Tuesday, October 19, 2021

លោកនាយករដ្ឋមន្រ្តី អំពាវនាវអ្នកមិនទាន់ចាក់វ៉ាក់សាំង ទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា

 (ភ្នំពេញ)៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្តអំពាវនាវដោយទទូចទៅកាន់ប្រជាពលរដ្ឋមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យទៅចាក់វ៉ាក់សាំងទាំងអស់គ្នា ដើម្បីបានកងការពារសុខភាពពីការយាយីនៃជំងឺកូវីដ១៩។

ក្នុងសារសំឡេងផ្ញើជូនជនរួមជាតិនាព្រឹកថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១នេះ លោកនាយករដ្ឋមន្រ្តី បានបង្ហាញលទ្ធផលនៃការកត់សម្គាល់ថា ក្រោយពេលបុណ្យភ្ជុំបិណ្ឌដែលមានការបើកលំហរសកម្មភាពរបស់ប្រជាពលរដ្ឋនោះ មិនមានផ្ទុះការរីករាតត្បាតជំងឺកូវីដ១៩នោះឡើយ។ លោកនាយករដ្ឋមន្ត្រី បានចាត់ទុកលទ្ធផលទទួលបាននេះ គឺជាអានុភាព និងជាលទ្ធផលមួយកើតចេញពីការចាក់វ៉ាក់សាំង ដែលកម្ពុជាសម្រេចបានស្ទើរតែ ១០០ភាគរយតាមផែនការ។

បើទោះបីជាយ៉ាងណាលោកនាយករដ្ឋមន្ត្រី នៅតែបង្ហាញការព្រួយបារម្ភចំពោះប្រជាពលរដ្ឋមួយចំនួនដែលមិនទាន់បានចាក់វ៉ាក់សាំងសូម្បីតែមួយដូសនៅឡើយ។ លោកនាយករដ្ឋមន្រ្តី បានអំពាវនាវឱ្យពួកគេទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា។

លោកនាយករដ្ឋមន្ត្រី បានអំពាវនាវយ៉ាងដូច្នេះ «សូមអំពាវនាវបងប្អូនទៅចាក់វ៉ាក់សាំង បើមិនទាន់បានចាក់ដូសទី ឬដូសទី២ ត្រូវតែទៅចាក់ដូសទី១ និងដូសទី២។ [...] សូមកុំរារែកជាមួយការចាក់វ៉ាក់សាំង ដែលមកដល់ពេលនេះយើងពុំមានអ្នកចាក់វ៉ាក់សាំងណាម្នាក់ទទួលរងគ្រោះដោយសារតែវ៉ាក់សាំងនោះទេ»។

ក្នុងសារសំឡេងនេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានណែនាំដល់អាជ្ញាធរឱ្យរៀបចំយកវ៉ាក់សាំងទៅចាក់ជូនប្រជាពលរដ្ឋនៅតាមដំបន់ដាច់ស្រយាល។ លោកនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ត្រូវដឹកជញ្ជូន ឬស្ពាយយកវ៉ាក់សាំងទៅចាក់ជូនប្រជាពលរដ្ឋឱ្យដល់តាមខ្នងផ្ទះ សម្រាប់តំបន់ដាច់ស្រយាលនោះ។

ក្នុងសារសំឡេងនេះលោកនាយករដ្ឋមន្រ្តី ក៏បានកោតសរសើរកុមារតូចៗអាយុ ៦ឆ្នាំ ទៅ ១២ឆ្នាំ ដែលបានចូលរួមចាក់វ៉ាក់សាំងក្នុងល្បឿនមួយលឿនជាងគេ ចាក់ក្រោយគេ តែបានចំនួនច្រើនជាងគេ បើធៀបជាមួយមនុស្សពេញវ័យ។

លោកនាយករដ្ឋមន្ត្រីប្រមុខរាជរដ្ឋាភិបាល បានបង្ហាញក្តីសង្ឃឹមថា ប្រជាពលរដ្ឋនឹងចូលរួមទាំងអស់គ្នា ដើម្បីកម្ពុជាជម្នះបាននូវការលំបាកបណ្តាលមកពីជំងឺកូវីដ១៩ ដោយអាចឈានទៅកាត់បន្ថយអត្រាឆ្លង និងអត្រាស្លាប់ដោយសារជំងឺកូវីដ១៩។

សូមបញ្ជាក់ថា កម្ពុជា បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ គិតត្រឹមថ្ងៃទី១៨ ខែតុលា កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានសរុប ១៣,៦០៩,៥២១នាក់ ស្មើនឹងជាង ៨៥ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់។

ក្នុងនោះអ្នកចាក់ដូសទី២ បានចំនួន ១២,៧១៤,៦៧៥នាក់ និងអ្នកចាក់ដូសទី៣ បានចំនួន ១,៤៨០,៧៤៧នាក់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកការវ៉ាក់សាំងនេះ ជាគន្លឹះដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា មកដល់ពេលនេះកម្ពុជាមានវ៉ាក់សាំងនៅក្នុងឃ្លាំងគ្រប់គ្រាន់សម្រាប់ចាក់ដូសជំរុញជូនប្រជាពលរដ្ឋ។

លោកនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កម្ពុជា នឹងឈានទៅបើកសកម្មភាពសេដ្ឋកិច្ចគ្រប់វិស័យឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ បើស្ថានភាពនៃការរាតត្បាតជំងឺកូវីដ១៩ ស្ថិតក្នុងស្ថានភាពដូចពេលបច្ចុប្បន្ន៕



No comments:

Post a Comment