Wednesday, October 20, 2021

ពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ខេត្តពោធិ៍សាត់ និងពិធីបើកសិក្ខាសាលាឆ្លុះបញ្ចាំងការអភិវឌ្ឍសមត្ថភាព

ពោធិ៍សាត់៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ លោក ម៉ក់ រ៉ា អនុប្រធានគណ:កម្មាធិការគណបក្សខេត្ត ប្រធានគណ:ប្រចាំការ និងជាប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងលោក សំរិទ្ធ អេង សមាជិកគណ:អចិន្ត្រៃយ៍គណ:កម្មាធិការគណបក្សខេត្ត ប្រធានគណ:កម្មាធិការគណបក្សក្រុង ប្រធានក្រុមប្រឹក្សាក្រុងពោធិ៍សាត់ និងជាប្រធានសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តពោធិ៍សាត់ និងសិក្ខាសាលាឆ្លុះបញ្ចាំងការអភិវឌ្ឍសមត្ថភាព នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ប៊ុន រ៉ានី ហ៊ុន សែន ខេត្តពោធិ៍សាត់។ នៅក្នុងកិច្ចប្រជុំ និងសិក្ខាសាលាខាងលើនេះដែរ បានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសមាគម ប្រធានសាខាសមាគម ប្រធាន/អនុប្រធានសមាជិកគណៈកម្មាធិការទាំង៤ មន្ត្រីបច្ចេកទេសគម្រោង លេខាធិការ និងជំនួយការសមាគម សរុបប្រមាណ៧៤រូប។ 


គោលបំណងនៃកិច្ចប្រជុំ និងសិក្ខាសាលានេះ គឺដើម្បីពង្រឹងស្ថាប័ន និងសមត្ថភាពប្រតិបត្តិនៃសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត និងសមាជិកនៅក្នុងខេត្តគោលដៅទាំង៦ ត្រូវជា ៣៧ក្រុងស្រុក និង៣១៣ឃុំសង្កាត់ ដើម្បីរួមចំណែកលើកកម្ពស់គណនេយ្យភាព តម្លាភាព ការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងក្រុមងាយរងគ្រោះ ដោយមានគោលបំណងជាក់លាក់ចំនួន ០២គឺ៖

១-បង្កើតសមត្ថភាពរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត និងសមាជិកដើម្បីអាចកំណត់ និងដោះស្រាយបញ្ហា និងតម្រូវការនានារបស់សហគមន៍ និងក្រុមងាយរងគ្រោះ។

២-គាំទ្រដល់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត ក្នុងការបង្កើតគំនិតផ្តួចផ្តើមនានា ដែលមានលក្ខណៈច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាអាទិភាព និងតម្រូវការរបស់ក្រុមប្រឹក្សា និងក្រុមងាយរងគ្រោះនៅក្នុងតំបន់គោលដៅ ៕





No comments:

Post a Comment