះត្រូវធ្វើអញ្ចុះ។ ពួកនេះ វាស៊ើបគ្នារួចអស់ រួចហើយវាលើកមក។ ដល់លើកមករដ្ឋមន្រ្តីក៏ស៊ីញ៉េទៅ។ ដល់ស៊ីញ៉េមកដល់នាយករដ្ឋមន្រ្តីក៏ចេះតែដាក់ឲ្យទៅសិក្សា ហើយអ្នកសិក្សាជួនកាលខ្លាចទៅទៀត ក៏លើកយោបល់មក។ ទីចុងបំផុតឯងនេះវាទើសទាល់។

ឥឡូវអត់ទេយកមកទុកក្នុងថតតុសិន ព្រោះអាហ្នឹងវាអត់ទាន់ងាប់ដែរ។ ហ្នឹងគឺជារឿងដែលខ្ញុំសុំនិយាយដោយត្រង់ៗ ជាមួយគ្នា … ខ្ញុំតែងតែបាញ់ឱ្យរៀងរាល់ចុងខែ។ ខ្ញុំតែងតែបាញ់ចូលក្នុង Group រាជរដ្ឋាភិបាល។ សមាជិក/ជិកា រាជរដ្ឋាភិបាលទាំងអស់ដឹងអំពីប្រាក់ចំណូលប៉ុន្មាន។ ខែកន្លងទៅ នៅយប់ថ្ងៃ ៣១ ខ្ញុំបាញ់ចេញពន្ធដារផ្ទៃក្នុងបាន ២៨៨ លាន ឯគយបានដូចជា ១៩៥ ទេ។ ខែនេះមិន(ទាន់)ដល់ទេ ខែចូលឆ្នាំចិនផងហើយ ២៨ ថ្ងៃ។ ចំណូលពន្ធគយត្រឹមម្សិលមិញដូចជាមិនទាន់ដល់ ១៣០ លានទេ ឯពន្ធដារគឺគេនៅមានរយៈពេលរបស់គេ អាចចាប់ពីថ្ងៃហ្នឹងទៅគឺចាប់ស្ទុះឡើង។ កុំគិតថាសព្វថ្ងៃវាសាមញ្ញពេកទៅលើការចាយវាយលុយ។


កាត់បន្ថយចំណាយប្រើប្រាស់របស់ក្រសួង … ជួយឧបត្ថមប្រជាពលរដ្ឋ ទិញថ្នាំ ទិញវ៉ាក់សាំង កូវីដ-១៩


ខ្ញុំអង្វរចិត្ត សុំចិត្តហើយមេត្តាយោគយល់នៃស្ថានភាពរួម។ ត្រូវមើលព្រៃទាំងមូលកុំមើលឈើមួយដើម ដែលយើងកំពុងតែនៅក្រោមដើមឈើនោះ ត្រូវមើលព្រៃទាំងឡាយ។ តើបើព្រៃហិនហោចអស់នៅសល់តែដើមឈើយើងមួយ(ដើម)តើយើងនៅគង់ទេ? អញ្ចឹងខ្ញុំសុំ។ កន្លែងណាត្រូវពន្យារបានគឺពន្យារ ហើយបើថានិយាយមិនស្ដាប់គ្នា ដាក់មកដល់ខ្ញុំហើយគឺទុកសិនហើយ ហើយចារត្រឡប់ទៅវិញ។ សុំចិត្តអង្វរទៅវិញថាអត់ថវិកាតែម្ដង ដូចដែលថ្ងៃមុនខ្ញុំចាររឿងអ្នកសុំទិញឡាន។ មើលទៅម៉ាកឡានអស់ទាស់តែម្ដង។ រួចហើយដល់មកអ្នកណាជាអ្នកជិះ? ប្រធានស្ថាប័នហ្នឹងអ្នកជិះ។ រួចតម្រូវការអីចុះមូលដ្ឋានអី បើសូម្បីតែប្រាក់បេសកកម្មមូលដ្ឋានក៏យើងកាត់បន្ថយ។

