Friday, January 21, 2022

លោក ម៉ែន វិបុល អនុញ្ញាតឲ្យលោកស្រីនាយិកា USAID ប្រចាំកម្ពុជាចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

ស្វាយរៀង៖នៅព្រឹកថ្ងៃទី២០  ខែមករា  ឆ្នាំ២០២១   លោក ម៉ែន  វិបុល  អភិបាលខេត្តស្វាយរៀង  បានអនុញ្ញាតឲ្យលោកស្រី ណែនស៊ី ជែ អ៊ីសលិក (Nancy J. Eslick) នាយិកាបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍអន្តរជាតិ (USAID) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាការងារអំពីការគាំទ្រដល់គម្រោងអភិវឌ្ឍនានា នៅក្នុងខេត្តស្វាយរៀង។ 


អញ្ជើញចូលរួមក្នុងជំនួបនេះ រួមមាន លោកនាយករដ្ឋបាលសាលាខេត្ត មន្ត្រីគ្រប់គ្រងគម្រោង នៃទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍអន្តរជាតិ លោកប្រធានមន្ទីរកសិកម្ម  រុក្ខា ប្រម៉ាញ់  និង នេសាទ  លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកប្រធានមន្ទីរអប់រំយុវជន និង កីឡា និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។


មានប្រសាសន៍ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានចូលរួមសម្ដែងនូវការអបអរសាទរចំពោះលោកស្រី ណែនស៊ី ជែ អ៊ីសលិក ដែលត្រូវបានចាត់តាំងឲ្យមកបំពេញការងារជានាយិកាបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ(USAID) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងអរគុណដែលលោកស្រី មានការចាប់អារម្មណ៍អញ្ជើញមកទស្សនកិច្ចការងារនៅក្នុងខេត្តស្វាយរៀងនាពេលនេះ ព្រមទាំងបានជម្រាបជូនខ្លះៗអំពីស្ថានភាពភូមិសាស្ត្រ ការអភិវឌ្ឍខេត្ត ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក៏ដូចជាការងារធានានូវប្រក្រតីភាពជីវភាពសង្គមនៅក្នុងបរិបទកូវីដជាដើម។ 


លោកអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះ USAID ដែលកន្លងមកបានចូលរួមជួយគាំទ្រលើការអនុវត្តគម្រោងលើកកម្ពស់អនាម័យជនបទ ដែលជាផ្នែកមួយរួមចំណែកជាមួយសមាសភាពពាក់ព័ន្ធផ្សេងទៀត ធ្វើឲ្យខេត្តស្វាយរៀងសម្រេចបានជាខេត្តទី១ គំរូ ក្នុងប្រទេសកម្ពុជាក្នុងការសម្រេចបានបញ្ឈប់បន្ទោបង់ពាសវាលពាសកាល។ ក្នុងនាមអាជ្ញាធរខេត្ត លោកក៏បានបង្ហាញនូវការគាំទ្រចំពោះគម្រោងប្រតិបត្តិដែល USAID គ្រោងអនុវត្តនៅក្នុងខេត្តស្វាយរៀងនាពេលខាងមុខលើការងារសុខភាពនិងអនាម័យជនបទ ការងារអប់រំ ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាដើម ដែលសុទ្ធសឹងជាការងារគាំទ្រដល់ការលើកម្ពស់គុណភាពជីវិត និងការរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយឯកឧត្ដមបានស្នើបន្ថែមដល់ USAID ពិនិត្យលទ្ធភាពជួយគាំទ្រលើការងារសុខាភិបាល និងការងារអភិវឌ្ឍន៍សមត្ថភាពដល់មន្ត្រីរាជការនៅថ្នាក់ក្រុង ស្រុក ក៏ជាថ្នាក់ឃុំ សង្កាត់ ដែលជាតម្រូវការដ៏សំខាន់ក្នុងការចូលរួមអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ៕








No comments:

Post a Comment