Tuesday, October 19, 2021

សិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់សេចក្ដីណែនាំអន្តរក្រសួងស្ដីពីបែបបទ នីតិវិធី និងលក្ខខណ្ឌភ្ជាប់នៃការផ្ដល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ លោក អម សុភា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយ លោក ឈាង បូរ៉ាប្រធានអង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ឆ្នាំង និងសហការីបានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់សេចក្ដីណែនាំអន្តរក្រសួងស្ដីពីបែបបទ នីតិវិធី និងលក្ខខណ្ឌភ្ជាប់នៃការផ្ដល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរដ្ឋបាលរាជធានី-ខេត្ត ក្រោមអធិបតីភាព លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមប្រព័ន្ធអនឡាញ (Zoom)ដែលរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយក្រសួងមហាផ្ទៃ។

សិក្ខាសាលាផ្សព្វផ្សាយ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់លោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃតំណាងលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លេខាធិការដ្ឋានគ.ជ.អ.ប, នាយកដ្ឋានមុខងារនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត, មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត និងប្រធាន អនុប្រធានអង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្តជាច្រើនរូប។ 

គោលបំណងសិក្ខាសាលា ដើម្បីធ្វើការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់នូវសេចក្តីណែនាំអន្តរក្រសួងក្នុងក្របខណ្ឌកម្មវិធីកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់ការណែនាំអំពីគោលការណ៍សំខាន់ៗក្នុងការ ផ្តល់សេវារដ្ឋបាលសម្រាប់វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈការធ្វើប្រតិភូកម្ម ស្របតាមគោលការណ៍ បែបបទ នីតិវិធីនិងលក្ខខណ្ឌភ្ជាប់នានាដូចបានកំណត់ក្នុងបទដ្ឋានគតិយុត្តជាធរមានឆ្លើយតបទៅនឹងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ ក្រោមជាតិដំណាក់កាលទី២ ឆ្នាំ២០២១-២០៣០ ក្នុងក្របខណ្ឌកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។ 

មានមតិស្វាគមន៍ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ដើម្បីឆ្លើយតប ទៅនឹងគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការតាមបែបប្រតិភូកម្មសេវារដ្ឋបាលមួយចំនួនទៅ ឱ្យរដ្ឋបាលរាជធានី-ខេត្ត រួមមាន ៖ - ការចេញលិខិត អនុញ្ញាតធ្វើវារីវប្បកម្ម - ការចេញលិខិត អនុញ្ញាត និងវិញ្ញាបនបត្រអនាម័យសត្វ និងផលិតផលសត្វ (បសុព្យាបាល) - សេវាកម្មត្រួត ពិនិត្យអនាម័យសត្វ និងផលិតផលសត្វ និង - ការប្រមូលកម្រៃសេវាត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលសត្វនៅសត្តឃាតដ្ឋាន “ប្រភេទ ខ” - សេវាលើការចេញលិខិត អនុញ្ញាតលក់ដុំលក់រាយថ្នាំកសិកម្ម ឬជីកសិកម្ម ឬចម្រុះនូវថ្នាំកសិកម្ម និងជីកសិកម្ម - សេវាលើដំណើរ ការឆ្លងវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈសម្រាប់អ្នកផ្គត់ផ្គង់ចែកចាយ អ្នកលក់ដុំលក់រាយ។ល។ និងជាពិសេស ដើម្បីធានាការផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី-ខេត្ត ឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងមហាផ្ទៃ បានឯកភាពដាក់ចេញនូវសេចក្តីណែនាំអន្តរក្រសួងលេខ ៣២៧ សណន. កសក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្តីពី " បែបបទ នីតិវិធី និងលក្ខខណ្ឌភ្ជាប់នៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរដ្ឋបាលរាជធានី-ខេត្ត" ៕







No comments:

Post a Comment