ខ្ញុំអរគុណណាស់ដែលពីរឆ្នាំកន្លងទៅនេះ កាត់បន្ថយការប្រើប្រាស់របស់ក្រសួង កាត់តាំងពីដៃខ្មៅ ក្រដាស សម្ភារៈប្រើប្រាស់កាត់ដើម្បីមកបំពេញឱ្យការចំណាយដែលវាមានការចាំបាច់ជាង។ ចំណាយសម្រាប់ជួយឧបត្ថមប្រជាពលរដ្ឋទៅលើបញ្ហាកូវីដ-១៩ ទិញថ្នាំ កូវីដ-១៩ ឬក៏ទិញវ៉ាក់សាំងអត់មានការថយចុះទេ។ នៅពេលដែលកូវីដ-១៩ មិនទាន់ចប់ ហ្នឹងជាចំណុចដែលខ្ញុំចង់និយាយ។ សម្ដេច ឯកឧត្តម អាចដាក់ចូលជាចំ​ណុចទី​ ១០ ក៏បាន ឬចំណុចដាច់ដោយឡែកក៏បាន ឬក៏បទបញ្ជានិងការអំពាវនាវដោយទទូចស្នើសុំឱ្យរួមគ្នាធ្វើសហប្រតិបត្តិការ ដើម្បីជួយដល់អង្គភាពប្រមូលចំណូលមានគយ ពន្ធដារ ប្រឆាំងនឹងអំពើរត់គេចពន្ធ។


នៅរថយន្តប្រមាណ ៥ ពាន់គ្រឿងទៀត ត្រូវចេញមកបង់ពន្ធ

អ្នកដែលមិនទាន់បានបង់ពន្ធប្រមាណជា ៥ ពាន់គ្រឿងទៀត សូមចេញមកបង់ពន្ធ។ ប្រយ័ត្នតែដល់ពេលណាមួយខ្ញុំបញ្ជាឱ្យដុតឡានគ្រវាត់ចោលតែម្ដង កុំឱ្យពិបាកពេក។ នៅចាំបានទេឆ្នាំ ១៩៩៩ យោធភូមិភាគទី ២ ដុតឡានចោលអស់ប៉ុន្មាន។ ដុតចោលឡានតែម្ដង។ ឡានដឹកឈើ។ ប្រាប់ថាកុំឱ្យកាប់ឈើ … តាំងពីឆ្នាំ១៩៩៩ ប៉ុន្តែវានៅតែកាប់។ មិនដឹងធ្វើម៉េចបញ្ជាទៅ ជឿន សុវណ្ណថា អ្ហែងដុតចោលតែម្ដងទៅ ព្រោះបើឡើងដល់តុលាការ (នឹងមានការ)ដោះទៅយកដឹកឈើទៀត។ ចុះឡើងៗដដែលដុតចោលតែម្ដង។ ឥឡូវដើម្បីកុំឱ្យមានឡាននៅលើផ្លូវដោយផ្លាកក្លែងក្លាយ ពេលណាមួយយកធ្វើជាគម្រូ យកឡានដុតក្រវាត់ចោលតែម្ដង។ ទោះថ្លៃប៉ុណ្ណាដុតឱ្យដឹង។ ឱ្យរាង។ ឥឡូវសុំអំពាវនាវអ្នកដែលមិនទាន់បង់ពន្ធចេញមកបង់ពន្ធហើយអត់មាន ១០ ភាគរយ ទៀតទេ។ ពីមុនថ្ងៃ ៣១ ធ្នូ ២០២១ គឺអនុគ្រោះពន្ធ ១០ ភាគរយ ប៉ុន្តែអ្នកឯងមិនមកបង់ផុតថ្ងៃគឺពន្ធពេញ។ បើថារកឃើញហើយគឺត្រូវតែយកហើយអត់ទុកទេ …។


