Thursday, September 23, 2021

លោកបណ្ឌិត ឆាយ ថន ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ចុះត្រួតពិនិត្យការធ្វើអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ២០២១ នៅមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

កណ្តាល៖ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ លោកបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ អមដំណើរដោយលោក ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រីអភិបាលរង តំណាងអភិបាលនៃគណៈអភិបាលខេត្តកណ្តាល តំណាងដៃគូអភិវឌ្ឍន៍ រួមាន៖ UNFPA, WFP និង D-FAT ព្រមទាំងថ្នាក់ដឹកនាំ ក្រសួងផែនការ អាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធនឹងការងារចូលរួមពិនិត្យមើលការធ្វើអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ២០២១ នៅមូលដ្ឋានភូមិ ឃុំ មួយចំនួននៃស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

អង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ២០២១ (CDHS) ជាអង្កេតលើកទី០៥ ដែលបានអនុវត្តប្រកបជោគជ័យតាំងពីឆ្នាំ២០០០ ឆ្នាំ២០០៥ ឆ្នាំ២០១០ និងឆ្នាំ២០១៤ ។ អង្កេតប្រជាសាស្រ្ត និងសុខភាព (CDHS) នេះបានអនុវត្តក្រោមកិច្ចសហការរបស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ និងអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិបាល ក្រោមការសម្របសម្រួល និងផ្តល់ជំនួយបច្ចេកទេសរបស់ ICF International តាមរយៈកម្មវិធី រង្វាស់អង្កេតប្រជាសាស្ត្រ និងសុខភាព  MEASURE DHS ។

គោលដៅសំខាន់នៃអង្កេតប្រជាសាស្ត្រ និងសុខភាព គឺដើម្បីប្រមូលព័ត៌មានទូទៅទាក់ទងនឹង ប្រជាសាស្រ្ត សុខភាព និងបញ្ហាសង្គម ដូចជាចរឹតលក្ខណៈផ្ទះសម្បែង  ការប្រើប្រាស់សេវាសុខភាព សុខភាពមាតា និងទារក ការអនុវត្តន៍ការបំបៅដោះកូន មរណភាពកុមារ  មរណភាពមាតា  ស្ថានភាពអាហារូបត្ថម្ភរបស់ស្ត្រី និងកុមារតូច  កម្រិតលទ្ធភាពមានកូន និងការមានកូនតាមប្រាថ្នា អាពាហ៍ពិពាហ៍ ការយល់ដឹង និងប្រើប្រាស់ផែនការគ្រួសារ សកម្មភាពរួមភេទ  ការយល់ដឹង និងឥរិយាបថទាក់ទងនឹងជំងឺអេដស៍ និងការឆ្លងជំងឺកាមរោគដទៃទៀត ដើម្បីបំពេញតម្រូវការរៀបចំធ្វើគោលនយោបាយអភិវឌ្ឍន៍ជាតិ ដូចជាផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (NSDP) គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (CSDGs) បច្ចុប្បន្នភាពគោលនយោបាយជាតិប្រជាជនឆ្នាំ២០១៦-២០៣០ អនុវត្តកម្មវិធីសុខាភិបាលដូចជាផែនការ គ្របដណ្តប់ការចាក់ថ្នាំបង្ការ កម្មវិធីសុខាភិបាលផ្តល់សេវាសុខាភិបាល កម្មវិធីសុខភាពមាតានិងទារក កម្មវិធីសង្គមកិច្ច និងស្តារនិតិសម្បទាសម្រាប់ជនពិការ កម្មវិធីនារីរតនៈរបស់ក្រសួងកិច្ចការនារី និងរៀបចំផែនការតាមវិស័យជាច្រើនទៀត ដើម្បីគាំទ្រយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ លើសពីនេះទៀត លទ្ធផលអង្កេតនេះក៏ បំពេញតម្រូវការប្រើប្រាស់ទិន្នន័យរបស់ប្រព័ន្ធស្ថិតិជាតិ  លេខាធិការអាស៊ាន និងអន្តរជាតិ ពិសេសលទ្ធផលអង្កេតផ្តល់ឲ្យរដ្ឋាភិបាល ធ្វើរបាយការណ៍អំពីវឌ្ឍនភាពអំពីស្ត្រីប្រចាំឆ្នាំ ជូនអង្គការសហប្រជាជាតិ ។

ការសម្ភាសន៍ស្រង់ទិន្នន័យត្រូវបាន ចុះសម្ភាសន៍ស្រង់ទិន្នន័យ តាមរាជធានី ខេត្តគោលដៅទាំង២៥ ដោយគោរពតាមគោលការ ៣ការពារ និង ៣កុំ របស់ក្រសួងសុខាភិបាល និងពិនិត្យអាទិភាពសុវត្ថិភាពជាចម្បង។ ការសម្ភាសន៍ស្រង់ទិន្នន័យចាប់អនុវត្តពីពាក់កណ្តាលខែសីហា ឆ្នាំ២០២១ និងគ្រោងបញ្ចប់នៅដើមខែមករា ឆ្នាំ ២០២២ខាងមុខនេះ៕



No comments:

Post a Comment