Thursday, February 24, 2022

បទវិភាគអន្តរជាតិ៖ «ភាគីចិននឹងអនុវត្តយ៉ាងដាច់ខាត ក្នុងការគាំពារអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខជាតិ»

(ប៉េកាំង)៖ ទាក់ទិននឹងរឿងដែលភាគីអាមេរិក បានប្រកាសពីការលក់អាវុធទៅឱ្យ តំបន់តៃវ៉ាន់នៃប្រទេសចិន នៅពេលថ្មីៗកន្លងទៅនេះ ភាគីចិនបានសម្រេចចិត្តនឹងអនុវត្តវិធានការតបតវិញ ចំពោះសហគ្រាសឧស្សាហកម្មយោធារបស់អាមេរិកចំនួនពីរ ដែលបានចូលរួមការលក់អាវុធទៅឱ្យតំបន់តៃវ៉ាន់ ក្នុងរយៈពេលយូរមកហើយ។ សហគ្រាសដែលបំផ្លាញផលប្រយោជន៍ជាតិចិនទាំងនោះ ចាំបាច់ត្រូវបង់ថ្លៃចំពោះការនេះ។

នៅរយៈពេលកន្លះខែមុន ភាគីអាមេរិកសម្រេចចិត្តលក់ «សេវាកម្មវិធីគ្រាប់មីស៊ីល Patriot» និង «គម្រោងឃ្លាំមើលសមរភូមិ» ដែលមានតម្លៃប្រហែល ១០០លានដុល្លារអាមេរិកទៅឱ្យតំបន់តៃវ៉ាន់។ នេះគឺជាលើកទីពីរហើយដែលរដ្ឋាភិបាលអាមេរិកអាណត្តិនេះ លក់អាវុធទៅឱ្យតំបន់តៃវ៉ាន់ បន្ទាប់ពីរដ្ឋាភិបាលអាណត្តិនេះបានបង្កើតឡើងមក ដែលបានបំពានយ៉ាងធ្ងន់ធ្ងរ នូវគោលការណ៍ប្រទេសចិនតែមួយ និងសេចក្តីប្រកាសរួមចំនួនបីរវាងចិននិងអាមេរិក ជាពិសេសគឺការកំណត់នៃ «សេចក្តីប្រកាសថ្ងៃទី១៧ ខែសីហា» ពោលគឺបានបង្កការបំផ្លាញដ៏ធ្ងន់ធ្ងរ ចំពោះអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ចិន ក៏ដូចជាសន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតំបន់តៃវ៉ាន់ផងដែរ។

យោងតាមការកំណត់ពាក់ព័ន្ធនៃ «ច្បាប់ស្តីពីការប្រឆាំងនឹងការដាក់ទណ្ឌកម្មពីបរទេស» របស់ចិនឱ្យដឹងថា ភាគីចិនសម្រេចចិត្តអនុវត្តវិធានការតបតវិញ ចំពោះទង្វើរបស់ក្រុមហ៊ុនបច្ចេកទេស Raytheon និងក្រុមហ៊ុន Lockheed Martin ដែលបានចូលរួមការលក់អាវុធទៅឱ្យតំបន់តៃវ៉ាន់ ក្នុងរយៈពេលយូរមកហើយ ប្រការនេះគឺសមហេតុផល និងស្របច្បាប់ ដែលបានបង្ហាញពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ចិនក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពដែនដីយ៉ាងម៉ឺងម៉ាត់។

ក្នុងមួយរយៈពេលកន្លងមកនេះ ភាគីអាមេរិកបានបញ្ចេញសញ្ញាខុសឆ្គង ចំពោះកម្លាំងដែលចង់ឱ្យតំបន់តៃវ៉ាន់ឯករាជ្យឥតឈប់ឈរ។ ពីការប្រកាសពីការលក់អាវុធទៅឱ្យតំបន់តៃវ៉ាន់ រហូតដល់រដ្ឋាភិបាលអាមេរិក ដាក់បញ្ចូលវិធានការជាច្រើនដែលហៅថា «លើកកម្ពស់សមត្ថភាពការពារខ្លួន» ក្នុងថវិកាការពារជាតិឆ្នាំ២០២២ ទង្វើរបស់ភាគីអាមេរិកបែបនេះ បានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតំបន់តៃវ៉ាន់។

ឆ្នាំនេះជាខួបទី ៥០ ដែលលោក Richard Milhous Nixon អតីតប្រធានាធិបតីអាមេរិក មកបំពេញទស្សនកិច្ចនៅប្រទេសចិន។ កាលពីខែកុម្ភៈឆ្នាំ១៩៧២ ភាគីទាំងពីរចិន និងអាមេរិកបានចេញផ្សាយ សេចក្តីប្រកាសក្រុងសៀងហៃ ដើម្បីបញ្ជាក់ពីគោលការណ៍ប្រទេសចិនតែមួយ សេចក្តីប្រកាសនេះនិងគោលការណ៍ ៥ ប្រការនៃការរួមរស់នៅដោយសន្តិសហវិជ្ជមាន បានក្លាយជាមូលដ្ឋាននៃទំនាក់ទំនងរវាងចិន និងអាមេរិកប្រកបដោយភាពប្រក្រតី និងប្រទេសទាំងពីរបង្កើតសម្ព័ន្ធការទូតជាផ្លូវការ។ ៥០ឆ្នាំក្រោយ ការពិតជាក់ស្តែងជាច្រើនបានបង្ហាញថា ភាគីអាមេរិកបានល្មើសនឹងពាក្យសន្យានយោបាយ ចំពោះប្រទេសចិនម្តងហើយម្តងទៀត ដែលក្លាយជាអ្នកបំផ្លាញដ៏ធំបំផុតខាងសន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់។ ប៉ុន្តែមិនថាសហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់ឃុបឃិតគ្នាយ៉ាងណាក៏ដោយ ក៏មិនអាចរារាំងបាននូវនិន្នាការប្រវត្តិសាស្ត្រ នៃការបង្រួបបង្រួមត្រើយទាំងសងខាងនោះឡើយ។

តំបន់តៃវ៉ាន់ជាចំណែកមួយដែលមិនអាចកាត់ផ្ដាច់បាន នៃដែនដីប្រទេសចិនជាប់រហូតមក ហើយគោលការណ៍ប្រទេសចិនតែមួយ ជាគំនិតឯកភាពរួមនៃសហគមន៍អន្តរជាតិ និងជាក្រមមូលដ្ឋានអន្តរជាតិ ដែលសហគមន៍អន្តរជាតិបានទទួលស្គាល់ជាទូទៅ។ សហរដ្ឋអាមេរិកនិងសហគ្រាសឧស្សាហកម្មយោធារបស់ខ្លួន ចាំបាច់ត្រូវគោរពតាមគោលការណ៍ប្រទេសចិនតែមួយ បញ្ឈប់លក់អាវុធទៅឱ្យតំបន់តៃវ៉ាន់ និងការប្រាស្រ័យទាក់ទងផ្នែកយោធាជាមួយតំបន់តៃវ៉ាន់។ ប្រសិនបើនៅតែបន្តបង្ករឿងហេតុតាមទំនើងចិត្ត នោះ ភាគីចិនមុខជានឹងបន្តចាត់វិធានការដ៏ចាំបាច់ទាំងអស់ ដើម្បីគាំពារអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខផ្ទាល់ខ្លួនយ៉ាងមុតមាំ ប្រទេសចិននឹងអនុវត្តតាមពាក្យសន្យារបស់ខ្លួនយ៉ាងដាច់ខាត៕ (#CCFR Comment#)

ដោយ៖ Fresh News





No comments:

Post a Comment