ផ្នែកចំណូលត្រូវគាំទ្រអង្គភាពប្រមូលចំណូល ឯផ្នែកចំណាយត្រូវនាំគ្នាសន្សំសំចៃ

ផ្នែកចំណូល ត្រូវគាំទ្រឱ្យអង្គភាពប្រមូលចំណូល ឯផ្នែកចំណាយ យើងទាំងអស់គ្នាត្រូវសន្សំសំចៃការចំ​ណាយ។ សង្គ្រាមនេះកំពុងតែធ្ងន់ទៅៗ។ បើទោះបីថាអូមីក្រុងតិច(ស្រាល)វាមិនសូវងាប់ ប៉ុន្តែបើឆ្លងគ្រប់តែមនុស្សអញ្ចឹងវាយ៉ាងម៉េចទៅវិញ។ នៅរៀតណាមថ្ងៃនេះឡើងដល់ ៥ ម៉ឺន ៥ ពាន់នាក់ជាង ហើយទើបនឹងឃើញថាអូមីក្រុងរីកនៅហូជីមិញ។ នៅថៃឡើងដល់ជាង ២ ម៉ឺន(នាក់)វិញ។ មានតែប្រទេសហ្វីលីពីនមួយគត់ដែលគាត់ធ្លាក់មកនៅក្រោមជាង ១ ពាន់(នាក់)។ ឡាវគ្រាន់បើបន្តិចធ្លាក់ចុះ ប៉ុន្ដែប្រ៊ុយណេប្រជាពលរដ្ឋមានតែជាង ៤០ ម៉ឺននាក់ ឆ្លងមួយថ្ងៃជាង ២ ពាន់(នាក់)។ អញ្ចឹងសភាពការណ៍អត់ទាន់ច្បាស់ទេនៅខាងមុខយើង។ ដើម្បីធានាច្បាស់គឺយើងត្រូវតែមានឧបករណ៍ក្នុងដៃ នោះគឺថវិកា។ អញ្ចឹងយើងត្រូវបង្វែរការចំណាយណា ដែលវាមិនចាំបាច់ទុកវាសិនទៅ។ សូម្បីតែកន្លែងធ្វើផ្លូវ ស្ពាន ក៏អាចផ្អាកសិនដែរ ព្រោះធ្លាប់ឆ្លងទូកដតាំងពីដូនតាមក ឥឡូវឆ្លងទូកដសិនទៅ ដើម្បីទុកលុយព្យាបាលជំងឺប្រជាជនសិន។ អញ្ចឹងបានទាំងអស់នេះ ត្រូវឱ្យមានការយោគយល់គ្នា បើមិនអញ្ចឹងទេគិតតែពីចំណាយៗ ទីចុងបំផុតរាជរដ្ឋាភិបាលក្ស័យធន។


គ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច អតិផរណា ធានាជីវភាព ការពារប្រជាពលរដ្ឋ ១៧ លាននាក់ ពីគ្រាប់បែកសេដ្ឋកិច្ច

យើងធ្លាប់ជួបប្រទះហើយ អំពីការជំពាក់ប្រាក់ខែបុគ្គលិកមន្ត្រីរាជការរបស់យើង។ កាលពីពេលនោះ មន្ត្រីរាជការរបស់យើងនិយាយថាប្រទេសខ្មែរ ក្នុងមួយខែមាន ៦០ ឬ ៧០ ថ្ងៃ។ តែឥឡូវអត់ទេ ក្នុងមួយខែបើក ២ ដងប្រាក់បៀវត្ស ដោយសាយើងបានសន្សំសាច់ប្រាក់ទុក។ ដំឡើងបៀវត្សរ៍ហើយបើកមួយខែ ២ ដង។ អញ្ចឹងគឺកម្មវិធីហ្នឹងអត់ដកថយទេ។ អត់ឱ្យខ្វះទេរឿងប្រាក់ខែ។ សុខចិត្តថាកុំអាលថាធ្វើអានេះសិនទុកលុយ។ ហ្នឹងចំ​ណាយដែលចាំបាច់ ដែលខានមិនបានគឺបៀវត្សរ៍។ ចំណាយដែលចាំបាច់ដែលខានមិនបានគឺការព្យាបាលជំងឺ ទាក់ទងនឹងកូវីដ-១៩ រាល់ថ្ងៃនេះ ដែលយើងត្រូវតែរកថ្នាំថ្មីៗមកដល់ ឃើញថាពូកែ។ បញ្ជាទិញ។

