Friday, December 17, 2021

ពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅបន្តរបស់អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត

សៀមរាប៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នៅរដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលេីកទិសដៅសកម្មភាពការងារឆ្នាំ២០២២  ក្រោមអធិបតីភាពលោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងលោក  ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមានវត្តមានចូលរួមពីសំណាក់លោក លោកស្រី អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្ត្រីបុគ្គលិកក្រុមការងារនៃក្រសួងមហាផ្ទៃ នាយក-នាយករងរដ្ឋបាលរាជធានី-ខេត្ត និងប្រធាន-អនុប្រធានអង្គភាពច្រកចេញចូលតែមួយទាំង ២៥ រាជធានី-ខេត្ត សរុបចំនួន ៦០រូប។ 


ជាមួយគ្នានោះ លោក ទៀ  សីហា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ  និងលទ្ធផលការងារដែលសម្រេចបានកន្លងមកក្នុងឆ្នាំ២០២១នេះ  របស់អង្គភាពច្រកចេញចូលតែមួយរបស់រាជធានី-ខេត្ត  ពិសេសខេត្តសៀមរាប  ដែលជាខេត្តប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសកម្ពុជាយេីង។ 


ក្នុងនោះ លោក ប្រាក់ សំអឿន បានវាយតម្លៃខ្ពស់លើលទ្ធផលការងាររបស់អង្គភាពច្រកចេញចូលតែមួយទាំង២៥រាជធានី-ខេត្ត ព្រមទាំងមានប្រសាសន៍ថ្លែងកោតសរសើរមន្រ្តីនៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលបានខិតខំផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ដែលមានតម្រូវការចាំបាច់ក្នុងការស្នើសុំសេវារដ្ឋបាល បានយ៉ាងល្អ ប្រសើរបើទោះបីជាមានតំបន់មួយចំនួនត្រូវបានបិទដោយសារការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ក៏ដោយ។ 


លោកបានបញ្ជាក់ទៀតថា ជារៀងរាល់ឆ្នាំ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ តែងតែរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលប្រចាំឆ្នាំ និងលើកទិសដៅការងារឆ្នាំបន្ទាប់សម្រាប់ការផ្ដល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានសមាសភាពចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរួមមានទាំងថ្នាក់រាជធានី ខេត្ត និងថ្នាក់ក្រុង ស្រុក ខណ្ឌរួមគ្នា ប៉ុន្ដែដោយសាររយៈពេលពីរឆ្នាំនេះ ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានានៅក្នុងសកលលោកកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ហេតុដូច្នេះ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានសម្រេចរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅសកម្មភាពការងារឆ្នាំ២០២២ សម្រាប់តែការផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ដាច់ដោយឡែក។ 


លើសពីនោះ លោក ប្រាក់ សំអឿន ក៏បានគូសបញ្ជាក់អំពីគោលបំណងសំខាន់ៗ នៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំនេះ ដូចខាងក្រោម៖ 

១.បង្ហាញលទ្ធផលនៃការអនុវត្តការងារទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិពាក់ព័ន្ធនឹងការគាំទ្រ និងការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងរយៈពេល១១ខែ ឆ្នាំ២០២១

២.ចែករំលែកបទពិសោធន៍នៃការអនុវត្តការងារ ព្រមទាំងវិធីសាស្រ្តនៃការដោះស្រាយបញ្ហាប្រឈមមួយចំនួនរបស់អង្គភាពច្រកចេញចូលតែមួយ

៣.  ជជែកពិភាក្សា និងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមជារួមលើការផ្តល់សេវារដ្ឋបាល

៤.លើកទិសដៅសកម្មភាពការងារសំខាន់ៗទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសម្រាប់តម្រង់ទិសយកទៅអនុវត្តក្នុងឆ្នាំ២០២២៕






No comments:

Post a Comment