Monday, December 13, 2021

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសារលិខិតជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ

 (ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្ញើសារលិខិតជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ គម្រប់៦៧ ឈានចូល៦៨ឆ្នាំ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។


សារលិខិតរបស់សម្តេច សាយ ឈុំ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំ និងភរិយា មានសេចក្តីសោមនស្សរីករាយ សូមថ្លែងនូវអំណរសាទរជាមួយមនោសញ្ចេតនាប្រកបដោយសេចក្តីស្រឡាញ់ រាប់អានដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៧ឈានចូល ៦៨ឆ្នាំ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។
ខ្ញុំសូមកោតសរសើរ ចំពោះវីរភាពដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី បំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមក្នុងបុព្វហេតុនៃការងារមនុស្សធម៌។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធានកាកបាទក្រហមកម្ពុជា និងជាអ្នកដឹកនាំស្ត្រីដ៏ឆ្នើមមួយរូប ហើយក៏បានបំពេញតួនាទី យ៉ាងសំខាន់រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្តារ កសាង និងអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា ការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សេចក្តីថ្លៃថ្នូរ កិត្តិយស តួនាទីរបស់ស្ត្រី និងកុមារ ព្រមទាំងជួយប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ខ្ញុំ និងភរិយា សូមលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រៃ គុណកែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានបញ្ញាញាណភ្លឺថ្លា ប្រាជ្ញាឈ្លាសវៃ សុខភាពល្អ បរិបូរណ៍ អាយុយឺនយូរ និងសូមប្រសិទ្ធពរជ័យជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមជួបប្រទះតែសេចក្តីសុខចម្រើន ជោគជ័យគ្រប់ភារកិច្ចមានសុភមង្គលក្នុងក្រុមគ្រួសារ ព្រមទាំងសមប្រកបដោយព្រះពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕





No comments:

Post a Comment