សុំអំពាវនាវគ្រប់ក្រុមហ៊ុនទាំងអស់បំពេញកាតព្វកិច្ចពន្ធដារ កុំឱ្យជំពាក់។ ខ្ញុំឃើញថាតួលេខបំណុលមួយចំនួនដែលក្រុមហ៊ុនបានជំពាក់ចំពោះរដ្ឋក៏ច្រើនដែរ។ សុំមេត្តាប្រញាប់ប្រញាល់មកបង់ពន្ធ។ បើទោះបីថាថ្ងៃនេះយើងធ្វើក្នុងក្របខ័ណ្ឌ(ក្រសួង)មហាផ្ទៃ ក៏ប៉ុន្តែយើងមានរដ្ឋមន្ត្រី ចៅហ្វាយខេត្ត មកជុំគ្នាទាំងអស់។ នាំគ្នាធ្វើ។ នេះជារឿងស្លាប់រស់។ កូវីដ-១៩ អាចសម្លាប់មនុស្សបាន … ចូលមកដល់ឥឡូវដូចជា ៣ ០២៣ (នាក់បានស្លាប់) កូវីដ-១៩ អាចបន្តសម្លាប់។ ថ្ងៃនេះមានមួយ អាចថាស្អែកមានបន្តបន្ទាប់ទៀត ឬបន្តកើនឡើងឬធ្លាក់ចុះ ប៉ុន្តែខ្ញុំសុំបញ្ជាក់បើគ្រាប់បែកសេដ្ឋកិច្ចផ្ទុះ ជិត ១៧ លាននាក់ គឺទៅទាំងអស់។ ធ្វើយ៉ាងម៉េចគឺត្រូវគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណាឱ្យបានដើម្បីធានាសម្រាប់ជីវភាពរបស់ប្រជាពលរដ្ឋរបស់យើង។


ខិតខំកុំឲ្យសេដ្ឋកិច្ចធ្លាក់ចូលវិបត្តិ ព្រមគ្នានឹងវិបត្តិសុខភាពសាធារណៈ

ខ្ញុំពេលហ្នឹងក៏ឆ្លៀតនិយាយទៅឯកឧត្ដម វេង សាខុន ដែរ រឿងទាក់ទងនឹងបញ្ហាជ្រូក។ កន្លងទៅខ្ញុំចារហើយ តែ ឯកឧត្ដម វេង សាខុន មិនសហការ។ ឥឡូវខ្ញុំចារឲ្យ អូន ព័ន្ធមុនីរ័ត្ន ធ្វើកិច្ចការងារនេះម្ដងទៀត។ បញ្ហាធ្វើម៉េចការផ្គត់ផ្គង់។ យើងមានតម្រូវការ។ ពិតមែនហើយ យើងគាំទ្រកសិករក្នុងស្រុកចិញ្ចឹមជ្រូក ប៉ុន្តែបើគ្រាន់តែតម្រូវចិត្តកសិករក្នុងស្រុកចិញ្ចឹមជ្រូក ៤ ០០០ ទៅ ៥ ០០០ គ្រួសារ និងទុកឲ្យមនុស្សប្រមាណ ១៧ លាននាក់ទទួលផលអាក្រក់ពីការឡើងថ្លៃសាច់ជ្រូក តើវាយ៉ាងម៉េចវិញ? កន្លងទៅឃើញតែសំបុត្រឆ្លងឆ្លើយៗ។ មើល ខុន ឯងបង្កើនកិច្ចសហប្រតិបត្តិការបន្តិចមើល។ ក្នុងចំណោមរដ្ឋមន្រ្តី ខ្ញុំសូមចង្អុលបង្ហាញថា គឺរដ្ឋមន្រ្តីដែលមិនព្រមសហការជាមួយអ្នកដទៃ គឺរដ្ឋមន្រ្តីកសិកម្មនោះឯង … ឥឡូវសហការគ្នាធ្វើទៅ។

កុំភ្លេចណា យើងជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក យើងក៏ជាសមាជិកតំបន់ពាណិជ្ជកម្មសេរី AFTA យើងក៏ជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ឥឡូវនេះយើងជាសមាជិកក្នុងកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ RCEP នៅក្នុងតំបន់។ អញ្ចឹងទេ យើងមិនអាចយកវិធានការដាច់ដោយឡែកបានទេ។ សូមជម្រាបជូនចំពោះកសិករយើងទាំងអស់ឲ្យបានជ្រាប មិនមែនបញ្ហាការបិទជិតព្រំដែនមិនឲ្យទំនិញចេញចូល ហើយចាត់ទុកថាយើងគោរពវិធានច្បាប់នោះទេ …។

