Monday, September 20, 2021

លោកស្រី ឱ វណ្ណឌីន ជំរុញដល់អាជ្ញាធរទាំង២៥ រាជធានី-ខេត្ដ បន្ដយកចិត្ដទុកដាក់បន្ថែមទៀត ក្នុងការផ្សព្វផ្សាយអប់រំ ពីវិធានការទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ ដល់ប្រជាពលរដ្ធ

 (ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បានជំរុញដល់អាជ្ញាធរ ទូទាំង២៤រាជធានី-ខេត្ដ បន្ដយកចិត្ដទុកដាក់បន្ថែមទៀត ក្នុងចលនាផ្សព្វផ្សាយអប់រំ ពីវិធានការ ការពារ ទប់ស្កាត់ ការចម្លងមេរោគកូវីដ១៩ ដល់ប្រជាពលរដ្ឋ។

ការថ្លែងដូច្នេះរបស់លោកស្រី ឱ វណ្ណឌីន បន្ទាប់ពីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើង នៅខេត្ដរតនគិរី នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។

លោកស្រីថ្លែងបន្ដថា «យើងបានជំរុញឱ្យអាជ្ញាធរខេត្ដ បន្ដជំរុញយុទ្ធនាការដែលបានដាក់ចេញកន្លងមក ក្រោមប្រធានបទ «រួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ១៩» សូមឱ្យបន្ដធ្វើបន្ថែមទៀត ហើយធ្វើឱ្យបានខ្លាំង គឺត្រូវជំរុញឱ្យភូមិឃុំ សង្កាត់របស់យើង ឱ្យមានចលនាផ្សព្វផ្សាយអប់រំ ដោយប្រើប្រាស់នូវសារអប់រំ ដែលយើងបានចែកចាយរួចទៅហើយ ។លើសពីនោះ យើងនឹងបន្ដធ្វើការងារនេះ ជាមួយនឹងថ្នាក់ខេត្ដ ដើម្បីរុញច្រាននៃការងារឱ្យបានកាន់តែប្រសើរ»។

លោកស្រី ឱ វណ្ណឌីន បានបន្ដថា «អ្វីដែលសំខាន់ គឺសូមឱ្យអាជ្ញាធរខេត្ដ បន្ដយកចិត្ដទុកដាក់បន្ថែមទៀត ទន្ទឹមនឹងការទប់ស្កាត់ និងដាក់ចេញនូវវិធាការផ្សេងៗ ហើយសូមកុំភ្លេច ពីការងារអប់រំនេះ ធ្វើរួមគ្នាឱ្យសស្រាក់សស្រាំ ដើម្បីដាស់តឿនដល់ប្រជាពលរដ្ឋ កុំអាងលើការចាក់វ៉ាក់សាំងរួចរាល់។ ត្បិតណាស់យើងចាក់វ៉ាក់សាំងហើយ គឺបានជួយខ្លួនយើងបានច្រើន តែលទ្ធភាពនៃការចម្លង គឺនៅតែមានដដែល ប្រសិនបើយើងមិនបន្ដអនុវត្ដវិធានការការពារ ចឹងហើយបានជាវិធានការការពារ ៣ការពារ និង៣កុំ នៅតែមានប្រសិទ្ធភាព ហើយបើយើងបានចាក់វ៉ាក់សាំងរួចទៀតនោះ នឹងមានភាពខ្លាំង ទប់ទល់បានយ៉ាងអតិបរិមា នូវការវាយលុយពីមេរោគកូវីដ១៩»



No comments:

Post a Comment