Monday, September 20, 2021

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យដំណើរការសិក្សាថ្ងៃដំបូង របស់សិស្សវិទ្យាល័យបឹងកុក និងវិទ្យាល័យដីដុះ

 (កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ  អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយក្រុមការងារ បានអញ្ជើញចុះពិនិត្យដំណើរការចូលរៀនថ្ងៃដំបូងរបស់សិស្សវិទ្យាល័យបឹងកុក និងវិទ្យាល័យដីដុះ ក្នុងក្រុងកំពង់ចាម។

ក្នុងឱកាសអញ្ជើញចុះពិនិត្យនោះ លោកអភិបាលខេត្ត បានផ្ដល់នូវអនុសាសន៍ ដល់លោកគ្រូ អ្នកគ្រូ និងសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣កុំ និង៣ការពារ» ជាពិសេស សិស្សម្នាក់ៗ ត្រូវចេះរក្សាការពារខ្លួនឯងរៀងៗខ្លួន។

ម្យ៉ាងវិញទៀត ប្រសិនបើមានអាការៈមិនស្រួល ត្រូវប្រញាប់រាយការណ៍ទៅលោកគ្រូ អ្នកគ្រូ ដើម្បីយកសំណាកធ្វើតេស្ត បានទាន់ពេលវេលា ដើម្បីរករោគសញ្ញាកូវីដ១៩ ដើម្បីទប់ស្កាត់កុំឱ្យឆ្លងរាលដាលទៅអ្នកដទៃទៀត។

សូមបញ្ជាក់ផងដែរថា ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ គឺជាថ្ងៃដែលរដ្ឋបាលខេត្តកំពង់ចាម បានបើកឱ្យសិស្សចូលរៀនវិញចាប់ពីថ្នាក់អនុវិទ្យាល័យ-វិទ្យាល័យ និងសាលាពុទ្ធិកៈ។ ដោយឡែក ចំពោះសិស្សថ្នាក់បឋមសិក្សា រដ្ឋបាលខេត្តនឹងបើកឱ្យសិស្សចូលរៀនវិញនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១៕





No comments:

Post a Comment