… យើងពិនិត្យទៅ តើយើងផ្គត់ផ្គង់ខ្លួនឯងបានប៉ុន្មាន? ខ្វះប៉ុន្មាន? ដែលមានតម្រូវការនាំចូល? មិនមែននាំចូលតែស្រុកខ្មែរឯណា … ទីផ្សារយើង ឧទាហរណ៍ ត្រូវការក្នុងមួយថ្ងៃ ៥ ០០០ ក្បាលជ្រូក … ប៉ុន្តែថាយើងមានសមត្ថភាពផ្គត់ផ្គង់បានត្រឹមតែ ៤ ០០០ ក្បាលទេ … គេហៅលោកឯងទៅប្រជុំ លោកឯងមិនព្រមទៅ ឲ្យយល់។ ខ្ញុំបានមើលឃើញសំបុត្រតគ្នាទៅវិញទៅមក មើលលោកឯងធ្វើសហការបន្តិចទៅមើល។ ចំពោះមុខមានគណៈកម្មការសេដ្ឋកិច្ចមួយហើយ មិនមែនលោកឯងដឹកនាំក្រសួងកសិកម្មមួយ ហើយត្រួតត្រាសេដ្ឋកិច្ចខ្មែរទាំងមូលឯណា … ស.ជ.ណ ចេញមកឲ្យធ្វើ … ចំណារខ្ញុំក្រោយមកថាឲ្យប្រជុំគ្នាជាមួយក្រសួងពាណិជ្ជកម្ម បង្កើតជាគណៈកម្មការដើម្បីធ្វើការដេញថ្លៃយ៉ាងម៉េច អីយ៉ាងម៉េច សម្រេចគ្រប់គ្រងការនាំចូល …។

… របៀបធ្វើការរបស់ឯកឧត្ដម ប្រហែលជារបៀបជិះសេះមើលផ្កា។ ហេតុអីបានជាខ្ញុំចុះពោធិសាត់ ដែលក្រោយមកខាន។ ខ្ញុំឲ្យលោកឯងទៅតាមក្រោយដើម្បីពិនិត្យ។ ខ្ញុំទៅចែកជំនួយនៅបន្ទាយមានជ័យ។ ប៉ុន្តែដោយសារពោធិសាត់បានចែកជំនួយហើយ បាត់ដំបងក៏ចែកហើយ ខ្ញុំក៏រៀបចំផែនការសាជាថ្មី ចុះទៅពោធិសាត់ដើម្បីទៅទាំងស្រូវពូជទៅទាំងស្អីៗទៀត។ លោកឯងបានធ្វើដំណើរទៅពោធិសាត់ ចែកបានតែប៉ុន្មានគ្រួ​សារ ក្នុងពេលដែល ១ ម៉ឺនគ្រួសារត្រូវការ … ពេលហ្នឹង ពេលវេលានៃឆ្លងជំងឺពីរដ្ឋមន្រ្តីហុងគ្រី … ខ្ញុំរៀបចំកម្មវិធីចុះទៅ។ ប៉ុន្តែដល់ជាប់ធ្វើចត្តាឡីស័ក ប្រើ (ហ៊ុន ម៉ា)ណែត ទៅតំណាងខ្ញុំនៅពោធិសាត់។ ឃើញទេ? រាប់ពាន់គ្រួសារនៅទីនោះ ដែលទទួលជំនួយស្រូវពូជ ក្នុងពេលដែលរដ្ឋមន្រ្តីកសិកម្មខ្លួនឯងចុះទៅរកឃើញតែប៉ុន្មានរយគ្រួសារ។ សម្ដេចក្រឡាហោម តំណាងឲ្យខ្ញុំចុះទៅបាត់ដំបងប៉ុន្មានពាន់គ្រួសារទៀត មិនចេះតិចទេ។ រួចហើយទៅបន្ទាយមានជ័យទៀត …។

