Thursday, September 23, 2021

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងកិច្ចពិភាក្សាជ្រើសរើសគម្រោងសម្រាប់ ការអនុវត្តការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅក្នុងសហគមន៍មូលដ្ឋាន

កំពង់ឆ្នាំង៖នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង មានបើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនិងកិច្ចពិភាក្សាជ្រើសរើសគម្រោងសម្រាប់ ការអនុវត្តការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅសហគមន៍មូលដ្ឋានដល់មន្ត្រីអនុវត្តគម្រោងសន្ដិសុខស្បៀង និងការគាំទ្រការស្ដារឡើងវិញរបស់សហគមន៍មូលដ្ឋានដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ មានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។ 

ពិធីបើកវគ្គបណ្ដុះបណ្ដាល បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកអម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តដោយមានការចូលរួមពីមន្រ្តីបង្គោលខេត្តកំពង់ធំ មន្ត្រីបង្គោលខេត្តកំពង់ឆ្នាំង ក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងអង្គការស្បៀងអាហារពិភពលោក (WFP) និង មន្រ្តីគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍប្រជាធិបតេយ្យនៅថ្នាក់នៅក្រោមជាតិ(គ ជ អ ប)និងអង្គភាពពាក់ព័ន្ធចូលរួមផងដែរ។

នាឱកាសនោះ លោក អម សុភា បានផ្តាំផ្ញើអោយសមាជិក សមាជិកា នៃវគ្គបណ្តុះបណ្តាលទាំងអស់ត្រូវពិនិត្យពិភាក្សាជ្រើសរើសគម្រោងដើម្បីអនុវត្តនិងស្តារឡើងវិញនូវគម្រោងអាទិភាពដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅសហគមន៍មូលដ្ឋានក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួនត្រូវដោះអោយបានទាន់ពេលវេលាតាមសំណូមពរនិងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ៕




No comments:

Post a Comment