ក្រចេះ ៖ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ លោកហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ា ថន អភិបាលខេត្ត អញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងអោយចូលកាន់មុខតំណែងប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តក្រចេះ ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
សូមបញ្ជាក់ថា លោក សួន ដានី ត្រូវបានតែងតាំងជាប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ ជំនួសលោក កែវ កុសល អតីតប្រធានប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ ដែលបានចូលនិវត្តន៍ ។
ក្នុងឱកាសនោះ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ ដែលកន្លងមកបានអនុវត្តការងារស្របតាម ផែនការយុទ្ធសាស្ត្រអភិវឌ្ឍ វិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈនៅខេត្តក្រចេះ សំដៅខិតខំចូលរួមអនុវត្តនូវតួនាទី ភារកិច្ចបម្រើ ប្រជាពលរដ្ឋ ជាពិសេសការជំរុញការអនុវត្តនូវគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ២០១៥-២០២៥ និងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ២០១៧-២០២៥ ។
លោករដ្ឋមន្ត្រី បន្ថែមថា ៖ ចំពោះកិច្ចការកន្លងមក ដែលបានធ្វើការសហការយ៉ាងសិ្អតរមួតរួមគ្នា អនុវត្តប្រកបដោយជោគជ័យ យុទ្ធសាស្ត្រចតុកោណ គោលនយោបាយនានា ដូចជាគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ គោលនយោបាយជាតិស្តីពីអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈគោលនយោបាយជាតិអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម។ បន្ថែមពីនេះ ក៏បានរួមគ្នាដោះស្រាយបាននូវបញ្ហាជូនប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត សំដៅធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ ក៏ដូចជាធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ និងសុខដុមរមនាក្នុងទំនាក់ទំនង វិជ្ជាជីវៈ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ទាំង១០ចំណុច របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
លោក បានស្នើលោកប្រធានមន្ទីរថ្មី -ត្រូវបន្តយកចិត្តទុកដាក់អោយបានម៉ឹងម៉ាត់ ក្នុងការបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានល្អ -ត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ នូវរាល់ភារកិច្ច ដែលក្រសួង និងរដ្ឋបាលខេត្តក្រចេះប្រគល់ជូន-ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ សំដៅបង្កើនប្រសិទ្ធភាពការងារឱ្យបានទាន់ពេលវេលា-ត្រូវយកចិត្តទុកដាក់ក្នុងការងារផ្តល់សេវាឱ្យបានល្អ ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងទាន់ពេលវេលា សាកសមជាមន្រ្តីផ្តល់សេវាល្អ ជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ-ត្រូវខិតខំអនុវត្តឱ្យបានម៉ឹងម៉ាត់នូវរាល់បទបញ្ជា និងគោលការណ៍ ទាំងឡាយរបស់រាជរដ្ឋាភិបាល-ត្រូវគោរពនូវឋានានុក្រមការងារឱ្យបានខ្ជាប់ខ្ជួន សំដៅធានា បាននូវប្រសិទ្ធភាពការងារខ្ពស់-ចំណុច ចុងក្រោយដែលជាចំណុចសំខាន់បំផុត ត្រូវគោរពឱ្យបាននូវអភិក្រមទាំង៥ របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនា ២ គឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ ៕
No comments:
Post a Comment