… លោកឯងមកនិយាយថា ផ្គត់ផ្គង់គ្រប់ហើយ។ គ្រប់មែនតែសាច់ជ្រូកឡើងថ្លៃណា។ ពាក្យឡើងថ្លៃមួយម៉ាត់ ខ្ញុំកំពុងតែខិតខំរក្សាកម្លាំងទិញប្រាក់រៀល។ យល់ទេ? អាហ្នឹងទើបគេហៅ ទប់ស្កាត់អតិផរណា។ បើប្រាក់រៀល​ពីដើម ១ ម៉ឺនរៀល ធ្លាប់ទិញបាន ១ គីឡូក្រាម ឥឡូវ ២ ម៉ឺនរៀល ទើបទិញបាន ១ គីឡូក្រាម។ ហ្នឹងវាអតិផរណាដល់កម្រិតហើយ។ យល់ទេ? រឿងហ្នឹងវាអញ្ចឹង។ ក្រឹត្យក្រមសេដ្ឋកិច្ចវាអញ្ចឹង។ ហើយយើងដាក់បារ៉ាស់ ដល់ដាក់បារ៉ាស់ គេទាមទារអនុវត្តផ្លូវច្បាប់លើកិច្ចព្រមព្រៀង ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ជាសមាជិក AFTA ហើយយើងនិយាយថាម៉េច? រឿងហ្នឹងក៏ត្រូវមានការបញ្ជាក់ឲ្យបានច្បាស់ជាមួយគ្នា។

ត្រូវខិតខំយ៉ាងម៉េច កុំឲ្យសេដ្ឋកិច្ចរបស់យើងធ្លាក់ចូលទៅក្នុងវិបត្តិ ដើរព្រមគ្នាជាមួយនឹងវិបត្តិសុខភាពសាធារណៈ។ កុំនិយាយថា នាយករដ្ឋមន្រ្តីនេះកាចណា។ អត់ទេ។ ខ្ញុំតាមមើលរដ្ឋមន្រ្តីនានា។ មិនមែនអត់មើលទេ។ អ្នកណាធ្វើការយ៉ាងម៉េចៗ។ ពេលខ្លះ យើងត្រូវម៉ឺងម៉ាត់ ត្រូវហ្មត់ចត់ ហើយត្រូវមានកិច្ចសហការ។ កុំឲ្យខ្ញុំធ្វើប្លុងតុង ដោយរដ្ឋមន្រ្តីមួយមិនព្រមនិយាយជាមួយរដ្ឋមន្រ្តីមួយ រហូតដល់គណៈកម្មការគោលនយោបាយសេដ្ឋកិច្ចគេហៅប្រជុំហើយ យើងមិនព្រមទៅទៀត។ ធ្វើសំបុត្រទៅ (យើងតប)ថាអញ្ចេះៗ …។

ខ្ញុំសូមស្នើថា សូមឱ្យឯកឧត្ដម លោកជំទាវ បន្តធ្វើជារដ្ឋមន្រ្តីឲ្យបានពេញអាណត្តិ កុំឲ្យពាក់កណ្ដាលទី … រួចអ្នកអត្ថាធិប្បាយនៅខាងក្រៅ ឲ្យវាធ្វើអត្ថាធិប្បាយថា លោក ហ៊ុន សែន … ក្រពុលមុខហើយ។ ចាំតែក្រពុលតើអាពៅ។ អញមិនចេះស្រ្តេសទេ … ហើយនិយាយប្រាប់ប្រជាជនទូទាំងប្រទេស ដែលកំពុងផ្សាយផ្ទាល់ប៉ុន្មានទូរទស្សន៍នោះ … បើអតិផរណាកើតឡើងនៅក្នុងពេលវិបត្តិសុខភាពនេះទៀត មហន្តរាយ។ អញ្ចឹងត្រូវពេលហ្នឹងពិនិត្យមើលតាមទីផ្សារ អាណាត្រូវបំពេញ អាណាត្រូវស្អី ហើយបែបបទគេចង់បង្កើតឲ្យមានតម្លាភាពមួយ សម្រាប់ថាក្រុមហ៊ុនណាត្រូវនាំចូលយ៉ាងម៉េចអីយ៉ាងម៉េច ត្រូវការដាក់ដេញថ្លៃអីយ៉ាងម៉េច គេត្រូវការប្រជុំអាហ្នឹង ប៉ុន្តែយើងអត់ព្រមសហការ។

