Monday, December 13, 2021

វិភាគអន្តរជាតិ៖ ៦ចំណុច នៃការយល់ឃើញរបស់រុស្ស៊ី ចំពោះអ៊ុយក្រែន


(ម៉ូស្គូ)៖ នៅក្រោយជំនួបតាមប្រព័ន្ធវីដេអូ រវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីសប្ដាហ៍មុន ក្រុមមន្ត្រីរុស្ស៊ី បានបន្ទោសថាអង្គការ NATO គឺជាអ្នកបង្កឱ្យមានការប្រឈមមុខដាក់គ្នា និងចាត់ទុកអ៊ុយក្រែនថាជារដ្ឋអាយ៉ងរបស់លោកខាងលិច ហើយបានប្រកាន់ ជំហរថារុស្ស៊ីនឹងមិនដកកងទ័ពចេញពីតំបន់ព្រំដែនស្ថិតនៅក្បែរប្រទេសអ៊ុយក្រែន នោះឡើយ។


បើតាមក្រុមមន្ត្រីចារកម្មអាមេរិក, រុស្ស៊ីមានផែនការវាយប្រហារលើអ៊ុយក្រែននៅដើមឆ្នាំ២០២២ខាងមុខនេះ។ ក្រុមមន្ត្រីអាមេរិក និងសហភាពអឺរ៉ុបបានចេញមុខ ព្រមានជាបន្តបន្ទាប់់ពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើទីក្រុងម៉ូស្គូ ហ៊ានបើកការវាយប្រហារមែននោះ។ ប៉ុន្តែពួកគេមិនបាននិយាយ ឬក៏បង្ហាញការប្ដេជ្ញាចិត្តថានឹងចូល ជួយអ៊ុយក្រែនតាមរយៈកម្លាំងយោធា ដែរឬក៏យ៉ាងណានោះទេ?


ខាងក្រោមនេះគឺជាចំណុចទាំង៦ ដែលរុស្ស៊ីយល់ឃើញចំពោះអ៊ុយក្រែន ហើយចំណុចទាំងអស់សុទ្ធតែជាឧបសគ្គធំរារាំងដល់ការស្វែងរកដំណោះស្រាយ៖


១- អ៊ុយក្រែនចង់ដើរចេញពីដែនឥទ្ធិពលរុស្ស៊ី៖ ភាពតានតឹងជាមួយរុស្ស៊ីសព្វថ្ងៃ បាន និងកំពុងរុញច្រានឱ្យអ៊ុយក្រែន កាន់តែមានទំនោរឆ្ពោះទៅរកលោកខាងលិច។ ជាក់ស្ដែង បើតាមការស្ទង់មតិកាលពីខែវិច្ឆិកា កន្លងទៅ របស់អង្គការស្ទង់មតិ Rating Group Ukraine ប្រជាជនអ៊ុយក្រែន ៦២ភាគរយចង់ឱ្យប្រទេសរបស់ពួកគេ ចូលរួមជាមួយសហភាពអឺរ៉ុប និង ៥៨ភាគរយចង់ក្លាយជាសមាជិក NATO។ តែបំណងប្រាថ្នាទាំងនេះគឺជា «បន្ទាត់ក្រហម» កំណត់ដោយលោក ពូទីន។


មិនតែប៉ុណ្ណោះ ការស្ទង់មតិកាលពីដើមខែធ្នូនេះ ក៏បានបង្ហាញផងដែរថាប្រជាជនអ៊ុយក្រែន ៧២ភាគរយ យល់ថារុស្ស៊ីគឺជាសត្រូវ។


២- លោក ពូទីន ចង់ឱ្យអ៊ុយក្រែនត្រឡប់មកនៅក្រោមឥទ្ធិពលរុស្ស៊ី


បើគេចាំមិនភ្លេចទេ, នៅក្នុងជំនួបជាមួយអតីតប្រធានាធិបតីអាមេរិក លោក ចច ដាប់ប៊ែល យូប៊ូស នៅឯកិច្ចប្រជុំកំពូល NATO កាលពីឆ្នាំ២០០៨ នៅក្នុងទីក្រុង ប៊ុយការ៉េស (Bucharest) ប្រទេសរូម៉ានី, លោក ពូទីនធ្លាប់បានប្រាប់លោក ប៊ូស ដូច្នេះថា «អ្នកមិនដឹងទេ, ចច! អ៊ុយក្រែនមិនមែនជារដ្ឋនោះទេ។ លោក ពូទីន ធ្វើការកត់សម្គាល់បែបនេះជាការឆ្លើយតបទៅនឹងលោក ប៊ូស ដែលលើកទឹកចិត្តឱ្យអ៊ុយក្រែន និងហ្ស៊កហ្ស៊ី ចូលជាសមាជិក NATO។


