Friday, January 21, 2022

មនុស្សជំនិតរបស់ កឹម សុខា ប្រកាសប្រាប់មហាជនថា សម រង្ស៉ី កំពុងចងអាឃាត!

យោងតាមទំព័រហ្វេសប៊ុករបស់លោក មុត ចន្ថា ដែលបានបង្ហោះនៅថ្ងៃទី ២១ ខែ មករា ឆ្នាំ២០២២ បានប្រកាសប្រាប់ដល់មហាជនឱ្យបានដឹងថា សម រង្ស៊ី កំពុងតែចងអាឃាតជាមួយ កឹម សុខា។ លោក មុត ចន្ថា បានរៀបរាប់តាមរយៈបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖

ជាថ្មីម្តងទៀត សម រង្ស៉ី បន្ពព្យាយាមអនុវត្តនយោបាយទុច្ចរិតរបស់ខ្លួនមកលើ កឹម សុខា តាមរយៈ ការប្រឌិតសាច់រឿង និងការចោទមួលបង្កាច់។ ម្តង សម រង្ស៉ី ប្រកាសសុំចូលខ្លួន ឱ្យតុលាការកាត់ទោស ជំនួស ម្តងថា ការរំលាយគណបក្សសង្រ្គោះជាតិ បណ្តាលមកពីការចាប់ខ្លួន កឹម សុខា។ បន្ទាប់ពីត្រូវបាន បកស្បែកមុខ ចំពោះអំពើទុច្ចរិតដូចខាងលើរួច សម រង្ស៉ី បន្តបង្កើតរឿងប្រឌិត នូវអ្វីដែលគាត់អះអាងថា ជាសេណារីយោ នៃសវនាការ នាថ្ងៃទី១៩ ខែមករា។ 

សម រង្ស៉ី បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុក នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ដោយបានប្រឌិតថា «នៅពេលចាប់ផ្តើមការកាត់ទោស តុលាការ នឹងស្នើឲ្យ កឹម សុខា សារភាពទង្វើឧក្រិដ្ឋ" របស់លោក គឺការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល តាមរយៈបដិវត្តន៍ពណ៌ ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក ជាថ្នូរ នៃការសារភាពនេះ កឹម សុខា នឹងត្រូវបានព្រះមហាក្សត្រលើកលែងទោស ដែលជាការចៀសវាង មិនឲ្យលោកជាប់ពន្ធនាគារ ហើយធ្វើឲ្យលោកទទួលបានឡើងវិញ នូវសិទ្ធិនយោបាយរបស់លោក។ 

ក្នុងសេណារីយ៉ូនេះ កឹម សុខា នឹងអាចប្រើប្រាស់សិទ្ធិនេះ ដើម្បីដឹកនាំគណបក្សនយោបាយណាមួយ ក្នុងគោលបំណងចូលប្រកួតប្រជែង ក្នុងការបោះឆ្នោតថ្នាក់ឃុំ ក្នុងខែមិថុនា ២០២២ និងការបោះឆ្នោតថ្នាក់ជាតិក្នុងខែកក្កដា ២០២៣»។ 

យើងចាត់ទុកថាអ្វីដែល សម រង្ស៉ី បានលើកឡើងខាងលើនេះ គឺជាការប្រឌិតសុទ្ធសាធដែលបង្កប់ដោយចេតនាទុច្ចរិតបង្ខូច និងមួលបង្កាច់ កឹម សុខា ជាពិសេស ដើម្បីបង្កើតឱ្យមានការភ័ន្តច្រឡំ អុចអាល ញុះញង់ និងបញ្ឆេះឱ្យមានកំហឹង។ កន្លងមក សម រង្ស៉ី បានប្រព្រឹត្តអំពើទុច្ចរិតមកលើ កឹម សុខា ជាបន្តបន្ទាប់ ដូចជាៈ ១) យកសិរីភាពរបស់ កឹម សុខា ដើម្បីធ្វើជាល្បែងភ្នាល់, ២) បង្កើតពាក្យស្លោកដោយអត្តនោម័តិៈ «សម រង្ស៉ី - កឹម សុខា ជាមនុស្សតែមួយ» និង ៣) ប៉ុនប៉ងភ្ជាប់ កឹម សុខា ជាមួយអំពើខុសច្បាប់របស់ខ្លួន(សមរង្ស៉ី)ជាដើម។

ក្រុមមេធាវីការពារក្តីរបស់ កឹម សុខា បានចេញសេចក្តីថ្លែងការណ៍បដិសេធជាបន្តបន្ទាប់ ដោយបញ្ជាក់យ៉ាងច្បាស់ថា « កឹម សុខា មិនដែលបានចូលរួម និងមិនដែលបានគាំទ្រ អំពើ និងសកម្មភាពខុសច្បាប់របស់ សម រង្ស៉ី និងគូកន ហើយថែមទាំងបានទាមទារឱ្យ សម រង្ស៉ី និងក្រុមរបស់គាត់បញ្ឈប់ប្រើប្រាស់ឈ្មោះ និងរូបថតរបស់ កឹម សុខា»។ ប៉ុន្តែទាំង សម រង្ស៉ី និងទាំងគូកននៅតែមុខរឹង និងចចេសដោយបំពារបំពាន មិនចេះអៀនខ្មាស់ និងបាត់បង់នូវសេចក្តីថ្លៃថ្នូរជាមនុស្សមានមនសិការ។ 