ខ្ញុំមើលទាំងអស់ហើយលិខិតឆ្លើយឆ្លងស្អីៗហ្នឹង បញ្ជូនទៅឱ្យខ្ញុំ។ បានខ្ញុំចារថា បន្តធ្វើគណៈកម្មការ ដើម្បីពិនិត្យ។ យើងម្នាក់ឯងមកអះអាងមុខនាយករដ្ឋមន្រ្តីថា ផ្គត់ផ្គង់គ្រប់ហើយ។ អូ! ខ្ញុំនៅហ្នឹង ខ្ញុំគ្រប់គ្រងមុន ខុន ឯង ច្រើនវស្សាណាស់ ខ្ញុំមិនស្គាល់ស្ថានភាពមែន? ក្នុងប៉ុន្មានអាទិត្យ ដែលរដ្ឋមន្រ្តីពាណិជ្ជកម្មរាយការណ៍ឲ្យខ្ញុំម្ដង របស់ណាថ្លៃថេរ របស់ណាថ្លៃឡើង … មិនមែនខ្ញុំម៉ង់ៗ ថានៅតែផ្ទះ លោក ហ៊ុន សែន ក្ដាប់មិនបាន។ មិនមែនទេ។ ក្រែងលោកមើលមិនដល់ខ្ញុំផង …។

សុំទោស ដែលខ្ញុំនិយាយខ្លាំងៗ ថ្ងៃនេះ ទៅប៉ះ វេង សាខុន បណ្ដោយ។ ប៉ះហ្នឹង ចង់ដាស់តឿន កុំឲ្យថាខ្ញុំមិននិយាយ។ បើបាននិយាយៗ ឲ្យបានលឿនបន្តិចរហ័សបន្តិច ហើយចង្អុលឲ្យចំចំណុចគន្លឹះតែម្ដង … លោកឯង​ឡើងមកថា ផ្គត់ផ្គង់គ្រប់គ្រាន់ហើយ។ ទាំងអស់គ្នាជឿជាក់ទេ? ផ្គត់ផ្គង់គ្រប់គ្រាន់នេះ ខ្មែរយើងខ្វះជ្រូកស៊ីរាល់ថ្ងៃនេះ។ បើខ្មែរមានគ្រប់ ចាំបាច់អីបានទៅសាច់ជ្រូកឡើងថ្លៃ? ដោយសារតែវាមិនគ្រប់ រវាងសេចក្ដីត្រូវការ និងការផ្គត់ផ្គង់ វាត្រូវមានតុល្យភាពគ្នា។ យើងថាគ្រប់ តែគ្រប់អត់? វាមិនគ្រប់ បានវាឡើងថ្លៃ … ក្រឹត្យក្រមវាបែបនេះ។


[ចប់អត្ថាធិប្បាយ]

ខ្ញុំសូមលើក​ទឹកចិត្តដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់ថ្នាក់ ត្រូវបង្កើន​សកម្មភាពចុះជួយតាមមូលដ្ឋានរៀងៗខ្លួន ហើយត្រូវចូលរួម​ដោះស្រាយបញ្ហាប្រឈមនានា និងជំរុញការ​អភិវឌ្ឍមូលដ្ឋានឱ្យបានផុលផុស ដើម្បីជីវភាពប្រជាជនកាន់តែមានភាពល្អប្រសីរឡើង។

ជាថ្មី​ម្តងទៀត ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹក​នាំក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិ មន្ត្រីរដ្ឋបាលស៊ីវិល មន្ត្រីពន្ធនាគារ និងរដ្ឋបាល​ថ្នាក់ក្រោមជាតិ ដែលបានខិតខំ​ពុះពារ​ប្រឹងប្រែងសម្រេចបាននូវសមិទ្ធផលការងារគួរជាទីមោទនៈកាលពីឆ្នាំ ២០២១ កន្លងមក។ ខ្ញុំមានសុទិដ្ឋិនិយមចំពោះសមិទ្ធផល និងការប្តេជ្ញាចិត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រសួងមហាផ្ទៃ ដើម្បីសម្រេចបាននូវទិសដៅការងារឆ្នាំ ២០២២។

ខ្ញុំសូមប្រកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ ចាប់ពីពេលនេះ និង សូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី សូមប្រកបដោយពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

No comments:

Post a Comment