Friday, December 17, 2021

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសថៃ

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងទៅកាន់លោក ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃថា នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ខាងមុខនេះ កម្ពុជា នឹងប្រឹងប្រែងពង្រឹងមិត្តភាព សាមគ្គីភាព និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ានឱ្យកាន់តែល្អប្រសើរ។

ការគូសបញ្ជាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់រដ្ឋមន្ត្រីបរទេសថៃ គឺបានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ។ លោក ដន ប្រាម៉ាត់វីណៃ កំពុងនឹងបំពេញទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា និងថៃ លើកទី១១។

នៅព្រឹកថ្ងៃទី១៧ ខែធ្នូ លោករដ្ឋមន្ត្រីការបរទេសថៃ ក៏បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន។ បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រាប់អ្នកព័ត៌មានឱ្យដឹងថា ក្នុងជំនួបនេះលោករដ្ឋមន្ត្រីការបរទេស បានជម្រាបសួរសម្តេចតេជោ ហ៊ុន សែន លើការងារអាទិភាពដែលកម្ពុជានឹងត្រូវបំពេញពេលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២។

តបនឹងការចង់ដឹងរបស់រដ្ឋមន្ត្រីការបរទេសថៃនេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ការងារអាទិភាពដែលកម្ពុជា នឹងប្រឹងប្រែងដោះស្រាយនោះរួមមាន៖ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ធ្វើយ៉ាងណាបើកសេដ្ឋកិច្ច សង្គមកិច្ច និងតភ្ជាប់រវាងប្រជាជន និងប្រជាជននៅអាស៊ាន។ បន្ថែមពីលើនោះ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជា ក៏នឹងប្រឹងប្រែងពង្រឹងមិត្តភាព សាមគ្គីភាព និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ានផងដែរ។

ក្រៅតែពីបញ្ហារបស់អាស៊ានហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដែនសមុទ្ររវាងប្រទេសចិន និងប្រទេសសមាជិកអាស៊ានផងដែរ។ ពាក់ព័ន្ធជម្លោះដែនសមុទ្រនេះ សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា នឹងជំរុញការអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមសេចក្តីថ្លែងការណ៍ស្តីពីដំណោះស្រាយលើជម្លោះដែនសមុទ្រចិនខាងត្បូង (DOC) ដែលដាក់ចេញពេលកម្ពុជាជាម្ចាស់ផ្ទះអាស៊ានកាលពីឆ្នាំ២០០២។

បន្ថែមពីលើនោះ កម្ពុជា ក៏នឹងជំរុញឱ្យប្រទេសជាប់ពាក់ព័ន្ធទាំងអស់ចរចាគ្នា ហើយក៏នឹងប្រឹងប្រែងសម្រេចឱ្យបាននូវការកសាងក្រមប្រតិបត្តិនៅសមុទ្រមានជម្លោះ ដែលហៅកាត់ថា COC ឱ្យបានផងដែរ។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការសណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» របស់ក្រុមហ៊ុនជីបម៉ុង កាលពីថ្ងៃទី១៥ ខែធ្នូ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញការងារអាទិភាពមួយពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ាន គឺការនាំយកប្រទេសមីយ៉ាន់ម៉ា មកកាន់វេទិការបស់អាស៊ានឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញជំហរក្នុងការប្រឹងប្រែងដោះស្រាយវិវាទដែនសមុទ្ររវាងចិន និងប្រទេសសមាជិកអាស៊ានផងដែរ។ ប៉ុន្តែសម្តេចតេជោ បានប្រកាសព្រមានទុកជាមុន កុំឱ្យមានការស្តីបន្ទោសមកលើកម្ពុជា ក្នុងករណីមិនអាចដោះស្រាយបាននោះ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចមិនចង់ឱ្យមានការបោះ «ដុំថ្មក្តៅ» លើបញ្ហាដែនសមុទ្រនេះមកកម្ពុជានោះឡើយ តែកម្ពុជាអាចទទួលយក «ដំឡូងក្តៅ» បាន។

សូមបញ្ជាក់ថា ក្នុងជំនួបនាព្រឹកមិញនេះ លោករដ្ឋមន្ត្រីការបរទេសថៃ បាននាំមកនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងការអបអរសាទរចំពោះការក្លាយជាប្រធានអាស៊ាន ជូនសម្តេចតេជោ ហ៊ុន សែន ហើយក៏បានជូនពរសម្តេចតេជោ ដឹកនាំអាស៊ានទទួលបានជោគជ័យ។

លោករដ្ឋមន្ត្រីការបរទេសថៃ ក៏បានសម្តែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោ ដែលបានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ទទួលបានជោគជ័យ។ ជាពិសេសបានចាក់ស្រោចវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋបានប្រមាណ ៩០ភាគរយ។

លោក ដន ប្រាម៉ាត់វីណៃ ក៏បានសម្តែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោ ដែលបានអភិវឌ្ឍន៍កម្ពុជាបានយ៉ាងឆាប់រហ័ស៕












No comments:

Post a Comment