Sunday, December 19, 2021

លោក ហេង សួរ៖ ការប្រើប្រាស់អនិតិជន ឬស្ត្រី ជាពិសេសស្ត្រីមានកូនខ្ចី ឬស្ត្រីមានផ្ទៃពោះចូលរួមតវ៉ាអ្វីមួយ គឺជាតាក់តិចមួយដែលមានសរសេរនៅក្នុងក្បួនរបស់អ្នករៀបចំចលនាបដិវត្តពណ៌

 (ភ្នំពេញ)៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ការប្រើប្រាស់អនិតិជន ឬស្ត្រី ជាពិសេសស្ត្រីមានកូនខ្ចី ឬស្ត្រីមានផ្ទៃពោះចូលរួមតវ៉ាអ្វីមួយ គឺជាតាក់តិចមួយដែលមានសរសេរនៅក្នុងក្បួនរបស់អ្នករៀបចំចលនាបដិវត្តពណ៌។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកអ្នកនាំពាក្យរូបនេះបានសរសេរថា៖ «ការប្រើប្រាស់អនិតិជន ឬស្ត្រី ជាពិសេសស្ត្រីមានកូនខ្ចី ឬស្ត្រីមានផ្ទៃពោះ ដើម្បីចូលរួមតវ៉ាអ្វីមួយ គឺជាតាក់តិចមួយដែលមានសរសេរនៅក្នុងក្បួនរបស់អ្នករៀបចំចលនាបដិវត្តពណ៌នៅប្រទេសណាមួយ។ អ្នករៀបផែនការតែងតែបន់ស្រន់ឲ្យមានគ្រោះថ្នាក់ដោយចៃដន្យណាមួយកើតឡើងលើអនិតិជន ឬលើស្ត្រី ដើម្បីទាញសមាណចិត្ត និងបញ្ឆេះកំហឹងមហាជន»

លោក ហេង សួរ បានបន្តទៀតថា «តាក់តិចនេះពួកគេអាចប្រើបាននៅដើមឆ្នាំ 2000 និង 2010 ប៉ុន្តែចំពោះមុខតាក់តិចនេះ តែងតែត្រូវបានអាជ្ញារធរមានសមត្ថកិច្ចនៃប្រទេសនានាចាត់ការលើមេក្លោង និងជនដៃដល់ ដែលអនុវត្តផែនការនេះបានទាន់ពេល»

ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការងារ បានធ្វើឡើងបន្ទាប់ពីបុគ្គលិកមួយចំនួននៃកាស៊ីណូណាហ្គាវើល បាននាំគ្នាធ្វើបាតុកម្ម ដែលបាតុកម្មនេះត្រូវបានគេអះអាងថាមានការរៀបចំដោយជនបរទេស។

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្ដីជូនដំណឹងដល់តំណាង និងកម្មករនិយោជិត ក្រុមហ៊ុនណាហ្គាវើលដ៍ បញ្ឈប់ការធ្វើបាតុកម្មដោយខុសច្បាប់ នៅលើសួនច្បារ សម្ដេច ហ៊ុន សែន ជាបន្ទាន់ផងដែរ៕




No comments:

Post a Comment