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ កឹម សុខា បានសេចក្តីថ្លែងការណ៍ជាសាធារណៈដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការណ៍របស់លោក។ ខ្លឹមសារនៃសេចក្តីថ្លែងការណ៍នេះបានសរសេរថាៈ

«ខ្ញុំសង្កេតឃើញថា រហូតមកដល់ពេលនេះ លោក សម រង្ស៊ី និង សហការីនៅតែបន្តយកឈ្មោះ និងរូបថតខ្ញុំទៅប្រើប្រាស់ភ្ជាប់ជាមួយនឹងសកម្មភាពនានា ដែលពុំមានការអនុញ្ញតិ ឬ គាំទ្រពីខ្ញុំ។ លើសពីនេះទៅទៀត ជាក់ស្តែង សម រង្ស៊ី និង សហការីបានដើរចេញពីគោលការណ៍ និង ស្មារតីដើមនៃការរួបរួម ដោយទៅបង្កើតចលនានយោបាយផ្សេងៗ និងមុខតំណែងខ្លួនឯង ជាពិសេសថ្មីៗនេះគឺការត្រលប់ទៅគាំទ្រដោយចំហរ ឬ នៅពីក្រោយការដឹកនាំគណបក្សនយោបាយចាស់របស់ពួកគេ គឺគណបក្សភ្លើងទៀន។ ទង្វើរបស់ពួកគេសបញ្ជាក់ឲ្យឃើញថា សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ ព្រោះសកម្មភាពទាំងអស់នេះ មិនមានការគាំទ្រ ឬ ជាជំហររបស់ខ្ញុំឡើយ។

អាស្រ័យហេតុនេះ ខ្ញុំសូមអំពាវនាវឲ្យ សម រង្ស៊ី និង ក្រុមខាងលើ ឈប់បំពានមកលើរូបខ្ញុំដោយការយកឈ្មោះនិងរូបថតខ្ញុំ ទៅប្រើប្រាសភ្ជាប់ជាមួយសកម្មភាពមហិច្ឆិតានយោបាយរបស់ខ្លួន ដែលធ្វើឲ្យសាធារណមតិជាតិ និង អន្តរជាតិមានការភ័ន្តច្រឡំ។ ខ្ញុំសូមបញ្ជាក់ផងដែរថា ខ្ញុំមិនពាក់ព័ន្ធ និង មិនទទួលខុសត្រូវចំពោះសកម្មភាពរបស់លោក សម រង្ស៊ី និង ក្រុមនោះឡើយ»។

បន្ទាប់ពី កឹម សុខា បានចេញសេចក្តីថ្លែងការណ៍នេះរួច សម រង្ស៉ី បានប្រើឧបាយកលពុតត្បុតធ្វើជាច្រានចោលដោយសន្និដ្ឋានប្រឌិតថាសេចក្តីថ្លែងការណ៍ខាងលើ គឺជាលទ្ធផលនៃអំពើគំរាមកំហែង។ ដើម្បីបិទបញ្ចប់នៃឧបាយកលពុតត្បុតប្រឌិតរបស់ សម រង្ស៉ី, នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ កឹម សុខា បានចេញសេចក្តីបំភ្លឺជាសាធារណៈជាការឆ្លើយតបដោយលោកបញ្ជាក់ថា៖«ខ្ញុំធ្វើអ្វីដែលខ្ញុំអាចធ្វើបានទៅតាមលទ្ធភាពកាលៈទេសៈ និងដោយឆន្ទៈពិតរបស់ខ្ញុំ មិនធ្វើតាមអ្នកណាគំរាមបង្ខំខ្ញុំឡើយ ជាពិសេសអ្វីដែលខ្ញុំផ្សព្វផ្សាយក្នុងផេកផ្លូវការរបស់ខ្ញុំ»។

យើងយល់ថា សម រង្ស៉ី កំពុងមានចេតនាចងអាឃាតនឹង កឹម សុខា ដូចដែលគាត់ធ្លាប់មានជាមួយនឹង សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ហើយក៏ដូចឪពុករបស់គាត់ សម សារី មានអាឃាតនឹង ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដូច្នេះដែរ។ យើងដឹងយ៉ាងប្រាកដថា កឹម សុខា មិនដែលបានពឹងពាក់ ឬមិនដែលបានចាត់តាំងឱ្យ សម រង្ស៉ី ធ្វើជាអ្នកនាំពាក្យឱ្យលោកនោះទេ ចុះហេតុអ្វីបានជាគាត់ (សម រង្ស៉ី) ចេញមុខមកធ្វើការរបកស្រាយក្រឡៃ ប្រឌិត បំភ្លៃ និងបំភ័ន្តអង្គហេតុពិតនៃសវនាការ។ សម រង្ស៉ី គួរប្រកាសផ្លាស់ប្តូរមុខរបរ ឬឋានៈរបស់គាត់ពីអ្នកនយោបាយទៅជាអ្នកវិភាគតាមអារម្មណ៍ និងទំនើងចិត្តវិញទើបស័ក្តិសមជាង៕




No comments:

Post a Comment