ក្រុមមន្ត្រីរុស្ស៊ី និងបណ្ដាប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួន ជារឿយៗតែងតែចាត់ទុកថាអ៊ុយក្រែន ដែលធ្លាប់ជាដែនដីអតីតសហភាពសូវៀត គឺនៅតែជាផ្នែកមួយនៃ ទឹកដីរុស្ស៊ី។ បន្ថែមពីលើនេះ សូម្បីតែលោក ពូទីនផ្ទាល់ក៏បានលើកឡើងដែរថាអធិបតេយ្យភាពពិតប្រាកដរបស់អ៊ុយក្រែន អាចមានទៅរួច ដរាបណាស្ថិតនៅក្រោម ភាពជាដៃគូជាមួយរុស្ស៊ី តែប៉ុណ្ណោះ។


៣- អ៊ុយក្រែនជាទ្រនាប់ការពាររបស់រុស្ស៊ី


រុស្ស៊ីតែងតែចាត់ទុកថាបណ្ដារដ្ឋទាំងអស់នៅក្នុងតំបន់អឺរ៉ុបខាងកើត ជាពិសេសបណ្ដាប្រទេសដែលមានព្រំដែនជាប់នឹងខ្លួន គឺជាទ្រនាប់ការពារដ៏សំខាន់មិនអាចខ្វះ បាន និងជាដែនឥទ្ធិពលផ្ដាច់មុខរបស់ខ្លួន ដើម្បីការពារការវាយប្រហារណាមួយពីសំណាក់ NATO។


៤- រុស្ស៊ីតែមួយ


កាលពីឆ្នាំ២០០៩, ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានប្រើពាក្យ «រុស្ស៊ីតែមួយ» ដោយចង់សំដៅទៅលើរុស្ស៊ី, អ៊ុយក្រែន និងបេឡារុស ហើយលោកបានអះអាងថា គ្មាននរណាត្រូវបានអនុញ្ញាតឱ្យលូកលាន់ចូលក្នុងទំនាក់ទំនងនៃប្រទេសទាំង ៣នោះទេ។ ដូច្នេះហើយ ទើបរុស្ស៊ីបានផ្ដល់លិខិតឆ្លងដែនដល់ប្រជាជនដែលស្ថិតនៅ តំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន ដើម្បីឱ្យពួកគេធ្វើជាពលរដ្ឋរុស្ស៊ី។ តាមរយៈការកាន់លិខិតឆ្លងដែនរុស្ស៊ីនេះ, ទីក្រុងម៉ូស្គូ អាចធ្វើអន្តរាគមន៍យោធាទៅតាម ច្បាប់របស់ខ្លួន ដើម្បីការពារពលរដ្ឋរុស្ស៊ី។


៥- សុបិនអាក្រក់របស់រុស្ស៊ី


សុបិនអាក្រក់របស់រុស្ស៊ី នោះគឺអ៊ុយក្រែនក្លាយជាប្រទេសមួយខ្លាំងក្លា មានស្ថិរភាព និងប្រជាធិបតេយ្យ។ ក្រុមអ្នកជំនាញជាច្រើនយល់ថាលោក ពូទីន តែងតែប្រើ អ៊ុយក្រែន ដើម្បីបង្វិលស្ថានការណ៍នយោបាយ ឬស្វែងរកការគាំទ្រនៅក្នុងស្រុក។ តួយ៉ាង ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានធ្លាប់យកតំបន់គ្រីមៀមកធ្វើជាឧទាហរណ៍ពីការ បង្រួបបង្រួមប្រទេស ដោយចង់សំដៅថា «ការបែកបាក់មានន័យស្មើនឹងភាពចលាចល»។


៦- ត្រឡប់ទៅរកសម័យចក្រភពរុស្ស៊ី


រុស្ស៊ីបានបាត់បង់ចក្រភពសូវៀតអស់រយៈពេលជាង ៣០ឆ្នាំមកហើយ។ បច្ចុប្បន្ន រុស្ស៊ីកំពុងសម្លឹងឃើញឱកាសក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួនឡើងវិញ ដោយបាន បោះជំហានទៅកាន់តំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ា ដោយសារតែពួកគេយល់ថាអំណាចរបស់សហរដ្ឋអាមេរិកកំពុងថយចុះ។ លោកស្រី កាចា កាឡាស (Kaja Kallas) ជានាយករដ្ឋមន្ត្រី នៃប្រទេសអេស្ដូនី បានកត់សម្គាល់កាលពីសប្ដាហ៍មុនថា លោក ពូទីន កំពុងប្រើប្រាស់ការគំរាមកំហែងផ្នែកយោធា ដើម្បីបង្ខំឱ្យ NATO ធ្វើការជ្រើសរើសជំហានជាក់លាក់មួយ ហើយគួរឱ្យបារម្ភបំផុត នោះគឺការបំបែកបំបាក់ និងធ្វើឱ្យអឺរ៉ុបធ្លាក់ចូលក្នុងដែនឥទ្ធិពលរុស្ស៊ីជាថ្មី៕


ប្រភព៖ stripes (ថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១)

ដោយៈ Fresh News




No comments:

Post a Comment